Hesperian Health Guides
អាល់ឡែហ្ស៊ី
វិគី ព័ត៌មាន សុខភាព > សៀវភៅណែនាំសម្រាប់សហគមន៍ស្តីអំពីសុខភាពបរិស្ថាន > ១៧. ផ្ទះដែលមានសុខភាពល្អ > អាល់ឡែហ្ស៊ី
វត្ថុជាច្រើននៅក្នុងផ្ទះអាចបណ្តាលឲ្យមានអាល់ឡែហ្ស៊ី ដូចជាផលិតផលសម្អាត សារធាតុគីមីនៅលើកម្រាលព្រំនិងគ្រឿងសង្ហារឹម ផ្សិត លម្អងផ្កា អង្គែរសត្វ ស្បែកសត្វ កាកសំណល់ ធូលីនិងកំទេចសត្វល្អិត កន្លាត កណ្តុរប្រេង កណ្តុរ និងសត្វដទៃទៀត។ ការប៉ះពាល់នឹងសារធាតុពុលអាចបណ្តាលឲ្យមានការប្រតិកម្មនឹងសារធាតុគីមីច្រើនមុខ(MCS) ដែលស្រដៀងគ្នានឹងអាល់ឡែហ្។ មធ្យោបាយខ្លះៗដើម្បីបង្ការប្រតិកម្មអាល់ឡែហ្ស៊ីគឺ ៖
- កែលម្អចរន្តខ្យល់ចេញចូលក្នុងផ្ទះ។
- កាត់បន្ថយការប៉ះពាល់ជាមួយសារធាតុកខ្វក់ដែលធ្វើឲ្យមានប្រតិកម្មអាល់ឡែហ្ស៊ី។
- សម្អាតផ្ទះឲ្យស្អាតនិងគ្មានធូលីជានិច្ច។
មាតិកា
កំទេចធូលី និងកំទេចសត្វល្អិត
កំទេចសត្វល្អិតគឺជាសត្វល្អិតតូចៗមើលមិនឃើញដែលជាមូលហេតុចម្បងជាងគេនៃអាល់ឡែហ្ស៊ីក្នុងផ្ទះ។ វាធ្វើឲ្យមានភាពក្រហល់ក្រហាយលើភ្នែក ច្រមុះ និងបណ្តាលឲ្យជំងឺហឺតធ្វើទុក្ខ។ កំទេចសត្វល្អិតរស់នៅក្នុងកន្លែងក្តៅឧណ្ហ, កន្លែងសើមដែលពោរពេញដោយធូលី ដូចជាខ្នើយ, ពូក, កម្រាលព្រំ, វត្ថុលេងមានញាត់គ, សម្លៀកបំពាក់, និងគ្រឿងសង្ហារឹម។
ដើម្បីកម្ចាត់កំទេចដី និងកំទេចសត្វល្អិត
ការលាងសម្អាតកន្លែងដេក ពូក ភួយ នឹងជួយកាត់បន្ថយកំទេចដី កំទេចសត្វល្អិត និងរោមសត្វ។ ដាក់ស្រោមពូកនិងខ្នើយដោយក្រណាត់ត្បាញយ៉ាងជិត ឬប្លាស្ទិក ហើយលាងសម្អាតស្រោមទាំងនេះជាមួយទឹកក្តៅជាប្រចាំ អាចជួយកម្ចាត់កំទេចសត្វ។ ប្រសិនបើមាននរណាម្នាក់ក្នុងផ្ទះមានអាល់ឡែហ្ស៊ីជាមួយកំទេចដី ឬកំទេចសត្វល្អិត អ្នកអាចជៀសវាងកម្រាលព្រំ ព្រំ ឬក្រណាត់ផ្សេងទៀតនៅក្នុងផ្ទះ។
ការលាងសម្អាតនិងហាលថ្ងៃក្រៅផ្ទះក្រោមពន្លឺថ្ងៃជាប្រចាំ អាចជួយកម្ចាត់កំទេចដី និងកំទេចសត្វល្អិត។ |
ផ្សិតម៉ូល(Mold)
