Hesperian Health Guides
ការរម្ងាប់មេរោគដោយប្រើសារធាតុគីមី
វិគី ព័ត៌មាន សុខភាព > សៀវភៅណែនាំសម្រាប់សហគមន៍ស្តីអំពីសុខភាពបរិស្ថាន > ១៩. កាកសំណល់នៃការថែទាំសុខភាព > ការរម្ងាប់មេរោគដោយប្រើសារធាតុគីមី
ចំហាយសារធាតុគីមីអាចបង្កគ្រោះថ្នាក់! |
រាល់សារធាតុទាំងអស់ដែលប្រើសម្រាប់រម្ងាប់មេរោគ សុទ្ធតែអាចបង្កគ្រោះថ្នាក់ និងចាំបាច់ត្រូវប្រើប្រាស់ដោយប្រុងប្រយ័ត្នបំផុត។ សារធាតុគីមីមួយចំនួនដែលត្រូវបានប្រើប្រាស់ញឹកញាប់ដើម្បីរម្ងាប់មេរោគ មានដូចជា អ៊ីដ្រូហ្សែនពីរុកស៊ីត(៦%), ទឹកសាវែល, អេតាណុល(៧០%), និងអាល់កុលអ៊ីសូប្រ៉ូពីល (isopropyl alcohol) (៧០%ទៅ៩០%)។
ផលិតផលសម្អាត និងផលិតផលរម្ងាប់មេរោគជាច្រើនដែលត្រូវបានប្រើញឹកញាប់ មានសារធាតុគ្លុយតារ៉ាល់ដេអ៊ីត(glutaraldehyde) ឬហ្វ័រម៉ាល់ដេអ៊ីត(formaldehyde)។ ការប្រឈមជាប្រចាំទៅនឹងគ្លុយតារ៉ាល់ដេអ៊ីត និងហ្វ័រម៉ាល់ដេអ៊ីត អាចបណ្តាលឲ្យមានជំងឺមហារីក និងការស្លាប់។ មិនគួរប្រើប្រាស់សារធាតុគីមីទាំងនេះឡើយ។ (មើលវិធីសុវត្ថិភាពប្រសើរក្នុងការរម្ងាប់មេរោគដោយប្រើសារធាតុគីមី, និងការចោលសារធាតុគីមីឲ្យមានសុវត្ថិភាព)។
មណ្ឌលសុខភាពជាច្រើនធ្វើតាមគោលការណ៍ណែនាំទាំងនេះនៅពេលប្រើប្រាស់សារធាតុគីមី ៖
- ប្រើប្រាស់សារធាតុគីមីរម្ងាប់មេរោគ នៅក្រៅផ្ទះ ឬនៅក្នុងបន្ទប់ដែលមានខ្យល់ចេញចូលល្អនិងមានកង្ហារបញ្ចេញខ្យល់អាក្រក់។
- ប្រើប្រាស់សារធាតុគីមីរម្ងាប់មេរោគតែក្នុងបរិមាណដែលត្រូវការសម្រាប់ការងារ។
- ពាក់ស្រោមដៃ, វ៉ែនតាសុវត្ថិភាព, ម៉ាស់, និងសម្លៀកបំពាក់ការពារដើម្បីការពារស្បែក ភ្នែក និងដង្ហើម នៅពេលប្រើប្រាស់ឬចោលសារធាតុគីមី។
- រក្សាទុកសារធាតុគីមីរម្ងាប់មេរោគ នៅក្នុងប្រអប់/កំប៉ុងត្រឹមត្រូវរបស់វា។ បិតស្លាកសញ្ញាលើប្រអប់/កំប៉ុង។ មិនត្រូវប្រើប្រាស់ប្រអប់/កំប៉ុងទាំងនោះសម្រាប់ដាក់អ្វីផ្សេងឡើយ។
