Hesperian Health Guides
ជំងឺគ្រុនចាញ់
វិគី ព័ត៌មាន សុខភាព > ទីណាគ្មានវេជ្ជបណ្ឌិត ថ្មី > ជំងឺគ្រុនចាញ់ ជំងឺគ្រុនឈាម និងជំងឺដទៃទៀតដែលកើតពីសត្វមូស > ជំងឺគ្រុនចាញ់
ជំងឺគ្រុនចាញ់បង្កឡើងដោយប៉ារាស៊ីត (ហៅថា Plasmodium) ចម្លងទៅកាន់មនុស្សតាមរយៈសត្វមូស (ហៅថា Anopheles) ដែលភាគច្រើនខាំនៅពេលយប់។ ចំពោះករណីភាគច្រើននៃជំងឺគ្រុនចាញ់ទូទៅ (ហៅថា ជំងឺគ្រុនចាញ់មិនស្មុគស្មាញ), វដ្តនៃគ្រុនក្តៅនិងគ្រុនញាក់ គឺលំបាក ប៉ុន្តែវាបាត់ទៅវិញក្នុងរយៈពេលពីរបីថ្ងៃដោយមានការព្យាបាល។ ប៉ុន្តែ បើមិនព្យាបាលទេ ជំងឺគ្រុនចាញ់អាចក្លាយជាគ្រោះថ្នាក់យ៉ាងឆាប់រហ័ស។ នេះហៅថា ជំងឺគ្រុនចាញ់ធ្ងន់ធ្ងរ។ ក្នុងតំបន់ដែលមានជំងឺគ្រុនចាញ់ អ្នកដែលកើតគ្រុនក្តៅដោយគ្មានមូលហេតុ គួរទៅពិនិត្យឈាមនៅមណ្ឌលសុខភាព។ ប្រសិនបើលទ្ធផលតេស្ត៍បង្ហាញថាជាជំងឺគ្រុនចាញ់, ឬបើមិនអាចរកការធ្វើតេស្ត៍បាន ប៉ុន្តែបុគ្គលិកសុខាភិបាលគិតថាវាជាជំងឺគ្រុនចាញ់, សូមចាប់ផ្តើមការព្យាបាលដោយថ្នាំពេទ្យភ្លាម។
ប៉ារាស៊ីតខុសៗគ្នាបណ្តាលឲ្យកើតប្រភេទគ្រុនចាញ់ faliciparum, vivax, និងជំងឺគ្រុនចាញ់ប្រភេទផ្សេងៗ។ បុគ្គលិកសុខាភិបាលដឹងថាគ្រុនចាញ់ប្រភេទណា មានវត្តមាននៅក្នុងតំបន់ដែលអ្នករស់នៅ ហើយ ថ្នាំណាខ្លះដែលមានប្រសិទ្ធភាពល្។ បើគ្មានថ្នាំពេទ្យទេ ជំងឺគ្រុនចាញ់អាចត្រឡប់មកវិញជាច្រើនសារ ពីព្រោះប៉ារាស៊ីតរស់នៅក្នុងថ្លើមរបស់អ្នកជំងឺ។ ថ្នាំពេទ្យជួយឲ្យអ្នកជំងឺបានធូរស្រាលតាមរយៈការសម្លាប់ប៉ារាស៊ីត។
ជំងឺគ្រុនចាញ់មានគ្រោះថ្នាក់ជាខ្លាំងចំពោះទារក កុមារអាយុក្រោម ៥ឆ្នាំ ស្ត្រីមានផ្ទៃពោះ និងអ្នកផ្ទុកមេរោគអេដស៍។ នៅពេលដែលផ្ទៃពោះ ឬមេរោគអេដស៍ ឬជំងឺផ្សេងទៀត ធ្វើឲ្យរាងកាយរបស់មនុស្សម្នាក់ពិបាកប្រយុទ្ធនឹងមេរោគ នោះគាត់ងាយនឹងទទួលជំងឺគ្រុនចាញ់ ឬទៅជាជំងឺគ្រុនចាញ់ធ្ងន់ធ្ងរ។
ជំងឺគ្រុនចាញ់មិនស្មុគស្មាញ
រោគសញ្ញាញឹកញាប់នៃជំងឺគ្រុនចាញ់គឺគ្រុនក្តៅដែលកើតឡើងរួចបាត់ទៅវិញ បន្ទាប់មកតែងតែមានគ្រុនញាក់។ ជួនកាលអ្នកជំងឺបែកញើសនៅពេលគ្រុនក្តៅថយចុះ។ ទោះជាយ៉ាងនេះក្តី មានករណីជាច្រើននៃជំងឺគ្រុនចាញ់ ដែលមិនមានលំនាំបែបនេះទេ។ រោគសញ្ញាដទៃទៀត កើតមានជាញឹកញាប់ ប៉ុន្តែមិនប៉ះពាល់ដល់មនុស្សគ្រប់គ្នាទេ ហើយក៏ជារោគសញ្ញារបស់ជំងឺដទៃទៀតផងដែរ។
