Hesperian Health Guides
ទឹកសំណល់ ៖ ជាបញ្ហា ឬជាធនធាន?
វិគី ព័ត៌មាន សុខភាព > សៀវភៅណែនាំសម្រាប់សហគមន៍ស្តីអំពីសុខភាពបរិស្ថាន > ៦. ការការពារទឹកក្នុងសហគមន៍ > ទឹកសំណល់ ៖ ជាបញ្ហា ឬជាធនធាន?
ដោយហេតុថាបរិមាណទឹកក្នុងពិភពលោកនៅតែដដែល ដូច្នេះទឹកទាំងអស់ត្រូវបានប្រើឡើងវិញម្តងហើយម្តងទៀត។ ប៉ុន្តែទឹកដែលហូរលើដី និងទឹកដែលត្រូវបានប្រើសម្រាប់បោកគក់ កសិកម្ម អនាម័យ ឬឧស្សាហកម្ម ភាគច្រើនមានមេរោគនិងសារធាតុគីមីដែលធ្វើឲ្យវាគ្មានសុវត្ថិភាពសម្រាប់ផឹក ងូត និងបោកគក់។
ទឹកដែលមិនកខ្វក់ដោយសារធាតុគីមីពុលឬសំណល់របស់មនុស្សទេ អាចត្រូវបានប្រើប្រាស់ឡើងវិញបន្ទាប់ ពីការបន្សុទ្ធសាមញ្ញ។ មធ្យោបាយដែលសមរម្យបំផុតសម្រាប់ប្រើក្នុងផ្ទះឬសហគមន៍របស់អ្នក អាស្រ័យលើបរិមាណទឹកសំណល់ដែលត្រូវបន្សុទ្ធ, តើអ្វីដែលធ្វើឲ្យទឹកកខ្វក់, តើវានឹងប្រើសម្រាប់អ្វី, តើពេលវេលាប៉ុន្មាន, ទីកន្លែង, និងពលកម្មដែលអ្នកមាន ក្នុងការបន្សុទ្ធទឹក។
មាតិកា
ដំណោះស្រាយលើទឹកប្រផេះ(ទឹកដែលប្រើប្រាស់រួច)
ទឹកប្រផេះ គឺជាទឹកសំណល់ពីការប្រើប្រាស់ក្នុងការបោកគក់ និងកិច្ចការក្នុងផ្ទះផ្សេងៗទៀត ប៉ុន្តែវាមិនមានកាកសំណល់របស់មនុស្សទេ។ ដរាបណាអ្នកមិនបានប្រើប្រាស់សាប៊ូឬផលិតផលសម្អាតដែលមានសារធាតុពុល(អំពីវិធីបង្កើតផលិតផលសម្អាតឲ្យមានសុវត្ថិភាពប្រសើរ) នោះទឹកប្រផេះត្រូវការការបន្សុទ្ធសាមញ្ញប៉ុណ្ណោះមុននឹងប្រើឡើងវិញនៅក្នុងសួនដំណាំ ឬមិនចាំបាច់បន្សុទ្ធអ្វីឡើយបើចាក់ចោលទៅដី។
ប្រព័ន្ធទឹកប្រផេះមានច្រើនប្រភេទខុសៗគ្នា។ ប្រព័ន្ធទឹកប្រផេះគ្រប់ប្រភេទ មានប្រសិទ្ធភាពបំផុតនៅពេល:
- វាងាយនឹងសាងសង់ និងងាយថែទាំ។
- ខ្លាញ់, កំហាប់សាវ៉ែល, សារធាតុរំលាយ, និងសារធាតុគីមីដទៃទៀត មិនបានចូលក្នុងទឹក។
រៀបចំដីល្បាយខ្សាច់ដើម្បីច្រោះទឹកប្រផេះ
វិធីមួយក្នុងការកែច្នៃទឹកប្រផេះ គឺការធ្វើតាមវិធីធម្មជាតិដែលសម្អាតទឹកដោយការសាងសង់ដីល្បាយខ្សាច់។ ដីល្បាយខ្សាច់ កែច្នៃទឹកប្រផេះ ដោយការច្រោះទឹកឆ្លងកាត់ស្រទាប់រុក្ខជាតិ ដី និងថ្ម។ សារធាតុចិញ្ចឹមនៅក្នុងទឹកសំណល់បានចិញ្ចឹមរុក្ខជាតិ, ហើយរុក្ខជាតិបានបន្ថែមអុកស៊ីសែនទៅក្នុងទឹក ដែលជួយសម្អាតទឹក។ ដីល្បាយខ្សាច់ក៏:
