Hesperian Health Guides

សារធាតុគីមីបង្កគ្រោះថ្នាក់ដល់យើងដោយរបៀបណា

នៅក្នុងជំពូកនេ:

A woman holds a baby next to a man holding the hands of a boy and girl.
សមាជិកគ្រប់គ្នានៅក្នុងគ្រួសារនេះ សុទ្ធតែរងការប៉ះពាល់ពីរោងចក្រគីមីនៅក្នុងទីក្រុងរបស់ខ្លួន — ខ្លះតិច ខ្លះច្រើន។

មិនថាមនុស្សម្នាក់នឹងទទួលរងគ្រោះដោយសារធាតុគីមីពុលឬនឹងមិនទទួលក៏ដោយ, ហើយនិងបញ្ហាសុខភាពប្រភេទណាមួយដែលអាចកើងឡើងក៏ដោយ, វាអាស្រ័យលើចំណុចជាច្រើន ៖

  • ប្រភេទនិងបរិមាណនៃសារធាតុគីមីដែលគាត់បានប៉ះពាល់។
  • រយៈពេលនៃការប៉ះពាល់។
  • អាយុ ទម្ងន់ខ្លួន កម្ពស់ និងភេទរបស់គាត់។
  • ស្ថានភាពសុខភាពទូទៅរបស់គាត់ក្នុងពេលប៉ះពាល់។


គ្រោះថ្នាក់នៃសារធាតុគីមីពុល គឺមានសភាពខ្លាំងបំផុតក្នុងពេលដែលរាងកាយយើងលូតលាស់ ឬផ្លាស់ប្តូរយ៉ាងឆាប់រហ័ស ៖

  • ពេលដែលទារកកំពុងចេញរូបរាងនៅក្នុងស្បូន
  • ពេលដែលកុមារនៅតូច និងកំពុងរីកលូតលាស់ឆាប់រហ័ស។
  • ពេលដែលរាងកាយយុវវ័យកំពុងតែមានការផ្លាស់ប្តូរឆាប់រហ័ស។
  • នៅពេលដែលរាងកាយមនុស្សចាស់ជរាចុះថមថយ និងមានលទ្ធភាព តិចតួចក្នុងការច្រោះ សារធាតុពុល។

ផលប៉ះពាល់ពីសារធាតុគីមីពុលមកលើមនុស្សម្នាក់ អាចធ្ងន់ធ្ងរ ដូចជាពិការភាពពីកំណើតយ៉ាងធ្ងន់ធ្ងរ ឬមហារីក។ ផលប៉ះពាល់ដទៃទៀតអាចពិបាកនឹងមើលឃើញដោយភ្នែកផ្ទាល់ ដូចជាការលំបាកក្នុងការរៀនសូត្រ ការលូតលាស់យឺត អាឡែហ្សី ពិបាកមានកូន និងជំងឺដែលកើតញឹកញាប់។

ជាញឹកញាប់ វាមានការលំបាកដើម្បីឲ្យដឹងថាបញ្ហាសុខភាពជាក់លាក់មួយ ត្រូវបានបង្កឡើងឬធ្វើឲ្យកាន់តែធ្ងន់ធ្ងរឡើងដោយសារសារធាតុគីមីពុលឬក៏មិនមែន។ ទោះបីសារធាតុគីមីពុលត្រូវបានបង្ហាញជាក់ច្បាស់ថាបានបង្កជំងឺផ្សេងៗជាច្រើនក៏ដោយ ដោយសារយើងបានប៉ះពាល់នឹងសារធាតុពុលច្រើនប្រភេទ និងក្នុងពេលខុសៗគ្នា ដូច្នេះវាជាការលំបាកដើម្បីបញ្ជាក់ថា ការប៉ះពាល់សារធាតុគីមីជាក់លាក់ណាមួយ គឺជាមូលហេតុនៃជំងឺមួយ។ ប៉ុន្តែមានជំងឺជាច្រើនដែលកើតមានញឹកញាប់នៅកន្លែងដែលប្រជាជនបានប៉ះពាល់នឹងសារធាតុគីមីជាប្រចាំ។

សូម្បីតែបរិមាណតិចតួចក៏អាចបង្កគ្រោះថ្នាក់ដែរ

កាលពីដើម វេជ្ជបណ្ឌិតនិងអ្នកវិទ្យាសាស្ត្របានដើរតាមក្បួន “កម្រិតដូស៍ធ្វើឲ្យមានភាពពុល” ។ នេះមានន័យថា សារធាតុកាន់តែច្រើន ឥទ្ធិពលមានកាន់តែខ្លាំង, សារធាតុកាន់តែតិច ឥទ្ធិពលមានកាន់តែខ្សោយ។ ឧទាហរណ៍ សារធាតុពុល ដូចជាអាសេនិក ឬស្យ៉ានិត អាចពុលបានតែពេលដែលមនុស្សបរិភោគវាច្រើនប៉ុណ្ណោះ។ សូម្បីតែថ្នាំពេទ្យភាគច្រើនក៏ដូចគ្នាដែរ, ដូចជាអាស្ពីរីន, មានប្រយោជន៍ពេលណាបរិភោគក្នុងចំនួនតិច តែបើបរិភោគក្នុងចំនួនច្រើន វានឹងបង្កគ្រោះថ្នាក់។

ប៉ុន្តែចំពោះសារធាតុគីមីពុលវិញ សូម្បីតែបរិមាណតិចតួចក៏ដោយ ក៏អាចឲ្យមានគ្រោះថ្នាក់ខ្លាំងក្លាដែរ។ សារធាតុ គីមីខ្លះ ដូចជាសារធាតុសរីរាង្គពុលនិងស្ថិតនៅយូរក្នុងបរិយាកាស(POP) និង(PCBs) គឺគ្មានសុវត្ថិភាពទេ ទោះជាក្នុងបរិមាណប៉ុនណាក៏ដោយ។