Hesperian Health Guides

ការជញ្ជូនទឹកសុវត្ថិភាព

នៅក្នុងជំពូកនេ:

នៅពេលជញ្ជូនទឹកពីប្រភពទឹកទៅកន្លែងដែលប្រជាជនត្រូវការ ត្រូវប្រុងប្រយ័ត្នក្នុងការរក្សាសុវត្ថិភាពនិងភាពស្អាត។ ការដងទឹកគឺជាការងារប្រចាំថ្ងៃដ៏លំបាកមួយនៅក្នុងសហគមន៍នានា ហើយជារឿយៗស្ត្រីនិងក្មេងស្រីជាអ្នកធ្វើការងារនេះ។ ការទូលទឹកច្រើននៅលើក្បាល លីនៅលើខ្នង អាចបណ្តាលឲ្យមានការឈឺក្បាលញឹកញាប់, ឈឺខ្នង, គ្រោះថ្នាក់ដល់ឆ្អឹងខ្នង, និងបណ្តាលឲ្យស្ត្រីមានផ្ទៃពោះបាត់បង់ទារកក្នុងផ្ទៃដោយសារការប្រឹងខ្លាំង។

គម្រោងកែលម្អទឹក អាចកាត់បន្ថយបន្ទុកនេះ។ ជួនកាលការផ្លាស់ប្តូរសាមញ្ញៗអាចធ្វើឲ្យការជញ្ជូនទឹកមានលក្ខណៈងាយជាងមុន។ គេអាចសាងសង់ប្រព័ន្ធទឹកដើម្បីលុបបំបាត់ការជញ្ជូនទឹកផ្លូវឆ្ងាយ។ ហើយផ្ទះប្រជាជនអាចសង់នៅក្បែរប្រភពទឹក។ សុខភាពសហគមន៍នឹងបានប្រសើរ ប្រសិនបើបុរសយល់អំពីសារសំខាន់របស់ការងារនេះនៅក្នុងជីវិតគ្រួសារ ព្រមទាំងចែករំលែកការងារយកទឹកនិងជញ្ជូនទឹកពីស្ត្រី។

ទឹកទុយោ(ប្រព័ន្ធទឹកស្អាត)

ប្រព័ន្ធទឹកទុយោផ្តល់គុណសម្បត្តិជាច្រើន។ ទឹកទុយោកាត់បន្ថយការប្រឈមនឹងការកខ្វក់ ហើយវាមានកន្លែងតិចតួចដែលខ្សងនិងមូសអាចរស់នៅបាន។ ទោះជាយ៉ាងនេះក្តី ប្រព័ន្ធទឹកទុយោដែលត្រូវបានសាងសង់មិនបានល្អ និងប្រើប្រាស់គ្មានសុវត្ថិភាព អាចធ្វើឲ្យការកខ្វក់ទឹកកាន់តែធ្ងន់ធ្ងរជាងគ្មានប្រព័ន្ធទឹកនេះទៀត។ ក្នុងការសាងសង់ប្រព័ន្ធទឹកទុយោ ត្រូវធ្វើផែនការយ៉ាងប្រុងប្រយ័ត្ន ព្រមទាំងយល់អំពីបរិមាណទឹកដែលត្រូវការនិងដែលមាន ហើយថាតើនៅថ្ងៃអនាគតនឹងត្រូវការទឹកប៉ុន្មាននៅពេលសហគមន៍លូតលាស់។

A woman points to water spouting from the ground by a man holding a pickaxe.
ផ្នែកដ៏សំខាន់មួយនៃប្រព័ន្ធទឹកទុយោ គឺការធ្វើឲ្យប្រាកដថាមានមនុស្សម្នាក់ទទួលខុសត្រូវលើការជួសជុលបំពង់។

ទឹកទុយោអាចតចេញមកពីប្រភពទឹកណាក៏បាន ប៉ុន្តែកន្លែងទឹកចេញនិងអាងទឹកបម្រុងត្រូវបានគេតចេញញឹកញាប់ជាងគេ។ ប្រភពទឹកដែលមានតម្លៃថោកបំផុត គឺស្ថិតនៅទីទួលពីលើសហគមន៍ ដូច្នេះទំនាញផែនដីនឹងជញ្ជូនទឹកចុះពីទីទួលទៅក្រោម។ ប្រព័ន្ធទឹកទុយោស្ទើរតែទាំងអស់ នាំទឹកទៅកាន់អាងស្តុកទឹកធំ។ គេអាចបន្សុទ្ធទឹកនៅក្នុងអាងទាំងនេះដោយប្រើក្លរីន ឬប្រើប្រដាប់ចម្រោះ។ បន្ទាប់មកទឹកត្រូវបានតចេញពីអាងស្តុកទឹកធំ, ទៅបំពង់ទឹកនៅតាមផ្ទះប្រជាជន, ឬទៅបំពង់ទឹកសាធារណៈនៅក្នុងសហគមន៍។

ប្រព័ន្ធទឹកទុយោត្រូវការថែទាំជាប្រចាំ។ ការកត់ចំណាំអំពីទីកន្លែងដែលបានដាក់បំពង់ អាចបង្ការគ្រោះថ្នាក់ និងធ្វើឲ្យងាយស្រួលរក និងជួសជុលនៅពេលបំពង់បែកធ្លាយ។ ការធ្លាយបំពង់អាចខ្ជះខ្ជាយទឹកជាច្រើន ហូរចូលទៅក្នុងលូ និងធ្វើឲ្យមូសនិងខ្យងមានកន្លែងបន្តពូជ។ ប្រសិនបើបំពង់ត្រូវបានជួសជុលដោយប្រើដើមក្រចៅ ដើមធ្មៃ កប្បាស ឬស្បែកសត្វ, នោះមេរោគអាចលូតលាស់នៅលើវត្ថុទាំងនេះ រួចធ្វើឲ្យកខ្វក់ដល់ទឹកក្នុងបំពង់។

បុរសនិងស្ត្រីនិយាយអំពីទឹក

2 women wash clothes at a wash basin as another woman fills a bucket at a tap and a child pours water over a toddler.

