Hesperian Health Guides

ការរម្ងាប់មេរោគដោយប្រើកម្តៅ

នៅក្នុងជំពូកនេ:

មណ្ឌលសុខភាពជាច្រើនប្រើអូតូក្លាវ ឬឆ្នាំងកម្តៅ(autoclave) ឬ ឆ្នាំងកម្តៅ ដើម្បីរម្ងាប់មេរោគលើសឺរ៉ាំង ឧបករណ៍ពេទ្យ និងកាកសំណល់ខ្លះ។ ប្រសិនបើអ្នកគ្មានអូតូក្លាវឬឆ្នាំងកម្តៅទេ នោះការស្ងោរ ចំហុយ ឬចំហុយដោយសម្ពាធ រយៈពេលយ៉ាងតិច២០នាទី នឹងរម្ងាប់មេរោគបាន។ មិនគួររម្ងាប់មេរោគលើកាកសំណល់សម្ភារៈដែលប្រើតែមួយលើក ជាមួយនឹងឧបករណ៍ដែលនឹងប្រើប្រាស់ឡើងវិញទេ ព្រោះអ្នកពិបាកនឹងរក្សាឧបករណ៍ប្រើឡើងវិញឲ្យនៅស្អាតណាស់នៅពេលដែលអ្នកបែងចែកវាចេញពីគ្នាបន្ទាប់ពីការរម្ងាប់មេរោគ។

ពាក់ស្រោមដៃនិងម៉ាស់នៅពេលកាត់ប្លាស្ទិកនិងសម្ភារៈក្រណាត់ជាបំណែកតូចៗ ដូចជាបំពង់បង្ហូរ ថង់សេរ៉ូម បំពង់សេរ៉ូម បង់រុំរបួសធំៗ ។ល។


តើធ្វើដូចម្តេចទើបប្រាកដថាសម្ភារៈត្រូវបានរម្ងាប់មេរោគ

EHB Ch19 Page 432-1.png

ចំពោះការស្ងោរ ចំហុយ និងចំហុយដោយសម្ពាធ ចូរចាប់ផ្តើមរាប់២០នាទីបន្ទាប់ពីទឹកពុះទាំងស្រុង។ កុំបន្ថែមសម្ភារៈអ្វីទាំងអស់ទៅក្នុងឆ្នាំង នៅពេលអ្នកចាប់ផ្តើមរាប់ហើយ។ បន្ទាប់ពី២០នាទី បិទកម្តៅ រួចទុកវាឲ្យត្រជាក់។

សម្ភារៈដែលនឹងប្រើប្រាស់ឡើងវិញ ត្រូវតែចាប់វាចេញដោយប្រើស្រោមដៃឬដង្កៀបស្ទេរីល, ដាក់វាទៅក្នុងប្រអប់/ធុងស្ទេរីលភ្លាម, រួចបិទគម្របវាឲ្យជិត។ ទឹកដែលពុះដែលសល់ អាចចាក់ចោលក្នុងលូបង្ហូរដោយសុវត្ថិភាព។

EHB Ch19 Page 432-2.png

ការស្ងោរ

អ្នកអាចប្រើមធ្យោបាយស្ងោរដើម្បីរម្ងាប់មេរោគលើឧបករណ៍លោហៈ កៅស៊ូ ឬប្លាស្ទិក, និងក្រណាត់។ បន្ទាប់ពីអ្នកសម្អាតនិងលាងជម្រះឧបករណ៍ហើយ ចូរដាក់វាទៅក្នុងឆ្នាំងដែលមានទឹកលិចឧបករណ៍ទាំងនោះទាំងស្រុង, ស្ងោរវាឲ្យពុះ, ហើយទុកឲ្យពុះបាន២០នាទី។

EHB Ch19 Page 432-3.png

ការចំហុយ

អ្នកអាចប្រើមធ្យោបាយចំហុយ ដើម្បីរម្ងាប់មេរោគលើស្រោមដៃ ម៉ាស់ និងវត្ថុធ្វើពីលោហៈនិងប្លាស្ទិក។ អ្នកមិនចាំបាច់ចាក់ទឹកលិចសម្ភារៈទាំងស្រុងទេ ប៉ុន្តែអ្នកត្រូវមានទឹកគ្រប់គ្រាន់ដើម្បីឲ្យវាបញ្ចេញចំហាយរយៈពេល២០នាទី។ ឆ្នាំងនេះគួរមានគម្របបិទជិតណែនល្អ។