- កុំរក្សាទុកឬលាយសារធាតុគីមីនៅក្នុងធុងទឹក ឬកំប៉ុង ឬដប ដែលអាចប្រើសម្រាប់ដាក់អាហារឬភេសជ្ជៈ។
- បិទប្រអប់/កំប៉ុងសារធាតុគីមីឲ្យជិតណែន និងរក្សាទុកដោយដាក់បញ្ឈរ។ ពិនិត្យក្រែងមានរហែក ធ្លាយ ឬមានស្នាមសឹក។
មាតិកា
កាកសំណល់ដែលមិនត្រូវការការរម្ងាប់មេរោគដោយសារធាតុគីមី
អ្នកខ្លះគិតថាផ្នែកផ្សេងៗនៃរាងកាយ ចាំបាច់ត្រូវរម្ងាប់មេរោគដោយសារធាតុគីមី។ ប៉ុន្តែផ្នែកនៃរាងកាយ រួមទាំងសុក និងទងសុក អាចចោលយ៉ាងងាយស្រួលបំផុត ដោយដាក់វាចូលក្នុងបង្គន់ ឬកប់វាក្នុងដីយ៉ាងជ្រៅ។ នៅក្នុងសហគមន៍ជាច្រើន ការកប់សុកគឺជាពិធីសាសនាមួយដ៏សំខាន់។ ប្រសិនបើកប់យ៉ាងមានសុវត្ថិភាព វាក៏ជាវិធីល្អដើម្បីការពារសហគមន៍ពីមេរោគដែលអាចលូតលាស់នៅក្នុងសុក ឬផ្នែកដទៃទៀតនៃរាងកាយ។ (មើល មធ្យោបាយសុវត្ថិភាពសម្រាប់ការចោលកាកសំណល់)។
ការរម្ងាប់មេរោគដោយប្រើសារធាតុគិមីដែលមានសុវត្ថិភាពប្រសើរ
រួមទាំងយើងដែរ!
របស់នេះអស្ចារ្យណាស់! វាសម្លាប់អ្វីៗទាំងអស់។
|
នៅពេលជ្រើសរើសផលិតផលអ្វីមួយ គួរសួរថា ៖ តើវាមានគ្រោះថ្នាក់ឬទេ? តើវាពិបាកនឹងចោលឲ្យមានសុវត្ថិភាពឬទេ? |
មណ្ឌលសុខភាពមួយចំនួន ប្រើប្រាស់សារធាតុគីមីគ្រោះថ្នាក់ ដូចជាគ្លុយតារ៉ាល់ដេអ៊ីត ដើម្បីរម្ងាប់មេរោគ និងសម្អាត។ ប៉ុន្តែផ្ទៃផ្សេងៗនៅក្នុងមណ្ឌលសុខភាព អាចត្រូវបានសម្អាតឲ្យអស់មេរោគ ដោយប្រើផលិតផលសម្អាតដែលមិនសូវគ្រោះថ្នាក់ និងមិនសូវមានតម្លៃថ្លៃ។ ទឹកក្តៅនិងសាប៊ូដុំ មានប្រសិទ្ធភាពល្អសម្រាប់ការសម្អាតទូទៅនៅលើផ្ទៃផ្សេងៗ ដូចជាឥដ្ឋ ជញ្ជាំង និងគ្រឿងសង្ហារឹម។
ក្នុងកន្លែងដែលមនុស្សមានជំងឺឆ្លង អង្គុយរង់ចាំ ឬទទួលការព្យាបាល, ការសំខាន់គឺត្រូវប្រើសារធាតុរម្ងាប់មេរោគខ្លាំងបន្តិចដើម្បីបង្ការការឆ្លងរាលដាលជំងឺ។ សូលុយស្យុងអ៊ីដ្រូហ្សែនពីរ៉ុកស៊ីត ដែលមានប្រេងក្រូច និងប្រេងធម្មជាតិដទៃទៀត មានប្រសិទ្ធភាពសម្រាប់ការរម្ងាប់មេរោគនៅលើឥដ្ឋនិងផ្ទៃផ្សេង។ វាមិនបង្កបញ្ហាសុខភាពទេ និងមិនចាំបាច់សម្លាប់មេរោគមុននឹងចោលទេ។ យើងអាចធ្វើសូលុយស្យុងរម្ងាប់មេរោគ ដោយប្រើទឹកខ្មេះ និងអ៊ីដ្រូហ្សែនពីរ៉ុកស៊ីត។
