Hesperian Health Guides
បញ្ហាសួត
វិគី ព័ត៌មាន សុខភាព > សៀវភៅណែនាំសម្រាប់សហគមន៍ស្តីអំពីសុខភាពបរិស្ថាន > ១៦. គ្រោះថ្នាក់បណ្តាលមកពីសារធាតុគីមីពុល > បញ្ហាសួត
ផ្នែកសំខាន់ពីរនៃការបំពុលខ្យល់ គឺឧស្ម័នពុល ហៅថាអូហ្សូន និងភាគល្អិត។ ភាគល្អិតគឺជាលំអងផ្សែងតូចៗ ផ្សែងពុល លោហៈ សារធាតុគីមី កំទេចដី ទឹក និងជ័រដែលបានមកពីសំបកកង់ឡាន។ ភាគល្អិតតូចបំផុតគឺគ្រោះថ្នាក់ខ្លាំងបំផុត ព្រោះវាចូលយ៉ាងជ្រៅទៅក្នុងសួត។ ការប៉ះពាល់នឹងភាគល្អិត បង្កឲ្យមានជំងឺហឺត រលាកទងសួត និងបង្កើនជំងឺផ្តាសាយធម្មតា ផ្តាសាយធំ និងជំងឺផ្លូវដង្ហើមដទៃទៀត។ អូហ្សូនគឺជាសារធាតុក្រហាយខ្លាំង បង្កឲ្យផ្លូវដង្ហើមរបស់មនុស្សណែនចង្អៀត ជំរុញឲ្យសួតធ្វើការខ្លាំងឡើង និងធ្វើឲ្យបញ្ហាសួតដែលមានស្រាប់ កាន់តែធ្ងន់ធ្ងរឡើង។ វាក៏អាចបណ្តាលឲ្យឈឺក្បាល ដកដង្ហើមឮសូរ ឈឺទ្រូង ចង្អោរ និងអស់កម្លាំង ហើយធ្វើឲ្យមនុស្សងាយនឹងមានជំងឺសួត ដូចជាជំងឺរបេង និងជំងឺរលាកសួត។
ស្ទើរតែភ្លាមៗ ផ្សែងនិងខ្យល់កខ្វក់ធ្វើឲ្យចេញទឹកភ្នែក ស្ងួតក ក្អក និងដកដង្ហើមឮសូរ។ ការបំពុលខ្យល់ក្នុងកម្រិតខ្ពស់ ក៏ធ្វើឲ្យខូចសួតដែរ។ ការបំពុលនេះធ្វើឲ្យបញ្ហាបេះដូងនិងជំងឺសួតដែលមានស្រាប់ កាន់តែធ្ងន់ធ្ងរថែមទៀត ហើយធ្វើឲ្យបេះដូងនិងសួតធ្វើការកាន់តែខ្លាំងឡើង ដើម្បីផ្គត់ផ្គង់អុកស៊ីហ្សែនទៅរាងកាយ បង្កឲ្យមានការលំបាកក្នុងការដកដង្ហើម អស់កម្លាំង និងឈឺទ្រូង។
ការប៉ះពាល់នឹងខ្យល់កខ្វក់ក្នុងរយៈពេលយូរធ្វើឲ្យ ៖
- សួតចាស់ឆាប់រហ័ស។
- កើតមានជំងឺសួតរ៉ាំរ៉ៃ ដូចជាជំងឺហឺត រលាកទងសួតរ៉ាំរ៉ៃ ខ្យល់ពេញថង់សួត និងមហារីកសួត។
- អ្នកជំងឺឆាប់ស្លាប់ ជាញឹកញាប់បំផុតគឺដោយសារគាំងបេះដូង និងដាច់សរសៃឈាមខួរក្បាល។
ការបំពុលខ្យល់មានគ្រោះថ្នាក់បំផុតចំពោះអ្នកដែលមានបញ្ហាបេះដូងឬជំងឺសួតស្រាប់ ស្ត្រីមានផ្ទៃពោះ កុមារក្រោមអាយុ១៤ឆ្នាំដែលសួតនៅលូតលាស់ និងអ្នកដែលធ្វើការឬហាត់ប្រាណក្រៅផ្ទះខ្លាំងក្លា។
មាតិកា
ការបង្ការ និងការព្យាបាល
- ឈប់ជក់បារី។