នៅពេលគណៈកម្មការទឹកនៅក្នុងភូមិមួយនៃប្រទេសម៉ិកស៊ីកូ ធ្វើផែនការសាងសង់ប្រព័ន្ធទឹកទុយោភ្ជាប់ពីកន្លែងទឹកចេញមកក្នុងភូមិ ពួកគេបានសម្រេចចិត្តថាពួកគេមានប្រាក់គ្រប់គ្រាន់ក្នុងការដំឡើងបំពង់១សម្រាប់ផ្ទះ២ប្រើរួមគ្នា។ នៅពេលជួបប្រជុំក្នុងភូមិ បុរសៗនៃគណៈកម្មការទឹកបានប្រកាសថា ប្រព័ន្ធទឹកបំពង់នឹងដាក់ឲ្យប្រើសម្រាប់ការផឹកនិងចម្អិនអាហារ។ ពួកគេនិយាយថា វាជាដំណឹងល្អសម្រាប់អ្នកភូមិ ព្រោះចាប់ពីពេលនេះទៅស្ត្រីមិនចាំបាច់ចំណាយពេលវេលាពេញមួយថ្ងៃក្នុងការទៅដងទឹកពីទន្លេ យកមកដាំដើម្បីឲ្យមានសុវត្ថិភាពសម្រាប់ផឹកទៀតទេ។

ស្ត្រីនៅក្នុងការប្រជុំ បានក្រោកឈរឡើងរួចសួរថា "ចុះការបោកគក់?"។ បុរសម្នាក់នៃគណៈកម្មការទឹកនិយាយថា "អ្នកអាចបន្តបោកគក់នៅក្នុងទន្លេដូចដែលធ្លាប់បានធ្វើកន្លងមក"។ ស្ត្រីម្នាក់ទៀតក្រោកឈររួចសួរថា "ចុះការងូតទឹកឲ្យក្មេង?"។ បុរសនោះឆ្លើយថា "អ្នកអាចបន្តងូតទឹកឲ្យកូន ដូចដែលធ្លាប់បានធ្វើកន្លងមក"។ ស្ត្រីដទៃម្នាក់ទៀតក្រោកឈររួចសួរថា "ចុះសួនដំណាំតាមផ្ទះរបស់យើង? យើងត្រូវការទឹកដើម្បីស្រោចដំណាំ"។

ស្ត្រីទាំងនោះមានអារម្មណ៍ថាសំឡេងរបស់ខ្លួនមិនត្រូវបានគេស្តាប់ឮទេ។ ពួកគេនិយាយថា គ្មានស្ត្រីម្នាក់សោះនៅក្នុងគណៈកម្មការទឹក ដូច្នេះតម្រូវការទឹកសម្រាប់ស្ត្រីនឹងមិនត្រូវបានបំពេញទេ។ ស្ត្រីទាំងនោះទាមទារការចូលរួមក្នុងគណៈកម្មការទឹក និងជួយបង្កើតផែនការថ្មី។ ប្រជាជនដទៃទៀតក៏យល់ព្រម។

គណៈកម្មការទឹកថ្មីបានបង្កើតផែនការមួយខុសពីមុន។ ជំនួសឲ្យការមានបំពង់ទឹក១សម្រាប់ផ្ទះ២ ពួកគេនឹងដំឡើងបំពង់ទឹក១និងអាងសម្រាប់លាងសម្អាត១សម្រាប់ផ្ទះ។ ទោះបីស្ត្រីនៅតែដើរទៅយកទឹកក៏ដោយ ពួកគេក៏អាចទៅបោកគក់ ងូតទឹកឲ្យកូនៗ និងលាងពោតនៅក្នុងភូមិតែម្តង។ ទឹកទុយោនឹងត្រូវប្រើសម្រាប់ទឹកផឹក ហើយអាងលាងសម្អាតនឹងត្រូវប្រើសម្រាប់តម្រូវការផ្សេងៗទៀត។ ធ្វើដូចនេះនឹងជួយធានាថាទឹកផឹកនៅស្អាតជានិច្ច។ ហើយពួកគេនឹងយកទឹកប្រើរួច ពីអាងលាងសម្អាត ទៅស្រោចសួនដំណាំតាមផ្ទះ។

ផែនការនេះក៏មានប្រជាប្រិយក្នុងចំណោមពួកបុរសផងដែរ ព្រោះរាល់ថ្ងៃពួកគេនឹងមានកន្លែងសម្រាប់លាងសម្អាតឧបករណ៍នៅពេលត្រឡប់មកពីចម្ការពោតវិញ។ តាមវិធីនេះ អ្នកភូមិបានបំពេញតម្រូវការជាច្រើនរបស់ខ្លួនក្នុងពេលតែមួយ។