Hesperian Health Guides

ការសាងសង់ផ្ទះសុខភាព

នៅក្នុងជំពូកនេ:

ផ្ទះដែលត្រូវបានរៀបចំឡើងដោយប្រុងប្រយ័ត្ន បង្កើតបានជាសហគមន៍ដែលមានសុវត្ថិភាពនិងសុខភាព។ ការដាក់ទីតាំងផ្ទះនៅកន្លែងដែលអាចទាញផលប្រយោជន៍ពីព្រះអាទិត្យនិងពីម្លប់ អាចជួយក្នុងការកម្តៅ ការធ្វើឲ្យត្រជាក់ ការបំភ្លឺ និងការធ្វើឲ្យមានខ្យល់ចេញចូល។ ការជ្រើសរើសសម្ភារៈសំណង់បានត្រឹមត្រូវសម្រាប់អាកាសធាតុរបស់អ្នក ក៏មានសារសំខាន់ផងដែរ។

Illustration of the below: a home.
ដើមឈើផ្តល់នូវម្លប់ និងសោភ័ណភាព។
ដំបូលស្អាតគួរតែគ្មានទឹកដក់ និងមានជម្រាលឬចង្អូរសម្រាប់បង្ហូរទឹកឲ្យឆ្ងាយពីជញ្ជាំងឬគ្រឹះ។
សារធាតុអីុសូឡង់នៅជញ្ជាំងនិងពិដាន រក្សាកម្តៅក្នុងផ្ទះនៅពេលអាកាសធាតុត្រជាក់ និងធ្វើឲ្យផ្ទះត្រជាក់នៅអាកាសធាតុក្តៅ។
រន្ធខ្យល់នៅផ្នែកចុងដំបូល ធ្វើឲ្យខ្យល់បរិសុទ្ធចូល និងខ្យល់ចាស់ចេញក្រៅ និងបង្ការមិនឲ្យផ្សិតដុះ និងជំងឺផ្សិត។
ផ្ទាំងឆ្លុះពន្លឺនៅលើដំបូល អាចឲ្យពន្លឺថ្ងៃចូលក្នុងផ្ទះបាន។
ទរទឹកនិងបំពង់ហូរចុះ ភ្ជាប់ទៅនឹងដំបូល អាចប្រមូលទឹកភ្លៀង និងនាំវាចូលទៅក្នុងស៊ីទែន។
បង្អួចទាំងសងខាងផ្ទះ កែលម្អចរន្តខ្យល់ចេញចូលក្នុងផ្ទះ។
សំណាញ់លើបង្អួចរារាំងសត្វល្អិតមិនឲ្យចូល។
ទ្វារបង្អួចការពារកម្តៅថ្ងៃ ភ្លៀង និងខ្យល់ និងរក្សាកម្តៅខាងក្នុងផ្ទះ។
ទ្វារបំបែកផ្តល់នូវខ្យល់ចេញចូល និងការពារសត្វមិនឲ្យចូល។
រានហាលមុខផ្ទះ បាំងម្លប់ ផ្តល់នូវទីធ្លាបន្ថែមសម្រាប់រស់នៅ។
គ្រឹះនិងកម្រាលខ្ពស់ផ្តល់នូវលំនឹង និងការពារភាពសើម ទឹកជំនន់ និងសត្វចង្រៃ។ កម្រាលខ្ពស់នេះអាចឃឿនទេរសម្រាប់ដើរចុះឡើងជំនួសជណ្តើរ ដែលធ្វើឲ្យងាយស្រួលចំពោះកុមារ មនុស្សចាស់ និងជនពិការចេញចូលក្នុងផ្ទះ។

