Hesperian Health Guides
ជម្រើសនៃបង្គន់
វិគី ព័ត៌មាន សុខភាព > សៀវភៅណែនាំសម្រាប់សហគមន៍ស្តីអំពីសុខភាពបរិស្ថាន > ៧. ការសាងសង់បង្គន់ > ជម្រើសនៃបង្គន់
មាតិកាបង្គន់ដែលប្រើប្រាស់ទឹកតិចតួច ឬមិនប្រើសោះ |
||
---|---|---|
បង្គន់ជីកំប៉ុសធម្មតាសម្រាប់ការដាំដើមឈើ ល្អបំផុតសម្រាប់កន្លែងដែលប្រជាជនចង់ដាំដើមឈើ និងអាចគ្រប់គ្រងបង្គន់ផ្លាស់ប្តូរទីកន្លែងបាន |
បង្គន់ស្ងួតបង្វែរទឹកនោម ល្អបំផុតសម្រាប់កន្លែងដែលប្រជាជនប្រើប្រាស់កាកសំណល់មនុស្សដែលបានកែច្នៃ ទៅធ្វើជាជី និងនៅកន្លែងដែលទឹកក្រោមដីមានកម្រិតខ្ពស់ ឬមានការប្រឈមទៅនឹងទឹកជំនន់ |
បង្គន់ជីកំប៉ុសមានរណ្តៅពីរ ល្អបំផុតសម្រាប់កន្លែងដែលប្រជាជនប្រើប្រាស់កាកសំណល់មនុស្សដែលបានកែច្នៃ ទៅធ្វើជាជី |
បង្គន់ចាក់ទឹក ល្អបំផុតសម្រាប់កន្លែងដែលទឹកក្រោមដីនៅជ្រៅ និងកន្លែងដែលប្រជាជនប្រើប្រាស់ទឹកសម្រាប់លាងសម្អាតគូថ |
បង្គន់រណ្តៅកែលម្អ ដោយមានខ្យល់ចេញចូល ល្អបំផុតសម្រាប់កន្លែងដែលទឹកក្រោមដីនៅជ្រៅ និងគ្មានការប្រឈមទៅនឹងទឹកជំនន់ |
បង្គន់រណ្តៅបិតជិត ល្អបំផុតសម្រាប់កន្លែងដែលទឹកក្រោមដី នៅជ្រៅ និងគ្មានការប្រឈមទៅនឹងទឹកជំនន់ |
ចំណាំ ៖ រូបភាពទាំងនេះបង្ហាញពីបង្គន់ដែលមិនមានទ្វារ និងមិនមានគម្របពីលើប្រហោងបង្គន់ ដើម្បីឲ្យអ្នកបានឃើញពីអ្វីៗដែលមាននៅខាងក្នុង។ បង្គន់ទាំងអស់គួរមានទ្វារ រីឯប្រហោងបង្គន់គួរតែមានគម្របពេលមិនប្រើប្រាស់។ ម្យ៉ាងទៀត គួរតែសង់បង្គន់ដើម្បីឲ្យមនុស្សគ្រាប់គ្នានៅក្នុងសហគមន៍អាចប្រើប្រាស់វា ។
កន្លែងដែលគួរសាងសង់បង្គន់
លើសពី២០ម៉ែត្រពីស្ទឹង
លើសពី២០ម៉ែត្រពីកន្លែងទឹកចេញ
លើសពី២០ម៉ែត្រពីអណ្តូង
|
បង្គន់គួរតែនៅចម្ងាយ២០ម៉ែត្រយ៉ាងតិច ឆ្ងាយពីប្រភពទឹក |
