Hesperian Health Guides
សុវត្ថិភាពអគ្គីភ័យ
វិគី ព័ត៌មាន សុខភាព > សៀវភៅណែនាំសម្រាប់សហគមន៍ស្តីអំពីសុខភាពបរិស្ថាន > ១៧. ផ្ទះដែលមានសុខភាពល្អ > សុវត្ថិភាពអគ្គីភ័យ
ឧបករណ៍ផ្តល់សញ្ញាពេលមានអគ្គីភ័យ និងមានតម្លៃថោកនៅក្នុងប្រទេសខ្លះ។ |
ផ្នែកដ៏សំខាន់មួយនៃផ្ទះប្រកបដោយសុខភាព គឺការបង្ការអគ្គីភ័យ។
- រក្សាភ្លើងចម្អិនឲ្យនៅបិទជិតល្អ។
- ដាក់ភ្លើងឲ្យនៅឆ្ងាយពីកុមារ និងដាក់កុមារឲ្យឆ្ងាយពីភ្លើង។
- រក្សាទុកសារធាតុដែលឆេះឬពុល(ដូចជាប្រេងសាំង ថ្នាំលាប សូលុយស្យុងលាយថ្នាំឲ្យរាវ សារធាតុរំលាយ និងប្រេងកាត) នៅក្រៅផ្ទះ និងដាក់ក្នុងប្រអប់បិទជិតល្អ។ ប្រសិនបើមានសារធាតុទាំងនេះនៅក្នុងផ្ទះ ត្រូវដាក់វាឲ្យនៅឆ្ងាយពីប្រភពកម្តៅ។
- ត្រូវប្រាកដថាបណ្តាញអគ្គិសនីមានសុវត្ថិភាព។
- ដាក់ធុងទឹកមានគម្រប ធុងខ្សាច់ឬដី ឬបំពង់ពន្លត់អគ្គីភ័យ នៅក្បែរចង្ក្រាន។
អគ្គិសនី
សូម្បីអគ្គិសនីតែបន្តិចបន្តួចក៏អាចកែលម្អជីវភាពរបស់មនុស្សបានដែរ ដូចជាការចម្អិន បំភ្លឺ ក្នុងទូរទឹកកក និងផ្សេងៗទៀត។ ប៉ុន្តែខ្សែភ្លើងដែលគ្មានសុវត្ថិភាពអាចបណ្តាលឲ្យភ្លើងឆក់ និងភ្លើងឆេះ។ ដើម្បីបង្ការគ្រោះថ្នាក់ ៖
- ប្រាកដថាខ្សែភ្លើងត្រូវបានដំឡើងយ៉ាងត្រឹមត្រូវ និងកប់ក្នុងដី។
- មិនត្រូវអូសខ្សែភ្លើងនៅក្រោមកម្រាលព្រំទេ។
- ជៀសវាងការបន្តខ្សែភ្ជាប់គ្នាដើម្បីឲ្យបានខ្សែវែងមួយ។ ប្រសិនបើខ្សែទាំងអស់មិនមែនផលិតឡើងដើម្បីឲ្យភ្ជាប់គ្នាទេ នោះវាអាចបណ្តាលឲ្យមានភ្លើងឆេះ។
- មិនត្រូវដំឡើងកន្លែងបំបែកចរន្តអគ្គិសនី(ព្រីភ្លើង)ឬកុងតាក់នៅកន្លែងដែលសើម បំពង់ទឹក ក្បាលម៉ាស៊ីនទឹក ឬអាងទឹកនោះទេ។
ខ្សែចម្លងចរន្តអគ្គិសនី
ខ្សែកាបដែលចម្លងចរន្តអគ្គិសនីមានតង់ស្យុងខ្ពស់ បញ្ចេញការភាយចរន្តអគ្គិសនីដែលបណ្តាលឲ្យឈឺក្បាល ធុញថប់ មួរម៉ៅ និងអាចនាំឲ្យមានបញ្ហាសុខភាពធ្ងន់ធ្ងរថែមទៀត ដូចជាជំងឺមហារីកឈាម។ ដូចគ្នានឹងពន្លឺភ្លើងទៀនដែលកាន់តែស្រអាប់ពេលដែលភ្នែកយើងនៅឆ្ងាយ គ្រោះថ្នាក់ដែលបង្កឡើងដោយចរន្តអគ្គិសនីក៏កាន់តែខ្សោយទៅតាមចម្ងាយដែរ។ ដើម្បីកាត់បន្ថយគ្រោះថ្នាក់៖
- សាងសង់ផ្ទះក្នុងចម្ងាយ៥០-៧០ម៉ែត្រពីខ្សែដែលមានតង់ស្យុងខ្ពស់។
- ក្រុមហ៊ុនសាងសង់មិនគួរសាងសង់បង្គោលខ្សែភ្លើង ឬប៉មទូរសព្ទ័ចល័តនៅក្បែរសាលារៀន ឬមន្ទីរពេទ្យទេ។
- ខ្សែភ្លើងគួរតែកប់ក្នុងដីប្រសិនបើអាច ជាជាងបណ្តែតនៅលើដី។