Hesperian Health Guides
ចង្ក្រានដែលបានកែលម្អ
វិគី ព័ត៌មាន សុខភាព > សៀវភៅណែនាំសម្រាប់សហគមន៍ស្តីអំពីសុខភាពបរិស្ថាន > ១៧. ផ្ទះដែលមានសុខភាពល្អ > ចង្ក្រានដែលបានកែលម្អ
ប្រភេទចង្ក្រានដែលប្រជាជនប្រើប្រាស់ អាស្រ័យលើអាហារដែលគេចម្អិន សម្ភារៈផលិតចង្ក្រាន និងប្រភពចំហេះដែលមាន និងវិធីចម្អិនពីបុរាណ។ ដើម្បីកែលម្អចង្ក្រាន និងដោះស្រាយបញ្ហានៃការបំពុលខ្យល់ក្នុងផ្ទះ បុគ្គលិកអភិវឌ្ឍន៍និងអ្នកលើកកម្ពស់សុខភាពត្រូវតែធ្វើការរួមគ្នាជាមួយប្រជាជនដែលប្រើប្រាស់ចង្ក្រាននោះ។ មានតែចង្ក្រានដែលធ្វើឲ្យចុងភៅសប្បាយចិត្ត ព្រមទាំងប្រើប្រាស់ប្រភពចំហេះតិច និងកាត់ បន្ថយផ្សែងទេ ដែលត្រូវបានប្រើប្រាស់ និងចាត់ទុកថាជាការកែលម្អពិតប្រាកដ។
មាតិកា
ស្ត្រីកែលម្អចង្ក្រានដើម្បីកាត់បន្ថយឧស និងបង្កើនរសជាតិ
ក៏ដូចជាស្ត្រីជាច្រើននៅប្រទេសខ្វាតេម៉ាឡា(Guatemala)ដែរ អីណេធ្លាប់ចម្អិនអាហារនៅលើចង្ក្រានធ្វើដោយដៃដែលប្រើឧសច្រើន និងមានផ្សែងជាច្រើននៅក្នុងចង្ក្រានបាយ។ នៅពេលអង្គការផលិតចង្ក្រានកែលម្អ បានចូលមកក្នុងក្រុង គាត់ក៏បានទៅជាមួយស្ត្រីឯទៀតដើម្បីស្តាប់គេនិយាយ។
ក្រុមមនុស្សដែលមកពីអង្គការបានច្នៃប្រឌិតនូវចង្ក្រានថ្មីមួយដែលប្រើប្រាស់ឧសតិច មានផ្សែងតិច និងចំណាយប្រាក់តិចតួចក្នុងការផលិត។ ពួកគេបានសួររកអ្នកស្ម័គ្រចិត្តប្រើប្រាស់ចង្ក្រានថ្មីនេះ ហើយ អ៊ីណេក៏បានស្ម័គ្រចិត្ត។
អ៊ីណេនិងអ្នកជិតខាងធ្វើការជាមួយអ្នករៀបចំ ដោយលាយដីឥដ្ឋជាមួយចំបើង និងដីខ្សាច់ដើម្បីបង្កើតជាតួចង្ក្រាន។ អ្នករៀបចំបានផ្តល់នូវខ្ទះដែកសំប៉ែតសម្រាប់ចម្អិននំសំប៉ែត(tortilla)។ ពួកគេកាត់ឧសឲ្យតូចៗ រួចបង្កាត់ភ្លើងចង្ក្រាន។ វាមានដំណើរការល្អណាស់! អីណេបានឃើញថាការប្រើឧសតិចជាងចង្ក្រានចាស់ ហើយបំពង់ផ្សែងបាននាំផ្សែងចេញទៅក្រៅផ្ទះ។ ប៉ុន្តែបន្ទាប់ពីបរិភោគនំសំប៉ែតៗពីរបីបន្ទះមក អីណេនិងគ្រួសារយល់ឃើញថា នំដែលចម្អិនលើខ្ទះដែកសំប៉ែតនេះគ្មានរសជាតិសោះ។
ច្រើនខែកន្លងមក ពេលដែលក្រុមធ្វើចង្ក្រានបានវិលត្រឡប់មកវិញ អីណេបានថ្លែងអំណរគុណដល់ពួកគេ។ បន្ទាប់មកគាត់និយាយទៅកាន់ពួកគេដោយសំឡេងតិចៗថា "មានបញ្ហាមួយចំពោះចង្ក្រាននេះ។ ខ្ញុំគិតថាវាធ្វើឲ្យនំមានរសជាតិមិនឆ្ងាញ់"។ ក្រុមអ្នករៀបចំបានស្តាប់និងសួរគាត់វិញថាហេតុអ្វីបានជានំមិនឆ្ងាញ់។ គាត់និយាយថា "ខ្ទះចាស់ជាខ្ទះពីដីឥដ្ឋ។ ប្រហែលជាដូច្នេះហើយទើបវាមានរសជាតិខុសគ"។
