Hesperian Health Guides
បង្ការជំងឺតាមរយៈការបញ្ឈប់មូស
វិគី ព័ត៌មាន សុខភាព > ទីណាគ្មានវេជ្ជបណ្ឌិត ថ្មី > ជំងឺគ្រុនចាញ់ ជំងឺគ្រុនឈាម និងជំងឺដទៃទៀតដែលកើតពីសត្វមូស > បង្ការជំងឺតាមរយៈការបញ្ឈប់មូស
អ្នកអាចបញ្ឈប់ជំងឺដែលត្រូវបានចម្លងដោយមូស តាមរយៈការបង្ការមិនឲ្យមូសខាំ និងបង្ការកុំឲ្យមូស បង្កាត់ពូជនៅក្នុងផ្ទះ និង ក្នុងសហគមន៍។
ដើម្បីធ្វើរឿងនេះ អ្នកត្រូវដឹងពីទីកន្លែងដែលមូសប្រភេទផ្សេងៗចូលចិត្តបង្កាត់ពូជ, កន្លែងដែលពួកវាចូលចិត្តសំងំ, និងពេលវេលាដែលពួកវាខាំ។ ឧទាហរណ៍ មូសជំងឺគ្រុនចាញ់មានឃើញញឹកញាប់បំផុតនៅតាមជនបទ ហើយជារឿយៗបង្កាត់ពូជនៅក្នុងវាលភក់ និងកន្លែងមានទឹកដក់ផ្សេងៗទៀត។ មូសជំងឺគ្រុនឈាម និងមូសជំងឺគ្រុនលឿង សំងំនៅក្នុងឬនៅជិតផ្ទះដែលមានរក្សាទឹកទុក ទាំងនៅជនបទនិងទីក្រុង។ នៅក្នុងផ្ទះ មូសភាគច្រើនសំងំនៅទីម្លប់ឬងងឹត ដូចជានៅក្រោមតុឬគ្រែ ឬនៅតាមកាច់ជ្រុង។ នៅខាងក្រៅផ្ទះ ពួកវាស្វែងរកទីម្លប់។
មាតិកា
របៀបដែលមូសចម្លងជំងឺ
ជៀសវាងកុំឲ្យមូសខាំ
- ស្លៀកពាក់ដែលគ្របលើដៃ ជើង ជើង ក និងក្បាល បិទបាំងឱ្យបានជិតបំផុត (អាវដៃវែង និងខោវែងឬសំពត់វែង ក្រណាត់គ្របក្បាល និងស្បែកជើងឃ្លុប ឬស្រោមជើងជាមួយស្បែកជើងផ្ទាត់) ។
- បាំងសំណាញ់លួសនៅលើបង្អួច ទ្វារ និងរន្ធទាំងឡាយ។ ញាត់តាមចន្លោះនៅជុំវិញបង្អួច និងជួសជុលសំណាញ់ដែលរហែក។
- បើគ្មានសំណាញ់ទេ ត្រូវបិទទ្វារបង្អួចក្នុងពេលមូសនៅខាងក្រៅ។
- ខ្យល់កង្ហារ អាចដេញមូសចេញឆ្ងាយ។
- ចងមុងនៅពេលយប់ ហើយបើសម្រាកពេលថ្ងៃ ក៏ត្រូវចងផងដែរ។
- ប្រើសំណាញ់មុងដើម្បីការពារអ្នកពីសត្វមូស នៅពេលដែលដេកនៅខាងក្រៅ។
មុងជួយបញ្ឈប់មូសខាំ
មុងបង្ការជំងឺដែលកើតឡើងដោយសារមូស តាម ២របៀប។ មុងដែលគ្មានរហែកធ្លាយ ឬមិនបើកចំហរ ជួយរារាំងមិនឱ្យមូសទៅខាំមនុស្សនៅក្នុងមុងបាន។ ហើយមុងដែលបានជ្រលក់ថ្នាំ សម្លាប់មូសដែលទំនៅលើនោះ។ ដើម្បីកាត់បន្ថយចំនួនមូសដែលនាំឱ្យមានជំងឺដល់សហគមន៍ ត្រូវចងមុងនៅគ្រប់គ្រែទាំងអស់ និងនៅគ្រប់ៗផ្ទះ។ កម្មវិធីប្រឆាំងជំងឺ ចែកមុងជ្រលក់ថ្នាំឲ្យប្រជាជន ព្រោះនៅពេលមនុស្សគ្រប់គ្នាដេកចងមុង នោះមូសនឹងមានចំនួនកាន់តែតិច ហើយជំងឺគ្រុនចាញ់ក៏មានតិចដែរ។