- ជៀសវាងឬកាត់បន្ថយការប៉ះពាល់នឹងផ្សែងចង្ក្រាន ផ្សែងយានយន្ត ឬផ្សែងគីមីផ្សេងៗទៀត។
- បង្ការជំងឺទ្រូង ដោយការលាងសម្អាតដៃ និងចាក់វ៉ាក់សាំង។
- ថ្នាំសម្រួលដង្ហើមភ្លាមនិងស៊ីរ៉ូក្អក អាចមានប្រយោជន៍។
បញ្ហាសុខភាពមួយចំនួនដែលបណ្តាលមកពីការបំពុលខ្យល់ គឺមិនអាចព្យាបាលបានទេ ដូចជាមហារីក ខ្យល់ពេញថង់សួត និងជំងឺហឺត ទោះបីប្រជាជនអាចរស់នៅជាមួយបញ្ហានេះបានយូរក៏ដោយ។ ការចេញឲ្យឆ្ងាយពីខ្យល់កខ្វក់ អាចពន្យឺតការវិវឌ្ឍន៍នៃជំងឺសួតជាច្រើន ប៉ុន្តែចំណុចនេះមនុស្សជាច្រើនមិនអាចធ្វើបានទេ។
ជំងឺរលាកទងសួតរ៉ាំរ៉ៃ
វាគឺជាការរលាក(ហើម)នៃផ្លូវខ្យល់សំខាន់ៗក្នុងសួត។ ការជក់បារី ឬការទទួលផ្សែងបារីពីគេ ការបំពុលខ្យល់ ផ្សែងសារធាតុគីមី និងធូលី គឺជាមូលហេតុចម្បងនៃជំងឺរលាកទងសួតរ៉ាំរ៉ៃ។
នៅពេលដែលផ្លូវខ្យល់របស់មនុស្សម្នាក់ត្រូវបានរលាក ស្លេសខាប់ក៏កើតឡើង ហើយធ្វើឲ្យស្ទះផ្លូវខ្យល់ ធ្វើឲ្យពិបាកដកដង្ហើម។ រោគសញ្ញានៃការរលាកទងសួតរ៉ាំរ៉ៃ មានដូចជា ក្អកមានស្លេសបៃតងលឿង ពិបាកដកដង្ហើម តឹងក្នុងទ្រូង ដកដង្ហើមឮសូរ អស់កម្លាំង ឈឺក្បាល និងហើមកជើង ប្រអប់ជើង និងជើង។
ជំងឺហឺត
ហឺតជាជំងឺរ៉ាំរ៉ៃដែលកើតឡើងញឹកញាប់លើកុមារនិងមនុស្សធំ។ រោគសញ្ញាមានដូចជា ដកដង្ហើមឮសូរ ក្អក បាត់បង់ខ្យល់ដង្ហើម និងតឹងទ្រូង។ បញ្ហាទាំងនេះកើតឡើងនៅពេលដែលផ្លូវដង្ហើមបិទជិត ហើយក្នុងសួតពេញដោយស្លេស។ ភាពពុលឧស្សាហកម្ម និងសារធាតុពុល គឺជាមូលហេតុញឹកញាប់នៃជំងឺហឺត ប៉ុន្តែជំងឺហឺតបង្កឡើងដោយមូលហេតុជាច្រើន។
ក្នុងពេលជំងឺហឺតធ្វើទុក្ខ ចូរអង្គុយឱនទៅមុខ ដាក់ដៃលើក្បាលជង្គង់ កោងខ្នង ពង្រីកទ្រូងរបស់អ្នក និងព្យាយាមបន្ធូរខ្យល់។ |
ការព្យាបាល
ដើម្បីបន្ថយការធ្វើទុក្ខជំងឺហឺត ត្រូវហឺតថ្នាំដែលធ្វើឲ្យបើកផ្លូវដង្ហើម។ ប្រសិនបើគ្មានថ្នាំសម្រួលដង្ហើមឆាប់រហ័សទេ ចូរព្យាយាមផឹកកាហ្វេចាស់ ឬតែចាស់, ថ្នាំអែហ្វេដ្រា(ថ្នាំចិនម៉ាហួង) (ephedra(ma huang)), ឬថ្នាំស៊ូដូហ្វេឌ្រីន (Pseudoephedrine)។ ថ្នាំសម្រួលដង្ហើមភ្លាមៗ គ្រប់គ្រងការធ្វើទុក្ខនៃជំងឺហឺត ប៉ុន្តែវាមិនមែនសម្រាប់បង្ការការធ្វើទុក្ខទេ។ សម្រាប់ការព្យាបាល សូមជួបជាមួយបុគ្គលិកសុខាភិបាល។