នៅថ្ងៃរសៀលនោះ អីណេ អ្នកជិតខាង និងអ្នករៀបចំ បានផលិតខ្ទះពីដីឥដ្ឋ។ ពួកគេបានចាក់ពុម្ភវា ទុកឲ្យស្ងួតក្នុងរយៈពេល២-៣ថ្ងៃ។ បន្ទាប់មកជំនួសខ្ទះដែកដោយខ្ទះដីឥដ្ឋ។ អីណេបានកម្តៅខ្ទះយឺតៗ នៅពេលដែលកូនស្រីរបស់គាត់កំពុងធ្វើនំ។ នៅពេលចង្ក្រានបានក្តៅ គាត់ក៏ដាក់នំក្រាលលើខ្ទះ។ ពេលនំឆ្អិន គាត់បានចែកនំទៅគ្រួសាររបស់គាត់។ វាមានរសជាតិឆ្ងាញ់ណាស់! ឥឡូវនេះអ៊ីណេនិងគ្រួសារពិតជាបានកែលម្អចង្ក្រានរបស់ខ្លួនមែន។
ចង្ក្រានដែលល្អដំណើរការយ៉ាងដូចម្តេច
នេះគឺជាមធ្យោបាយសាមញ្ញៗក្នុងការកែលម្អចង្ក្រាន ដើម្បីឲ្យវាប្រើឧសតិច មានផ្សែងតិច និងចម្អិនអាហារ បានឆាប់។
រន្ធខ្យល់ចង្ក្រានសម្រាប់ចម្អិន និងកម្តៅ
ល្អ ៖ ដាក់ចង្ក្រាននៅក្បែរបង្អួច។ មានប្រហោងពីរជួយឲ្យខ្យល់ចេញចូលក្នុងបន្ទប់។ | កាន់តែល្អ ៖ មានគម្របចង្ក្រាន និងបំពង់ផ្សែងពីលើចង្ក្រានសម្រាប់នាំផ្សែងចេញទៅក្រៅ។ ប្រហោងដំបូល ឬចន្លោះរវាងជញ្ជាំងនិងដំបូល ក៏ជួយបញ្ចេញផ្សែងដែរ។ | ល្អបំផុត ៖ ចង្ក្រានមានបំពង់ផ្សែងភ្ជាប់ជាមួយ សម្រាប់នាំផ្សែងចេញទៅក្រៅ។ |
ការកែលម្អចង្ក្រានចំហរ
ចង្ក្រានដែលសាមញ្ញបំផុតគឺចង្ក្រានចំហរ។ ជួនកាលគេហៅវាថាជាចង្ក្រានថ្ម៣ដុំ ព្រោះនៅតំបន់ជាច្រើនក្នុងពិភពលោក មនុស្សធ្វើចង្ក្រាននេះដោយថ្ម៣ដុំ ដាក់ជុំវិញឧស និងដើម្បីទ្រឬទប់ឆ្នាំង។
ជាមួយនឹងការផ្លាស់ប្តូរបន្តិចបន្តួច ចង្ក្រានចំហរនេះអាចត្រូវបានធ្វើឲ្យកាន់តែមានសុវត្ថិភាព បង្កើតផ្សែងកាន់តែតិច និងប្រើប្រាស់ឧសតិច។ ឧទាហរណ៍ ការដុតឧសស្ងួតតូចៗដែលមិននៅស្រស់"បៃតង" នឹងធ្វើឲ្យមានផ្សែងតិច។ ការធ្វើជញ្ជាំងតូចៗពីភក់ឬថ្ម ជុំវិញរណ្តៅចង្ក្រាន អាចបង្ការគ្រោះថ្នាក់បណ្តាលឲ្យមានភ្លើងឆេះផ្ទះ និងរបួសដោយការរលាក។
ភ្លើងដែលឆេះល្អ គឺគ្រាន់តែចុងឧសក៏ឆេះបានដែរ ដែលធ្វើឲ្យមានផ្សែងតិច និងប្រើប្រាស់ឧសតិច។ | ភ្លើងដែលឆេះមិនល្អ គឺភ្លើងឆេះលើឧសទាំងមូល ដែលធ្វើឲ្យមានផ្សែងច្រើន និងប្រើប្រាស់ឧសច្រើនជាង។ |
ចង្ក្រានដីឥដ្ឋសាមញ្ញ
