Hesperian Health Guides

ការពារកន្លែងទឹកចេញ

នៅក្នុងជំពូកនេ:

កន្លែងទឹកចេញគឺជាកន្លែងដែលទឹកក្រោមដីចេញមកលើផ្ទៃដីដោយធម្មជាតិ។ ដោយសារតែទឹកចេញពីក្នុងដីត្រូវបានច្រោះឆ្លងកាត់ថ្មនិងដី និងហូរយ៉ាងលឿន នោះគេចាត់ទុកវាថាជាទឹកមានសុវត្ថិភាព លើកលែងតែវាត្រូវបានធ្វើឲ្យកខ្វក់នៅលើផ្ទៃដី។ ដើម្បីឲ្យដឹងថាកន្លែងទឹកចេញមួយមានសុវត្ថិភាពឬក៏អត់ ចូររកប្រភពរបស់វា(កន្លែងដែលវាចេញពីដី) និងសួរសំនូរទាំងនេះ

  • តើវាជាប្រភពពិតប្រាកដឬទេ ឬក៏មានទឹកអូរឬទឹកលើដីដទៃទៀត ហូរក្រោមដីប៉ុន្តែស្ថិតនៅពីលើកន្លែងទឹកចេញ? បើមែន អ្វីដែលមើលទៅដូចកន្លែងទឹកចេញ តាមពិតគឺជាទឹកលើដីទេ ព្រោះវាគ្រាន់តែហូរកាត់ក្រោមដីក្នុងចម្ងាយខ្លីមួយ។ ក្នុងករណីនេះ វាទំនងជាមានភាពកខ្វក់ ឬក៏ហូរតែក្នុងរដូវភ្លៀងប៉ុណ្ណោះ។
  • តើមានប្រហោងធំៗលើថ្មដែលស្ថិតនៅលើកន្លែងទឹកចេញឬទេ? បើមាន ចូរពិនិត្យមើលទឹកពីកន្លែងទឹកចេញ បន្ទាប់ពីមានភ្លៀងធំ។ ប្រសិនបើវាល្អក់ពណ៌សឬពណ៌ខ្មៅ នោះវាទំនងជាមានភាពកខ្វក់ដោយសារទឹកហូរលើដី។
  • តើមានលទ្ធភាពនៃការធ្វើឲ្យកខ្វក់នៅក្បែរឬនៅពីលើប្រភពទឹកចេញពីដីឬទេ? លទ្ធភាពនេះមានដូចជា វាលស្មៅគោក្របីស៊ី, បង្គន់រណ្តៅ, អាងទទួលទឹកស្អុយ, ការប្រើប្រាស់ថ្នាំសម្លាប់សត្វល្អិតនិងជីគីមី, ឬសកម្មភាពរបស់មនុស្សផ្សេងទៀត។
  • ក្នុងចម្ងាយ១៥ម៉ែត្រពីកន្លែងទឹកចេញ តើដីមានសភាពជ្រាយឬដូចខ្សាច់ឬទេ? ដីបែបនេះអាចឲ្យទឹកកខ្វក់លើដីហូរចូលទៅក្នុងទឹកក្រោមដី។

ការពារបរិវេណជុំវិញកន្លែងទឹកចេញ

ការការពារកន្លែងទឹកចេញ ត្រូវការចំណាយតិចជាងការជីកអណ្តូងថ្មី។ នៅពេលកន្លែងទឹកចេញត្រូវបានការពារ នោះគេងាយនឹងតបំពង់នាំទឹកទៅជិតសហគមន៍បាន។ ដើម្បីការពារបរិវេណជុំវិញកន្លែងទឹកចេញ ត្រូវព័ទ្ធរបងជុំវិញបរិវេណអណ្តូង និងជីកប្រឡាយមួយដើម្បីបង្ហូរទឹកកំពប់ចោល។ ធ្វើដូចនេះក៏បង្ការសត្វមិនឲ្យចូលដែរ។

ដាំដើមឈើនៅក្បែរកន្លែងយកទឹក ដើម្បីការពារវាបន្ថែមទៀត។ ដើមឈើនឹងបង្ការសំណឹកដី និងធ្វើឲ្យវាជាកន្លែងគួរឲ្យរីករាយសម្រាប់អ្នកយកទឹក។

A man fills a bucket at a spring box enclosed in a fenced area.


សាងសង់អាងកន្លែងទឹកចេញដើម្បីយកទឹក

អាងកន្លែងទឹកចេញ គឺជាប្រអប់ដាក់ទឹកមួយដែលធ្វើឡើងដោយការរៀបឥដ្ឋកំបោរស៊ីម៉ង់ត៍ ដែលជួយការពារទឹកចេញពីដីមិនឲ្យកខ្វក់។ អាងកន្លែងទឹកចេញក៏ធ្វើឲ្យងាយស្រួលក្នុងការយកទឹកនៅអាងនេះផ្ទាល់ ឬតបំពង់ពីអាងនេះទៅភ្ជាប់នឹងបំពង់ទឹកឬអាងស្តុកទឹករបស់សហគមន៍។ ប្រភេទអាងកន្លែងទឹកចេញ ដែលល្អបំផុតគឺអាស្រ័យលើការរៀបឥដ្ឋ និងលើសម្ភារៈដែលមាន។

ផ្នែកផ្សេងៗនៃអាងកន្លែងទឹកចេញ

EHB Ch6 Page 85-1.png
ប្រឡាយទឹកបង្ការមិនឲ្យទឹកហូរពីលើអាងកន្លែងទឹកចេញ
ខ្សាច់ ឬគ្រួស
ទឹកហូរពីទីនេះ
កម្ពស់ទឹក
គម្រងដែលអាចបើកមើល និងសម្អាតខាងក្នុង
បំពង់ទឹកឡើងខ្លាំង មានសំណាញ់ការពារមិនឲ្យសត្វល្អិតចូល
សំណាញ់ច្រោះខ្សាច់ និងដី
បំពង់យកទឹក
បំពង់សម្អាត សម្រាប់បាញ់ទឹកលាងអាងកន្លែងទឹកចេញ
នេះគឺជាប្រភេទមួយនៃអាងកន្លែងទឹកចេញ ដែលមានបង្ហាញពីអ្វីដែលមាននៅក្នុងដី។

ចាំបាច់លាងសម្អាតបំពង់និងអាងកន្លែងទឹកចេញឲ្យបានញឹកញាប់

ចាំបាច់ត្រូវត្រួតពិនិត្យមើលអាងកន្លែងទឹកចេញ ដើម្បីធានាថាអាងនេះនៅតែបន្តផ្តល់ទឹកដែលមានសុវត្ថិភាព។ ដីល្បាប់, ស្លឹកឈើ, សាកសពសត្វ, និងវត្ថុដទៃទៀត អាចចូលក្នុងបំពង់ និងអាងកន្លែងទឹកចេញ រួចធ្វើឲ្យស្ទះបំពង់ ឬធ្វើឲ្យកខ្វក់ដល់ទឹក។ ដាក់សំណាញ់លួសនៅចុងបំពង់ដែលចូលទៅក្នុងអាងកន្លែងទឹកចេញ ដើម្បីបង្ការវត្ថុមិនស្អាតចូលទៅក្នុងបំពង់។ ការលាងសម្អាតសំណាញ់នេះជាប្រចាំ នឹងធានាថាមានលំហូរទឹកស្មើរហូត។