Hesperian Health Guides
ការចោលកាកសំណល់គីមីដោយសុវត្ថិភាព
វិគី ព័ត៌មាន សុខភាព > សៀវភៅណែនាំសម្រាប់សហគមន៍ស្តីអំពីសុខភាពបរិស្ថាន > ១៩. កាកសំណល់នៃការថែទាំសុខភាព > ការចោលកាកសំណល់គីមីដោយសុវត្ថិភាព
មាតិកា
សារធាតុគីមីដែលត្រូវបានប្រើសម្រាប់សម្អាតនិងរម្ងាប់មេរោគ
ទឹកសាវែលអាចត្រូវបានពង្រាវនិងចាក់ទៅក្នុងរណ្តៅចម្រោះ។ សូលុយស្យុងអ៊ីដ្រូហ្សែនពីរ៉ុកស៊ីត អាចចោលបានដោយមិនបាច់រម្ងាប់មេរោគទេ។ អ្នកអាចចាក់វាទៅក្នុងលូបង្ហូរឬបង្គន់ដោយសុវត្ថិភាព។
គ្លុយតារ៉ាល់ដេអ៊ីត និងហ្វ័រម៉ាល់ដេអ៊ីត អាចបណ្តាលឲ្យមានមហារីកនិងការស្លាប់។ ប៉ុន្តែប្រសិនបើមណ្ឌលសុខភាពរបស់អ្នក ប្រើប្រាស់សារធាតុគីមីទាំងនេះសម្រាប់រម្ងាប់មេរោគនិងសម្អាត អ្នកមានវិធីខ្លះដើម្បីចោលវាឲ្យមានសុវត្ថិភាព។ ដើម្បីរម្ងាប់មេរោគក្នុងគ្លុយតារ៉ាល់ដេអ៊ីត ឬហ្វ័រម៉ាល់ដេអ៊ីត សម្រាប់បោះចោល ចូរបន្ថែមសូលុយស្យុងសូដាដែលកាត់(សូដ្យូមអ៊ីដ្រុកស៊ីត(sodium hydroxide)) ដើម្បីកែប្រែកម្រិតអាស៊ីត(pH)របស់វា។ វាស់កម្រិតpH ដោយប្រើក្រដាសវាស់ជាតិអាស៊ីត(litmus paper) ឬឧបករណ៍វាស់កម្រិតpH។ បន្ថយកម្រិតpHឲ្យនៅ១២ រួចទុកវារយៈពេលយ៉ាងតិច៨ម៉ោង។ បន្ទាប់មក ចូរបន្ថែមអាស៊ីតអ៊ីដ្រូក្លរិចhydrochloric acid (HCl)) ដើម្បីបន្ថយកម្រិតpHឲ្យនៅធម្មតា(pH ៧)។ ប្រសិនបើអ្នកគ្មានសម្ភារៈដើម្បីធ្វើឲ្យគ្លុយតារ៉ាល់ដេអ៊ីត ឬហ្វ័រម៉ាល់ដេអ៊ីត មានសុវត្ថិភាពក្នុងការបោះចោលទេ សូមកុំប្រើវា — វាគ្រោះថ្នាក់ខ្លាំងណាស់។ បន្ទាប់ពីដំណើរនេះរួច អ្នកអាចចាក់វាទៅក្នុងរណ្តៅចម្រោះដោយសុវត្ថិភាព
អាស៊ីតកាបូលិក(Carbolic acid)ដែលត្រូវបានប្រើសម្រាប់ធ្វើស្ទេរីលលើក្រណាត់កម្រាល បង្កបញ្ហាដង្ហើមនិងស្បែក។ បុគ្គលិកសុខាភិបាលគួរពាក់សម្លៀកបំពាក់ការពារ រួមទាំងវ៉ែនតានិងម៉ាស់ នៅពេលប្រើប្រាស់ឬចោលអាស៊ីតកាបូលិក។ គួរចាក់កាកសំណល់ទឹក ទៅក្នុងសូលុយស្យុងសូដ្យូមអ៊ីដ្រុកស៊ីត បន្ទាប់មកចាក់វាចោលក្នុងរណ្តៅចម្រោះ។
បារត
បារតគឺជាសារធាតុរាវពណ៌ទឹកប្រាក់ នៅក្នុងទែម៉ូម៉ែត្រ។ វាក៏មានប្រើនៅក្នុងឧបករណ៍ពេទ្យផ្សេងទៀតដែរ ដូចជានៅក្នុងនាឡិកាវាស់ដែលភ្ជាប់ជាមួយឧបករណ៍វាស់សម្ពាធឈាម ក៏ដូចជានៅក្នុងថ្មពិលនិងអំពូលភ្លើង។
