Hesperian Health Guides
កែលម្អប្រភពទឹករបស់អ្នក
វិគី ព័ត៌មាន សុខភាព > សៀវភៅណែនាំសម្រាប់សហគមន៍ស្តីអំពីសុខភាពបរិស្ថាន > ៦. ការការពារទឹកក្នុងសហគមន៍ > កែលម្អប្រភពទឹករបស់អ្នក
មុននឹងព្យាយាមបង្កើតប្រភពទឹកថ្មីមួយ អ្នកគួរគិតថាវានឹងងាយស្រួលជាងបើអ្នកធ្វើឲ្យប្រភពទឹកបច្ចុប្បន្នផលិតទឹកឲ្យបានច្រើនជាងមុននិងស្អាតជាងមុន។ នៅពេលធ្វើផែនការកែលម្អប្រភពទឹក ចូរចាប់ផ្តើមដោយការរាយឈ្មោះធនធានក្នុងស្រុកដែលមាន។ ធនធានទាំងនេះរួមមាន ប្រភពទឹក, សម្ភារៈសាងសង់, និងអ្វីដែលសំខាន់បំផុតគឺមនុស្ស។ រាប់បញ្ចូលមនុស្សដែលមានជំនាញក្នុងការសាងសង់អណ្តូងឬអាងទឹក ឬដំឡើងទឹកស្អាត, មនុស្សដែលអាចសម្របសម្រួលសកម្មភាពជាក្រុម និងរៀបចំក្រុមការងារផ្សេង, និងមនុស្សវ័យចំណាស់ដែលនៅចាំថាទឹកត្រូវបានយកយ៉ាងដូចម្តេចកាលពីមុន។
មាតិកា
ការស្វែងរកដំណោះស្រាយ
អ្វីដែលសហគមន៍ធ្វើដើម្បីកែលម្អប្រភពទឹក អាចអាស្រ័យលើបញ្ហាណាដែលបន្ទាន់ជាងគេ ឬបញ្ហាណាដែលងាយស្រួលដោះស្រាយជាងគេ។ ជាការសំខាន់គួរធ្វើផែនការមួយដែលគូសបញ្ជាក់អំពីមូលហេតុឫសគល់នៃបញ្ហា និងបំពេញតម្រូវការមនុស្សគ្រប់គ្នាក្នុងសហគមន៍។
សម្រេចចិត្តថាប្រភពទឹកនីមួយៗគួរប្រើក្នុងបំណងអ្វី ជាពិសេសបើមានទឹកតិចតួច ឬពិបាកទៅយកទឹក។ ការសាងសង់អាងត្រងទឹកភ្លៀង, អាងស្តុកទឹក, ឬ ប្រព័ន្ធទឹកស្អាត, អាចជួយនាំទឹកភ្លៀងទៅនៅក្បែរសហគមន៍។ បើមិនអាចធ្វើដូចនេះ សហគមន៍នៅតែអាចព្យាយាមធ្វើឲ្យមានទឹកស្អាតគ្រប់គ្រាន់សម្រាប់មនុស្សគ្រប់គ្នា:
- ចែករំលែកការងារទៅយកទឹក
- បង្រៀនមនុស្សគ្រប់គ្នាអំពីវិធីធ្វើឲ្យទឹកមិនឆ្លងមេរោគ។
ប្រសិនបើមានប្រព័ន្ធទឹករួចជាស្រេច សហគមន៍អាច:
- កែលម្អវិធីយកទឹក
- ជួសជុលបំពង់និងស្នប់ដែលខូច
- ការពារខ្សែទឹកខាងលើនៃប្រភពទឹក
- រិះរកវិធីថ្មីៗទៀតក្នុងការការពារនិងសន្សំសំចៃទឹក
ប្រសិនបើទឹកអាចត្រូវបានធ្វើឲ្យកខ្វក់ដោយសារធាតុគីមីពុលក្នុងរបៀបណាមួយ គួរប្រើប្រភពទឹកដទៃទៀតរហូតទាល់តែបានធ្វើតេស្ត៍គុណភាពទឹក។ ប្រសិនបើតេស្ត៍បង្ហាញថាទឹកមានភាពកខ្វក់មែន ចូរបន្តប្រើប្រាស់ប្រភពទឹកដទៃ ហើយរិះរកវិធីលុបបំបាត់អ្វីដែលធ្វើឲ្យទឹកកខ្វក់។ ព្យាយាមបង្ការការបំពុលទឹករបស់អ្នក ដោយទាមទារឲ្យឧស្សាហកម្មបោះចោលកាកសំណល់របស់គេយ៉ាងមានសុវត្ថិភាព និងឲ្យប្រើមធ្យោបាយផលិតកម្មណាដែលស្អាត, និងដោយប្រាប់កសិករឲ្យប្រើប្រាស់ថ្នាំសម្លាប់សត្វល្អិត និងជីគីមីតិចតួច។