ប្រើប្រាស់ពន្លឺព្រះអាទិត្យឲ្យមានប្រយោជន៍បំផុត

នៅពេលសាងសង់ផ្ទះឬជម្រក ត្រូវពិចារណាលើទីតាំងព្រះអាទិត្យក្នុងមួយឆ្នាំៗ ដើម្បីទាញផលប្រយោជន៍ពីកម្តៅព្រះអាទិត្យ។ ក្នុងខែក្តៅ ព្រះអាទិត្យរះយ៉ាងខ្ពស់ពីខាងលើក្បាលនៅថ្ងៃត្រង់ និងផ្តល់កម្តៅយ៉ាងច្រើននៅពេលថ្ងៃ។ ក្នុងខែត្រជាក់ ព្រះអាទិត្យរះទាបនៅលើមេឃ ផ្តល់កម្តៅតិចជាង និងធ្វើដំណើរតាមផ្លូវផ្សេងៗឆ្លងកាត់មេឃ។

នៅក្នុងប្រទេសភាគខាងត្បូង ផ្ទះអាចមានផាសុកជាង ប្រសិនបើបង្អួចភាគច្រើននិងជញ្ជាំងបែរទៅទិសខាងជើងដែលមានព្រះអាទិត្យ។ នៅក្នុងប្រទេសភាគខាងជើង បង្អួចភាគច្រើននិងជញ្ជាំងគួរតែបែរទៅទិសខាងត្បូង។ ក្បួនទូទៅនេះ នឹងជួយឲ្យផ្ទះទាំងមូលចាប់និងរក្សាកម្តៅពីព្រះអាទិត្យ។

illustration of the below: Arrows show the direction of low sun shining on a home.
illustration of the below: Arrows show the direction of hot sun shining on a home.
ក្នុងរដូវត្រជាក់ ព្រះអាទិត្យដែលរះទាប ចាំងពន្លឺទៅលើជញ្ជាំងនិងបង្អួច ដែលជួយរក្សាកម្តៅក្នុងផ្ទះ។ ក្នុងរដូវក្តៅ ដើមឈើដែលដាំនៅចំហៀងផ្ទះ នៅកន្លែងដែលព្រះអាទិត្យចាំងចំពេលរសៀល ជួយធ្វើឲ្យផ្ទះត្រជាក់។

ជ្រើសរើសសម្ភារៈសម្រាប់រក្សាកម្តៅ

នៅតំបន់ត្រជាក់ សម្ភារៈសំណង់ខ្លះអាចជួយចាប់និងរក្សាកម្តៅក្នុងផ្ទះបាន។ សម្ភារៈដែលក្រាស់ៗ រក្សាកម្តៅបានល្អបំផុត។ ថ្ម ឥដ្ឋ និងដុំធ្វើអំពីភក់និងចំបើង រក្សាកម្តៅល្អជាងឈើឬជញ្ជាំងចន្លោះ។ ការធ្វើជញ្ជាំងណែនដោយដាក់ដីឬចាក់ស៊ីម៉ង់ត៍ ជួយរក្សាកម្តៅបានល្អជាង។ ក្នុងការប្រើប្រាស់សម្ភារៈទាំងនេះ កម្រាស់ជញ្ជាំងដែលល្អបំផុតដើម្បីរក្សាកម្តៅ គឺ១០-១៣ស.ម។

Arrows show sun shining on the outside wall of a home. Arrows show heat radiating through a home at night.
នៅពេលព្រះអាទិត្យចាំងទៅលើផ្ទះ កម្តៅត្រូវបានស្រូបនៅក្នុងញ្ជាំងនិងកម្រាលឥដ្ឋ។ នៅពេលព្រះអាទិត្យលិចបាត់ កម្តៅចេញពីជញ្ជាំងនិងកម្រាល ចូលទៅក្នុងបន្ទប់។
EHB Ch17 Page 379-1.png
ចំពោះផ្ទះឈើ ជញ្ជាំងពីរជាន់ដែលមានសារធាតុអីុសូឡង់ចន្លោះកណ្តាល រក្សាកម្តៅមិនឲ្យភាយចេញ និងភាពត្រជាក់មិនឲ្យចូលក្នុង។