- ផ្តល់ទឹកបញ្ចូលដំណាំ។
- ធ្វើឲ្យរុក្ខជាតិ(ដូចជាឫស្សីឬត្រែង)លូតលាស់ដែលអ្នកអាចប្រមូលផលសម្រាប់ប្រើក្នុងបំណងផ្សេង។
- ប្តូរពីទឹកក្លិនអាក្រក់ទៅជាសួនដំណាំដ៏ស្រស់ស្អាត។
ដើម្បីសាងសង់ដីល្បាយខ្សាច់
នៅពេលពិចារណាសាងសង់ដីល្បាយខ្សាច់ គួរពិចារណាលើចំណុចទាំងនេះ
- តើអ្នកត្រូវការទំហំដីប៉ុនណា និងជម្រៅប៉ុន្មាន? បើមានទឹកកាន់តែច្រើនឆ្លងកាត់ប្រព័ន្ធដីល្បាយខ្សាច់ អ្នកត្រូវការដីកាន់តែធំ និងជីកកាន់តែជ្រៅ ដើម្បីអាចច្រោះទឹកប្រផេះដោយសុវត្ថិភាព។ ប្រសិនបើទឹកហូរញាប់ពេក ដីល្បាយខ្សាច់មិនអាចសម្អាតវាបានល្អទេ។
- តើប្រភពទឹកខ្ពស់ជាងដីល្បាយខ្សាច់ដែរឬទេ? ទឹកត្រូវហូរឆ្លងកាត់ដីល្បាយខ្សាច់ ដូច្នេះវាត្រូវតែហូរមកពីប្រភពដែលស្ថិតនៅខាងលើ ឬហូរដោយការបង្ហូរ។
- តើទឹកដែលច្រោះរួចនឹងហូរទៅទីណា? តើទឹកនេះអាចយកទុកក្នុងអាងស្តុកទឹកបានឬទេ ឬហូរទៅសួនដំណាំដោយផ្ទាល់តែម្តង?
ដីល្បាយខ្សាច់អាចត្រូវបានសាងសង់នៅកន្លែងណាក៏បានឲ្យតែមានកន្លែងទំនេរគ្រប់គ្រាន់។ ប្រសិនបើមានកន្លែងទំនេរតូច អ្នកអាចសង់វានៅលើដី ក្នុងបាសាំងទឹក ដូចជាបាសាំងចំណុះ២០០លីត្រជាដើម។ ក្នុងតំបន់ដែលទឹកហូរចូលក្នុងដីបានល្អ ឬដែលមានទឹកក្រោមដីខ្ពស់ ចូរជីករណ្តៅមួយ រួចរៀបទ្រនាប់រណ្តៅដោយប្រើផ្លាស្ទិកក្រាស់ៗឬស៊ីម៉ង់។ ក្នុងតំបន់ដីឥដ្ឋ អ្នកមិនចាំបាច់រៀបទ្រនាប់ទេ។
ដើម្បីថែទាំដីល្បាយខ្សាច់ដែលសាងសង់រួច
ដីល្បាយខ្សាច់ដែលជីកចូលក្នុងដី អាចកែច្នៃទឹកប្រផេះបានយ៉ាងច្រើន។
ដីល្បាយខ្សាច់ទាំងឡាយមានតម្រូវការខុសៗគ្នា អាស្រ័យលើបរិមាណទឹក ប្រភេទដីនិងរុក្ខជាតិ និងលក្ខខណ្ឌដទៃទៀត។ ចូរសាកល្បងសាងសង់វាច្រើនដង ដើម្បីស្វែងរកវិធីល្អបំផុតក្នុងការធ្វើឲ្យដីល្បាយខ្សាច់ដែលសាងសង់រួច មានដំណើរការ។
- ប្រសិនបើរុក្ខជាតិក្រៀមស្វិតឬងាប់ មានន័យថាទឹកមិនបានហូរឆ្លងកាត់គ្រប់គ្រាន់ទេ។ អ្នកអាចបន្ថែមប្រភពទឹកទៅប្រព័ន្ធដីល្បាយខ្សាច់នេះ អាចជីករណ្តៅតូចជាងនេះឬរាក់ជាងនេះ ឬបន្ថែមរុក្ខជាតិថ្មី។
- ប្រសិនបើទឹកមិនហូរ ចូរសាកល្បងប្រើថ្មធំជាងនេះនិងបន្ថយខ្សាច់ ឬទម្លាក់បំពង់បង្ហូរទឹកចេញចុះក្រោមបន្តិច។