Hesperian Health Guides
ការសន្សំគ្រាប់ពូជ
វិគី ព័ត៌មាន សុខភាព > សៀវភៅណែនាំសម្រាប់សហគមន៍ស្តីអំពីសុខភាពបរិស្ថាន > ១៥. កសិកម្មប្រកបដោយចិរភាព > ការសន្សំគ្រាប់ពូជ
មាតិកា
ការជ្រើសរើសគ្រាប់ពូជ
ដាក់គ្រាប់ដែលមានសម្បករឹងនៅក្នុងទឹក។ គ្រាប់ដែលអណ្តែត នឹងមិនចេញពន្លកទេ។ គ្រាប់ដែលលិច អាចយកដាំបាន។ |
ដើម្បីប្រាកដថាអ្នកមានគ្រាប់ពូជល្អ គួរប្រមូលវាពី ៖
- រុក្ខជាតិរឹងមាំ គ្មានសត្វល្អិតចង្រៃនិងជំងឺ។
- រុក្ខជាតិដែលបានសម្របទៅនឹងតំបន់។ ឧទារហណ៍ ប្រសិនបើអ្នករស់នៅតំបន់ត្រជាក់ដែលអាចដាំរុក្ខជាតិជាក់លាក់ខ្លះ ប៉ុន្តែអ្នកប្រមូលគ្រាប់ពូជពីរុក្ខជាតិប្រភេទដូចគ្នាដែលលូតលាស់ក្នុងតំបន់ក្តៅ នោះរុក្ខជាតិប្រហែលនឹងមិនអាចរស់រាននៅក្នុងអាកាសធាតុត្រជាក់ទេ។
- រុក្ខជាតិដែលមានគុណភាពអ្នកចង់បាន ដូចជាទំហំ រសជាតិ ធន់នឹងភាពរាំងស្ងួត ។ល។
- រុក្ខជាតិដែលលូតលាស់នៅឆ្ងាយពីរុក្ខជាតិប្រភេទដូចគ្នាដទៃទៀត ដើម្បីប្រាកដថារុក្ខជាតិខុសៗគ្នាមិនលូតលាស់ជាមួយគ្នា។
កុំប្រមូលគ្រាប់ដែលធ្លាក់មកលើដីដោយខ្លួនឯង។ បោសក្រោមដើមរុក្ខជាតិដើម្បីសម្អាតគ្រាប់ដែលធ្លាក់ រួចរង្គើដើមរុក្ខជាតិឬដើមឈើដើម្បីឲ្យធ្លាក់គ្រាប់ថ្មី។ បន្ទាប់មកសម្អាតគ្រាប់ពូជឲ្យបានឆាប់បំផុតនៅពេលប្រមូលវារួច ហើយតម្រៀបវាដើម្បីរើសចោលនូវគ្រាប់ណាដែលរលួយឬខូច។
ការរក្សាទុកគ្រាប់ពូជ
គួររក្សាទុកគ្រាប់ពូជភាគច្រើននៅក្នុងកន្លែងត្រជាក់ ស្ងួត ងងឹត ដោយមានខ្យល់ខ្លះៗឆ្លងកាត់វា ទើបវាមិនរលួយ។ |
ដើម្បីវាយតម្លៃថាតើប្រភេទគ្រាប់ពូជនីមួយៗអាចរក្សាទុកបានយូរប៉ុនណា យើងត្រូវគិតអំពីស្ថានភាពដែលវាត្រូវការដើម្បីលូតលាស់។ ឧទាហរណ៍ គ្រាប់ពូជដែលប្រមូលមកពីតំបន់ត្រជាក់ឬស្ងួត អាចរក្សាទុកបានច្រើនខែឬឆ្នាំ ព្រោះវាត្រូវការស្ថានភាពត្រឹមត្រូវដើម្បីចេញពន្លក។ គ្រាប់ពូជដែលយកមកពីតំបន់ក្តៅនិងភ្លៀងស្ទើរពេញមួយឆ្នាំ នឹងមិនអាចរក្សាទុកបានយូរទេ ព្រោះវាអាចចេញពន្លកគ្រប់ពេល។ ជាធម្មតា គ្រាប់ដែលមានសម្បករឹងអាចរក្សាទុកបានងាយជាង និងយូរជាងគ្រាប់ដែលមានសម្បកទន់។
ការចេញពន្លកនៃគ្រាប់ពូជ
គ្រាប់ពូជខ្លះត្រូវការកែសម្រួលពិសេសទើបអាចចេញពន្លក។ ប៉ុន្តែគ្រាប់ពូជទាំងអស់ត្រូវការ ៖