បារតគឺជាលោហៈធ្ងន់ដែលពុលយ៉ាងខ្លាំង។ ការស្រូបវាចូលតាមស្បែកឬដកដង្ហើមចូលសូម្បីតែបន្តិច ក៏អាចធ្វើឲ្យខូចសរសៃប្រសាទ ក្រលៀន សួត ខួរក្បាល និងបណ្តាលឲ្យមានទារកពិការពីកំណើតផងដែរ។
យើងមិនអាចបំផ្លាញបារតដោយការដុតទេ។ ជាការពិត ការដុតបារិត នឹងប្រែក្លាយវាជាឧស្ម័នដែលរឹតតែ គ្រោះថ្នាក់។
វិធីល្អបំផុតដើម្បីកាត់បន្ថយគ្រោះថ្នាក់ពីបារត គឺត្រូវប្រើប្រាស់សម្ភារៈដែលមានជាតិបារត ឲ្យបានតិចបំផុតតាមដែលអាច។ ប្រសិនបើអាច ត្រូវដាក់ឧបករណ៍ដែលមានជាតិបារត នៅលើចានទម្រធ្វើពីលោហៈ ដូច្នេះបើវាបែក បារតនឹងមិនជ្រាបចូលក្នុងផ្ទៃឈើ ដូចជាតុឬកម្រាលក្តារទេ។ គួរប្រើទែម៉ូម៉ែត្រដែលគ្មានជាតិបារត ប្រសិនបើវាមាននៅក្នុងតំបន់របស់អ្នក។
របៀបសម្អាតបារតដែលកំពប់
នៅពេលទែម៉ូម៉ែត្រ ឬវត្ថុដទៃទៀតដែលមានជាតិបារត បែកធ្លាយ ជាតិបារតនឹងរាយប៉ាយក្នុងបំណែកតូច។ កុំឲ្យមនុស្សនិងសត្វ ចូលទៅក្នុងកន្លែងដែលបារតកំពប់។ បិទម៉ាស៊ីនកម្តៅ កង្ហារ ឬម៉ាស៊ីនត្រជាក់ រួចបើកបង្អួចឲ្យខ្យល់ចូល។ ដើម្បីសម្អាតបារតដែលកំពប់ អ្នកនឹងត្រូវការស្រោមដៃ បំពង់បន្តក់ភ្នែក ក្រដាសរឹង២សន្លឹក ថង់ប្លាស្ទិក២ បង់ស្អិត ពិល និងកែវមានទឹក។
ដើម្បីប្រមូលបារតដោយសុវត្ថិភាព ៖
- ១ . កុំប៉ះបារត។ បើកបង្អួចឬទ្វារ។
- ២. ដោះនាឡិកានិងគ្រឿងអលង្ការចេញ។ បារតតោងលើលោហៈទាំងនោះ។
- ៣. បញ្ចាំងពិលលើកន្លែងកំពប់ ដើម្បីងាយមើលបារត ទោះបីក្នុងពេលថ្ងៃក៏ដោយ។
- ៤. ពាក់ស្រោមដៃដែលធន់នឹងសារធាតុគីមី បើមាន។ ប្រសិនបើអ្នកមានតែស្រោមដៃកៅស៊ូ គួរពាក់វាយ៉ាងតិច២ជាន់។
- ៥ . យកក្រដាសរឹងកៀរបារតគរមួយដុំ។
- ៦. យកបំពង់បន្តក់ភ្នែក មកបឺតស្រូបបារត រួចដាក់បារតទៅក្នុងកែវមានទឹក។
- ៧. យកបង់ស្អិតបិទលើបារតដែលនៅសល់។
- ៨. ដាក់បង់ស្អិត បំពង់បន្តក់ភ្នែក ស្រោមដៃ និងក្រដាសរឹង ទៅក្នុងថង់ប្លាស្ទិក។
- ៩. បិទស្លាកសញ្ញាលើថង់ថា “កាកសំណល់បារត” រួចដាក់ថង់នេះទៅក្នុងប្រអប់កញ្ចក់មួយដែលមានទឹកខាងក្នុង។
- ១០. បិទប្រអប់នេះឲ្យជិតនិងធ្វើសញ្ញាសម្គាល់វាឲ្យច្បាស់។ ដាក់វាក្នុងថង់ប្លាស្ទិកមួយទៀត។