រោគសញ្ញានៃជំងឺគ្រុនចាញ់មិនស្មុគស្មាញ
- គ្រុនក្តៅអាចមានសភាពស្រាល ប៉ុន្តែជាញឹកញាប់ឡើងខ្ពស់, ៣៩° (១០២°F) ឬខ្ពស់ជាងនេះ
- គ្រុនញាក់ និងបែកញើស
- ឈឺក្បាល និងឈឺខ្លួន
- ចង្អោរ ក្អួត មិនឃ្លានអាហារ
- ស្លេកស្លាំង និងខ្សោយ
- មានខាន់លឿងកម្រិតស្រាល (ឡើងលឿងនៅផ្នែកពណ៌សនៃភ្នែក ឬលើស្បែករបស់មនុស្សដែលមានស្បែកពណ៌ស្រាល)
- អណ្តើករីក (បុគ្គលិកសុខាភិបាលស្ទាបមើលដោយពិនិត្យមើលលើពោះ)
ការធ្វើតេស្តឈាម បញ្ជាក់ថាតើមនុស្សម្នាក់មានជំងឺគ្រុនចាញ់ដែរឬទេ។ ការធ្វើតេស្តជំងឺគ្រុនចាញ់ខ្លះ ត្រូវការប្រើមីក្រូទស្សន៍ ប៉ុន្តែបុគ្គលិកសុខាភិបាលជាច្រើនប្រើប្រាស់ឧបករណ៍ធ្វើតេស្តរហ័ស ដែលប្រើតែឈាមមួយតំណក់ប៉ុណ្ណោះ។ ដោយសារតែគ្រុនចាញ់មិនបានព្យាបាល អាចបណ្តាលឱ្យមានគ្រុនក្តៅនិងគ្រុនញាក់ជាច្រើនដងក្នុងរយៈពេលពីរបីឆ្នាំ, ដូច្នេះសូមសួរគាត់ថាតើមានសញ្ញាដូចគ្នានៅប៉ុន្មានខែថ្មីៗនេះដែរឬទេ។
ការព្យាបាលជំងឺគ្រុនចាញ់មិនស្មុគស្មាញ
ចាប់ផ្តើមប្រើថ្នាំជំងឺគ្រុនចាញ់ ឲ្យបានឆាប់បន្ទាប់ពីការធ្វើតេស្តឈាមវិជ្ជមាន ឬបើអ្នកមានមូលហេតុត្រឹមត្រូវក្នុងការសង្ស័យថាជាជំងឺគ្រុនចាញ់ ហើយមិនអាចធ្វើតេស្តបាន។ នៅតំបន់ដែលមានជំងឺគ្រុនចាញ់ P. falciparum វាជាការសំខាន់ខ្លាំងណាស់ដែលត្រូវចាប់ផ្តើមការព្យាបាលជាបន្ទាន់។ ដោយសារមូសចម្លងជំងឺពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត ដូច្នេះការព្យាបាលអ្នកជំងឺម្នាក់ នឹងការពារអ្នកដទៃទៀតពីការឆ្លងជំងឺនេះ។
សូមស្វែងយល់ថាតើថ្នាំអ្វីខ្លះសម្រាប់ជំងឺគ្រុនចាញ់ ដែលអាជ្ញាធរសុខាភិបាលក្នុងប្រទេសរបស់អ្នក បានណែនាំ។ នៅតំបន់ជាច្រើន ជំងឺគ្រុនចាញ់បានអភិវឌ្ឍភាពស៊ាំរបស់វាជាមួយនឹងថ្នាំចាស់ៗមួយចំនួន។ នេះមានន័យថា ថ្នាំដែលធ្លាប់តែមានប្រសិទ្ធភាពក្នុងការបង្ការឬព្យាបាលជំងឺគ្រុនចាញ់ មិនមានប្រសិទ្ធភាពទៀតទេ។ ថ្នាំដែលអាចព្យាបាលជំងឺគ្រុនចាញ់នៅក្នុងតំបន់មួយ ប្រហែលជាមិនអាចព្យាបាលជំងឺគ្រុនចាញ់នៅតំបន់ផ្សេងទៀតនោះទេ។