- ទឹក។ ត្រាំគ្រាប់ពូជក្នុងទឹកមួយយប់មុននឹងដាំ។ ប្រសិនបើអ្នកប្រើប្រាស់ទឹកក្តៅខ្លាំង(ប៉ុន្តែមិនពុះ) វានឹងសម្លាប់ជំងឺរុក្ខជាតិនិងសត្វល្អិតចង្រៃជាច្រើនដែលជាប់នឹងគ្រាប់។ បែបនេះក៏នឹងជួយឲ្យគ្រាប់ចេញពន្លកផងដែរ ដែលជាធម្មតាវាចេញពន្លកតែនៅក្រោយពេលបានឆ្លងកាត់ក្រពះរបស់សត្វប៉ុណ្ណោះ។ ធ្វើពិសោធន៍ដោយប្រើគ្រាប់ពូជពីរបីសិន ហើយដាំវាមើលដើម្បីប្រាកដថាវានឹងចេញពន្លកពិតមែន។
- ខ្យល់។ ប្រសិនបើដីហាប់ណែន ឬជោគជាំដោយទឹក នោះគ្រាប់នឹងមិនចេញពន្លកទេ ព្រោះវាគ្មានខ្យល់គ្រប់គ្រាន់។
- ពន្លឺថ្ងៃ។ គ្រាប់ពូជខ្លះ ជាពិសេសគ្រាប់យកមកពីតំបន់ភាគខាងជើងដែលមានអាកាសធាតុពិបាកជាខ្លាំងក្នុងពេលខុសៗគ្នាក្នុងមួយឆ្នាំៗ នឹងចេញពន្លកតែនៅពេលដែលមានពន្លឺគ្រប់គ្រាន់ប៉ុណ្ណោះ។
- សីតុណ្ហភាពត្រឹមត្រូវ។ ដោយសារដំណាំនីមួយៗមានរដូវកាលរបស់វារៀងៗខ្លួន ដូច្នេះគ្រាប់ពូជខុសៗគ្នាក៏នឹងចេញពន្លកនៅសីតុណ្ហភាពខុសៗគ្នា និងពេលវេលាផ្សេងៗគ្នាក្នុងមួយឆ្នាំៗដែរ។
ការដាំគ្រាប់ពូជ
វិធីទូទៅ២យ៉ាងក្នុងការដាំរុក្ខជាតិ គឺការបណ្តុះគ្រាប់ពូជនៅមណ្ឌលបណ្តុះកូនឈើជាមុន ឬការដាំទៅក្នុងដីដោយផ្ទាល់តែម្តង។ មធ្យោបាយដែលអ្នកប្រើប្រាស់ អាស្រ័យលើដំណាំដែលអ្នកចង់បាន, ស្ថានភាពអាកាសធាតុ, និងថាតើអ្នកមានទីធ្លាសម្រាប់បង្កើតមណ្ឌលបណ្តុះកូនឈើឬទេ(សូមមើលមណ្ឌលបណ្តុះកូនឈើ ។
ការដាំដោយផ្ទាល់
ល្អបំផុត គួរដាំគ្រាប់ពូជធំៗដោយផ្ទាល់នៅក្នុងចម្ការ ព្រោះឫសរបស់វាលូតលាស់ឆាប់រហ័ស និងអាចខូចខាតយ៉ាងងាយប្រសិនបើវាត្រូវបានផ្សាំ។ ជីករណ្តៅជម្រៅ២ឬ៣ដងធំជាងទំហំគ្រាប់ពូជ។ ទម្លាក់គ្រាប់ពូជ១, ២, ឬ៣គ្រាប់នៅក្នុងរណ្តៅនីមួយៗ រួចដាក់ដីគ្របគ្រាប់ពូជ។
ចំពោះគ្រាប់ពូជតូចៗខ្លាំង គួរតែបាចរាយវានៅលើដីដំណាំ។ ការលាយគ្រាប់ពូជជាមួយខ្សាច់នៅពេលអ្នកបាចរាយវា នឹងបង្ការមិនឲ្យវាស្អិតជាប់គ្នា។ បន្ទាប់មកក្រាលគ្របលើផ្ទៃដីដំណាំនេះដោយកាកសំណល់រុក្ខជាតិឬដីមួយស្រទាប់ស្តើង។ ម្យ៉ាងទៀត ការសង្កត់គ្រាប់ពូជថ្នមៗឲ្យលិចចូលដី នឹងជួយវាឲ្យចេញពន្លក។
ការចាប់ផ្តើមគ្រាប់ពូជនៅក្នុងមណ្ឌលបណ្តុះកូនឈើ
ការចាប់ផ្តើមគ្រាប់ពូជនៅមណ្ឌលបណ្តុះកូនឈើ ជួយឲ្យគ្រាប់ចេញពន្លក ដោយការគ្រប់គ្រងសីតុណ្ហភាព ទឹក និងសត្វល្អិតចង្រៃ។ ការផ្សាំកូនរុក្ខជាតិនៅលើចម្ការដែលទើបបោចស្មៅថ្មីៗ ជួយឲ្យកូនរុក្ខជាតិនេះប្រើប្រាស់ដីនិងទឹកបានល្អប្រសើរ។