វិធីលាយសូលុយស្យុងរម្ងាប់មេរោគដែលមានសុវត្ថិភាព
លាយទឹកខ្មេះ និងអ៊ីដ្រូហ្សែនពីរ៉ុកស៊ីត ក្នុងបរិមាណស្មើគ្នា។ (ជាញឹកញាប់គេប្រើសូលុយស្យុងពីរ៉ុកស៊ីត៣% ប៉ុន្តែ៦% កាន់តែប្រសើរ)។ គួរលាយល្មមប្រើតែមួយថ្ងៃប៉ុណ្ណោះ។ រក្សាទុកវានៅក្នុងប្រដាប់ដាក់ដែលបិទជិត។
ចាក់ល្បាយបន្តិចនៅលើក្រណាត់ជូត រួចដុះជូតខ្លាំងៗនៅលើផ្ទៃផ្សេងៗដើម្បីរម្ងាប់មេរោគ។
ល្បាយនេះល្អបំផុតសម្រាប់ជូតលើផ្ទៃតុ របាំងគ្រែ និងផ្ទៃដទៃទៀត។
ការរម្ងាប់មេរោគដោយទឹកសាវែល
មណ្ឌលសុខភាពជាច្រើន ប្រើទឹកសាវែលដើម្បីរម្ងាប់មេរោគនៅលើផ្ទៃ ដូចជាជញ្ជាំង ឥដ្ឋ និងតុ។ ត្រូវប្រុងប្រយ័ត្ននៅពេលរម្ងាប់មេរោគដោយទឹកសាវែល ព្រោះវាអាចបង្កគ្រោះថ្នាក់ដល់ស្បែកនិងភ្នែករបស់អ្នក ប្រសិនបើវាខ្ទាតលើ ហើយចំហាយរបស់វាមានគ្រោះថ្នាក់នៅពេលស្រូបចូល។ ការបន្ថែមទឹកខ្មេះទៅក្នុងទឹកសាវែល ធ្វើឲ្យវាក្លាយជាសារធាតុរម្ងាប់មេរោគដែលកាន់តែមានប្រសិទ្ធភាព។
វិធីលាយសូលុយស្យុងរម្ងាប់មេរោគ ដោយទឹកសាវែល៥%
ប្រសិនបើទឹកសាវែល សរសេរថា ៖ | ប្រើ ៖ |
ទឹកសាវែល
ទឹកសាវែល
ទឹក
ទឹកសាវែល
ទឹក
ទឹក
|
មានក្លរីន៥% | តែទឹកសាវែលប៉ុណ្ណោះ | |
មានក្លរីន១០% | លាយទឹកសាវែល១ភាគ ជាមួយទឹក១ភាគ | |
មានក្លរីន១៥% | លាយទឹកសាវែល១ភាគ ជាមួយទឹក២ភាគ |
ប្រសិនបើអ្នកបន្ថែមទឹកខ្មេះ១ពែង ទៅក្នុងសូលុយស្យុងទឹកសាវែល៥% ចំនួន១ហ្កាឡុង(៣,៧៨៥លីត្រ) នោះវានឹងរម្ងាប់មេរោគបានកាន់តែល្អ។ គួរលាយសូលុយស្យុងល្មមប្រើតែមួយថ្ងៃប៉ុណ្ណោះ។ កុំប្រើវាទៀតនៅថ្ងៃបន្ទាប់ ព្រោះវានឹងលែងខ្លាំងអាចសម្លាប់មេរោគទៀតហើយ។ ដើម្បីចោលទឹកសាវែលដែលប្រើរួច សូមមើលការចោលកាកសំណល់រាវ។
ប្រើប្រាស់ធុងទឹកសាវែល