បុគ្គលិកសុខាភិបាល និងអ្នកលើកកម្ពស់សុវត្ថិភាពទឹក អាចជួយសហគមន៍ឲ្យកែលម្អសន្តិសុខទឹកបាន។ |
ស្ត្រីជាមនុស្សសំខាន់ក្នុងការរៀបចំផែនការ
ស្ត្រីអាចមានតម្រូវការទឹកខុសពីបុរស។ ជាធម្មតាស្ត្រីគឺជាអ្នកទៅដងទឹក និងបន្សុទ្ធទឹកសម្រាប់ប្រើប្រាស់ក្នុងគ្រួសារ។ ប៉ុន្តែជាញឹកញាប់បុរសគឺជាអ្នកទទួលខុសត្រូវលើការសាង់សង់ និងថែទាំប្រព័ន្ធទឹក។ ដោយសារការងាររបស់បុរសនិងស្ត្រីមានភាពខុសគ្នា ដូច្នេះដើម្បីឲ្យមានប្រយោជន៍ គួររៀបចំផែនការដោយរួមបញ្ចូលស្ត្រីផងដែរ។
រង្វង់២
សកម្មភាពនេះជួយស្ត្រីឲ្យគិតអំពីតម្រូវការទឹករបស់ខ្លួន និងអំពីរបាំងដែលរារាំងពួកគេមិនឲ្យសម្រេចនូវតម្រូវការនេះ។
ពេលវេលា: ៤៥នាទី ទៅ១ម៉ោង
សម្ភារៈ: ក្រដាសគូររូបធំមួយ ប៊ិច
- ១. បែងចែកស្ត្រីជាក្រុមៗដែលមានគ្នាមិនលើសពី១០នាក់។ ចែកប៊ិចនិងក្រដាសទៅក្រុមនីមួយ។
- ២. ក្រុមនីមួយៗគូររង្វង់២នៅលើក្រដាស គឺរង្វង់ធំមួយនិងមានរង្វង់តូចមួយទៀតនៅខាងក្នុង។
- ៣. នៅក្នុងរង្វង់ធំ មនុស្សម្នាក់ៗគូររូបឬសរសេរអំពីបញ្ហាទឹក អនាម័យ និងបញ្ហាផ្សេងៗទាក់ទងនឹងសុខភាពដែលវាប៉ះពាល់ដល់សហគមន៍ទាំងមួល។ នៅក្នុងរង្វង់តូច ពួកគេគូររូបឬសរសេរអំពីបញ្ហាផ្សេងៗដែលប៉ះពាល់តែស្ត្រីប៉ុណ្ណោះ។
- ៤. ឲ្យស្ត្រីទាំងអស់ចូលរួមក្រុមជាមួយគ្នាវិញ រួចពិភាក្សា: តើបញ្ហានៅក្នុងរង្វង់ទាំង២ខុសគ្នាដូចម្តេច? តើវាដូចគ្នាយ៉ាងដូចម្តេច? តើអាចមានដំណោះស្រាយអ្វីខ្លះចំពោះបញ្ហាក្នុងរង្វង់ទាំង២? តើយើងអាចធ្វើឲ្យបញ្ហារបស់ស្ត្រីទទួលបានចំណាប់អារម្មណ៍គ្រប់គ្រាន់ដោយរបៀបណា?
សកម្មភាពនេះក៏អាចធ្វើក្នុងចំណោមបុរសនិងស្ត្រីរួមគ្នាដែរ។ ប្រសិនបើបុរសចូលរួមដែរ គួររៀបចំក្រុមមួយដែលមានតែបុរស ហើយឲ្យក្រុមនីមួយៗគូររង្វង់តូច២នៅក្នុងរង្វង់ធំ។ ក្នុងរង្វង់តូចទី១ បញ្ចូលតែបញ្ហាដែលប៉ះពាល់ដល់ស្ត្រី និងរង្វង់តូចមួយទៀត បញ្ចូលតែបញ្ហាដែលប៉ះពាល់ដល់បុរស។
នៅពេលក្រុមទាំងអស់ចូលរួមជាមួយគ្នាវិញ ប្រាប់ឲ្យបុរសគិតអំពីដំណោះស្រាយផ្សេងៗដែលពួកគេអាចធ្វើដើម្បីជួយកែលម្អស្ថានភាពដែលប៉ះពាល់ស្ត្រី។ វាអាចមានដូចជា ការសាងសង់បង្គន់ក្បែរផ្ទះ, ឲ្យបុរសទៅដងទឹក, ចំណាយពេលវេលាច្រើនទៀតនៅជាមួយកូន, ។ល។ និង ។ល។ ដើម្បីឲ្យងាយស្រួល គួរឲ្យស្ត្រីពិភាក្សាអំពីបញ្ហារបស់ពួកគេសិន មុននឹងឲ្យបុរសពិភាក្សាបញ្ហារបស់ស្ត្រី ជាពិសេសនៅក្នុងសហគមន៍ដែលស្ត្រីនិងបុរសអាចមានយោបល់ខុសគ្នាយ៉ាងខ្លាំង។