នៅពេលសម្រេចចិត្តអំពីទីកន្លែងដែលគួរសាងសង់បង្គន់ ត្រូវប្រាកដថាអ្នកនឹងបំពុលទឹកអណ្តូង ឬទឹកក្រោមដីទេ។ ឱកាសនៃការបំពុលទឹកក្រោមដី អាស្រ័យស្ថានភាពក្នុងតំបន់ ដូចជាប្រភេទដីដាំដំណាំ ភាពសើមនៃផ្ទៃដី និងជម្រៅនៃទឹកក្រោមដី។ ប៉ុន្តែមានក្បួនទូទៅមួយចំនួនអាចធ្វើឲ្យប្រាកដថា ស្ថានភាពទាំងនេះមានសុវត្ថិភាព។
បាតក្រោមរបស់រណ្តៅ(ប្រសិន បើជាបង្គន់រណ្តៅ) ឬអាង (ប្រសិនបើវាជាបង្គន់ស្ងួត ឬបង្គន់ជីកំប៉ុស) គួរតែមានកម្ពស់យ៉ាងតិច២ម៉ែត្រកន្លះ ពីខាងលើទឹកក្រោមដី។ ប្រសិនបើអ្នកជីករណ្តៅសម្រាប់បង្គន់លើដីដែលមានភាពសើមខ្លាំង ឬនៅក្នុងរណ្តៅមានទឹកនោះវាជាកន្លែងមិនល្អសម្រាប់ការ សង់បង្គន់។ ត្រូវចាំក្នុងចិត្តថាកម្រិតកម្ពស់ទឹកនៅរដូវវស្សាមានភាពខ្ពស់ខ្លាំងជាងនៅរដូវប្រាំង។ មិនត្រូវសាងសង់បង្គន់រណ្តៅនៅកន្លែងដែលលិចទឹកទេ។
នៅពេលដែលមានការប្រឈមទៅនឹងការបំពុលទឹកក្រោមដីដោយសារបង្គន់រណ្តៅ គួរពិចារណាទៅលើការសាងសង់បង្គន់លើដីវិញ(ដូចជា បង្គន់ស្ងួត) ។
ទឹកក្នុងដីហូរចុះទៅក្រោម។ ដូច្នេះបើគ្មានជម្រើសទេ ពោលគឺត្រូវតែសាងសង់បង្គន់នៅកន្លែងដែលមានការប្រឈមទៅនឹងការបំពុលទឹកក្រោមដី នោះត្រូវសាងសង់នៅពីក្រោមខ្សែទឹក ក្បែរអណ្តូងជិតៗនោះ។
បង្គន់រណ្តៅបិតជិត
បង្គន់រណ្តៅបិតជិតមានកម្រាលបង្គន់ដែលមានប្រហោង និងមានគម្របសម្រាប់បិតប្រហោងនោះពេលមិនប្រើប្រាស់។ កម្រាលនោះអាចធ្វើពីឈើ ស៊ីម៉ង់ត៍ ឬ ឈើហ៊ុបគ្របដោយដី។ កម្រាលស៊ីម៉ង់ត៍ការពារមិនឲ្យទឹកចូល និងប្រើបានច្រើនឆ្នាំ។ បង្គន់រណ្តៅបិតជិតគួរមានរៀបឥដ្ឋលើជញ្ជាំងរណ្តៅ ឬរង្វង់ទម្រស៊ីម៉ង់ត៍ ដើម្បីការពារមិនឲ្យកម្រាលបង្គន់ឬរណ្តៅបង្គន់បាក់ស្រុត។ (ដើម្បីសាងសង់កម្រាលស៊ីម៉ង់ត៍ និងរង្វង់ទម្រ)។
បង្គន់រណ្តៅកែលម្អ ដោយមានខ្យល់ចេញចូល(VIP) ដែលបានបង្ហាញនៅលើទំព័រប្រើប្រាស់បំពង់រន្ធខ្យល់មួយដើម្បីបន្ថយក្លិននិងរុយ។
