Hesperian Health Guides
ផែនការសាងសង់បង្គន់
វិគី ព័ត៌មាន សុខភាព > សៀវភៅណែនាំសម្រាប់សហគមន៍ស្តីអំពីសុខភាពបរិស្ថាន > ៧. ការសាងសង់បង្គន់ > ផែនការសាងសង់បង្គន់
ផែនការណាមួយដែលធ្វើឲ្យស្ត្រីឬអ្នកណាម្នាក់គ្មានបង្គន់ប្រើប្រាស់ គឺមិនអាចបង្ការជំងឺផ្សេងៗនៅក្នុងសហគមន៍បានទេ។ |
មនុស្សគ្រប់គ្នានិងសហគមន៍ទាំងអស់ សុទ្ធតែមានមធ្យោបាយការគ្រប់គ្រងកាកសំណល់រៀងៗខ្លួន បើទោះបីវាគ្រាន់តែជាការទៅបន្ទោរបង់នៅគុម្ពោតព្រៃឬក្នុងព្រៃក៏ដោយ។ មិនមែនអ្នកភូមិទាំងអស់ សុទ្ធតែប្រើប្រាស់វិធីសាស្ត្រដូចគ្នានោះទេ ហើយក៏មិនមែនមនុស្សទាំងអស់សុទ្ធតែចោលកាកសំណល់របស់ខ្លួន ដោយមធ្យោបាយដូចគ្នាគ្រប់ពេលនោះដែរ។ មនុស្សមួយចំនួនចង់ធ្វើការផ្លាស់ប្តូរ ចំណែកឯអ្នកដទៃទៀតមិនចង់ធ្វើការផ្លាស់ប្តូរទេ។ ទោះបីវាជាការសាងសង់បង្គន់ប្រភេទថ្មី ការបង្កើនលទ្ធភាពប្រើប្រាស់បង្គន់សុវត្ថិភាព ឬក៏របៀបផ្លាស់ប្តូរណាមួយផ្សេងទៀតក៏ដោយ គឺយើងអាចកែលម្អវិធីសាស្ត្រអនាម័យស្ទើរតែទាំងអស់បាន។
ការផ្លាស់ប្តូរម្តងបន្តិចៗ មានការងាយស្រួលជាងការផ្លាស់ប្តូរទាំងស្រុងក្នុងពេលតែមួយ។ ឧទាហរណ៍ការផ្លាស់ប្តូរតិចតួចតែអាចផ្តល់លទ្ធផលធំធេងទៅលើសុខភាព សុវត្ថិភាព និងផាសុកគឺ ៖
- ការទុកទឹកលាង និងសាប៊ូនៅក្បែរបន្ទប់ទឹក។
- ការបន្ថែមរន្ធខ្យល់មានរនាំងទៅលើបង្គន់រណ្តៅ ធ្វើឲ្យមានខ្យល់ចេញចូល និងអាចជាអន្ទាក់សត្វរុយ។
- ការបន្ថែមកម្រាលបង្គន់រឹងមាំ ចំពោះបង្គន់រណ្តៅចំហរ។
នៅពេលធ្វើផែនការឬធ្វើការផ្លាស់ប្តូរលើមធ្យោបាយចោលកាកសំណល់មនុស្សនៅក្នុងសហគមន៍របស់អ្នក ត្រូវចាំក្នុងចិត្តថា គ្រប់វិធីសាស្ត្រទាំងអស់គួរតែ ៖
- បង្ការជំងឺ ៖ វាគួរតែធ្វើឲ្យកាកសំណល់និងសត្វល្អិតដែលចម្លងជំងឺ ឲ្យនៅឆ្ងាយពីមនុស្សនិងចំណីអាហារ ទាំងនៅបង្គន់ និងនៅក្បែរផ្ទះ។
- ការពារប្រភពទឹក ៖ វាមិនគួរបំពុលទឹកផឹក ទឹកនៅលើដី និងទឹកក្រោមដី។
- ការពារបរិស្ថាន ៖ បង្គន់ដែលអាចបង្វែរកាកសំណល់មនុស្សទៅជាជី (អនាម័យអេកូឡូហ្សី)អាចរក្សានិងការពារទឹក បង្ការការបំពុល និងបង្វែរសារធាតុចិញ្ចឹមទៅឲ្យដីដំណាំ
- មានភាពសាមញ្ញនិងអាចចំណាយបាន ៖ វាគួរតែមានភាពងាយស្រួលក្នុងការសម្អាតនិងថែទាំ និងត្រូវបានសាងសងសម្រាប់ប្រជាជនដោយប្រើសម្ភារៈដែលមាននៅក្នុងតំបន់។
- វប្បធម៌អាចទទួលបាន ៖ គួរតែសមស្របទៅនឹងទំនៀមទម្លាប់ ជំនឿ និងតម្រូវការក្នុងតំបន់។