ដើម្បីកុំឲ្យមូសខាំ ត្រូវសាប់ជើងមុងទៅក្រោមកន្ទេលឬពូក ដើម្បីកុំឲ្យមានកន្លែងចំហរ។ មុងមានប្រសិទ្ធភាពលុះត្រាតែយើងដេរប៉ះកន្លែងដែលរហែកធ្លុះធ្លាយ ឲ្យបានឆាប់ប៉ុណ្ណោះ។
មុងដែលបានជ្រលក់ថ្នាំ ត្រូវបានរំពឹងថាអាចប្រើបានយូរអង្វែង មានន័យថាថ្នាំសម្លាប់សត្វល្អិតមានប្រសិទ្ធភាពល្អរយៈពេលមួយឆ្នាំ ឬពីរបីឆ្នាំទៀតផង។ ប្រសិនបើអ្នកទិញមុង ឬគេផ្តល់មុងឲ្យ សូមស្វែងយល់ថាតើថ្នាំសម្លាប់សត្វល្អិតមានប្រសិទ្ធភាពយូរប៉ុណ្ណា និងថាតើការបោកគក់ច្រើនសារពេក ធ្វើឱ្យវាថយចុះប្រសិទ្ធភាពដែរឬទេ។
ចំពោះមុងចាស់ៗ ថ្នាំសម្លាប់សត្វល្អិតនឹងបាត់ប្រសិទ្ធភាពនៅពេលណាមួយ។ ប្រសិនបើមុងនៅល្អ អ្នកអាចលាយនិងជ្រលក់ថ្នាំសម្លាប់សត្វល្អិតសារជាថ្មី ប៉ុន្តែប្រសិនបើមុងមានធ្លាយរហែកច្រើនកន្លែង ដើម្បីសុវត្ថិភាព គួរតែប្តូរមុងថ្មី។ នៅពេលជ្រលក់ថ្នាំសម្លាប់សារជាថ្មី ត្រូវពាក់ស្រោមដៃ ហើយប្រយ័ត្នប្រយែងចំពោះទិសនៃខ្យល់ ដើម្បីកុំឲ្យសារធាតុគីមីសាយមកលើខ្លួនរបស់អ្នក។
ចំពោះមុងទាំងឡាយដែលបានជ្រលក់ថ្នាំ មិនត្រូវអនុញ្ញាតឱ្យកុមារបៀមឬទំពារលេងឡើយ និងមិនត្រូវបោកគក់មុងនៅក្នុងទន្លេ ឬនៅក្នុងទឹកណាដែលថ្នាំសម្លាប់សត្វល្អិតដែលអាចប៉ះពាល់ដល់ត្រី សត្វល្អិត សត្វពាហនៈ និងប្រជាជននៅក្រោមខ្សែទឹក។
មូសជំងឺគ្រុនចាញ់ ភាគច្រើនខាំនៅពេលយប់ ដូច្នេះការដាក់មុង មានប្រយោជន៍ជាពិសេសក្នុងការបង្ការជំងឺគ្រុនចាញ់ និងជំងឺផ្សេងៗទៀតដែលបង្កឡើងដោយសត្វមូសដូចគ្នា។ សត្វមូសដែលផ្ទុកជំងឺគ្រុនឈាម ជំងឺគ្រុនលឿង ហ្ស៊ីកា និង Chikungunya ខាំក្នុងពេលថ្ងៃ។ ចំពោះកុមារតូចៗ ឬអ្នកផ្សេងទៀតដែលដេកឬសម្រាកក្នុងពេលថ្ងៃ មុងនឹងជួយបង្ការជំងឺទាំងនេះផងដែរ។ ម្យ៉ាងទៀត មុងនឹងបង្ខាំងមនុស្សដែលកំពុងមានជំងឺ មិនឲ្យមុសខាំគាត់ ដែលវានឹងអាចចម្លងជំងឺទៅអ្នកដទៃទៀតបាន។
ថ្នាំបាញ់មូស និងថ្នាំសម្លាប់សត្វល្អិត បញ្ឈប់មូសខាំ
ថ្នាំបាញ់មូស គឺជាសារធាតុគីមីដែលមូសមិនចូលចិត្ត ដូច្នេះពួកវាហើរទៅឆ្ងាយ។ ថ្នាំសម្លាប់សត្វល្អិតគឺជាសារធាតុគីមីដែលសម្លាប់សត្វមូសនៅពេលពួកវាទំលើផ្ទៃដែលបានជ្រលក់ថ្នាំសម្លាប់សត្វល្អិត ដូចជាជញ្ជាំងឬមុង។
