Hesperian Health Guides
អនាម័យសម្រាប់ទីក្រុង
វិគី ព័ត៌មាន សុខភាព > សៀវភៅណែនាំសម្រាប់សហគមន៍ស្តីអំពីសុខភាពបរិស្ថាន > ៧. ការសាងសង់បង្គន់ > អនាម័យសម្រាប់ទីក្រុង
របាំងចម្បងៗនៃសេវាសុខភាពល្អក្នុងទីក្រុង មាន ៖
- ផ្នែករូបសាស្ត្រ ៖ ជាញឹកញាប់អនាម័យត្រូវបានគេពិចារណាតែនៅក្រោយពេលដែលប្រជាជនមានទីលំនៅ ផ្លូវថ្នល់ អគ្គីសនី និងទឹកប៉ុណ្ណោះ។ នៅពេលដែលទីក្រុងត្រូវបានសាងសង់រួច វាមានការលំបាកជាខ្លាំងក្នុងការធ្វើផែនការនិងសាងសង់បង្គន់និងប្រព័ន្ធលូទឹក។
- ផ្នែកសេដ្ឋកិច្ច ៖ ប្រព័ន្ធលូនិងបង្គន់សាធារណៈ មានតម្លៃថ្លៃក្នុងការសាងសង់និងថែទាំ។ ដូច្នេះប្រសិនបើមានការគាំទ្រតិចតួចពីរដ្ឋាភិបាល នោះនឹងមានការលំបាកក្នុងការទទួលបាននូវអនាម័យ។
- ផ្នែកនយោបាយ ៖ អាជ្ញាធរអាចនឹងមិនចង់ផ្តល់សេវាឲ្យទីលំនៅមិនផ្លូវការនិងឃុំអ្នកក្រីក្រ។ ហើយអាចមានច្បាប់ដែលរារាំងប្រជាជនក្នុងការធ្វើផែនការនិងសាងសង់បង្គន់ និងប្រព័ន្ធលូដោយខ្លួនឯងទៀតផង។
- ផ្នែកវប្បធម៌ ៖ ប្រជាជននិងមន្ត្រីរាជការក្នុងទីក្រុងជាញឹកញាប់ត្រូវការបង្គន់ចាក់ទឹក និងប្រព័ន្ធលូដែលមានតម្លៃខ្ពស់ ដូច្នេះធ្វើឲ្យមានការពិបាកក្នុងការព្រមព្រៀងលើមធ្យោបាយជំនួសផ្សេងៗទៀតដែលមានស្ថេរភាពនិងអាចចំណាយបាន។
ដំណោះស្រាយប្រកបដោយការច្នៃប្រឌិតសម្រាប់ទីក្រុងកាន់តែមានសុខភាព
ទោះបីជាបង្គន់ប្រភេទណាក៏ដោយ រួមទាំងបង្គន់ដែលបង្ហាញនៅក្នុងសៀវភៅនេះ សុទ្ធតែអាចត្រូវបានសាងសង់ និងប្រើប្រាស់នៅក្នុងទីក្រុង។ ហើយប្រសិនបើសេវាអនាម័យត្រូវបានបញ្ចូលគ្នាជាមួយសួនច្បារ កសិកម្មនៅទីក្រុង ការស្តារនិងកែឆ្នៃធនធានឡើងវិញ និងថាមពលស្អាត នោះទីក្រុងនឹងក្លាយទៅជាទីកន្លែងដែលមានសុខភាពនិងរីករាយសម្រាប់ការរស់នៅ។ នៅពេលអាជ្ញាធរក្រុងធ្វើការរួមគ្នាជាមួយក្រុមឃុំ ដើម្បីបង្កើតឡើងនូវដំណោះស្រាយប្រកបដោយការច្នៃប្រឌិត នោះលទ្ធផលដែលទទួលបាន គឺទីក្រុងកាន់តែស្អាត និងកាន់តែមានសុខភាពល្អ។
អនាម័យសហគមន៍ក្នុងទីក្រុង