- ប្រើប្រាស់បានគ្រប់គ្នា ៖ វាគួរតែផ្តោតទៅលើតម្រូវការសុខភាពរបស់កុមារ ស្ត្រី និងបុរស ក៏ដូចជា មនុស្សចាស់ ឬមនុស្សពិការផងដែរ។
ការសម្រេចចិត្តអំពីអនាម័យ គឺជាការសម្រេចរបស់សហគមន៍
នៅពេលដែលការសម្រេចចិត្តអំពីបង្គន់ ត្រូវបានធ្វើឡើងដោយប្រជាជនដែលនឹងប្រើប្រាស់វា នោះវាកាន់តែទំនងថា បង្គន់នេះនឹងបំពេញតាមតម្រូវការអនាម័យខុសៗគ្នារបស់ប្រជាជន។ ដោយហេតុថាការសម្រេចចិត្តអំពីអនាម័យនៅក្នុងផ្ទះ ជុំវិញផ្ទះ និងនៅក្នុងភូមិ អាចធ្វើឲ្យប៉ះពាល់ដល់ប្រជាជនដែលនៅខាងក្រោមខ្សែទឹក ដូច្នេះបើសហគមន៍នៅក្បែរគ្នា សហការគ្នា នោះសុខភាពអាចត្រូវបានកែលម្អសម្រាប់មនុស្សគ្រប់គ្នា។
នៅពេលដែលរដ្ឋាភិបាលឬភ្នាក់ងារពីខាងក្រៅព្យាយាមកែលម្អអនាម័យ ការចូលរួមរបស់សហគមន៍អាចបង្កើតឲ្យមានភាពខុសគ្នារវាងភាពជោគជ័យ និងភាពបរាជ័យ ។
បង្គន់មិនត្រឹមត្រូវ?
ក្នុងឆ្នាំ១៩៩២ រដ្ឋាភិបាលអែលសាវាឌ័រ(El Salvador)បានចំណាយថវិកាជាង១០លានដុល្លាសហរដ្ឋអាមេរិក ដើម្បីសាងសង់បង្គន់់រាប់ពាន់។ បង្គន់ទាំងអស់នេះ គឺមានន័យថាដើម្បីបង្វិលកាកសំណល់ឲ្យក្លាយជាជី ប៉ុន្តែវាត្រូវការការសម្អាតនិងថែទាំច្រើនជាងបង្គន់ចាស់ដែលប្រជាជនធ្លាប់បានប្រើប្រាស់។ រដ្ឋាភិបាលមិនបានទាក់ទងនរណាម្នាក់នៅក្នុងសហគមន៍ ឲ្យចូលរួមសាងសង់នោះទេ និងមិនបានបង្រៀនអំពីរបៀបប្រើប្រាស់វាទៀត។ ដូច្នេះប្រជាជនមិនចេះពីរបៀបប្រើប្រាស់វាទេ។
នៅពេលដែលគម្រោងបានបញ្ចប់ រដ្ឋាភិបាលបានធ្វើការសិក្សាថាតើបង្គន់បានត្រូវប្រើប្រាស់បែបណាខ្លះ។ គេបានដឹងថា បង្គន់ភាគច្រើនប្រើប្រាស់មិនបានត្រឹមត្រូវល្អ ហើយមួយចំនួនទៀតមិនបានប្រើទាល់តែសោះ។
ត្រូវមាននរណាម្នាក់លាងសម្អាតបង្គន់
គ្មាននរណាម្នាក់ចូលចិត្តលាងបង្គន់នោះទេ។ ប៉ុន្តែត្រូវមានមនុស្សម្នាក់លាងបង្គន់។
ជាញឹកញាប់ការងារធ្វើផែនការ សាងសង់ និងជួសជុលត្រូវបានចាត់ទុកថាជាការងាររបស់មនុស្សប្រុស និងអ្នកឯកទេស។ ចំណែកឯការងារមិនសូវស្អាត និងដែលធ្វើជាប្រចាំ ដូចជាការលាងសម្អាតបង្គន់ ជាញឹកញាប់ត្រូវធ្លាក់ទៅលើស្ត្រីឬប្រជាជនថ្នាក់ទាបក្នុងសង្គម។ វាមិនយុត្តិធម៌ទេនៅពេលដែលការងារមិនស្អាត តែងតែធ្លាក់ទៅលើស្ត្រីនិងប្រជាជនក្រីក្រដែលជាទូទៅមិនបានចូលរួមក្នុងការសម្រេចចិត្តក្នុងដំណាក់កាលដំបូងនោះ។
ការចែករំលែកការងារមិនស្អាតនេះ គឺជាមធ្យោបាយដើម្បីប្រាកដថាការងារត្រូវបានបំពេញ ថ្វីបើជាញឹកញាប់វាបានបង្កើតជម្លោះនៅក្នុងសង្គមក៏ដោយ។