បញ្ហាមួយរបស់បង្គន់រណ្តៅ គឺថាបង្គន់មិនអាចប្រើប្រាស់បានទៀតទេនៅពេលដែលរណ្តៅពេញ។ ដើម្បីទាញយកប្រយោជន៍ពីរណ្តៅដែលពេញ យើងអាចដាំដើមឈើនៅលើកន្លែងនោះតែម្តង។ ដើម្បីធ្វើដូច្នេះ ត្រូវលើកកម្រាលចានបង្គន់ រង្វង់ទម្រ និងបន្ទប់ចេញ ហើយគ្របកាកសំណល់ដោយដីលាយជាមួយរុក្ខជាតិស្ងួតកម្រាស់៣០សង្ទីម៉ែត្រ(២កម្រាស់ប្រអប់ដៃ)។ ទុករយៈពេលជាច្រើនខែដើម្បីឲ្យកាកសំណល់រលួយ ទើបបំពេញដីបន្ថែមទៀត រួចដាំដើមឈើ។
ជម្រើសមួយទៀតគឺបន្ថែមដីឲ្យបានញឹកញាប់នៅពេលកំពុងប្រើប្រាស់ ហើយទុកវាចោលរយៈពេល២ឆ្នាំ ដើម្បីឲ្យកាកសំណល់រលួយ។ បន្ទាប់មកជីកយកវាចេញ ហើយប្រើប្រាស់កាកសំណល់ធ្វើជាជី រួចប្រើប្រាស់រណ្តៅជាថ្មីម្តងទៀត។ ត្រូវលាងសម្អាតដៃជានិច្ចបន្ទាប់ពីរៀបចំនិងជីកដីក្បែរបង្គន់។
ដើម្បីសាងសង់បង្គន់រណ្តៅបិតជិត
- ១. ជីករណ្តៅដែលមានអង្កត់ផ្ចិតតិចជាង១ម៉ែត្រ និងជម្រៅយ៉ាងតិច២ម៉ែត្រ។
- ២. ដាក់ថ្ម ឬឥដ្ឋ ឬសម្ភារៈផ្សេងទៀតនៅជុំវិញមាត់រណ្តៅ ដើម្បីទ្រកម្រាលចានបង្គន់ និងរណ្តៅកុំឲ្យបាក់ស្រុត។ បើធ្វើរង្វង់ទម្រពីស៊ីម៉ង់ត៍ នោះកាន់តែល្។
- ៣. ធ្វើកម្រាលបង្គន់ និងបន្ទប់ដាក់ពីលើរណ្តៅ។ ជាការល្អបំផុតគួរប្រើកម្រាលបង្គន់ធ្វើពីស៊ីម៉ង់ត៍ តែក៏អាចប្រើប្រាស់សម្ភារៈដែលមាននៅនឹងកន្លែង ដូចជាបន្ទះឈើ ឬដើមឫស្សីរួចប្រឡាក់ភក់ពីលើក៏បានដែរ។ ប្រសិនបើអ្នកប្រើប្រាស់ឈើធ្វើជាកម្រាលបង្គន់ គួរប្រើឈើដែលមិនងាយពុកយ៉ាងងាយ។
វិធីធ្វើកម្រាលបង្គន់ស៊ីម៉ង់ត៍
កម្រាលបង្គន់ស៊ីម៉ង់ត៍ដែលសង់បានល្អ អាចប្រើប្រាស់បានជាច្រើនឆ្នាំ។ ស៊ីម៉ង់ត៍មួយបាវ៥០គីឡូក្រាម អាចធ្វើកម្រាលបង្គន់បាន៤ ឬកម្រាលបង្គន់២ និងរង្វង់ទម្រ២(សូមមើលទំព័របន្ទាប់)។ អ្នកក៏ត្រូវការសរសៃដែក ឥដ្ឋ និងក្តារ ដើម្បីបង្កើតជាពុម្ព និងបន្ទះឈើកាត់ឲ្យបានរាងជាប្រហោងសោរ។ កម្រាលបង្គន់អាចមានរាងមូលឬបួនជ្រុង។
១. ក្រាលកម្រាលប្លាស្ទិក ឬសំបកបាវស៊ីម៉ង់ត៍លើដីរាប។ នៅលើក្រដាស ចូរដាក់រៀបពុម្ពធ្វើពីឥដ្ឋឬក្តារបណ្តោយ១២០ និងទទឹង៩០សង្ទីម៉ែត្រ និងកម្រាស់៦សង្ទីម៉ែត្រ។ | ២. ដាក់ឈើរាងប្រហោងសោរធ្វើជាពុម្ពនៅផ្នែកកណ្តាលដើម្បីធ្វើជាប្រហោងចានបង្គន់។ អ្នកក៏អាចប្រើដុំឥដ្ឋដើម្បីធ្វើជាប្រហោង រួចធ្វើឲ្យមានរាងល្អស្អាតក្រោយពីចាក់ស៊ីម៉ងចូលទៅក៏បាន។ |