ការពារពីកម្តៅនិងភាពតត្រជាក់

សារធាតុអីុសូឡង់ គឺជាសារធាតុដែលការពារពីកម្តៅនិងធាតុត្រជាក់។ ជាជាងការមានជញ្ជាំងស្តើងតែមួយជាន់ និងដំបូលដោយគ្មានពិដាន ផ្ទះដែលសាងសង់ដោយមានអីុសូឡង់ល្អ ត្រូវមានចន្លោះរវាងជញ្ជាំងក្នុងនិងជញ្ជាំងក្រៅ និងមានពិដាននៅពីក្រោមដំបូល។ ចន្លោះទាំងនេះត្រូវបានបំពេញដោយសារធាតុដូចជាអាចម៍រណា ឈើ ចំបើង សំបកឈើ ឬក្រដាស់ក្រាស់ ឬក្រដាស់ជ្រលក់ទឹកបូរ៉ាក់ទុកឲ្យស្ងួត(ការពារកណ្តៀរ)។
A man plasters a wall.
ការបិតកន្លែងប្រេះតាមជញ្ជាំង ជួយរក្សាកម្តៅនៅខាងក្នុងផ្ទះ និងមិនឲ្យភាពត្រជាក់ចូល។


ប្រសិនបើអ្នកមិនអាចសាងសង់ជញ្ជាំងពីរជាន់បានទេ គួរក្រាលផ្នែកខាងក្នុងនៃជញ្ជាំងដោយក្រដាស់ ហ្វូម ក្រដាស់ក្រាស់ ឬសម្ភារៈប្រហាក់ប្រហែលគ្នា។ ការធ្វើបែបនេះនឹងជួយបន្ថែមអីុសូឡង់ខ្លះ។

ដំបូលស្បូវជួយនូវភាពអីុសូឡង់ល្អ។ ក៏ដូចគ្នានឹងកម្រាលដោយឥដ្ឋនិងដីដែរ។ ដើម្បីរក្សាកម្តៅទុកក្នុងផ្ទះ ឬមិនឲ្យចូលផ្ទះ ចូរបិទកន្លែងប្រេះឬប្រហោងនៅជុំវិញទ្វារនិងបង្អួច។ បិទបង្អួចដើម្បីឲ្យត្រជាក់ក្នុងផ្ទះនៅពេលថ្ងៃ និងមានកម្តៅនៅពេលយប់។ បង្អួចដែលបើកអាចឲ្យចរន្តខ្យល់ចេញចូលបានល្អ។

ការជ្រើសរើសសម្ភារៈសំណង់

សម្ភារៈដែលប្រើប្រាស់សម្រាប់សាងសង់ផ្ទះ អាចជាកត្តាដែលធ្វើឲ្យខុសគ្នារវាងផ្ទះដែលគ្មានផាសុក និងផ្ទះដែលល្អស្អាត ប្រកបដោយសុខភាព។ ប៉ុន្តែនៅពេលព្រៃឈើ និងទីជម្រាលត្រូវបានខូចខាត នោះធនធានសំណង់ពីធម្មជាតិ ដូចជាឈើ ស្បូវ និងសារធាតុរុក្ខជាតិដទៃទៀត ត្រូវបានបាត់បង់។ ហើយនៅពេលស៊ីម៉ង់ត៍ និងសម្ភារៈទំនើបដទៃទៀត មានដាក់លក់ទូលំទូលាយ នោះសម្ភារៈពីបុរាណ និងចំណេះដឹងអំពីរបៀបសាងសង់ត្រូវបានបាត់បង់ដែរ ឬក៏មិនមានតម្លៃចំពោះប្រជាជនជាច្រើន។ សម្ភារៈសំណង់ល្អបំផុត ៖

  • គួរមានប្រភពចេញពីដី និងអាចត្រូវបានប្រើប្រាស់សាជាថ្មី និងក្លាយជាដីវិញ ពេលដែលអាយុកាលសំណង់ផុតអាយុកាល។
  • ត្រូវបានប្រមូលផល និងបង្កើតឡើងនៅក្នុងតំបន់ និងសមស្របទៅនឹងបរិយាកាសក្នុងតំបន់។
  • មិនមានផ្ទុកសារធាតុគីមីគ្រោះថ្នាក់ ឬមិនតម្រូវឲ្យមានកម្លាំងយ៉ាងច្រើនក្នុងការបង្កើត។
ពួកយុវវ័យបង្កើតសម្ភារៈសំណង់ដែលមានការកែលម្អ

Young men make bricks and dry them in the sun.

