Hesperian Health Guides
ការពារប្រភពទឹក
វិគី ព័ត៌មាន សុខភាព > សៀវភៅណែនាំសម្រាប់សហគមន៍ស្តីអំពីសុខភាពបរិស្ថាន > ៦. ការការពារទឹកក្នុងសហគមន៍ > ការពារប្រភពទឹក
នៅក្នុងជំពូកនេ:
ទឹកអាចជាទឹកនៅលើដី(ទន្លេ, អូរ, បឹង, និងត្រពាំង) ឬទឹកក្រោមដី(ទឹកដែលប្រមូលផ្តុំក្រោមដី ហើយចេញមកវិញតាមកន្លែងទឹកចេញ ឬអណ្តូងទឹក)។ ដោយសារទឹកលើដីងាយនឹងកខ្វក់ ដូច្នេះមិនគួរប្រើទឹកនេះជាទឹកផឹកទេ លុះត្រាតែបន្សុទ្ធវាជាមុន។ ទឹកក្រោមដីជាទូទៅគ្មានមេរោគទេ ព្រោះវាត្រូវបានច្រោះនៅពេលវាជ្រាបឆ្លងកាត់ខ្សាច់និងដី។ ទោះជាយ៉ាងនេះក្តី ទឹកក្រោមដីអាចកខ្វក់ដោយសាររ៉ែធម្មជាតិ ដូចជាហ្វ្ល័ររៃដ៍(fluoride) ឬអាសេនិក(arsenic), ដោយការធ្លាយបំពង់បង្ហូរកាកសំណល់ អាងទទួលកាកសំណល់ ឬបង្គន់, ដោយការចាក់សំរាម ឬដោយសារធាតុគីមីពុលពីឧស្សាហកម្ម ឬកសិកម្ម។

នៅពេលដីនិងផ្លូវទឹកមិនត្រូវបានថែទាំល្អទេ បរិមាណនៃទឹកក្រោមដីក៏មានកម្រិតទាបដែរ។ នៅកន្លែងដែលបានកាប់ដើមឈើអស់ ទឹកភ្លៀងដែលធ្លាប់តែស្រូបចូលទៅក្នុងដីនិងស្តុកទុកក្នុងនោះ បានហូរទៅទន្លេនិងសមុទ្រអស់។
វិធីល្អបំផុតក្នុងការការពារទាំងទឹកក្រោមដី និងទឹកលើដីមាន:
- អនុវត្តកសិកម្មដែលមានស្ថិរភាព។
- សាងសង់និងប្រើប្រាស់បង្គន់អនាម័យ។
- ការពារតំបន់ដែលទឹកហូរប្រមូលផ្តុំ ដែលហៅថាទីជម្រាល ឬតំបន់ប្រមូលផ្តុំទឹក។
នៅពេលមនុស្សតាំងទីលំនៅ និងប្រើប្រាស់ប្រភពទឹក វាក្លាយជាពិបាកនឹងការពារ។ នៅកន្លែងដែលឧស្សាហកម្មធ្វើការងារ ទឹកអាចត្រូវបានប្រើលើសលុប និងធ្វើឲ្យកខ្វក់ ហើយប្រជាជនដែលត្រូវការទឹកបំផុត មិនអាចបង្ការបញ្ហានេះបាន។ បញ្ហាទាំងនេះអាចត្រូវដោះស្រាយបានលុះត្រាតែសហគមន៍រៀបចំសកម្មភាពដើម្បីសន្តិសុខទឹក, ដាក់សម្ពាធលើរដ្ឋាភិបាល, និងអនុវត្តច្បាប់លើឧស្សាហកម្ម។