Hesperian Health Guides

បញ្ហាសុខភាពចេញពីកាកសំណល់នៃការថែទាំសុខភាព

នៅក្នុងជំពូកនេ:

កាកសំណល់គ្រប់ប្រភេទ សុទ្ធតែអាចបង្កបញ្ហាសុខភាព ប្រសិនបើមិនបានចោលដោយប្រុងប្រយ័ត្ន។ ប៉ុន្តែកាកសំណល់នៃការថែទាំសុខភាព អាចបង្កបញ្ហាសុខភាពជាក់លាក់ខ្លះ ដូចជា ៖

  • ជំងឺរលាកថ្លើមប្រភេទបេ និងសេ, ជំងឺតេតាណូស, មេរោគអេដស៍/ជំងឺអេដស៍, និងការបង្ករោគលើស្បែកធ្ងន់ធ្ងរដោយសារម្ជុលនិងសម្ភារៈមុតស្រួចដែលប្រើរួច។
  • អាល់ឡែស៊ី, កន្ទួលលើស្បែក, រមាស់ភ្នែក, ជំងឺហឺត, និងការពិបាកដកដង្ហើមដោយសារបានស្រូបចូលនូវសារធាតុរម្ងាប់មេរោគ ម្សៅសាប៊ូ ថ្នាំពេទ្យ និងសារធាតុគីមីក្នុងមន្ទីរពិសោធន៍។
  • ភាពស៊ាំនឹងអង់ទីប៊ីយោទិក។ នៅពេលមនុស្សម្នាក់រៀបចំថ្នាំអង់ទីប៊ីយោទិកញឹកញាប់ ថ្នាំនេះអាចនឹងលែងមានប្រសិទ្ធភាពចំពោះគាត់។
  • មហារីក, បញ្ហាដង្ហើម, និងជំងឺដទៃទៀតដែលបណ្តាលមកពីការដុតកាកសំណល់ដែលបញ្ចេញសារធាតុគីមីពុល (ដូចជាឌីអុកសាំង) ទៅក្នុងបរិស្ថាន។


អ្នកដែលប្រឈមខ្ពស់បំផុតនឹងគ្រោះថ្នាក់ពីកាកសំណល់នៃការថែទាំសុខភាព គឺ ៖

Homes and a woman and boy near a trash heap and a building with a smoking chimney.
A man putting a bottle in a sack at a dump site.
A health care worker examines a patient in a ward.
អ្នកដែលរស់នៅក្បែរកន្លែងចាក់ឬដុតកាកសំណល់នៃការថែទាំសុខភាព អ្នកដែលយកសំរាមចេញពីមណ្ឌលសុខភាព និងអ្នកដែលប្រមូល កែច្នៃ ឬលក់សំរាមពីកន្លែងចាក់សំរាម បុគ្គលិកសុខាភិបាល និងអ្នកជំងឺនៅក្នុងមណ្ឌលសុខភាព
រឿងរ៉ាវរបស់សាំងហ្គោ

Young woman with baby on her back picks up trash.

សាំងហ្គោបានកើតនៅក្នុងភូមិតូចមួយនៃប្រទេសឥណ្ឌា។ បន្ទាប់ពីមានភាពរាំងស្ងួតនិងខូចដំណាំជាច្រើនឆ្នាំមក សាំងហ្គោ និងម្តាយ និងទារកតូចម្នាក់ បានផ្លាស់ទីទៅទីក្រុងដើម្បីស្វែងរកជីវភាពប្រសើរមួយ។ ពួកគេរស់នៅជាមួយគ្រួសាររបស់ម្តាយគាត់ នៅលើកូនភ្នំមួយ លើកន្លែងចាក់សំរាម។ កុមារជិតខាងបានបង្រៀនសាំងហ្គោឲ្យរើសវត្ថុផ្សេងៗពីកន្លែងចាក់សំរាម ដើម្បីយកទៅលក់។ រៀងរាល់ព្រឹកមុនពេលចូលរៀន នាងដើររើសសម្បកកំប៉ុង ដបទឹក និងថង់ប្លាស្ទិក និងវត្ថុផ្សេងៗទៀត។ សាំងហ្គោបានយកប្រាក់ដែលរកបានសម្រាប់ទិញអាហារថ្ងៃត្រង់និងតែក្តៅបន្ទាប់ពីចេញពីសាសា។