នៅក្នុងសង្កាត់សាន់តូអានតូញ៉ូ(Santo Antonio) នៅជាយក្រុងប្រាស៊ីលា(Brasilia) នៃប្រទេសប្រេស៊ីល ផ្ទះភាគច្រើនត្រូវបានសាងសង់ក្នុងរយៈពេលពីរបីថ្ងៃ ដោយប្រើប្រាស់ឥដ្ឋ និងដុំស៊ីម៉ង់ត៍ដែលទិញមកពីក្រៅសហគមន៍។ មានជាងសំណង់ដែលមានជំនាញមិនច្រើននាក់ ហើយម្នាក់ៗមិនមានលុយច្រើនប៉ុន្មានទេ។ ដូច្នេះប្រជាជនបានសាងសង់ផ្ទះរបស់ខ្លួនដោយមានជំនួយពីជាងដែលគ្មានជំនាញ។

ដោយហេតុនេះហើយ សម្ភារៈភាគច្រើនត្រូវបានរៀបចំមិនបានល្អ ដោយបានបន្ថែមទឹកច្រើនពេកក្នុងការលាយស៊ីម៉ង់ត៍ ឬមិនដាក់បន្ថែមសរសៃដែកជាដើម។

រូហ្សាហ្វឺណាន់ដេ(Rosa Fernandez) ជាស្ថាបត្យករម្នាក់ បានទស្សនាសាន់តូអានតូញ៉ូ និងបានឃើញពីភាពខ្វះជំនាញដែលធ្វើឲ្យមានផែនការនិងការសាងសង់មិនបានល្អ។ គាត់ក៏បានតាំងចិត្តកែលម្អស្ថានភាព។ ដោយមានជំនួយថវិការពីរដ្ឋាភិបាល គាត់បានបណ្តុះបណ្តាលក្រុមយុវវ័យនៅសាន់តូអានតូញ៉ូ ឲ្យចេះធ្វើដុំដីដែលគាបឲ្យរឹង។ ដុំដីនេះធ្វើឡើងដោយខ្សាច់២ភាគ និងដីឥដ្ឋ១ភាគ ជាមួយនឹងស៊ីម៉ង់ត៍បន្តិចបន្តួច បន្ទាប់មកត្រូវបានគាបសង្កត់ដោយម៉ាស៊ីនដែលដើរដោយដៃ។ បន្ទាប់ពីក្រុមយុវវ័យបានរៀនចេះបង្កើត ដុំដីនេះហើយ រូហ្សាក៏បង្រៀនអ្នកឯទៀតក្នុងសហគមន៍អំពីរបៀបសាងសង់ជាមួយដុំដីនេះ ហើយក្រុម យុវវ័យបានចាប់ផ្តើមជំនួញរបស់ខ្លួនគឺផលិតនិងលក់ដុំដីនេះ។

ឥឡូវនេះ ផ្ទះថ្មីៗជាច្រើនត្រូវបានសាងសង់ពីសម្ភារៈសំណង់ដ៏រឹងមាំនិងមានសុវត្ថិភាព។ ប្រាក់ដែលប្រជាជនទិញដុំដីទាំងនេះ ស្ថិតនៅក្នុងសហគមន៍ និងជួយបង្កើតអនាគតរឹងមាំ។ ហើយជាមួយនឹងការអនុវត្ត និងការបណ្តុះបណ្តាលដែលក្រុមយុវវ័យបានទទួល ឥឡូវនេះសាន់តូអានតូញ៉ូមានអ្នកសាងសង់ដែលស្ទាត់ជំនាញជាច្រើន។