៣. លាយស៊ីម៉ង់ត៍១ភាគ គ្រួស២ភាគ ខ្សាច់៣ភាគ និងទឹកល្មមគ្រប់គ្រាន់ ដើម្បីឲ្យវាសើមប៉ុន្តែលាយចូលគ្នាបានយ៉ាងល្អ។ ចាក់ស៊ីម៉ង់ត៍ចូលទៅក្នុងពុម្ពឲ្យបានកម្ពស់ត្រឹមពាក់កណ្តាលពុម្ព។ | ៤. ដាក់សរសៃដែកពង្រឹងទំហំ៣ម.មពីលើស៊ីម៉ង់ត៍សើម។ ប្រើសរសៃដែកចំនួន៤ទៅ៦សរសៃ តាមទិសដៅបណ្តោយនិងទទឹង។ ដាក់ដៃកាន់ដែលធ្វើពីដែកកម្រាស់៨ទៅ១០ម.ម នៅគែមនីមួយ។ |
៥ . ចាក់ស៊ីម៉ង់ត៍ដែលនៅសល់ និងពង្រាយវាឲ្យស្មើដោយបន្ទះឈើ។ |
៦. ដកពុម្ពរន្ធប្រហោងចេញនៅពេលស៊ីម៉ង់ត៍ចាប់ផ្តើមរឹង(៣ម៉ោងក្រោយ)។ បើអ្នកប្រើដុំឥដ្ឋសម្រាប់ធ្វើជាប្រហោង ដកវាចេញ រួចរៀបចំរន្ធនោះឲ្យមានរាងជាប្រហោងសោរ។ គ្របកម្រាលបង្គន់ដោយក្រណាត់ ឬបាវសើម ឬកម្រាលប្លាស្ទិកនៅពេលយប់។ ចាក់ទឹកឲ្យសើមច្រើនដងក្នុងមួយថ្ងៃរយៈពេល៧ថ្ងៃ។ ការធ្វើឲ្យសើមជានិច្ចគឺដើម្បីឲ្យស៊ីម៉ង់ត៍រឹងបន្តិចម្តងៗ និងក្លាយទៅជាមាំល្អ។ |
៧. ពេលដែលស៊ីម៉ង់ត៍រឹងល្អ ដាក់វាទៅលើរណ្តៅ។ ដើម្បីធ្វើឲ្យរណ្តៅកាន់តែមាំ អាចប្រើរង្វង់ទម្រចានបង្គន់ផងដែរ។ | ៨. ធ្វើគម្របរន្ធបង្គន់ពីស៊ីម៉ង់ត៍ ឬឈើ។ និងធ្វើដៃវាឬធ្វើយ៉ាងណាអាចឲ្យដកវាចេញដោយប្រើជើង ដែលអាចមិនឲ្យមេរាគឆ្លងមកដៃ។ |
ការកែលម្អកម្រាលចានបង្គន់
ដោយសារមេរោគនិងដង្កូវអាចជាប់នៅត្រង់ប្រហោង ការធ្វើកន្លែងជាន់បន្ថែមទៀត អាចកាត់បន្ថយការប្រឈមនឹងបញ្ហាសុខភាព។ ប្រសិនបើប្រជាជនចិត្តចង់អង្គុយ ត្រូវធ្វើរន្ធមូល និងចានអង្គុយធ្វើពីស៊ីម៉ង់ត៍(សូមមើលទំព័របន្ទាប់)។
ដើម្បីធ្វើពុម្ពសម្រាប់អង្គុយ ត្រូវប្រើធុង២ដែលមានទំហំខុសគ្នា ធុងមួយដាក់ក្នុងធុងមួយទៀត។ ចន្លោះរវាងធុងខាងក្នុងនិងធុងខាងក្រៅ ត្រូវមានកម្រាស់ពីរបីអីុញ។ សង្កត់ធុងខាងក្នុងដោយថ្ម ដូច្នេះវាធ្លាក់ទៅផ្នែកខាងក្រោម។ ចាក់បំពេញស៊ីម៉ង់ត៍រាវចូលទៅក្នុងចន្លោះធុងទាំងពីរ។