ជីវិតនៅក្នុងទីក្រុង មានភាពលំបាកជាខ្លាំង ហើយមិនយូរប៉ុន្មានម្តាយរបស់សាំងហ្គោក៏ទៅធ្វើការឆ្ងាយពីផ្ទះពេញមួយថ្ងៃ។ សាំងហ្គោត្រូវមើលប្អូនប្រុសរបស់ខ្លួន ហើយក៏មិនអាចទៅសាលារៀនជាបន្តទៀត។ រៀងរាល់ថ្ងៃ នាងបានចំណាយពេលជាច្រើនម៉ោងដើររើសវត្ថុផ្សេងៗនៅកន្លែងចាក់សំរាម ដោយដាក់ប្អូនតូចនៅពីក្រោយខ្នង។

ជួនកាលសាំងហ្គោឃើញបង់រុំរបួសដែលមានប្រឡាក់ឈាម ម្ជុល និងកាកសំណល់មន្ទីរពេទ្យ នៅលាយឡូកឡំជាមួយសំរាមដទៃទៀត។ ស្បែកជើងសង្រែករបស់សាំងហ្គោ មិនបានការពារនាងពីសម្ភារៈមុតស្រួចនៅក្នុងគំនរសំរាមទេ។ ជួនកាលនាងមុតជើងនិងកជើងដោយសារកញ្ចក់បាក់បែក និងលោហៈច្រេះ។ ថ្ងៃមួយ ម្ជុលបានទម្លុះស្បែកជើង ហើយមុតចូលជើងរបស់នាង។ មិនយូរប៉ុន្មាន សាំងហ្គោក៏ឈឺធ្ងន់ដោយមានគ្រុនក្តៅ អស់កម្លាំង និងឈឺហើមបំពង់ក។

ពីរបីសប្តាហ៍ក្រោយមក សាំងហ្គោមានអារម្មណ៍ប្រសើរឡើងវិញ។ ប៉ុន្តែនាងឈឺឡើងវិញ នៅពីរបីខែក្រោយមក។ នាងអស់កម្លាំងគ្រប់ពេល, មានគ្រុនក្តៅ និងឈឺក្នុងមាត់, បាត់បង់ចំណង់អាហារ, និងស្គមជាខ្លាំង។ ម្តាយនិងគ្រួសាររបស់នាង ព្រួយបារម្ភពីនាងយ៉ាងខ្លាំង ប៉ុន្តែពួកគេគ្មានប្រាក់នាំនាងទៅជួបគ្រូពេទ្យទេ។ ចុងក្រោយ ម្តាយនាងបានខ្ចីប្រាក់ពីជីដូនមួយគាត់ រួចនាំនាងទៅមណ្ឌលសុខភាព។ គ្រូពេទ្យបានស្តាប់សាច់រឿងរបស់សាំងហ្គោ ពិនិត្យនាង បន្ទាប់មកធ្វើតេស្ត៍ឈាមរបស់នាង។

នៅថ្ងៃបន្ទាប់ ពួកគេត្រឡប់មកគ្លីនិកវិញ ហើយគ្រូពេទ្យបានប្រាប់ម្តាយសាំងហ្គោថា សាំងហ្គោបានឆ្លងមេរោគអេដស៍។ នាងត្រូវការថ្នាំពេទ្យ ប៉ុន្តែគ្រួសាររបស់នាងគ្មានប្រាក់នាំនាងទៅមន្ទីរពេទ្យដែលមានថ្នាំនោះទេ។ ម្តាយសាំងហ្គោបាននាំនាងនៅផ្ទះវិញដោយភាពពិបាកចិត្តក្រៃលែង។ សាំងហ្គោសម្រាកនៅលើគ្រែ ប៉ុន្តែអ្នកគ្រប់គ្នាដឹងថានាងនឹងមិនជាវិញឡើយ។ ពីរបីខែក្រោយមក សាំងហ្គោក៏ចាកចោលលោកនេះទៅ។

ហេតុអ្វីសាំងហ្គោស្លាប់?