- ១១. ចោលថង់ប្លាស្ទិកនេះតាមរបៀបដែលចោលកាកសំណល់ពុល។
ថ្នាំអង់ទីប៊ីយោទិក និងថ្នាំដទៃទៀត
ថ្នាំពេទ្យចាស់ៗ គឺជាកាកសំណល់គីមីមួយប្រភេទទៀតដែលចាំបាច់ត្រូវចោលដោយសុវត្ថិភាព។ ការចោលថ្នាំអង់ទីប៊ីយោទិចនិងថ្នាំដទៃទៀតឲ្យមានសុវត្ថិភាព គឺមានន័យថាដាក់វាឲ្យនៅឆ្ងាយពីប្រភពទឹក និងឲ្យនៅឆ្ងាយពីមនុស្សដែលរៀបចំវា។ ជាអកុសល មណ្ឌលសុខភាព ឱសថស្ថាន និងក្រុមហ៊ុនផលិតថ្នាំពេទ្យ ច្រើនតែចោលថ្នាំចាស់ៗដោយគ្មានសុវត្ថិភាព គឺចោលក្នុងរណ្តៅសំរាមចំហរ ក្នុងផ្លូវទឹក ឬក្នុងលូបង្ហូរ។
នោះពេលថ្នាំអង់ទីប៊ីយោទិកត្រូវបានចោលទៅក្នុងបរិស្ថាន វាអាចធ្វើឲ្យមនុស្ស សត្វ និងសូម្បីតែមេរោគដែលចូលមកប៉ះពាល់នឹងថ្នាំទាំងនេះ មានភាពស៊ាំនឹងថ្នាំអង់ទីប៊ីយោទិក។ មានន័យថា នៅពេលអ្នកជំងឺលេបថ្នាំអង់ទីប៊ីយោទិកដើម្បីប្រយុទ្ធជាមួយការបង្ករោគ ថ្នាំទាំងនេះនឹងមិនសូវមានប្រសិទ្ធភាព ព្រោះវាអាចសម្លាប់មេរោគបានតិចតួចប៉ុណ្ណោះ។
ទិញនិងប្រើប្រាស់ថ្នាំអង់ទីប៊ីយោទិកបន្តិចបន្តួច
សូមកុំប្រើថ្នាំអង់ទីប៊ីយោទិកចំពោះជំងឺណាដែលវាមិនអាចព្យាបាលសះស្បើយ។ (សម្រាប់ព័ត៌មានបន្ថែមអំពីរបៀបប្រើប្រាស់ថ្នាំអង់ទីប៊ីយោទិក សូមមើលសៀវភៅ ទីណាគ្មានវេជ្ជបណ្ឌិត ទំព័រ៥៥ទៅ៥៨ និងសៀវភៅ ការជួយបុគ្គលិកសុខាភិបាលឲ្យរៀន នៅជំពូក១៩)។ នៅពេលមណ្ឌលសុខភាពរបស់អ្នក ទិញថ្នាំអង់ទីប៊ីយោទិកក្នុងបរិមាណដែលត្រូវការ នោះនឹងមានថ្នាំបន្តិចបន្តួចប៉ុណ្ណោះដែលត្រូវបោះចោលដោយសារវាចាស់។
យកថ្នាំហួសកាលកំណត់ប្រើប្រាស់ ទៅឲ្យរោងចក្រផលិតវិញ
ក្រុមហ៊ុនផលិតថ្នាំពេទ្យ មានឧបករណ៍សម្រាប់ចោលថ្នាំអង់ទីប៊ីយោទិកនិងថ្នាំផ្សេងទៀតដែលហួសកាលកំណត់ប្រើប្រាស់ យ៉ាងមានសុវត្ថិភាព ហើយពួកគេគួរធ្វើបែបនេះមែន។ ប្រសិនបើអ្នកមិនអាចយកថ្នាំទៅក្រុមហ៊ុនផលិតវិញទេ អ្នកនៅតែមានវិធីចោលវាដោយសុវត្ថិភាព។
វិធីចោលថ្នាំពេទ្យដោយសុវត្ថិភាព
- ១. ពាក់ស្រោមដៃ វ៉ែនតាសុវត្ថិភាព និងម៉ាស់ការពារធូលី។
- ២. កិនបំបែកថ្នាំគ្រាប់។ លាយម្សៅថ្នាំដែលកិនម៉ត់ ជាមួយស៊ីម៉ង់ត៍។
- ៣. បន្ថែមទឹក រួចលញ់ស៊ីម៉ង់ត៍ជាដុំមូល។
- ៤. កប់ដុំស៊ីម៉ង់ត៍ទាំងនេះនៅក្នុងរណ្តៅកាកសំណល់បិទជិត។