ដាក់ធុងទឹកសាវែលនៅកន្លែងណាដែលមានកាកសំណល់ឆ្លងរោគ ដូចជាបង់រុំរបួស ដុំសំឡី ស្រោមដៃ និងថង់ឈាម។ រៀបចំធុងទឹកសាវែលរៀងរាល់ថ្ងៃ ឬមុនវេននីមួយៗបើអ្នកបង្កើតកាកសំណល់ច្រើន។ អ្នកអាចប្រើធុងទឹកសាវែលមួយសម្រាប់កាកសំណល់ដែលនឹងចោល និងធុងមួយទៀតសម្រាប់រម្ងាប់មេរោគលើឧបករណ៍និងសម្ភារៈដែលត្រូវប្រើប្រាស់ឡើងវិញ។
ធុងទាំងនេះគួរមានសូលុយស្យុងទឹកសាវែលគ្រប់គ្រាន់ ដើម្បីត្រាំសម្ភារៈឲ្យលិចទាំងស្រុង។ ត្រូវត្រាំសម្ភារៈនៅក្នុងទឹកសាវែលយ៉ាងតិច១០នាទី។ បិទគម្របធុងទឹកសាវែលឲ្យជិតណែនល្អ ដើម្បីកុំឲ្យកំពប់ និងដើម្បីឲ្យវានៅខ្លាំងអាចសម្លាប់មេរោគ។ នៅពេលមិនគ្របគម្រប ក្លរីននឹងហើរ។
កាត់ស្រោមដៃ សឺរ៉ាំង ថង់សេរ៉ូម បំពង់សេរ៉ូម និងវត្ថុដទៃទៀតដែលមិនប្រើប្រាស់ឡើងវិញ ឲ្យទៅជាបំណែកតូចៗមុននឹងដាក់វាធុងទឹកសាវែល។
វិធីធ្វើធុងទឹកសាវែល
វិធីមួយដើម្បីរម្ងាប់មេរោគដោយទឹកសាវែលឲ្យមានសុវត្ថិភាព គឺត្រូវប្រើធុងទឹកសាវែល។ ធុងទឹកសាវែលមាន២ផ្នែក ៖ ធុងសម្រាប់ដាក់សូលុយស្យុងទឹកសាវែល និងធុងឬកន្ត្រកតូចមួយទៀតនៅខាងក្នុងដែលមានរន្ធតូចៗដែលសម្រាប់ដាក់កាកសំណល់។ ធុងទឹកសាវែលត្រូវតែមានគម្របបិទជិតណែនល្អផងដែរ។ ដើម្បីរៀបចំធុងទឹកសាវែល ៖
លាយសូលុយស្យុង ទឹកសាវែល៥% ។ ធុងខាងក្រៅគួរមានចំណុះច្រើនជាងសូលុយស្យុងទឹកសាវែល យ៉ាងតិចពាក់កណ្តាល។
ដាក់ធុងឬកន្ត្រកតូចនៅខាងក្នុងធុងធំ ដើម្បីឲ្យសូលុយស្យុងទឹកសាវែលអាចឆ្លងកាត់រន្ធទាំងនោះបាន។ ត្រូវប្រាកដថាធុងខាងក្នុងនឹងមិនអណ្តែតលើសូលុយស្យុងទេ ប៉ុន្តែសូលុយស្យុងទឹកសាវែលឆ្លងកាត់តាមរន្ធទាំងឡាយដើម្បីឲ្យវាគ្របលើសម្ភារៈទាំងអស់។
កម្រាលក្រណាត់កខ្វក់
កាលពីមុន មន្ទីរពេទ្យជាច្រើនប្រើអាស៊ីតកាបូលិក(carbolic acid) ដើម្បីធ្វើស្ទេរីលកម្រាលក្រណាត់។ បែបនេះចាំបាច់សម្រាប់តែកម្រាលរបស់អ្នកជំងឺដែលរលាកប៉ុណ្ណោះ។ ដើម្បីរម្ងាប់មេរោគលើកម្រាលនិងស្រោមពូកខ្នើយ ចូរត្រាំវានៅក្នុងធុងទឹកសាវែលរយៈពេល១០នាទី មុននឹងសម្អាតដោយទឹកក្តៅនិងសាប៊ូ។ ត្រូវពាក់ស្រោមដៃនៅពេលយកវាចេញពីទឹកសាវែល។