មនុស្សដែលមានជំងឺគ្រុនចាញ់ ត្រូវការសម្រាក និងផឹកទឹកស្អាត, ហូបទឹកស៊ុប និងភេសជ្ជៈបង្គ្រប់ជាតិទឹកផងដែរ បើមានគ្រុនក្តៅ ក្តួត ឬរាក។
ស្ត្រីដែលបានលេបថ្នាំទាំងអស់ បានប្រសើរឡើង។ | ស្ត្រីដែលមិនបានលេបថ្នាំទាំងអស់ នៅតែឈឺនៅលើគ្រែនៅឡើយ។ | |
ជំងឺគ្រុនចាញ់ធ្ងន់ធ្ងរ
ជំងឺគ្រុនចាញ់ធ្ងន់ធ្ងរ អាចវិវដ្តបាន នៅពេលដែលជំងឺគ្រុនចាញ់មិនស្មុគស្មាញ មិនត្រូវបានព្យាបាល ឬព្យាបាលមិនបានឆាប់។ ជំងឺគ្រុនចាញ់ធ្ងន់ធ្ងរ កាន់តែងាយកើតឡើងនៅពេលដែលវាបង្កឡើងដោយប៉ារ៉ាស៊ីត "Plasmodium falciparum" (P. falciparum) ។ អ្នកដែលមានជំងឺគ្រុនចាញ់ធ្ងន់ធ្ងរ ត្រូវការការថែទាំកម្រិតខ្ពស់នៅមន្ទីរពេទ្យឬគ្លីនីក។ ជំងឺគ្រុនចាញ់ធ្ងន់ធ្ងរអាចបណ្តាលឱ្យស្លាប់ក្នុងរយៈពេល ១ ឬ ២ថ្ងៃ ជាពិសេសប្រសិនបើវារាលដាលទៅដល់ខួរក្បាល ដែលហៅថា "ជំងឺគ្រុនចាញ់ប៉ះពាល់ដល់ខួរក្បាល" ។
សញ្ញាគ្រោះថ្នាក់នៃជំងឺគ្រុនចាញ់ធ្ងន់ធ្ងរ
- ខ្សោយពេកដែលមិនអាចអង្គុយឬឈរ មិនអាចនៅភ្ញាក់ដឹងខ្លួន
- វង្វេង ប្រកាច់ ឬសន្លប់
- ក្អួតជាច្រើនដង មិនអាចផឹកទឹកឬបៅដោះ
- ដកដង្ហើមលឿន ឬពិបាកដកដង្ហើម
- សម្ពាធឈាមទាប ឬ សញ្ញាផ្សេងទៀតនៃស្ហុក។
- ទឹកនោមពណ៌ចាស់ និងមានទឹកនោមតិច ព្រោះតម្រងនោមចាប់ផ្តើមខូច
បុគ្គលិកសុខាភិបាលនឹងធ្វើតេស្តឈាមនិងទឹកនោមផងដែរ រកមើល៖
- ភាពស្លេកស្លាំង (ជាតិដែកក្នុងឈាមទាប)
- អេម៉ូក្លូប៊ីនក្នុងទឹកនោម
- ជាតិស្ករក្នុងឈាមទាប (គ្លុយកូស)
បុគ្គលិកសុខាភិបាលនឹងធ្វើតេស្តឈាមនិងទឹកនោមផងដែរ រកមើល៖
មនុស្សពេញវ័យនិងកុមារដែលមានជំងឺគ្រុនចាញ់ធ្ងន់ធ្ងរ ត្រូវការបុគ្គលិកសុខាភិបាលដែលមានការហ្វឹកហ្វឺនកម្រិតខ្ពស់ដើម្បីផ្តល់ថ្នាំ artesunate ក្នុងសរសៃឈាមវ៉ែន ឬចាក់ក្នុងសាច់ដុំ រយៈពេល ២៤ម៉ោងឬយូរជាងនេះ។ ប្រសិនបើមន្ទីរពេទ្យឬគ្រូពេទ្យដែលអាចផ្តល់ការព្យាបាលបែបនេះ មិនស្ថិតនៅជិតទេ នោះបុគ្គលិកសុខាភិបាលក្នុងមូលដ្ឋាន អាចមានការហ្វឹកហ្វឺនក្នុងការចាក់ថ្នាំ artesunate ឬ quinine ដើម្បីជួយក្នុងពេលអ្នកធ្វើដំណើរទៅមន្ទីរពេទ្យ។ គ្រាប់ថ្នាំ Artesunate ប្រើក្នុងរន្ធគូថ ត្រូវបានប្រើចំពោះកុមារអាយុក្រោម ៦ឆ្នាំ នៅពេលដែលគ្មានថ្នាំចាក់ artesunate។ ការព្យាបាលបន្ទាន់ មិនអាចព្យាបាលជំងឺគ្រុនចាញ់ឲ្យជាសះស្បើយទេ, អ្នកក៏នឹងត្រូវការលេបថ្នាំបន្ថែមរយៈពេល ៣ថ្ងៃ ឬយូរជាងនេះផងដែរ។
