Hesperian Health Guides
បង្គន់សម្រាប់កុមារ
វិគី ព័ត៌មាន សុខភាព > សៀវភៅណែនាំសម្រាប់សហគមន៍ស្តីអំពីសុខភាពបរិស្ថាន > ៧. ការសាងសង់បង្គន់ > បង្គន់សម្រាប់កុមារ
នៅពេលកុមារមានបង្គន់ដែលគេមានអារម្មណ៍ថាមានសុវត្ថិភាពក្នុងការប្រើប្រាស់ និងមានមធ្យោបាយងាយស្រួលក្នុងការរក្សាភាពស្អាត នោះពួកគេមិនសូវមានជំងឺទេ។ បង្គន់រណ្តៅអាចមានគ្រោះថ្នាក់ និងធ្វើឲ្យកុមារតូចៗភ័យខ្លាច ព្រោះវាងងឹតនិងមានប្រហោងធំ។ កុមារជាច្រើន ជាពិសេសកុមារី បានឈប់រៀន ដោយសារតែខ្វះខាតបង្គន់អនាម័យ។
ការអនុញ្ញាត្តឲ្យកុមារជួយសាងសង់បង្គន់ និងការបង្រៀនពួកគេអំពីជំងឺដែលបង្កឡើងដោយអនាម័យមិនល្អ ជួយពួកគេឲ្យមានទម្លាប់អនាម័យល្អ។
ការជួយកុមារតូចឲ្យមានភាពស្អាត
លាមកទាំងអស់សុទ្ធតែមានមេរោគដ៏គ្រោះថ្នាក់ ហើយការប៉ះពាល់វាអាចបង្កឲ្យមានជំងឺធ្ងន់ធ្ងរនៅលើកុមារនិងមនុស្សធំ។ នៅតំបន់ជនបទ ឪពុកម្តាយអាចជួយកុមារតូចៗក្នុងការប្រើប្រាស់បង្គន់បាន ដោយគ្រាន់តែជីករណ្តៅក្បែរផ្ទះ និងគ្របដីមួយក្តាប់បន្ទាប់ពីពួកគេបន្ទោរបង់លាមករួច។ វាជាការសំខាន់ណាស់ដែលត្រូវ ៖
- លាងសម្អាតទារក និងកុមារតូចៗក្រោយពីគេបន្ទោរបង់លាមក។
- លាងសម្អាតដៃរបស់អ្នកក្រោយពីប៉ះពាល់លាមកទារក។
- កប់លាមក ឬដាក់វាចូលទៅក្នុងបង្គន់សុវត្ថិភាព។
- លាងសម្អាតសម្លៀកបំពាក់ដែលប្រឡាក់ ឲ្យនៅឆ្ងាយពីប្រភពទឹកផឹក។
បង្រៀនកុមារានិងកុមារីឲ្យចេះជូតឬលាងសម្អាតដោយប្រុងប្រយ័ត្ន និងឲ្យលាងសម្អាតដៃរបស់ពួកគេក្រោយពីប្រើប្រាស់បង្គន់។ ជាពិសេសចំពោះកុមារី គួរតែបង្រៀនឲ្យជូតពីមុខទៅក្រោយ។ ការជូតមកខាងមុខអាចធ្វើឲ្យឆ្លងមេរោគមកផ្លូវនោមនិងទ្វារមាស, បង្កឲ្យរលាកប្លោកនោម និងបញ្ហាសុខភាពដទៃទៀត។