Hesperian Health Guides
ជំងឺគ្រុនលឿង
វិគី ព័ត៌មាន សុខភាព > ទីណាគ្មានវេជ្ជបណ្ឌិត ថ្មី > ជំងឺគ្រុនចាញ់ ជំងឺគ្រុនឈាម និងជំងឺដទៃទៀតដែលកើតពីសត្វមូស > ជំងឺគ្រុនលឿង
ជំងឺគ្រុនលឿង កើតឡើងញឹកញាប់បំផុតនៅក្នុងបណ្តាប្រទេសអាហ្វ្រិក និងអាមេរិកខាងត្បូង។ ប្រជាជននៅក្នុងតំបន់ព្រៃភ្លៀងត្រូពិក អាចកើតជំងឺគ្រុនលឿងព្រៃ ប៉ុន្តែប្រភេទដែលឃើញញឹកញាប់បំផុត ហៅថាជំងឺគ្រុនលឿងទីក្រុង។
មនុស្សភាគច្រើនជាសះស្បើយទាំងស្រុងពីជំងឺគ្រុនលឿង រួចបង្កើតភាពស៊ាំ ដែលមានន័យថាពួកគេនឹងមិនកើតជំងឺគ្រុនលឿងទៀតទេ។ មនុស្សមួយចំនួនតូច កើតជំងឺគ្រុនលឿងធ្ងន់ធ្ងរ ប៉ុន្តែតាមធម្មតាប្រសិនបើព្យាបាល ពួកគេក៏ជាសះស្បើយផងដែរ។
រោគសញ្ញានៃជំងឺគ្រុនលឿង
- គ្រុនក្តៅ
- ញាក់
- ឈឺសាច់ដុំ (ជាពិសេស ឈឺឆ្អឹងខ្នង)
- ឈឺក្បាល
- មិនឃ្លានអាហារ
- ចង្អោរនិងក្អួត
- ជីពចរយឺត
- ភ្នែកឈឺពេលប៉ះពន្លឺ
- ក្រហមស្បែក ភ្នែក និងអណ្តាត
សម្រាប់មនុស្សភាគច្រើន ជំងឺនេះនឹងបាត់ទៅវិញបន្ទាប់ពី ៣ ឬ ៤ថ្ងៃ។
ការព្យាបាល អាចជួយឲ្យអ្នកមានអារម្មណ៍ប្រសើរឡើង។ ប៉ុន្តែត្រូវសង្កេតរកមើលសញ្ញាគ្រោះថ្នាក់។
រោគសញ្ញាគ្រោះថ្នាក់នៃជំងឺគ្រុនលឿងធ្ងន់ធ្ងរ
ចំពោះជំងឺគ្រុនលឿងធ្ងន់ធ្ងរ, ពីរបីម៉ោង ឬមួយថ្ងៃដំបូងបន្ទាប់ពីមានអារម្មណ៍ប្រសើរ គ្រុនក្តៅខ្ពស់ត្រឡប់មកវិញ ជាមួយនឹងរោគសញ្ញាទាំងនេះមួយចំនួន៖
- ខាន់លឿង (ផ្នែកពណ៌សនៃភ្នែក ឬស្បែកពណ៌ស្រាល ទៅជាពណ៌លឿង)
- ឈឺពោះ
- ហូរឈាមចេញពីមាត់ ច្រមុះ ឬភ្នែក
- ក្អួត
- ឈាមក្នុងក្អួតឬលាមក (មកពីការហូរឈាមនៅក្នុងក្រពះ)
ប្រសិនបើមានសញ្ញាគ្រោះថ្នាក់ទាំងនេះណាមួយកើតឡើង ត្រូវទៅមន្ទីរពេទ្យជាបន្ទាន់។
ការបង្ការ
ការផ្តល់វ៉ាក់សាំង អាចបង្ការជំងឺគ្រុនលឿង (មើល ជំពូកវ៉ាក់សាំង។ មើលពីការ ចៀសវាងកុំឲ្យមូសខាំ និង បង្ការកុំឲ្យមូសបង្កាត់ពូជ។