សាំងហ្គោស្លាប់ដោយសារមេរោគអេដស៍/ជំងឺអេដស៍ បន្ទាប់ពីនាងបានឆ្លងរោគដោយការជាន់លើម្ជុលដែលមានមេរោគ។

ជំងឺនិងសេចក្តីស្លាប់របស់នាង គឺបណ្តាលមកពីបញ្ហាបរិស្ថាន ៖ ការចោលកាកសំណល់នៃការថែទាំសុខភាពមិនបានត្រឹមត្រូវ និងបញ្ហាសង្គម ៖ ភាពក្រីក្រ។

តើអ្វីខ្លះដែលអាចបង្ការការស្លាប់របស់សាំងហ្គោ?

Woman asks questions.

ដោយសារបញ្ហាសង្គមជាច្រើនខុសៗគ្នា រួមចំណែកក្នុងភាពក្រីក្រ, ដូច្នេះភាពក្រីក្រអាចពិបាកនឹងដោះស្រាយណាស់។ សំណួរទាំងនេះបង្ហាញបញ្ហាមួយចំនួន ៖

  • ហេតុអ្វីសាំងហ្គោមិនទៅសាលារៀន?
  • ហេតុអ្វីសាំងហ្គោត្រូវដើររើសកាកសំណល់ដើម្បីលក់យកប្រាក់?
  • ហេតុអ្វីសាំងហ្គោមិនមានស្បែកជើងការពារបានល្អ?
  • ហេតុអ្វីនាងមិនអាចទទួលបានការថែទាំសុខភាព និងថ្នាំពេទ្យ?

ចម្លើយខ្លះៗសម្រាប់សំនួរទាំងនេះ មានដូចជា ៖ ស្បែកជើងស្តើង, គ្មានប្រាក់ទិញថ្នាំឬបង់ថ្លៃថែទាំសុខភាព, និងតម្រូវការចាំបាច់ក្នុងការរកប្រាក់, រួមជាមួយបញ្ហាកង្វះអាហារូបត្ថម្ភ និងបញ្ហាដទៃទៀតដែលជាផ្នែកមួយនៃភាពក្រីក្រ។ ការស្វែងរកដំណោះស្រាយសម្រាប់បញ្ហាសង្គមបែបនេះ ត្រូវការពេលវេលាវែងឆ្ងាយ។

A woman holding her head sits outside a shack.
កាកសំណល់នៃការថែទាំសុខភាព ប៉ះពាល់មនុស្សជាច្រើន រួមទាំងប្រជាជនក្រីក្រខ្លាំងមិនអាចទៅមណ្ឌលសុខភាព។

បញ្ហាបរិស្ថានអាចត្រូវបានដោះស្រាយងាយជាង ក្នុងរយៈពេលខ្លី។ យើងអាចចាប់ផ្តើមដោយការសួរសំណួរទាំងនេះ ៖

  • ហេតុអ្វីកាកសំណល់គ្រោះថ្នាក់នៃការថែទាំសុខភាព ត្រូវបានដាក់ឡូកឡំជាមួយសំរាមដទៃដែលអាចកែច្នៃឬប្រើប្រាស់ឡើងវិញបាន?
  • ហេតុអ្វីកាកសំណល់គ្រោះថ្នាក់យ៉ាងច្រើន ត្រូវបានចាក់នៅកណ្តាលវាល ជាជាងការចោលវាឲ្យមានសុវត្ថិភាព?

ការគ្រប់គ្រងកាកសំណល់នៃការថែទាំសុខភាពដែលមានការទទួលខុសត្រូវ អាចកែលម្អស្ថានភាពរស់នៅរបស់មនុស្សគ្រប់គ្នា ជាពិសេសអ្នកដែលត្រូវបានបង្ខំដោយភាពក្រីក្រ ឲ្យទៅរស់នៅលើកាកសំណល់។