EHB Ch19 Page 433-1.png

ការចំហុយដោយសម្ពាធ

អ្នកអាចធ្វើការចំហុយដោយសម្ពាធដើម្បីរម្ងាប់មេរោគលើលោហៈ កៅស៊ូ ប្លាស្ទិក ឬក្រណាត់។ សម្អាតនិងលាងជម្រះសម្ភារៈដែលនឹងត្រូវរម្ងាប់មេរោគ រួចដាក់វាទៅក្នុងឆ្នាំងសម្ពាធដែលមានទឹកខាងក្នុង។ បិទគម្រប រួចកម្តៅវានៅលើចង្ក្រាន។ បន្ទាប់ពីវាពុះ ត្រូវចំហុយវាដោយសម្ពាធពី១៥ទៅ២០ផោន(១ផោន=០,៤៥៤គីឡូក្រាម) រយៈពេល២០នាទី។

អូតូក្លាវ

EHB Ch19 Page 433-2.png

អូតូក្លាវគឺជាម៉ាស៊ីនមួយដែលរម្ងាប់មេរោគដោយប្រើកម្តៅចំហុយ និងសម្ពាធ។ អូតូក្លាវត្រូវបានប្រើប្រាស់ជាច្រើនឆ្នាំមកហើយដើម្បីរម្ងាប់មេរោគលើឧបករណ៍ពេទ្យ។ វាត្រូវបានប្រើច្រើនឡើងៗក្នុងការរម្ងាប់មេរោគលើកាកសំណល់ផងដែរ។

ដើម្បីសុវត្ថិភាពបំផុត គួរប្រើម៉ាស៊ីន២ដាច់ដោយឡែកពីគ្នា — មួយសម្រាប់ឧបករណ៍ប្រើឡើងវិញបាន និងមួយទៀតសម្រាប់កាកសំណល់។ ចំពោះមណ្ឌលសុខភាពដែលមានបរិមាណនៃកាកសំណល់តែបន្តិចបន្តួច គួរប្រើឆ្នាំងចំហុយដោយសម្ពាធវិញ ព្រោះវាមិនសូវមានតម្លៃថ្លៃ និងមានប្រសិទ្ធភាពដូចគ្នានឹងអូតូក្លាវដែរ។ ចំពោះតំបន់ដែលគ្មានអគ្គិសនី គេអាចសាងសង់អូតូក្លាវដើរដោយឧស្ម័ន ប្រេងកាត ឬពន្លឺថ្ងៃបាន។

ឆ្នាំងកម្តៅ

EHB Ch19 Page 433-3.png

ឆ្នាំងនេះកម្តៅសំណើមដែលមាននៅក្នុងវត្ថុផ្សេងៗដែលដាក់ក្នុងឆ្នាំង។ កម្តៅ រួមជាមួយរយៈពេលដែលវត្ថុមួយនៅក្នុងឆ្នាំងកម្តៅ ធ្វើឲ្យមេរោគងាប់។ ដោយសារឆ្នាំងកម្តៅមានកម្លាំងខុសៗគ្នាយ៉ាងច្រើន ដូច្នេះត្រូវមានការប្រុងប្រយ័ត្ននៅពេលរម្ងាប់មេរោគដោយមធ្យោបាយនេះ។ ដើម្បីប្រាកដថាសម្រេចបានការរម្ងាប់មេរោគកម្រិតខ្ពស់ ៖
១. ដាក់កាកសំណល់នៅក្នុងប្រអប់ដែលមិនធ្វើពីលោហៈ ដោយមានទឹកលិចលើកាកសំណល់ទាំងស្រុង។
២. គ្របគម្របរលុងពីលើប្រអប់នេះដើម្បីកាត់បន្ថយការបាត់បង់ទឹកក្នុងពេលកម្តៅ។
៣. កម្តៅសម្ភារៈកាកសំណល់រយៈពេលយ៉ាងតិច២០នាទី។
៤. ទុកប្រអប់នេះឲ្យត្រជាក់មុននឹងបើក។
ចោលទឹកសំណល់ពីឆ្នាំងកម្តៅទៅក្នុងរណ្តៅចម្រោះ ឬអ្នកអាចចាក់វាចូលក្នុងលូបង្ហូរដោយសុវត្ថិភាព។

សំខាន់! មិនត្រូវដាក់វត្ថុធ្វើពីលោហៈទៅក្នុងឆ្នាំងកម្តៅទេ។ វាអាចបំផ្លាញម៉ាស៊ីនបាន។