Hesperian Health Guides
ស្ត្រីនិងបុរសមានតម្រូវការខុសៗគ្នា
វិគី ព័ត៌មាន សុខភាព > សៀវភៅណែនាំសម្រាប់សហគមន៍ស្តីអំពីសុខភាពបរិស្ថាន > ៧. ការសាងសង់បង្គន់ > ស្ត្រីនិងបុរសមានតម្រូវការខុសៗគ្នា
ស្ត្រីនិងបុរសមានតម្រូវការ និងទម្លាប់ខុសគ្នា ក្នុងការប្រើប្រាស់បង្គន់។ បុរសអាចមានភាពងាយស្រួលជាងស្ត្រីក្នុងពេលបន្ទោរបង់នៅទីសាធារណៈឬកន្លែងវាល។ ស្ត្រីមានការចូលរួមខ្ពស់ជាងក្នុងការងារគ្រួសារ ដូចជាការថែទាំកុមារ ដងទឹកនិងរកឧស ដាំស្ល និងលាងសម្អាត។ ទាំងនេះមានឥទ្ធិពលទៅលើឱកាសនៃការប្រើប្រាស់បន្ទប់ទឹកដែលសុវត្ថិភាព ស្អាត ផាសុក និងភាពឯកជន។
មាតិកា
ផែនការបង្គន់ដោយគិតពីតម្រូវការរបស់ស្ត្រី
ការទុកស្ត្រីនៅខាងក្រៅផែនការអនាម័យ ធ្វើឲ្យពួកគេប្រឈមយ៉ាងខ្លាំងទៅនឹងបញ្ហាសុខភាព ដោយសារតែតម្រូវការរបស់ពួកគេទំនងជាមិនត្រូវបានបំពេញទេ។ បុរសត្រូវតែគិតពីតម្រូវការរបស់ស្ត្រី នៅពេលមានការផ្លាស់ប្តូរផ្នែកអនាម័យដែលធ្វើឡើងនៅក្នុងសហគមន៍ ប្រសិនបើគេចង់កែលម្អសុខភាពមនុស្សគ្រប់គ្នា។
ដើម្បីធ្វើឲ្យមានភាពងាយស្រួលចំពោះស្ត្រីក្នុងការចូលរួមផែនការអនាម័យសហគមន៍តាមរបៀបមួយដែលនឹងមិនផ្តល់ការងារបន្ថែមដល់ពួកគេ ៖
- រៀបចំការប្រជុំចំពេលដែលស្ត្រីអាចចូលរួមបាន។
- ប្រាកដថាស្ត្រីត្រូវបានអញ្ជើញ និងគ្មានការគៀបសង្កត់ក្នុងការបញ្ចេញមតិ។
- ត្រូវមានការប្រជុំដាច់ដោយឡែកសម្រាប់ស្ត្រី ប្រសិនបើការប្រជុំនោះងាយស្រួលដល់ពួកគេក្នុងការបញ្ចេញមតិ។
- ចែករំលែកអំណាចនៃការសម្រេចចិត្ត។
ជាធម្មតាស្ត្រីបង្រៀននិងថែទាំកុមារ។ នៅពេលដែលតម្រូវការរបស់ស្ត្រីមិនបានបំពេញ នោះតម្រូវការរបស់កុមារក៏មិនត្រូវបានបំពេញដែរ។ នៅពេលដែលស្ត្រីមិនត្រូវបានឲ្យចូលរួមក្នុងការធ្វើផែនការអនាម័យក្នុងផ្ទះ និងក្នុងសហគមន៍ នោះសហគមន៍ទាំងមូលនឹងមានការពិបាក។
ការដកចេញនូវរបាំងដែលរារាំងស្ត្រីពីការប្រើប្រាស់បង្គន់
សកម្មភាពនេះជួយប្រជាជនឲ្យពិភាក្សាគ្នាអំពីបញ្ហាដែលអាចបង្ការស្ត្រីមិនឲ្យទទួលបាននូវបង្គន់ល្អនិងមានសុវត្ថិភាព។ គោលដៅគឺដើម្បីសម្រេចថា តើការផ្លាស់ប្តូរអ្វីខ្លះដែលជាការចាំបាច់ក្នុងការកែលម្អសុខភាពមនុស្សគ្រប់គ្នា។ បន្ទាប់ពីសកម្មភាពនេះត្រូវបានធ្វើជាមួយស្ត្រីរួចហើយ សកម្មភាពមួយទៀតអាចត្រូវបានធ្វើជាមួយបុរសនិងស្ត្រី។
រយៈពេល ៖ ១ម៉ោង ទៅ ១ម៉ោងកន្លះ