ផ្សិតម៉ូលគឺជាប្រភេទផ្សិត(fungus)ម្យ៉ាងដែលដុះនៅលើដីនិងរុក្ខជាតិដទៃទៀត។ ក្នុងផ្ទះវាកើតមាននៅលើជញ្ជាំង សម្លៀកបំពាក់ អាហារសល់ឬផ្អូម និងនៅទីកន្លែងសើម។ ផ្សិតម៉ូលក៏អាចហៅម្យ៉ាងទៀតថាផ្សិតម៉ាលឌូ(mildew)ផងដែរ។ ផ្សិតម៉ូលនិងម៉ាលឌូភាគច្រើនមានទម្រង់ជាម្សៅពណ៌ខ្មៅឬលឿង សរសៃតូចៗ ឬរាងជារោមសនិងខៀវ។
នៅក្រៅផ្ទះ ផ្សិតម៉ូលមានសារសំខាន់ចំពោះបរិស្ថាន។ ផ្សិតម៉ូលជួយវត្ថុដែលងាប់ឲ្យទៅជារលួយ និងក្លាយទៅជាដី។ ប៉ុន្តែវាបញ្ចេញស្ព័រ(spores)ល្អិតៗដែលអាចបណ្តាលឲ្យមានបញ្ហាសុខភាព នៅពេលដកដង្ហើមស្រូបវាចូល។ ផ្សិតម៉ូលក៏បំផ្លាញវត្ថុទាំងអស់ដែលវាដុះនៅលើ ដូច្នេះមានផ្សិតម៉ូលនៅក្នុងផ្ទះ មិនដែលជាការល្អទេ។
ផ្សិតម៉ូលបណ្តាលឲ្យមានជាបញ្ហាដង្ហើម ឈឺក្បាល ក្រហល់ក្រហាយស្បែក និងអាចធ្វើទុក្ខជំងឺហឺត និងប្រតិកម្មអាល់ឡែហ្ស៊ី។ ក្នុងករណីកម្រ ការប៉ះពាល់ជាមួយផ្សិតម៉ូលខ្លះ អាចបណ្តាលឲ្យមានបញ្ហាសុខភាពធ្ងន់ធ្ងរ និងបណ្តាលឲ្យស្លាប់ ជាពិសេសចំពោះទារក។ អ្នកផ្ទុកមេរោគអេដស៍ ងាយរងគ្រោះបំផុតពីបញ្ហាសុខភាពដែលបង្កឡើងដោយផ្សិតម៉ូលនេះ។
ការបង្ការនិងកម្ចាត់ផ្សិតម៉ូល
ផ្សិតម៉ូលលូតលាស់នៅកន្លែងសើមដែលមិនមានខ្យល់ចេញចូលបានល្អ។ ដើម្បីបង្ការនិងកម្ចាត់ផ្សិតម៉ូល ចូរព្យាយាមអនុវត្តតាមចំណុចមួយឬច្រើនដូចខាងក្រោមនេះ ៖
- ជួសជុលកន្លែងធ្លាយលើជញ្ជាំង ដំបូល និងបំពង់ផ្សែង។
- កែលម្អខ្យល់ចេញចូល។ ពេលដែលមានខ្យល់ឆ្លងកាត់ក្នុងផ្ទះច្រើន វារក្សាភាពស្ងួតនៃ វត្ថុផ្សេងៗ និងជួយបង្ការមិនឲ្យផ្សិតម៉ូលលូតលាស់។
- លាងសម្អាតកន្លែងដែលមានដុះផ្សិតម៉ូលដោយប្រើសូលុយស្យុងសាវ៉ែល។
វិធីលាយសូលុយស្យុងសាវ៉ែល
លាយ ៖ ទឹកសាវ៉ែលសុទ្ធ១ពែង ជាមួយទឹកសាប៊ូ១/៤ស្លាបព្រាកាហ្វេ និងទឹកក្តៅឧណ្ឌ៤លីត្រ។ | |
(ការបន្ថែមទឹកខ្មេះ១ពែង អាចធ្វើឲ្យសូលុយស្យុងនេះសម្លាប់មេរោគថែមទៀតដែលមានមកជាមួយផ្សិតម៉ូល)។ |
ពាក់ស្រោមដៃនិងម៉ាស់ការពារ ឬបិតច្រមុះនិងមាត់របស់អ្នក និងបើកបង្អួចចំហរក្នុងពេលសម្អាតផ្ទៃផ្សេងៗ ដោយសូលុស្យុងនេះ។ ទុកសូលុយស្យុងនេះនៅលើផ្ទៃរយៈពេល១០-១៥នាទី រួចលាងសម្អាតជាមួយទឹកធម្មតា។ ជូតសម្អាតផ្ទៃឲ្យស្ងួតដើម្បីកុំឲ្យផ្សិតដុះឡើងវិញ។