Hesperian Health Guides
ជំងឺគ្រុនឈាម (គ្រុនបាក់ឆ្អឹង)
វិគី ព័ត៌មាន សុខភាព > ទីណាគ្មានវេជ្ជបណ្ឌិត ថ្មី > ជំងឺគ្រុនចាញ់ ជំងឺគ្រុនឈាម និងជំងឺដទៃទៀតដែលកើតពីសត្វមូស > ជំងឺគ្រុនឈាម
ជាទូទៅ ជំងឺគ្រុនឈាមកើតឡើងក្នុងរដូវក្តៅ និងរដូវវស្សា។ ជាញឹកញាប់ វាកើតឡើងនៅតាមទីក្រុងនិងទីកន្លែងដែលមនុស្សរស់នៅជិតៗគ្នា។ មូសបង្កាត់ពូជនៅកន្លែងដែលមនុស្សរក្សាទឹកទុក និងគ្រប់កន្លែងដែលដក់ទឹក ជាញឹកញាប់នៅក្នុងពាង និងទឹកដក់លើដីដែលហូរចេញពីលូ។
នៅពេលមនុស្សម្នាក់កើតជំងឺគ្រុនឈាមជាលើកដំបូង គាត់អាចជាសះស្បើយឡើងវិញដោយការសម្រាក និងផឹកទឹកយ៉ាងច្រើន។ នៅពេលគាត់កើតជំងឺគ្រុនឈាមជាលើកទីពីរ ឬពេលណាមួយបន្ទាប់ពីនោះ វាកាន់តែមានគ្រោះថ្នាក់។
ជារឿយៗជំងឺនេះចាប់ផ្តើមឡើងដោយមានគ្រុនក្តៅភ្លាមៗ រួមជាមួយការឈឺខ្លួន។ បន្ទាប់ពី ៤ ទៅ ៥ថ្ងៃ អ្នកជំងឺអាចចាប់ផ្តើមមានអារម្មណ៍ប្រសើរឡើង ប៉ុន្តែកន្ទួលចាប់ផ្តើមចេញនៅលើប្រអប់ដៃនិងកជើង។ កន្ទួលរាលទៅដៃ ជើង និងដងខ្លួន (ប៉ុន្តែជាទូទៅមិនកើតលើមុខទេ) ។ ជំងឺគ្រុនឈាមអាចមានលំនាំផ្សេងៗទៀត ប៉ុន្តែមនុស្សភាគច្រើនមានគ្រុនក្តៅខ្លាំង និងមានរោគសញ្ញាពីរឬច្រើនទៀត។
រោគសញ្ញាជំងឺគ្រុនឈាម
- មានគ្រុនក្តៅខ្លាំងភ្លាមៗ ៣៩° (១០២ °F) ឬខ្ពស់ជាងនេះ
- ឈឺខ្លួនជាខ្លាំងនៅក្នុងសាច់ដុំនិងសន្លាក់ (នេះជាមូលហេតុដែលជួនកាលគេហៅគ្រុនឈាមថា គ្រុនបាក់ឆ្អឹង)
- ឈឺក្បាល ឈឺចាប់នៅពីក្រោយភ្នែក
- ចេញកន្ទួល
- ឈឺក
- ចង្អោរឬក្អួត
- ញាក់
- អស់កម្លាំងជាខ្លាំង
ការព្យាបាល អាចជួយឲ្យអ្នកមានអារម្មណ៍ប្រសើរឡើង។ ប៉ុន្តែត្រូវសង្កេតមើលសញ្ញាគ្រោះថ្នាក់នៃជំងឺគ្រុនឈាមធ្ងន់ធ្ងរ។ ប្រសិនបើមិនព្យាបាលភ្លាមៗទេ វាអាចបណ្តាលឱ្យស្លាប់។
សញ្ញាគ្រោះថ្នាក់នៃជំងឺគ្រុនឈាមធ្ងន់ធ្ងរ
- ស្នាមអុចឈាមតូចៗនៅលើស្បែក ឬចេញពីច្រមុះ ត្រចៀក ឬមាត់
- ហើមពោះ ឬមានឈាមក្នុងក្អួតឬលាមក (ដោយការហូរឈាមក្នុងក្រពះ)
- មិនអាចបរិភោគឬផឹក
- វង្វេង ជីពចរញាប់ ស្បែកត្រជាក់ ឬសញ្ញាផ្សេងទៀតនៃស្ហុក។ នៅកន្លែងដែលមានការធ្វើតេស្តឈាម, អេម៉ាតូគ្រីតខ្ពស់ ឬប្លាកែតទាប គឺជាសញ្ញាប្រាប់ថាមានអ្វីមិនល្អ។
គេអាចព្យាបាលជំងឺគ្រុនឈាមធ្ងន់ធ្ងរ តែតាមរយៈការបញ្ចូលសេរ៉ូមតាមសរសៃយ៉ាងឆាប់រហ័ស និងព្យាបាលការបាត់បង់ឈាម ប៉ុណ្ណោះ។ សូមទៅមន្ទីរពេទ្យជាបន្ទាន់ ប្រសិនបើមានសញ្ញាគ្រោះថ្នាក់។
ការបង្ការ
ចៀសវាងកុំឲ្យមូសខាំ និង បង្ការកុំឲ្យមូសបង្កាត់ពូជបាន។