- ដើម្បីស្បែករបស់អ្នក គួរប្រើថ្នាំបាញ់មូសធម្មជាតិ ដូចជាស្លឹកគ្រៃត្រែង ប្រេងស្តៅ ប្រេងចម្រាញ់ពីស្លឹកគ្រៃ ឬជីរនាងវង ។ ម្យ៉ាងទៀត គួរប្រើថ្នាំបាញ់មូសគីមីដែលមានគ្រឿងផ្សំមួយណាមួយក្នុងចំណោមសារធាតុទាំងនេះ ៖ DEET, Picardin (KBR 3023, icaridin), IR3535, ឬ PMD និងប្រេងផ្សេងទៀតនៃ lemon eucalyptus ។ ថ្នាំបាញ់មូសអាចមានប្រយោជន៍ជាពិសេសសម្រាប់ការពារកុមារ ប៉ុន្តែសូមអានស្លាកសញ្ញាដោយប្រុងប្រយ័ត្នដើម្បីប្រាកដថាវាមានសុវត្ថិភាពចំពោះកុមារ។ ស្លាកសញ្ញានេះក៏នឹងប្រាប់ផងដែរថាតើអាចប្រើញឹកញាប់ប៉ុណ្ណា ដែលជាធម្មតា ពីរបីម៉ោងម្តង។
- នៅកន្លែងដែលមានជំងឺហ្ស៊ីកា អាជ្ញាធរសុខាភិបាលអាចនឹងផ្តល់ថ្នាំបាញ់មូសដល់ស្ត្រី ពីព្រោះ ជំងឺហ្ស៊ីកាអាចបង្កគ្រោះថ្នាក់ដល់ផ្ទៃពោះរបស់ស្ត្រី។
- Permethrin គឺជាសារធាតុគីមីមួយដែលមិនគួរលាបលើស្បែកនោះទេ ប៉ុន្តែអាចបាញ់ទៅលើមុង សម្លៀកបំពាក់ ឬស្បែកជើង ដើម្បីដេញមូសឱ្យទៅឆ្ងាយ។ ដើម្បីកុំឱ្យសារធាតុគីមីប៉ះស្បែករបស់អ្នក ត្រូវបាញ់ទៅលើសំលៀកបំពាក់ រួចទុកឱ្យវាស្ងួតមុននឹងស្លៀកពាក់វា។ សូមអនុវត្តតាមការណែនាំនៅលើស្លាកសញ្ញា។
- ត្រូវប្រើធូបមូសតែនៅពេលដែលអ្នករកថ្នាំបាញ់មូសមិនបានបាន។ ផ្សែងពីធូបមូស និងអ្វីផ្សេងទៀតដែលបង្កើតជាផ្សែងដេញមូស អាចប៉ះពាល់ដល់ការដកដង្ហើមរបស់អ្នក។
បាញ់ថ្នាំសម្លាប់សត្វល្អិតដើម្បីសម្លាប់មូស
រដ្ឋាភិបាលឬអង្គការពាក់ព័ន្ធ អាចនឹងអនុវត្តកម្មវិធីផ្សេងៗដើម្បីសម្លាប់មូស ដោយការបាញ់ថ្នាំសម្លាប់សត្វល្អិតនៅតាមជញ្ជាំងនានា នៅពេលដែលមានមូសច្រើន។ នេះហៅថាការបាញ់ថ្នាំបែប IRS ។ អ្នកដែលបាញ់ថ្នាំសម្លាប់សត្វល្អិត ត្រូវស្លៀកសម្លៀកបំពាក់ការពារ ដើម្បីបង្ការកុំឲ្យថ្នាំសម្លាប់សត្វល្អិត ចូលក្នុងខ្លួនតាមរយៈការដកដង្ហើម ឬប៉ះពាល់នឹងស្បែក។ ដើម្បីបញ្ឈប់ជំងឺគ្រុនចាញ់ ការបាញ់ថ្នាំរបៀបនេះ មានប្រសិទ្ធភាពបំផុតនៅពេលដែលផ្ទះទាំងអស់នៅក្នុងតំបន់តែមួយ ត្រូវបានបាញ់យ៉ាងសព្វ។ ក៏ដូចជាសារធាតុគីមីទាំងឡាយ រួមទាំងថ្នាំសម្លាប់សត្វល្អិតផងដែរ មិនត្រូវឲ្យសារធាតុគីមីនេះ ប៉ះពាល់ដល់មាត់ឬរាងកាយរបស់កុមារឡើយ។