របាំងរារាំងការកែលម្អប្រភពទឹករបស់អ្នក
ការដែលសហគមន៍មិនមានទឹកស្អាតគ្រប់គ្រាន់ អាចបណ្តាលមកពីមូលហេតុជាច្រើន។ បញ្ហាទាំងនេះអាចមានដូចជា ការខ្វះខាតប្រាក់, មិនចេះសាងសង់ប្រព័ន្ធទឹក, គ្មានការគាំទ្រពីរដ្ឋាភិបាល, ឬខ្វះការរួបរួមគ្នាក្នុងសហគមន៍។ ដើម្បីឲ្យមានទឹកស្អាតជាអចិន្ត្រៃយ៍ គួរកំណត់រករបាំងរារាំងនានា រួចលុបបំបាត់វាចោលម្តងមួយ។ ប្រជាជនទំនងជានឹងចូលរួមកែលម្អ និងថែទាំប្រព័ន្ធរបស់ពួកគេ នៅពេលវា:
- ផ្តល់ការកែលម្អភ្លាមៗ ដូចជាទឹកបន្ថែម, ងាយទៅទទួលយក, ឬមានជំងឺតិច។
- មានតម្លៃទាប។
- មានការផ្លាស់ប្តូរតិចតួចក្នុងសកម្មភាពប្រចាំថ្ងៃ។
- មានការកែលម្អបរិស្ថានក្នុងតំបន់ ដូចជាមានភក់តិច, មូសតិច, ឬមានទឹកបន្ថែមសម្រាប់សួនដំណាំដំណាំតាមផ្ទះ។
គម្រោងទឹកដែលមានស្ថិរភាព គួរតែលុបបំបាត់ចោលនូវរបាំងរារាំងផ្នែកធម្មជាតិនិងសង្គម និងជួយមនុស្សគ្រប់គ្នានៅក្នុងសហគមន៍យ៉ាងស្មើភាពគ្នា។ |
រិះរកដំណោះស្រាយដែលស្ថិតក្នុងសហគមន៍
ចាប់តាំងពីអតីតកាលមក សហគមន៍នីមួយៗបានបង្កើតវិធីផ្សេងៗក្នុងការស្វែងរក, ដឹកជញ្ជូន, និងការពារទឹក។ ប្រជាជនបានប្រើឈើ(ហៅថា កំណាត់អាទិទេព) ដើម្បីរកទឹក, បង្កើតឧបករណ៍សម្រាប់យោងទឹកនិងជញ្ជូនទឹក, សាងសង់ហេដ្ឋារចនាសម្ព័ន្ធជាច្រើនដើម្បីប្រមូលទឹកភ្លៀង, និងដាំដើមឈើដើម្បីការពារប្រភពទឹក និងទីជម្រាល។ ពួកគេក៏បានយល់ព្រមជួយចែករំលែកទឹកដល់សហគមន៍ជិតខាងផងដែរ។ ការការពារទឹក និងការបង្ការជម្លោះដណ្តើមទឹក អាចជួយថែរក្សាប្រភពទឹកសម្រាប់មនុស្សជំនាន់ក្រោយ, ក្នុងពេលជាមួយគ្នា យើងរៀនពីវិធីថ្មីៗក្នុងការប្រមូលនិងបន្សុទ្ធទឹក ដើម្បីប្រាកដថាវាមានសុវត្ថិភាពនិងមានយ៉ាងច្រើន។
អ្នកភូមិបង្រៀនបុគ្គលិកអភិវឌ្ឍន៍
បុគ្គលិកអភិវឌ្ឍន៍មួយក្រុមបានមកដល់ភូមិមួយក្នុងតំបន់ភ្នំនៃប្រទេសកូឡុំប៊ី ដើម្បីជួយអ្នកភូមិឲ្យប្រយុទ្ធប្រឆាំងនឹងជំងឺរាក តាមរយៈការការពារប្រភពទឹករបស់ខ្លួន។ នៅពេលពួកគេមកពិនិត្យមើលកន្លែងទឹកចេញ ពួកគេឃើញថាគោក្របីនិងសំណឹកដីកំពុងបំផ្លាញកន្លែងទឹកចេញ។ បុគ្គលិកអភិវឌ្ឍន៍បានណែនាំដំណោះស្រាយងាយ២យ៉ាង ៈ ព័ទ្ធរបងលួសជុំវិញដើម្បីការពារកន្លែងទឹកចេញ ឬឲ្យស្មៅគោក្របីទាំងនោះស៊ីនៅកន្លែងផ្សេង។