Hesperian Health Guides
មនុស្សគ្រប់គ្នាត្រូវការទឹក
វិគី ព័ត៌មាន សុខភាព > សៀវភៅណែនាំសម្រាប់សហគមន៍ស្តីអំពីសុខភាពបរិស្ថាន > ៦. ការការពារទឹកក្នុងសហគមន៍ > មនុស្សគ្រប់គ្នាត្រូវការទឹក
ទឹកគឺជាអំណោយពីធម្មជាតិ។ ហើយសន្តិសុខទឹក(លទ្ធភាពទទួលបានទឹកស្អាតគ្រប់គ្រាន់ជាប្រចាំ) គឺជាផ្នែកមួយដ៏សំខាន់នៃសុខភាពសហគមន៍។ នៅពេលប្រជាជនធ្វើការសម្រេចចិត្តជាមួយគ្នាអំពីវិធីប្រមូលទឹក ស្តុកទឹក និងប្រើប្រាស់ប្រភពទឹករួមគ្នា នោះពួកគេអាចធានាបាននូវសន្តិសុខទឹកក្នុងសហគមន៍។
ដើម្បីឲ្យបានទឹកស្អាតគ្រប់គ្រាន់ មនុស្សស្ទើរតែគ្រប់គ្នាសុខចិត្តធ្វើការងារដែលចាំបាច់ ឬបង់ប្រាក់ក្នុងតម្លៃមួយដែលសមរម្យ។ ប៉ុន្តែនៅតំបន់ជាច្រើន ទឹកដែលប្រជាជនត្រូវការយកមកផឹក ត្រូវបានឆ្លងដោយមេរោគ ដង្កូវ ឬសារធាតុគីមីពុល, ត្រូវឧស្សាហកម្មឬកសិកម្មទំនើបយកមុន, ឬត្រូវបានលក់ក្នុងតម្លៃមួយដែលប្រជាជនគ្មានលទ្ធភាពទិញ។ នៅពេលសម្រេចចិត្តអំពីតម្លៃរបស់ទឹក និងអំពីវិធីការពារ ស្តុក ចែកចាយ និងប្រើប្រាស់ទឹក, គួរគិតថាតម្រូវការទឹករបស់ប្រជាជនដើម្បីរស់រាននិងមានសុខភាពល្អ មានសារសំខាន់ជាងតម្រូវការដទៃៗទៀតទាំងអស់។
មនុស្សគ្រប់គ្នាត្រូវការទឹក |
||
ឧស្សាហកម្មយកទឹករបស់សហគមន៍
ផ្លាជីម៉ាដា(Plachimada) គឺជាភូមិតូចមួយនៅក្នុងប្រទេសឥណ្ឌាភាគខាងត្បូង ជាទីកន្លែងដែលកសិករដាំដុះស្រូវនិងផ្លែដូង។ កសិករធ្លាប់មានជីវភាពរស់នៅល្អ ព្រោះនៅទីនោះធ្លាប់មានទឹកភ្លៀងច្រើននិងដីមានជីជាតិ។ ប៉ុន្តែពីរបីឆ្នាំមុន ភូមិនេះបានចាប់ផ្តើមផ្លាស់ប្តូរ បន្ទាប់ពីក្រុមហ៊ុនកូកាកូឡា(Coca-Cola) សាងសង់រោងចក្រនៅជាយភូមិ។
រោងចក្របានជីកអណ្តូងជ្រៅៗជាច្រើនដើម្បីយកទឹកក្រោមដីទៅផលិតជាភេសជ្ជៈផ្អែម។ រោងចក្របានប្រើប្រាស់ទឹកប្រមាណ១,៥លានលីត្រជារៀងរាល់ថ្ងៃ។ ពីរឆ្នាំបន្ទាប់ពីរោងចក្រដំណើរការ ដំណាំរបស់ប្រជាជនបានចាប់ផ្តើមងាប់ ហើយអណ្តូងទឹកតាមផ្ទះក៏រីងស្ងួតជាបណ្តើរ។ នៅពេលពួកគេចម្អិនបាយ វាប្រែជាពណ៌ត្នោតនិងមានរសជាតិមិនល្អ។ នៅពេលពួកគេផឹកទឹកឬងូតទឹក ពួកគេមានកន្ទួលលើស្បែក ជ្រុះសក់ ឈឺសន្លាក់ ឆ្អឹងខ្សោយ និងបញ្ហាសរសៃប្រសាទ។ ពួកគេដឹងថាក្រុមហ៊ុនបានធ្វើឲ្យពុលដល់ទឹកក្នុងដីដោយសារធាតុគីមីពុល។ ដើម្បីការពារសុខភាព អ្នកភូមិចាប់ផ្តើមទៅយកទឹកនៅឆ្ងាយៗពីផ្ទះ។
ក្នុងរយៈពេល១ឆ្នាំ ភ្លៀងមិនធ្លាក់ទាល់តែសោះ។ ប៉ុន្តែក្រុមហ៊ុនកូកាកូឡានៅតែបន្តយកទឹកក្នុងពេលរាំងស្ងួត។ រាល់ថ្ងៃអ្នកភូមិសំឡឹងមើលរថយន្តបើកចេញពីរោងចក្រដោយដឹកយកទៅនូវទឹកដ៏មានតម្លៃដែលធ្លាប់ផ្តល់ជីវិតដល់ពួកគេនិងដំណាំរបស់ពួកគេ។ សូម្បីតែប្រភពទឹកដែលនៅឆ្ងាយពីភូមិក៏រីងស្ងួតដែរ។ នៅពេលប្រជាជនកាន់តែច្រើនចាប់ផ្តើមឈឺ ពួកគេបានជួបជុំគ្នារិះរកវិធីដើម្បីឲ្យរោងចក្រកូកាកូឡាឈប់យកទឹករបស់ខ្លួនទៀត។
បន្ទាប់ពីការជួបជុំគ្នា អ្នកប្រឆាំងតវ៉ាដោយសន្តិភាពជាង២.០០០នាក់ បានដើរដង្ហែរក្បួនទៅកាន់រោងចក្រកូកាកូឡា ហើយទាមទារឲ្យក្រុមហ៊ុនចាកចេញ និងបង់ប្រាក់សំណងជូនអ្នកភូមិដែលបានបាត់បង់ទឹក។ រោងចក្របានឆ្លើយតបវិញដោយបានបញ្ជូនរថយន្តដឹកទឹកពេញទៅឲ្យអ្នកភូមិរៀងរាល់ថ្ងៃ។ ប៉ុន្តែទឹកនេះមិនគ្រប់គ្រាន់នឹងបំពេញតម្រូវការរបស់អ្នកភូមិទេ។ បន្ទាប់ពីការតវ៉ារយៈពេល៥០ថ្ងៃ ប៉ូលីសបានចាប់ខ្លួនពួកគេចំនួន១៣០នាក់។ ច្រើនខែក្រោយមកទៀត អ្នកភូមិប្រមាណ១.០០០នាក់បានដើរដង្ហែរក្បួនទៅរោងចក្រម្តងទៀត ហើយប៉ូលីសបានចាប់ខ្លួនពួកគេជាច្រើននាក់ទៀត។
ការតស៊ូបានធ្វើឲ្យមានភាពលំបាកវេទនាលើអ្នកភូមិផ្លាជីម៉ាដា ប៉ុន្តែវាក៏បានធ្វើឲ្យពួកគេរួបរួមគ្នាដើម្បីទាមទារការគោរពសិទ្ធិក្នុងការទទួលបានទឹកស្អាតដែរ។ ច្រើនឆ្នាំក្រោយមក អាជ្ញាធរស្រុកបានចាប់ផ្តើមគាំទ្រប្រជាជន ហើយបញ្ជាឲ្យក្រុមហ៊ុនបញ្ឈប់ការប្រើប្រាស់ទឹកក្រោមដីក្នុងពេលរីងស្ងួត។ ប៉ុន្តែអាជ្ញាធរខេត្តនិយាយថា គួរតែអនុញ្ញាតឲ្យក្រុមហ៊ុនបន្តប្រើប្រាស់ទឹកក្រោមដី។ ជម្លោះនេះបានឡើងដល់តុលាការ ដែលទីបញ្ជប់អ្នកភូមិផ្លាជីម៉ាដាបានឈ្នះក្តី ហើយក្រុមហ៊ុនកូកាកូឡាត្រូវបានបិទទ្វារ។