Hesperian Health Guides
បញ្ហាផ្សេងៗនៃលូបង្ហូរទឹក
វិគី ព័ត៌មាន សុខភាព > សៀវភៅណែនាំសម្រាប់សហគមន៍ស្តីអំពីសុខភាពបរិស្ថាន > ៧. ការសាងសង់បង្គន់ > បញ្ហាផ្សេងៗនៃលូបង្ហូរទឹក
ការកែច្នៃទឹកកាកសំណល់មានតម្លៃថ្លៃ ហើយជាញឹកញាប់ទឹកកាកសំណល់នេះត្រូវបានចាក់ចោលដោយគ្មានការកែច្នៃ។ ធ្វើបែបនេះបណ្តាលឲ្យរាលដាលកាកសំណល់ និងមេរោគ ដង្កូវ និងសារធាតុគីមីពុលដែលបង្កឲ្យមានបញ្ហាសុខភាពដូចជា រលាកថ្លើម អាសន្នរោគ គ្រុនពោះវៀន នៅទីកន្លែងដែលទឹកកាកសំណល់នោះត្រូវបានបោះចោល។
ថ្វីបើមានការកែច្នៃទឹកកាកសំណល់យ៉ាងមានតម្លៃថ្លៃក៏ដោយ ការប្រើប្រាស់ទឹកដើម្បីជញ្ញូនកាកសំណល់ភាគច្រើនគឺគ្មានស្ថេរភាពទេ ហើយអាចនាំទៅរកបញ្ហាដូចជា ៖
- ការចម្លងរោគទៅក្នុងប្រភពទឹកផឹកដែលនៅខាងក្រោមខ្សែទឹក។
- ការចម្លងរោគទៅដីដែលមានប្រជាជនរស់នៅ និងធ្វើកសិកម្ម។
- បាត់បង់ប្រភពនៃសារធាតុចិញ្ចឹម(ជី)សម្រាប់ធ្វើកសិកម្ម។
- ចម្លងរោគទៅក្នុងប្រភពទឹកដែលប្រើប្រាស់សម្រាប់ផឹក ងូត និងធ្វើកសិកម្ម។
- មានក្លិនអាក្រក់។
ប្រព័ន្ធទឹកកាកសំណល់ក៏បង្កបញ្ហាសុខភាពផងដែរ នៅពេលដែលមានប្រភេទកាកសំណល់ផ្សេងៗបានលាយចម្រុះចូលគ្នា ដូចជានៅពេលដែលរោងចក្របញ្ចេញសារធាតុគីមីពុលចូលទៅក្នុងទឹកកាកសំណល់។ ចំណុចនេះធ្វើឲ្យពិបាកជាខ្លាំងក្នុងការកែច្នៃនិងប្រើប្រាស់ឡើងវិញប្រកបដោយសុវត្ថិភាព។
មធ្យោបាយដែលសុវត្ថិភាពនិងចំណាយតិចបំផុត គឺការកែច្នៃវានៅជិតកន្លែងដែលបញ្ចេញកាកសំណល់បំផុត បន្ទាប់មកឲ្យទឹកជ្រាបទៅក្នុងដីនិងចិញ្ចឹមរុក្ខជាតិ។ វិធីសាស្ត្រញឹកញាប់បំផុតក្នុងការធ្វើបែបនេះ គឺការប្រើប្រាស់អាងសិបទិក(អាងធំនៅពីក្រោមដីដែលនៅក្នុងនោះកាកសំណល់រឹងត្រូវបានប្រមូលផ្តុំនិងបំបែក) និងផ្ទៃជ្រាប(ដែលនៅទីនោះសារធាតុរាវជ្រាបចេញទៅក្រៅ និងចូលទៅក្នុងដី)។ ប៉ុន្តែវិធីសាស្ត្រនេះទាមទារឲ្យមានផែនការបច្ចេកទេសលើសពីការពន្យល់នៅក្នុងសៀវភៅនេះ។
ប្រព័ន្ធទឹកកាកសំណល់ ប្រើប្រាស់ទឹកយ៉ាងច្រើនដើម្បីធ្វើការងារ ដែលជាញឹកញាប់គេអាចធ្វើការងារនេះបានដោយប្រើប្រាស់ទឹកបន្តិចបន្តួច ឬមិនប្រើសោះ។ ដូច្នេះសហគមន៍ដែលមានទឹកតិចតួច ឬដែលមិនអាចចំណាយលើប្រព័ន្ធទឹកកាកសំណល់នេះ នឹងទទួលបានផលប្រយោជន៍ពីការប្រើប្រាស់បង្គន់ប្រភេទផ្សេងៗទៀត។
ប្រជាជនសាងសង់ប្រព័ន្ធទឹកកាកសំណល់ដោយខ្លួនឯង
នៅរដ្ឋធានីការាឈី(Karachi)នៃប្រទេសប៉ាគីស្ថាន មានទីក្រុងមួយឈ្មោះថា អូរានហ្គី(Orangi) ដែលមានប្រជាជន៩០០.០០០នាក់។ ជាច្រើនឆ្នាំមកហើយ អូរានហ្គីមិនមានទឹកសុវត្ថិភាព ឬសេវាអនាម័យទេ។ ទឹកកាកសំណល់បានហូរចូលទៅក្នុងប្រឡាយជីកចំហរដែលធ្វើឲ្យកកើតរុយនិងមូស និងបង្កឲ្យមានជំងឺ។ ក្នុងឆ្នាំ១៩៨០ វេជ្ជ. អាខ្តារ ហាមីដ ខាន(Akhtar Hameed Khan) បានចាប់ផ្តើមគម្រោងអូរ៉ានហ្គីសាកល្បង ឬហៅថា OPP ដើម្បីជួយប្រជាជនឲ្យស្វែងយល់អំពីបញ្ហាសុខភាពរបស់គេ និងលើកឡើងនូវដំណោះស្រាយផ្សេង។