ការបង្ការជំងឺគ្រុនចាញ់
គ្មានវ៉ាក់សាំងសម្រាប់បង្ការជំងឺគ្រុនចាញ់ទេ។ ថ្នាំដែលព្យាបាលជំងឺគ្រុនចាញ់ ពេលខ្លះត្រូវបានប្រើដើម្បីបង្ការវា ជាពិសេសនៅពេលមនុស្សម្នាក់ធ្វើដំណើរពីតំបន់មួយទៅតំបន់មួយទៀត។ កម្រិតដូសសម្រាប់បង្ការ អាចប្រើប្រចាំថ្ងៃ សប្តាហ៍ ឬប្រចាំខែ។ នៅប្រទេសមួយចំនួន វាជាការសំខាន់ដែលត្រូវប្រើថ្នាំដើម្បីបង្ការជំងឺគ្រុនចាញ់ក្នុងអំឡុងពេល ៦ខែចុងក្រោយនៃផ្ទៃពោះ (មើល sulfadoxine + pyrimethamine, ទំព័រ 36) ។
នៅប្រទេសដែលជំងឺគ្រុនចាញ់កើតឡើងតែនៅរដូវវស្សា កម្មវិធីផ្តល់ថ្នាំបង្ការ អាចនឹងផ្តល់ថ្នាំបង្ការជំងឺគ្រុនចាញ់ដល់កុមាររយៈពេលពីរបីខែជារៀងរាល់ឆ្នាំ។
ការដេកក្នុងមុងជ្រលក់ថ្នាំ គឺជាមធ្យោបាយដ៏ល្អបំផុតមួយដើម្បីបង្ការជំងឺគ្រុនចាញ់។ មុងទាំងនេះត្រូវបានជ្រលក់នឹងថ្នាំសម្លាប់សត្វល្អិតមួយឬច្រើនមុខ ដែលវាមានសុវត្ថិភាពសមរម្យ ជាពិសេសបើធៀបទៅនឹងការកើតជំងឺគ្រុនចាញ់នោះ។ សូមស្វែងយល់បន្ថែមអំពីរបៀបដែល មុងបង្ការជំងឺគ្រុនចាញ់ និងជំងឺផ្សេងៗទៀតពីសត្វមូស។
យុទ្ធនាការ ចែកមុងជ្រលក់ថ្នាំដោយឥតគិតថ្លៃ និងប្រើបុគ្គលិកដែលឆ្លងកាត់ការបណ្តុះបណ្តាល ដើម្បីបាញ់ថ្នាំសម្លាប់សត្វល្អិតនៅក្នុងផ្ទះ អាចបញ្ឈប់ជំងឺគ្រុនចាញ់បាន នៅពេលដែលមានក្រុមគ្រួសារគ្រប់គ្រាន់ ចូលរួមជាមួយគ្នា។ អ្នកអាច បង្ការកុំឲ្យមូសគ្រុនចាញ់ បង្កាត់ពូជបានឬកុំឲ្យពងរបស់វា ញាស់។ ការជៀសវាងកុំឲ្យមូសខាំ នឹងជួយបង្ការជំងឺដែលមូសចម្លងរាលដាល។
ជំងឺគ្រុនចាញ់កើតឡើងញឹកញាប់បំផុតនៅកន្លែងដែលប្រជាជនគ្មានលទ្ធភាពធ្វើតេស្តឈាម និងទិញថ្នាំពេទ្យ និងខ្វះលទ្ធភាពទទួលបានសេវាសុខភាព។ ដរាបណាមនុស្សម្នាក់នៅតែមានជំងឺគ្រុនចាញ់, មេរោគនៅតែអាចឆ្លងទៅអ្នកដទៃតាមរយៈមូសនៅក្បែរៗនោះ។ ដើម្បីឱ្យយុទ្ធនាការទប់ស្កាត់ ទទួលបានជោគជ័យ ពួកគេត្រូវតែលើកឡើងនូវមូលហេតុឫសគល់នៃភាពក្រីក្រ ហើយធ្វើឱ្យមានការព្យាបាលសម្រាប់ប្រជាជននៅគ្រប់ទីកន្លែង។