សម្ភារៈ ៖ ផ្ទាំងក្រដាសធំ ប៊ិច បង់បិទ
- ១. សរសេរប្រយោគទាំងឡាយដែលពាក់ព័ន្ធនឹងបង្គន់នៅលើក្រដាសផ្ទាំងធំ។ បន្ទាប់មកអានប្រយោគនីមួយៗទៅកាន់ក្រុម ហើយសួរស្ត្រីម្នាក់ៗឲ្យសម្រេចចិត្តថាតើគាត់យល់ព្រមឬក៏មិនយល់ព្រម។ (សុំឲ្យគាត់លើកដៃឡើងបើយល់ព្រម ឬដាក់ដៃចុះបើមិនយល់ព្រម)។ រៀងរាល់ចម្លើយ "ព្រម" ត្រូវគូសសញ្ញាសម្គាល់ភ្ជាប់នឹងប្រយោគ។
ខាងក្រោមនេះអាចជាប្រយោគផ្សេងៗអាចត្រូវបានប្រើប្រាស់ ៖ - ២. រាប់សញ្ញាសម្គាល់នៅក្បែរប្រយោគនីមួយ។ ជ្រើសរើសយកបញ្ហាណាដែលកើតញឹកញាប់ជាងគេ និងចាប់ផ្តើមការពិភាក្សាលើបញ្ហានោះ។ តើអ្វីទៅជាមូលហេតុនៃបញ្ហា? តើមានជំងឺអ្វីខ្លះដែលជាលទ្ធផលនៃបញ្ហាទាំងនេះ? តើគេអាចធ្វើអ្វីខ្លះដើម្បីកែលម្អស្ថានភាពនេះ? តើអ្វីទៅដែលជារបាំងរារាំងការកែលម្អស្ថានភាពនេះ?
- ៣. បញ្ចប់ការពិភាក្សាក្នុងក្រុម ដោយសម្រេចយកសកម្មភាពខ្លះៗមកអនុវត្តទាំងលើបុរសនិងស្ត្រី ដើម្បីប្រាកដថាបានបំពេញតម្រូវការមនុស្សគ្រប់គ្នា។
ការធ្វើបង្គន់ឲ្យងាយស្រួលសម្រាប់ប្រើប្រាស់
មានមធ្យោបាយជាច្រើនដើម្បីធ្វើបង្គន់ឲ្យងាយស្រួលសម្រាប់កុមារ មនុស្សធំ និងមនុស្សពិការ ប្រើប្រាស់។ មនុស្សត្រូវការការសម្របខ្លួនខុសៗគ្នា អាស្រ័យលើសមត្ថភាពរបស់ពួកគេ ដូច្នេះជាការល្អបំផុត គឺត្រូវដាក់បញ្ចូលជនពិការផងដែរនៅក្នុងផែនការ។ ត្រូវមានគំនិតច្នៃប្រឌិតក្នុងការស្វែងរកដំណោះស្រាយដែលសមស្របតាមតម្រូវការមនុស្សគ្រប់ៗគ្នា។
ប្រសិនបើនរណាម្នាក់មានការលំបាកក្នុងការអង្គុយច្រហោង គួរធ្វើដៃទ្រយ៉ាងសាមញ្ញ ឬធ្វើកន្លែងអង្គុយខ្ពស់ឡើង។ ឬប្រសិន បង្គន់ធ្វើនៅលីដី នោះត្រូវចោះប្រហោងមួយនៅកន្លែងអង្គុយរបស់កៅអីឬជើងម៉ា់ រួចដាក់វាពីលើបង្គន់។
ប្រសិនបើនរណាម្នាក់មានការលំបាកក្នុងការទប់ខ្លួន គួរធ្វើបង្អែកសម្រាប់ទ្រខ្នង ផ្នែកចំហៀង និងជើងរបស់គាត់ ព្រមទាំងដាក់ក្រវាត់អង្គុយឬរបារកាន់។
ចងខ្សែឬធ្វើរបងសម្រាប់ឲ្យជនពិការភ្នែកដើរពីផ្ទះទៅកាន់បង្គន់បាន។
ប្រសិននរណាម្នាក់មានការលំបាកក្នុងការដោះសម្លៀកបំពាក់ គួរកែសម្រួលសម្លៀកបំពាក់គាត់ ដោយធ្វើឲ្យវារលុង ឬយឺត។ គួររៀបចំកន្លែងស្ងួតនិងស្អាត សម្រាប់ដេកចុះនិងស្លៀកពាក់។
ប្រសិនបើនរណាម្នាក់ពិបាកអង្គុយ អ្នកអាចធ្វើបង្កាន់ដៃអាចរំកិលបាន និងធ្វើកាំជណ្តើរ។
បង្គន់សម្របតាមកៅអីកង់ជនពិការ