កន្លងទៅមិនយូរប៉ុន្មាន យ៉ូហ្វ(Yoff)គឺជាភូមិនេសាទមួយស្ថិត ក្រៅរាជធានីដាកា(Dakar)នៃប្រទេសសេនេហ្គាល(Senegal) ដែលនៅក្នុងទ្វីបអ្រាហ្វិកភាគខាងលិច។ គ្រួសារជាច្រើនរស់នៅក្នុងបរិវណដែលភ្ជាប់គ្នាដោយផ្លូវដើរ និងទីវាលទំនេរ។ ប៉ុន្តែនៅពេលដែលទីក្រុងដាកាបានពង្រីក និងលេបត្របាក់ភូមិយ៉ូហ្វ ភូមិនេះក៏បានក្លាយទៅជាផ្នែកមួយនៃតំបន់ទីក្រុងដ៏ធំ ដែលមានចំណតអាកាសយានអន្តរជាតិ និងមានរថយន្តយ៉ាងច្រើន។
នៅពេលដែលទីក្រុងពង្រីក ផ្ទះជាច្រើនបានដំឡើងបង្គន់ចាក់ទឹកដោយភ្ជាប់ទៅនឹងរណ្តៅចំហរដែលនៅទីនោះសុទ្ធតែទឹកលូ និងជាប្រភពជំងឺផ្សេង។ ប្រជាជនដទៃទៀតដែលក្រីក្រមិនអាចទិញបង្គន់ បានប្រើប្រាស់តំបន់ដីខ្សាច់។ ប៉ុន្តែដោយសារប្រជាជនរស់នៅជិតៗគ្នា វាបានក្លាយជាបញ្ហាសុខភាពយ៉ាងឆាប់រហ័ស។
គណៈកម្មការអភិវឌ្ឍន៍ទីក្រុងបានមកជួបគ្នាពិភាក្សាពីការដោះស្រាយបញ្ហាអនាម័យ។ ពួកគេបានចាប់ផ្តើមដោយការក្រឡេកមើលទៅលើធនធានដែលមាន ៖ បណ្តាញសហគមន៍ដ៏រឹងមាំ អ្នកសាងសង់ដ៏ជំនាញ និងប្រជាជនដែលប្តេជ្ញាចិត្តរក្សាជីវិតនៅក្នុងភូមិ។ ពួកគេក៏មានគំនិតថ្មីខ្លះៗអំពីអនាម័យអេកូឡូហ្សីផងដែរ។
នៅក្នុងភូមិ ផ្ទះជាច្រើនបានប្រមូលផ្តុំគ្នាជុំវិញតំបន់ទំនេររួម ដែលអាចជួបជុំជជែកគ្នា។ ក្រោយពីបាននិយាយទៅកាន់អ្នកភូមិជាច្រើននាក់ គណៈកម្មការក៏បានលើកផែនការប្រើប្រាស់តំបន់ទំនេរនេះ ធ្វើជាប្រព័ន្ធអនាម័យដែលនឹងធ្វើឲ្យតំបន់នេះកាន់តែមានភាពទាក់ទាញជាងការនៅកខ្វក់បែបនេះ។ ជំនួសឲ្យការលើកកម្ពស់ការធ្វើបង្គន់តាមផ្ទះនិងអាងទឹកកាកសំណល់ក្រោមដី ពួកគេបានលើកកម្ពស់អនាម័យអេកូឡូហ្សីក្នុងសហគមន៍វិញ។
គណៈកម្មការបានធ្វើការជាមួយប្រជាជនដើម្បីសាងសង់បង្គន់ស្ងួតបង្វែរទឹកនោម។ បង្គន់នីមួយៗនឹងត្រូវប្រើរួមគ្នាក្នុងបរិវេណទាំងមូល។ ទឹកនោមនឹងហូរតាមបំពង់ទុយោ ចូលទៅក្នុងរណ្តៅត្រែង។ ចំពោះលាមក ក្រោយពីធ្វើឲ្យស្ងួតហើយ នឹងត្រូវប្រើជាជីសម្រាប់ដាក់ឈើ។ ទាំងអស់នេះធ្វើឲ្យភូមិមានបរិស្ថានល្អ។ ជាងកំបោរនៅក្នុងតំបន់ និងអ្នកសាងសង់ ត្រូវបានជួលឲ្យសាងសង់បង្គន់ និងថែទាំតំបន់ផ្ទៃដីរួម។
គម្រោងអនាម័យទីក្រុងនេះមិនត្រឹមតែការពារបញ្ហាសុខភាពប៉ុណ្ណោះទេ ប៉ុន្តែវាក៏បានជួយថែរក្សារបៀបរបបរស់នៅដែលអ្នកភូមិយ៉ូហ្វចង់បានផងដែរ។