ចង្ក្រានដីឥដ្ឋសាមញ្ញដែលមានប្រទាសដែកសម្រាប់លើកឧសឲ្យផុតពីដី ត្រូវការសម្ភារៈតិចតួចប៉ុណ្ណោះសម្រាប់សាងសង់។ វាដុតបានក្តៅឆេះល្អ និងប្រើប្រាស់ឧសតិចជាងចង្ក្រានចំហរ។ ដើម្បីធ្វើចង្ក្រានដីឥដ្ឋធម្មតា ត្រូវលាយ ៖
- ខ្សាច់៦ភាគ
- ដីឥដ្ឋ៤ភាគ
- អាចម៍រណាពីរបីក្តាប់ដៃ ឬចំបើងចិញ្ច្រាំ
- ទឹកក្នុងបរិមាណគ្រប់គ្រាន់ដើម្បីឲ្យដីឥដ្ឋទន់ជាប់គ្នា អាចធ្វើជារាងរង្វង់បាន។
ប្រហោងនៅរង្វង់ចង្ក្រាន បឺតខ្យល់ចូល ដើម្បីឲ្យភ្លើងឆេះជានិច្ច។
ដុំថ្មសម្រាប់ទ្រឆ្នាំងកម្ពស់លើភ្លើងបន្តិច។
|
ឧសស្ថិតនៅលើប្រទាសដែក ធ្វើឲ្យខ្យល់ចូលពីខាងក្រោម។
ចន្លោះលំហរតូចតិចជាងមួយម្រាមដៃនៅចន្លោះឆ្នាំងនិងរង្វង់ចង្ក្រាន អាចកម្តៅឆ្នាំងបានល្អបំផុត និងកាត់បន្ថយផ្សែង។
ឆ្នាំងស្ថិតនៅក្នុងរង្វង់របស់ចង្ក្រាន។
|
ចង្ក្រានប្រអប់ចំបើងសន្សំសំចៃឧស
ចង្ក្រានប្រអប់ចំបើងគឺជាមធ្យោបាយដើម្បីចម្អិនអាហារយឺត(ដូចជាការរម្ងាស់សាច់ សណ្តែក និងអង្ករជាដើម) និងដើម្បីរក្សាអាហារឲ្យក្តៅ និងសន្សំសំចៃឧស។ ចង្ក្រានប្រអប់ចំបើងផលិតចេញពីចំបើងឬសម្ភារៈអីសូឡង់ដែលអ្នកមានស្រាប់។ វាក៏អាចធ្វើពីប្រអប់ក្រដាស់ក្រាស់ កន្ត្រកបំពេញដោយចំបើងឬក្រដាស់កាសែត ឬគ្រាន់តែរុំឆ្នាំងដោយភួយឬក្រណាត់ក្រាស់ប៉ុណ្ណោះ។
បន្ទាប់ពីអាហារពុះនៅលើចង្ក្រានអស់ប្រមាណពីរបីនាទី ចូរលើកឆ្នាំងចេញពីចង្ក្រានចូលទៅក្នុងប្រអប់ចំបើង។ អាហារនឹងនៅតែបន្តមានកម្តៅក្តៅរយៈពេល២ម៉ោងឬលើស។ អាហារកាន់តែច្រើននៅក្នុងឆ្នាំង កម្តៅកាន់តែច្រើន។ ចង្ក្រានប្រអប់ចំបើង គ្មានប្រសិទ្ធភាពចំពោះអាហារតិចតួចនោះទេ។
សារធាតុអីសូឡង់ ប៉ុន្តែមិនមែនជាប្លាស្ទិក ឬអេប៉ុង
ឆ្នាំងជាមួយគម្រប
ប្រអប់
|
គម្របកញ្ច។
ឆ្នាំងសម្ល ជាមួយគម្រប
ង្ក្រានប្រអប់ចំបើងធ្វើពីប្រអប់ឡាំងជើ
ក្រណាត់ដេរភ្ជាប់ដើម្បីទប់អីសូឡង់ឲ្យជាប់នឹងកញ្ជើ
|
សារធាតុអីសូឡង់សម្រាប់គ្របលើឆ្នាំង | ចង្ក្រានប្រអប់ចំបើងធ្វើពីកញ្ជើ។ |
ចង្ក្រានលោហៈដែលបានកែលម្អ
ចង្ក្រានរ៉ុកែតគឺជាចង្ក្រានដែកតូចមួយ ដែលអាចប្រើប្រាស់ក្នុងស្ថានភាពរស់នៅបណ្តោះអាសន្ន ដូចជាជំរុំជនភៀសខ្លួន ឬនៅកន្លែងដែលមនុស្សមិនមានធនធានសម្រាប់ផលិតចង្ក្រានធំ។ វាដុតឧសបានល្អ ដោយមានផ្សែងតិចតួច។ ចង្ក្រានរ៉ុកែតនេះធ្វើឡើងពីសម្ភារៈថោកៗ និងដែលមានក្នុងតំបន់។ សម្រាប់សេចក្តីណែនាំលម្អិតអំពីវិធីសាងសង់ចង្ក្រានរ៉ុកែត ។