ការបង្ការ
ការព្យាបាលយូរអង្វែងអាចជួយបង្ការការធ្វើទុក្ខជំងឺហឺត ធ្វើឲ្យវាស្រាលជាង ឬមិនសូវមានញឹកញាប់។ ប្រសិនបើគ្មានថ្នាំពេទ្យសម្រាប់ព្យាបាលយូរអង្វែងទេ អាចប្រើប្រាស់រុក្ខជាតិឱសថនីហ្សែឡាសាទីវ៉ា(Nigella sativa ) (គ្រាប់ពូជខ្មៅ, កាឡុងហ្ស៊ី(kalonji), ហាបាសរដា(habba sawda)) អាចបង្ការការធ្វើទុក្ខនៃជំងឺហឺត។ ការផឹកគ្រាប់ពូជខ្មៅ ២ស្លាបព្រាកាហ្វេ លាយទឹកឃ្មុំ ឬយ៉ៅអួរ(yogurt) ១ថ្ងៃម្តង នឹងជួយពង្រឹងសួត និងប្រព័ន្ធការពាររាងកាយ។
ដើម្បីបង្ការការធ្វើទុក្ខនៃជំងឺហឺត ចូរជៀសវាងឬបន្ថយការប៉ះពាល់វត្ថុផ្សេងៗដែលរំញោចវាឲ្យធ្វើទុក្ខ ដូចជា ៖
- ផ្សែងពីចង្ក្រាន ការដុតកម្តៅ និងបារី។
- ខ្យល់អាក្រក់នៅក្រៅផ្ទះដែលមកពីរោងចក្រ ឬរថយន្ត។ ពេលដែលការបំពុលមានសភាពខ្លាំងក្លា អ្នកជំងឺហឺតគួរស្នាក់នៅក្នុងផ្ទះ និងមិនត្រូវធ្វើការងារធ្ងន់ទេ។
- សារធាតុគីមីនៅក្នុងថ្នាំពណ៌ ទឹកលាយ ថ្នាំសម្លាប់សត្វល្អិត ទឹកអប់ និងផលិតផលសម្អាត។
- ពពួកសត្វល្អិតដែលកាត់ខោអាវ។ យកវត្ថុលេង និងកម្រាលព្រំចេញពីកន្លែងដេក។
- រោមនិងស្បែកសត្វ រួមទាំងសត្វចិញ្ចឹមក្នុងផ្ទះ។
- សត្វកន្លាត និងសត្វល្អិតផ្សេងៗទៀត
- ផ្សិត.
- ភាពធញ់ធប់ផ្លូវចិត្តនិងផ្លូវកាយ ដែលជាញឹកញាប់ជាលទ្ធផលនៃការផ្លាស់ប្តូរការរស់នៅ ការធ្វើការលើសកម្រិត និងលំហាត់ប្រាណខ្លាំងក្លាពេក។
ជំងឺអាបែស្តូ
អាបែស្តូគឺជាជាតិរ៉ែដែលធ្លាប់ប្រើប្រាស់សម្រាប់ការពារភ្លើងឆេះក្នុងអាគារ និងក្នុងឧបករណ៍មួយចំនួនទៀត។ អាបែស្តូកើតចេញពីសរសៃតូចៗដែលចូលទៅក្នុងខ្យល់ និងត្រូវបានហឺតចូលទៅក្នុងសួតដែលវាធ្វើឲ្យខូចខាតជាអចិន្ត្រៃយ៍។ អាបែស្តូបង្កឲ្យមានគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរ ដូច្នេះវាត្រូវបានហាមឃាត់ដោយរដ្ឋាភិបាលជាច្រើន។
ការប៉ះពាល់នឹងអាបែស្តូ បង្កឲ្យមានជំងឺអាបែស្តូ និងមហារីកសួត។ សញ្ញាដំបូងៗនៃជំងឺទាំងនេះ មានដូចជា ក្អក ពិបាកដកដង្ហើម ឈឺទ្រូង ស្រកទម្ងន់ និងខ្សោយ។