សម្ភារៈសំណង់បុរាណនិងសម័យ

សំណង់ពីបុរាណភាគច្រើនគឺជាការរួមផ្សំគ្នារវាងដីភក់ ខ្សាច់ ដីឥដ្ឋ ថ្ម ចំបើង ឈើ និងសម្ភារៈរុក្ខជាតិ ដូចជាស្បូវ ឬស្សី, និងវល្លិ៍សម្រាប់ដំបូលនិងជញ្ជាំង។ សម្ភារៈទាំងអស់នេះរឹងមាំណាស់ អាចរកបាននៅក្នុងតំបន់ និងចំណាយប្រាក់តិចតួចឬមិនចំណាយសោះ។ ប៉ុន្តែវាក៏មានបញ្ហាខ្លះដែរ។ ជញ្ជាំងដីភក់អាចសឹកដាច់ពេលត្រូវភ្លៀង ដំបូលស្បូវអាចក្លាយជាជម្រកសត្វល្អិតចង្រៃ ហើយសំណង់ដែលប្រើប្រាស់តែសម្ភារៈទាំងនេះ គឺមិនមានអាយុកាលយូរទេ។

សម្ភារៈដែលផលិតចេញពីរោងចក្រ ដូចជាដុំស៊ីម៉ង់ត៍ និងដំបូលលោហៈ បានជំនួសសម្ភារៈពីបុរាណនៅតំបន់ជាច្រើន។ ប្រជាជនភាគច្រើនប្រើស៊ីម៉ង់ត៍ ព្រោះវាងាយស្រួលក្នុងការប្រើប្រាស់ ហើយអាចសង់បន្តពីលើថែមទៀតនៅពេលដែលគ្រួសាររកថវិកាបាន។ ចំពោះប្រជាជនខ្លះ ការសាងសង់ផ្ទះដោយស៊ីម៉ង់ត៍ មានន័យថាជាជោគជ័យលើផ្នែកសេដ្ឋកិច្ច និងមានរបៀបរស់នៅទាន់សម័យ។

ប៉ុន្តែផ្ទះដែលសាងសង់ដោយសម្ភារៈធ្វើពីរោងចក្រ អាចមិនមែនជាជម្រើសល្អបំផុតសម្រាប់សុខភាពប្រជាជននិងបរិស្ថានទេ។ ជាញឹកញាប់វាគ្មានភាពអីុសូឡង់ល្អចំពោះធាតុអាកាសត្រជាក់។ ការធ្វើស៊ីម៉ង់ត៍តម្រូវឲ្យប្រើប្រាស់ទឹកច្រើន និងកម្លាំងច្រើន។ ប្រសិនបើវាមិនបានដាក់សរសៃដែកទេ សំណង់ដែលធ្វើពីស៊ីម៉ង់ត៍អាចដួលរលំយ៉ាងងាយពេលមានរញ្ជួយដី។ ម្យ៉ាងទៀតសម្ភារៈទាំងនេះមានតម្លៃថ្លៃ ហើយជាញឹកញាប់មានសម្រាប់តែប្រជាជននៅទីក្រុងធំៗប៉ុណ្ណោះ។

នៅពេលធ្វើផែនការសាងសង់ផ្ទះ គួរពិចារណាអំពីគុណសម្បត្តិនិងគុណវិបត្តិនៃសម្ភារៈផ្សេងៗដែលមាន។ គ្រាន់តែដោយសារអ្នកខ្លះសាងសង់ផ្ទះគេតាមរបៀបណាមួយ មិនមានន័យថាវាជាមធ្យោបាយល្អបំផុតសម្រាប់មនុស្សគ្រប់គ្នានោះទេ។

A man speaks to a woman as they look at a picture titled "Pluses and minuses of different houses." One house has a  thatched roof, and has the comments, "Materials are easy cheap to get + Takes more labor and skill - Must be maintained and replaced - Comfortable in wet and dry seasons +." The other home has a metal roof and has the comments, "Materials cost money - Easy to work with + Lasts long time + Too hot and cold."
អីចឹងយើងគួរធ្វើផ្ទះពីដីឥដ្ឋ និងដំបូលដែក មែនទេ?
របៀបធ្វើកំបោរធម្មជាតិពីដី