វិធីធ្វើរង្វង់ទម្រកម្រាលបង្គន់
រង្វង់ទម្រអាចមានរាងមូល ឬបួនជ្រុង ធ្វើពីស៊ីម៉ង់ត៍ដែលមានប្រហោងផ្នែកកណ្តាល សម្រាប់ទ្រកម្រាលបង្គន់ និងបន្ទប់បង្គន់ និងជួយឲ្យរណ្តៅមិនបាក់ស្រុត។ ររង្វង់ទម្រដែលរៀបរាប់នៅទីនេះអាចប្រើជាមួយកម្រាលចាននៅទំព័និងសម្រាប់គ្រប់បង្គន់រណ្តៅទាំងអស់។ ទំហំនៃរង្វង់ទម្រ អាស្រ័យលើទំហំរបស់រណ្តៅ។
- ១. ក្រាលក្រណាត់ប្លាស្ទិក ឬថង់ស៊ីម៉ង់ត៍នៅលើដីរាប។
- ២. ធ្វើពុម្ពដោយឥដ្ឋ ឬរបាឈើ ឬទាំងពីរចូលគ្នា។ ចំពោះកម្រាលបង្គន់ដែលមានទំហំ១២០គុណ៩០សង្ទីម៉ែត្រ នោះរង្វង់ទម្រផ្នែកខាងក្រៅគឺ១៣០សង្ទីម៉ែត្រគុណ១ម៉ែត្រ និងផ្នែកខាងក្នុងគឺ១ម៉ែត្រគុណ៧០សង្ទីម៉ែត្រ។
- ៣. លាយស៊ីម៉ង់ត៍១ភាគ គ្រួស២ភាគ និងខ្សាច់៣ភាគ ជាមួយទឹកចំនួនល្មមដើម្បីឲ្យសើម និងជាប់បានល្អ។ ចាក់ស៊ីម៉ង់ត៍ឲ្យបានពាក់កណ្តាលពុម្ព។
- ៤ .ដាក់សរសៃដែកពង្រឹងទំហំ៣មីល្លីម៉ែត្រចំនួន២ដើមនៅជ្រុងនីមួយនៃរង្វង់។ ប្រសិនបើអ្នកចង់បាន អ្នកអាចធ្វើដៃកាន់នៅគែមរបស់រង្វង់ទម្រ។
- ៥. ចាក់ស៊ីម៉ង់ត៍ដែលនៅសល់បំពេញពុម្ព។ យកបន្ទះឈើវាតវាឲ្យរលោង។
- ៦. គ្របស៊ីម៉ង់ត៍ដោយបាវឬក្រណាត់សើមឬដោយប្លាស្ទិក និងទុកវាមួយយប់។ ចាក់ទឹកឲ្យសើមច្រើនដងក្នុងមួយថ្ងៃរហូតដល់៧ថ្ងៃ។
- ៧. នៅពេលដែលរង្វង់ទម្រឡើងរឹង លើកវាយកទៅដាក់នៅកន្លែងសង់បង្គន់។ តម្រឹមដីឲ្យស្មើ រួចដាក់រង្វង់ទម្រ រួចជីករណ្តៅផ្នែកខាងក្នុងរបស់វា។ ដាក់ដីនៅផ្នែកខាងក្រៅរង្វង់ទម្រ ដើម្បីទប់វាឲ្យនៅនឹងមួយកន្លែង។
- ៨.ដាក់កម្រាលបង្គន់នៅពីលើ។ បន្ទាប់មកសាងសង់បន្ទប់។
បង្គន់រណ្តៅកែលម្អ ដែលមានរន្ធខ្យល់ចេញចូល(VIP)
បង្គន់ VIP គឺជាបង្គន់រណ្តៅបិទជិតដែលកាត់បន្ថយក្លិន និងរុយ។
របៀបដំណើរការរបស់បង្គន់ VIP