ប្រជាជនអូរ៉ានហ្គីបានសម្រេចថា ការសាងសង់ប្រព័ន្ធទឹកកាកសំណល់ក្រោមដី នឹងអាចកែលម្អជីវភាពរបស់ពួកគេភាគច្រើន។ ជាដំបូងគេរំពឹងឲ្យរដ្ឋាភិបាលសាងសង់វា ប៉ុន្តែវេជ្ជ.ខាន ដឹងថារដ្ឋាភិបាលការាឈីនឹងមិនផ្តល់ប្រាក់ឲ្យពួកគេសាងសង់ទេ។ ក្រោយពីការពិភាក្សាជាច្រើន ប្រជាជនបានសម្រេចថា ទោះបីគេគ្មានប្រាក់ក៏ដោយ ក៏គេអាចសាងសង់វាដោយខ្លួនឯងដែរ។
ជំហានដំបូងគឺត្រូវបង្កើតអង្គការសហគមន៍។ ផ្លូវតូចនីមួយៗដែលមានផ្ទះពី២០ទៅ៣០ ត្រូវបានរៀបចំឡើងដើម្បីសាងសង់ប្រឡាយបង្ហូរទឹកកាកសំណល់មួយ និងដាក់ជូនទៅ OPP ដើម្បីជំនួយ។ OPP បានស្ទង់ផ្លូវ និងរៀបចំប្លង់។ បន្ទាប់មកអង្គការសហគមន៍ បានប្រមូលថវិកាពីប្រជាជនដើម្បីសាងសង់ប្រឡាយបង្ហូរកាកសំណល់របស់ខ្លួន។
នៅពេលដំបូង ប្រជាជនភាគច្រើនមិនដឹងពីរបៀបលាយស៊ីម៉ង់ត៍ ឬជីកប្រឡាយបង្ហូរត្រង់ស្មើទេ ដូច្នេះការងារធ្វើមិនទាន់បានល្អ។ ២ឆ្នាំក្រោយ ប្រឡាយជាច្រើនត្រូវបានសាងសង់ខុស ហើយប្រឡាយឯទៀតនៅមិនទាន់សាងសង់រួច។ អ្នករៀបចំគម្រោង OPP បានស្វែងយល់ថា ពួកគេមិនបានបង្រៀនប្រជាជនឲ្យយល់គ្រប់គ្រាន់ ដូច្នេះត្រូវបន្ថែមវគ្គសិក្សាថែមទៀត។ លើកនេះស្ត្រីនិងកុមារក៏ត្រូវបានរាប់បញ្ចូលដែរ។ ការងារក៏បានប្រសើរឡើង ហើយការកែប្រែមួយចំនួនត្រូវបានធ្វើឡើងដើម្បីបម្រើសហគមន៍ឲ្យកាន់តែល្អ កាត់បន្ថយការចំណាយ និងបញ្ចប់ប្រព័ន្ធនេះឲ្យកាន់តែឆាប់រហ័ស។
ប៉ុន្មានឆ្នាំក្រោយមកទៀត គ្រប់ផ្លូវទាំងអស់មានប្រឡាយដើម្បីជញ្ជូនកាកសំណល់ពីផ្ទះរបស់ខ្លួន។ ស្ថានភាពសុខភាពបានប្រសើរឡើង ហើយអូរ៉ានហ្គីបានក្លាយជាកន្លែងដែលគួរឲ្យចង់រស់នៅ។ ប៉ុន្តែនៅមានបញ្ហាមួយទៀត។ ប្រជាជនអាចសាងសង់ប្រឡាយកាកសំណល់ តែពួកគេត្រូវការជំនួយពីរដ្ឋាភិបាល និងថវិកាដើម្បីសាងសង់រោងចក្រកែច្នៃទឹកកាកសំណល់។ រដ្ឋាភិបាលនៅតែមិនផ្តល់ថវិកាឲ្យ។ ច្រើនឆ្នាំក្រោយមក រដ្ឋាភិបាលបានរកឃើញនិងឧបត្ថម្ភនូវដំណោះស្រាយមួយដែលមានតម្លៃទាប។ ពួកគេបានភ្ជាប់ប្រឡាយទៅកាន់ប្រព័ន្ធចម្រោះមួយដែលសម្អាតទឹកកាកសំណល់ក្នុងពេលដែលវាហូរចុះទៅក្រោម។ ដោយការរួមគ្នាសាងសង់ប្រឡាយកាកសំណល់របស់ខ្លួន សហគមន៍បានអនុវត្តជំហានដំបូងមួយដ៏សំខាន់។ OPP បានជួយរដ្ឋាភិបាលនិងជំនាញការជាច្រើនឲ្យបានដឹងថា សុខភាពសហគមន៍អាចកែលម្អបានយ៉ាងខ្លាំង ដោយការសាងសង់ប្រព័ន្ធទឹកកាកសំណល់នៅក្នុងតំបន់ដែលសមស្របទៅតាមតម្រូវការនិងលទ្ធភាពរបស់សហគមន៍។