A man plasters the wall of a house.
ការបូកកំបោរពីលើដីឥដ្ឋ រមូលចំបើង ឬដីភក់ និងរបារឈើ អាចការពារភ្លៀង និងរារាំងសត្វល្អិតមិនឲ្យរស់នៅ ក្នុងកន្លែងប្រេះនៅជញ្ជាំង។ កំបោរបូកក៏ធ្វើឲ្យផ្ទះអ្នកកាន់តែមានសោភ័ណភាពផងដែរ។ អ្នកត្រូវការ ៖
ទឹក១ភាគកន្លះ
ដីឥដ្ឋ២ភាគកន្លះ(រែងជាមួយសំណាញ់ទំហំ០,៥ស.ម)
ខ្សាច់១ភាគ និង១/៤
ចំបើងកាត់ ២-៣ភាគ
  1. ១. លាយខ្សាច់និងដីឥដ្ឋជាមួយទឹក។ ទុកឲ្យដីឥដ្ឋ និងខ្សាច់បឺតស្រូបទឹក។
  2. ២. លាយច្របូកដោយដៃរហូតលែងមានដុំ។
  3. ៣. បន្ថែមចំបើងដែលកាត់ និងច្របូកម្តងទៀត រហូតលែងមានដុំ។

ប្រសិនបើអ្នកលាបកំបោរនៅលើជញ្ជាំងដីភក់ ចូរផ្សើមជញ្ជាំងសិន។ ចំពោះឥដ្ឋឆៅ រមូរចំបើង ឬផ្ទៃផ្សេងទៀត អ្នកអាចត្រូវការលាបស្រទាប់ដីឥដ្ឋជាមុនសិន មុននឹងចាប់ផ្តើមបូកកំបោរ។ ចាប់កំបោរមួយដៃបូកលើផ្នែក តូចមួយរបស់ជញ្ជាំង រួចយកស្លាបព្រាបាយអរំលោងវា។ នៅពេលវាស្ងួត ធ្វើតេស្ត៍វាសាកមើល។ តើវាប្រេះយ៉ាងងាយឬបាក់បែកនៅពេលដែលអ្នកសង្កត់ដោយមេដៃដែរឬទេ? តើវាដាច់ចេញពីជញ្ជាំងយ៉ាងងាយនៅពេលអ្នកទាញវាដែរឬទេ? ឬដាច់ចេញពីជញ្ជាំងយ៉ាងងាយ នៅពេលអ្នកបាញ់ទឹកលើវា? ប្រសិនបើវាប្រេះ ចូរបន្ថែមចំបើងទៀត។ ប្រសិនបើវាបាក់បែក ចូរបន្ថែមម្សៅស្អិតដែលធ្វើពីម្សៅស្រូវសាលី និងទឹក។ ប្រសិនបើវាដាច់ចេញដោយសារទឹក ចូរបន្ថែមចំបើងវែង។ នៅពេលណាដែលអ្នកបានកំបោរបូក ដែលមិនប្រេះ បែក និងដាច់ចុះយ៉ាងងាយ នោះចាប់ផ្តើមបូកជញ្ជាំង។

ដើម្បីបូកទៅលើកម្រាលឥដ្ឋ ចូរបន្ថែមខ្សាច់ទៅក្នុងល្បាយនោះ។ សង្កត់ផ្ទៃដីឲ្យរលោងនិងរាបស្មើ មុនពេលចាប់ផ្តើមធ្វើកម្រាលឥដ្ឋ។ បន្ទាប់មកបូកកំបោរ រំលោងវា និងទុកឲ្យស្ងួតក្នុងរយៈពេលច្រើនសប្តាហ៍ ដើម្បីការពារកុំឲ្យប្រេះ។ ប្រសិនបើអាចបាន គួរបិតកម្រាលឥដ្ឋដោយប្រេងធ្មៃបន្ទាប់ពីវាស្ងួត។

