Hesperian Health Guides
មេរោគ West Nile
វិគី ព័ត៌មាន សុខភាព > ទីណាគ្មានវេជ្ជបណ្ឌិត ថ្មី > ជំងឺគ្រុនចាញ់ ជំងឺគ្រុនឈាម និងជំងឺដទៃទៀតដែលកើតពីសត្វមូស > មេរោគ West Nile
មេរោគ West Nile ត្រូវបានចម្លងរាលដាលដោយមូស Culex ។ មូសទាំងនេះមានទំហំមធ្យម ពណ៌ត្នោត និងមានគំនូសសៗនៅលើពោះ។ នៅពេលថ្ងៃ ពួកវាសំងំនៅក្នុងនិងជុំវិញផ្ទះ និងសំណង់ផ្សេងៗ និងនៅក្បែររុក្ខជាតិនិងបន្លែ។ ក្អែក សត្វស្លាបផ្សេងទៀត និងសេះ ជាអ្នកផ្ទុកមេរោគ West Nile ។ សត្វមូស ខាំសត្វដែលបានឆ្លងមេរោគ បន្ទាប់មកខាំមនុស្ស ដែលធ្វើឲ្យឆ្លងមេរោគនិងជំងឺ។
រោគសញ្ញានៃមេរោគ West Nile
មនុស្សភាគច្រើនដែលបានឆ្លងមេរោគ West Nile មិនមានរោគសញ្ញាទេ ហើយប្រហែលជាមិនដឹងខ្លួនថាមានជំងឺនេះដែរ។ ប៉ុន្តែប្រហែល ១ ក្នុងចំណោម ៥នាក់ដែលបានឆ្លងមេរោគ នឹងមានអារម្មណ៍ថាឈឺ ហើយអាចមានសញ្ញាទាំងនេះមួយចំនួន ៖
- គ្រុនក្តៅ
- ឈឺក្បាល
- មានអារម្មណ៍នឿយហត់គ្រប់ពេល (អស់កម្លាំងខ្លាំង)
- ឈឺខ្លួន
- ក្អួត
- កន្ទួលលើរាងកាយ
- ហើមកូនកណ្តុរ
ការព្យាបាល អាចជួយឲ្យអ្នកមានអារម្មណ៍ប្រសើរឡើង។
មេរោគ West Nile អាចក្លាយទៅជាធ្ងន់ធ្ងរ ទោះបីជាវាមិនមានញឹកញាប់ក៏ដោយ។ ទម្រង់ធ្ងន់ធ្ងរនៃមេរោគនេះ ប៉ះពាល់ដល់ខួរក្បាល។ មនុស្សវ័យចំណាស់ទំនងជាមានការវិវត្តទៅជាមេរោគ West Nile ធ្ងន់ធ្ងរ ជាងមនុស្សវ័យក្មេង។ ត្រូវស្វែងរកជំនួយពីគ្រូពេទ្យយ៉ាងឆាប់រហ័សចំពោះរោគសញ្ញាគ្រោះថ្នាក់ណាមួយ។
សញ្ញាគ្រោះថ្នាក់នៃមេរោគ West Nile ធ្ងន់ធ្ងរ
- រឹងក
- ញ័រ
- ខ្វិន (មិនអាចធ្វើចលនា)
- បាត់បង់ស្មារតី
ការបង្ការ
សត្វស្លាបដែលស្លាប់ និងសេះដែលឈឺ នៅក្នុងតំបន់មួយដែលមានវត្តមានមេរោគ West Nile គឺជាការព្រមានមួយដែលថាជំងឺប្រហែលជាចាប់ផ្តើមនៅលើមនុស្ស។ មានវ៉ាក់សាំងមួយសម្រាប់សេះ ដែលបង្ការពីមេរោគ West Nile ។ ដូច្នេះការចាក់វ៉ាក់សាំងឲ្យសេះ ក៏ការពារមនុស្សផងដែរ។ ជំងឺក្នុងទម្រង់នេះ ប៉ះពាល់ដល់ខួរក្បាល។ ម្យ៉ាងទៀត ត្រូវជៀសវាងកុំឲ្យមូសខាំ និង បង្ការកុំឲ្យមូសបង្កាត់ពូជ។