ខ្យល់កាត់ចុងបំពង់រន្ធខ្យល់ ហើយនាំក្លិនទៅជាមួយ។ បន្ទប់បង្គន់ធ្វើឲ្យបង្គន់ងងឹត ដូច្នេះសត្វរុយដែលនៅក្នុងរណ្តៅ នឹងហើរទៅរកពន្លឺដែលនៅចុងបំពង់រន្ធខ្យល់ ហើយ ក៏ជាប់អន្ទាក់សំណាញ់លួស រួចក៏ងាប់។
របៀបសាងសង់បង្គន់ VIP
- ១. ជីករណ្តៅជម្រៅ២ម៉ែត្រ និងមុខកាត់១ម៉ែត្រកន្លះ។ រៀបឥដ្ឋនៅផ្នែកខាងលើ ឬក៏ដាក់រង្វង់ទម្រស៊ីម៉ង់ត៍ឲ្យត្រូវនឹងទំហំរណ្តៅ។ ប្រសិនបើបន្ទប់នឹងមានទម្ងន់ធ្ងន់ខ្លាំង(ធ្វើពីឥដ្ឋ ស៊ីម៉ង់ត៍ ឬឈើធ្ងន់) ត្រូវរៀបជញ្ជាំងឥដ្ឋពេញរណ្តៅតែម្តង លើកលែងតែបាតរណ្តៅ។ ទុកប្រហោងចន្លោះឥដ្ឋដើម្បីឲ្យទឹកជ្រាបចេញបាន។
- ២. ធ្វើកម្រាលបង្គន់(សូមមើល វិធីធ្វើកម្រាលបង្គន់ស៊ីម៉ង់ត៍) ទំហំ១ម៉ែត្រកន្លះគុណ១ម៉ែត្រ ដោយមានរន្ធពីរ។ រន្ធទីពីរដែលនៅគែមកម្រាលបង្គន់ គឺសម្រាប់ដាក់បំពង់រន្ធខ្យល់។ ត្រូវធ្វើបំពង់រន្ធខ្យល់មិនឲ្យតិចជាង១១សង្ទីម៉ែត្រ។
- ៣. សាងសង់បន្ទប់ពីលើរណ្តៅនិងកម្រាលបង្គន់។
- ៤. ភ្ជាប់បំពង់រន្ធខ្យល់ដែលមានមុខកាត់យ៉ាងតិច១១សង្ទីមែត្រចូលទៅក្នុងរន្ធបំពង់ខ្យល់។ លាបបំពង់រន្ធខ្យល់ពណ៌ខ្មៅដើម្បីស្រូបកម្តៅ និងធ្វើខ្យល់ចេញចូលបានល្អ។ គ្របចុងរបស់បំពង់រន្ធខ្យល់ដោយសំណាញ់មូស (ជាអាលុយមីញូម ឬដែកអីុណុក ទើបប្រើបានយូរ)។ ដាក់បំពង់រន្ធខ្យល់យ៉ាងតិច៥០សង្ទីម៉ែត្រពីខាងលើដំបូល ដើម្បីឲ្យខ្យល់អាចនាំក្លិនអាក្រក់ចេញ។
ដើម្បីប្រើប្រាស់និងថែទាំបង្គន់ VIP
- គ្របរន្ធបង្គន់នៅពេលមិនប្រើប្រាស់។
- រក្សាផ្នែកខាងក្នុងនៃបន្ទប់ឲ្យងងឹត។
- រក្សាបង្គន់ឲ្យស្អាតនិងលាងកម្រាលបង្គន់ឲ្យបានញឹកញាប់។
បើបំពង់ខ្យល់ស្ទះដោយសារសំបុកពីងពាង ត្រូវចាក់ទឹកចូលទៅក្នុងបំពង់។
បង្គន់ VIP អាចមានបញ្ហាដូចខាងក្រោម ៖
បើបន្ទប់មិនមានភាពងងឹតគ្រប់គ្រាន់ ឬបើមិនគ្របប្រហោងបង្គន់ទេ នោះរុយមិនហើរចេញតាមបំពង់រន្ធខ្យល់ទេ។ ហើយបើបន្ទប់មិនមានដំបូល ឬសំណាញ់ខូច ឬបំពង់ខ្យល់របូត នោះការគ្រប់គ្រងរុយមានប្រសិទ្ធភាពតិចតួចណាស់។