ផ្ទះដែលធន់នឹងរញ្ជួយដី

មានជីវិតជាច្រើនត្រូវបានបាត់បង់រៀងរាល់ឆ្នាំ ដោយសារប្រជាជនរស់នៅក្នុងផ្ទះដែលមិនរឹងមាំក្នុងពេលរញ្ជួយដី។ ផ្ទះដែលធ្វើពីដុំស៊ីម៉ង់ត៍មិនមានដាក់សរសៃដែក ឬពីដីឥដ្ឋឬដីដែលគ្មានសរសៃដែក និងផ្ទះដែលមិនមានគ្រឹះរឹងមាំ គឺងាយមានការខូចខាតដោយរញ្ជួយដី។ ផ្ទះដែលធ្វើពីសម្ភារៈបុរាណ ដូចជាភក់ របាឈើ ឈើ ឬដីគំនរលាយជាមួយចំបើង ឬរមូលចំបើងត្រួតគ្នានិងចងភ្ជាប់គ្នា ហើយបូកដោយកំបោរអាចទ្រាំទ្រនឹងការខូចខាតដោយរញ្ជួយដីបានល្អជាង។

ការផ្សំចូលគ្នារវាងសម្ភារៈពីបុរាណជាមួយវិធីសាស្ត្រសំណង់ដែលមានការកែលម្អ ដូចជា គ្រឹះ ឧបករណ៍ទប់ និងកំបោរបូកដែលធន់នឹងទឹក អាចធ្វើឲ្យផ្ទះមានសុវត្ថិភាពជាង មានផាសុកជាង និងអាចចំណាយបាន។ ដើម្បីកាត់បន្ថយការប្រឈមគ្រោះថ្នាក់ទៅលើផ្ទះដែលធ្វើពីដីនៅពេលមានរញ្ជួយដី ៖

  • សាងសង់ផ្ទះឲ្យទាប តែមួយជាន់ និងទំហំតូច។
  • ធ្វើជញ្ជាំងឲ្យបត់កោងប្រសិនបើ ជាពិសេសនៅត្រង់កាច់ជ្រុងនីមួយ។
  • ប្រសិនបើផ្ទះរបស់អ្នកមានរាងបួនជ្រុងស្មើ ចូរពង្រឹងផ្នែកត្រង់ជ្រុងដោយឧបករណ៍ទប់ធ្វើអំពីឈើ។ ប្រសិនបើគ្មានឈើ អ្នកអាចប្រើសរសៃដែក។
  • សាងសង់គ្រឹះនៅលើដីរឹង ដោយប្រើប្រាស់បាយអកំបោរ ឬស៊ីម៉ង់ត៍ ជាមួយថ្មធំៗ ឬបំណែកឥដ្ឋ។ ភ្ជាប់សម្ភារៈសម្រាប់ធ្វើគ្រឹះបញ្ចូលគ្នា ដោយប្រកៀកឈើ ឬស្សី លួសដែក ឬរបាដែកបញ្ចូលគ្នា។
  • ធ្វើជញ្ជាំងឲ្យជាប់មាំទៅនឹងគ្រឹះ ដោយប្រើប្រាស់ទ្រនាប់របាឈើ ដែកគោល លោហៈ សរសៃដែក ភ្ជាប់ដោយស៊ីម៉ង់ត៍ទៅក្នុងគ្រឹះ។
  • ប្រើប្រាស់សម្ភារៈស្រាលៗសម្រាប់ធ្វើដំបូល(ស្បូវ ឬស័ង្កសី)។
  • ដើម្បីឲ្យផ្ទះធ្វើពីឥដ្ឋឬដុំដី កាន់តែមានសុវត្ថិភាព ចូរចងភ្ជាប់ស្រទាប់ឥដ្ឋឬដុំដីបញ្ចូលគ្នា។ ភ្ជាប់ធ្នឹមខ្វែងពីជញ្ជាំងម្ខាងទៅជញ្ជាំងម្ខាងទៀត និងដាក់ឧបករណ៍ទប់នៅទទឹងចន្លោះធ្នឹម ដើម្បីការពារកុំឲ្យសំណង់មានចលនាពីជ្រុងម្ខាងទៅជ្រុងម្ខាងទៀត។ ភ្ជាប់ដំបូលទៅនឹងធ្នឹមខ្វែង។
Workers stack straw bales to make walls for a house.
សម្ភារៈស្រាលៗ ដូចជារមូលចំបើង ធ្វើឲ្យជញ្ជាំងមានសុវត្ថិភាពល្អជាង