Hesperian Health Guides

ការកប់កាកសំណល់នៃការថែទាំសុខភាព

នៅក្នុងជំពូកនេ:

រណ្តៅកប់កាកសំណល់ មានប្រយោជន៍សម្រាប់ការចោលកាកសំណល់មុតស្រួច ផ្នែកនៃរាងកាយ និងថ្នាំពេទ្យហួសកាលកំណត់ប្រើប្រាស់។ ព្យាយាមកុំចាក់កាកសំណល់ដែលអាចធ្វើជីកំប៉ុសបាន(ដូចជាកាកសំណល់អាហារ) នៅក្នុងរណ្តៅនេះ, ដែលអាចប្រើប្រាស់ឡើងវិញបាន(សម្ភារៈកញ្ចក់និងប្លាស្ទិកមួយចំនួន)។ ព្យាយាមចោលសំរាមដែលរម្ងាប់មេរោគរួច(ប្លាស្ទិក ក្រណាត់ បង់រុំ)នៅក្នុងរណ្តៅធម្មតា។

ប្រសិនបើមានកន្លែងប្រមូលកាកសំណល់ ឬរណ្តៅធម្មតានៅក្បែរៗ នោះអ្នកអាចប្រមូលកាកសំណល់ដែលបានរម្ងាប់មេរោគរួច ទៅចាក់ក្នុងរណ្តៅនិងកប់នៅទីនោះ។ បើគ្មានទេ អ្នកអាចពិចារណាជីករណ្តៅកាកសំណល់តូចៗនៅក្នុងមណ្ឌលសុខភាព ដើម្បីប្រាកដថាកាកសំណល់ត្រូវបានកប់ដោយសុវត្ថិភាព។ ដោយសារសម្ភារៈមុតស្រួចគឺជាកាកសំណល់ដែលគ្រោះថ្នាក់បំផុត ដូច្នេះល្អបំផុតគួរកប់ម្ជុលនិងសម្ភារៈមុតស្រួចដទៃទៀតនៅក្នុងរណ្តៅសុវត្ថិភាពក្នុងមណ្ឌលសុខភាពប៉ុណ្ណោះ។

ការកប់កាកសំណល់គឺមានសុវត្ថិភាពបំផុត នៅពេលអ្នកគ្រប់គ្នាដែលរៀបចំកាកសំណល់ យល់និងអនុវត្តតាមដំណើរការរបស់វា។

រណ្តៅកាកសំណល់សុវត្ថិភាព

ដើម្បីឲ្យរណ្តៅកាកសំណល់ មានសុវត្ថិភាព វាគួរតែស្ថិតនៅទាបជាងអណ្តូងរបស់ប្រជាជន, ក្នុងតំបន់ដែលទឹកក្រោមដីមិនឡើងជិតដល់ផ្ទៃដី, និងស្ថិតនៅឆ្ងាយពីទន្លេ ផ្លូវទឹក កន្លែងទឹកចេញ និងប្រភពទឹកដទៃទៀត យ៉ាងតិច៥០ម៉ែត្រ។ ជញ្ជាំងរណ្តៅនិងបាតរណ្តៅ គួរមានទ្រនាប់ធ្វើពីដីឥដ្ឋដើម្បីការពារសារធាតុរាវពីកាកសំណល់ ជ្រាបចូលទៅក្នុងដីនិងទឹកក្រោមដី។ គួរមានសញ្ញាសម្គាល់រណ្តៅឲ្យបានច្បាស់លាស់ និងធ្វើរបងដើម្បីកុំឲ្យមនុស្សនិងសត្វចូល។

Illustration of the below.
ប្រើប្រាស់ក្បួន“៥០ម៉ែត្រ” នៅពេលជីករណ្តៅកប់កាកសំណល់។




វិធីជីករណ្តៅកាកសំណល់ដែលមានគម្របស៊ីម៉ង់ត៍

រណ្តៅប្រភេទនេះគួរសម្រាប់ប្រើជាមួយកាកសំណល់ឆ្លងប៉ុណ្ណោះ គឺមិនមែនសម្រាប់កាកសំណល់ធម្មតាទេ។

EHB Ch19 Page 439-1.png
  1. ១. ជីករណ្តៅដែលមានទំហំ១ទៅ២ម៉ែត្រ និងមានជម្រៅ២ទៅ៥ម៉ែត្រ។ បាតរណ្តៅគួរស្ថិតនៅលើកម្ពស់ទឹកខ្ពស់បំផុតនៃទឹកក្រោមដី(តារាងទឹក) យ៉ាងតិច១ម៉ែត្រកន្លះ។
  2. ២. រៀបទ្រនាប់ដីឥដ្ឋក្នុងបាតរណ្តៅ យ៉ាងតិចកម្រាស់៣០ស.ម។
  3. ៣. ពូនដីនៅលើមាត់រណ្តៅដើម្បីបង្ការកុំឲ្យទឹកហូរចូល។
  4. ៤. ធ្វើរបងជុំវិញតំបន់នេះដើម្បីកុំឲ្យកុមារនិងសត្វចូលលេង។


រាល់ពេលចាក់កាកសំណល់ចូល ត្រូវចាក់ដី(ឬដីលាយក្រូចឆ្មារ)ពីលើកម្រាស់១០ស.ម។ ក្រូចឆ្មារជួយរម្ងាប់មេរោគលើកាកសំណល់ ហើយនឹងជួយបណ្តេញសត្វឲ្យទៅឆ្ងាយ។

នៅពេលកាកសំណល់ឡើងជិតដល់ផ្ទៃដី ខ្វះកន្លះម៉ែត្រ ចូរលុបរណ្តៅដោយចាក់ដីកម្រាស់កន្លះម៉ែត្រ និងចាក់ស៊ីម៉ង់ត៍បិទវាចោលកម្រាស់យ៉ាងតិច១០ទៅ៣០ស.ម។


វិធីចាក់ស៊ីម៉ង់ត៍លុបប្រអប់កាកសំណល់មុតស្រួច

Km EHB Ch19 Page 439-2.png

ដាក់កាកសំណល់មុត្សរួចដែលបានរម្ងាប់មេរោគរួច និងប្រអប់កាកសំណល់មុតស្រួច នៅក្នុងធុងក្រាស់មួយ ដូចជាធុងដែក។ នៅពេលធុងដែកនេះពេញបាន៣ភាគ៤ ចូរចាក់ល្បាយស៊ីម៉ង់ត៍១ភាគ ក្រូចឆ្មារ១ភាគ ខ្សាច់៤ភាគ និងទឹក១/៣ ទៅ១/២ភាគ។ ក្រូចឆ្មារដើរតួជាសារធាតុរម្ងាប់មេរោគ ហើយវាក៏ជួយឲ្យស៊ីម៉ង់ត៍ហូរចូលទៅក្នុងចន្លោះទំនេរទាំងឡាយដើម្បីព័ទ្ធជុំវិញកាកសំណល់ទាំងស្រុង។ បិទគម្របធុងនេះឲ្យជិត រួចកប់វានៅក្នុងរណ្តៅមួយ។

ការចោលកាកសំណល់រាវ

មណ្ឌលសុខភាពជាច្រើន ចាក់ទឹកសាវែល ទឹកកខ្វក់ ឬសារធាតុរាវដទៃទៀត ចូលទៅក្នុងលូបង្ហូរ។ បែបនេះមានសុវត្ថិភាពចំពោះតែលូដែលមិនហូរនាំទៅផ្លូវទឹក ឬប្រភពទឹកដទៃទៀតប៉ុណ្ណោះ។ គួរពង្រាវកាកសំណល់រាវជាមួយទឹកឲ្យច្រើនសិន មុននឹងចាក់ចោល។ ដើម្បីការពារប្រភពទឹក គួរតែចាក់ទឹកសាវែលដែលប្រើរួច និងសារធាតុរាវដទៃទៀត ទៅក្នុងរណ្តៅចម្រោះសុវត្ថិភាពវិញ ទើបប្រសើរ។ គួររម្ងាប់មេរោគលើសារធាតុគីមី(ដូចជាគ្លុយតារ៉ាល់ដេអ៊ីត និងហ្វ័រម៉ាល់ដេអ៊ីត)សិន មុននឹងចោល

ដើម្បីសង់រណ្តៅចម្រោះ

EHB Ch19 Page 439-3.png

នៅកន្លែងដែលមិនលិចទឹកជំនន់ និងស្ថិតនៅឆ្ងាយពីផ្លូវទឹកនិងអណ្តូង ចូរជីករណ្តៅដែលមានទំហំកន្លះម៉ែត្រ និងជម្រៅ១ម៉ែត្រ។ នៅបាតរណ្តៅ ចូរដាក់ខ្សាច់មួយស្រទាប់ដែលមានកម្រាស់ពីរបីស.ម។ បន្ទាប់មក ដាក់គ្រួសមួយស្រទាប់ទៀតដែលមានកម្រាស់ពីរបីស.ម និងដាក់ស្រទាប់ថ្មធំៗនៅលើគេ។ បិទគម្របរណ្តៅដើម្បីការពារកុំឲ្យទឹកភ្លៀងហូរចូល។