Hesperian Health Guides
បន្ទុកសារធាតុគីមីក្នុងខ្លួនរបស់យើង
វិគី ព័ត៌មាន សុខភាព > សៀវភៅណែនាំសម្រាប់សហគមន៍ស្តីអំពីសុខភាពបរិស្ថាន > ១៦. គ្រោះថ្នាក់បណ្តាលមកពីសារធាតុគីមីពុល > បន្ទុកសារធាតុគីមីក្នុងខ្លួនរបស់យើង
ថ្វីបើយើងមានសារធាតុគីមីទាំងនេះនៅក្នុងខ្លួន មិនមានន័យថា គ្រប់គ្នាដែលមានផ្ទុកនោះនឹងមានជំងឺទេ។ មនុស្សខ្លះអាចមានជំងឺសូម្បីតែមានផ្ទុកសារធាតុគីមីក្នុងខ្លួនតិចតួចប៉ុណ្ណោះ។ អ្នកខ្លះមានសារធាតុគីមីច្រើនជាងនេះ តែមិនមានជំងឺទេ(សូមអានសារធាតុគីមីបង្កគ្រោះថ្នាក់ដល់យើងដោយរបៀបណា)។
ជាញឹកញាប់ កុមារមានបន្ទុកច្រើនជាងមនុស្សចាស់។ ថ្វីបើគេមានរយៈពេលខ្លីក្នុងពេលប៉ះពាល់សារធាតុគីមី ដោយហេតុតែមានអាយុតិចក៏ដោយ ប៉ុន្តែរាងកាយរបស់គេមិនទាន់អភិវឌ្ឍនូវមធ្យោបាយសម្រាប់ការពារខ្លួនពីសារធាតុពុល ឬក៏បញ្ចេញសារធាតុពុលចេញពីរាងកាយរបស់គេនៅឡើយ។
ល្បាយសារធាតុពុល
មានសារធាតុគីមីជាច្រើនក្នុងបរិស្ថានរបស់យើង ដែលជាញឹកញាប់យើងមិនដឹងថាតើសារធាតុគីមីមួយណា ដែលយើងបានប៉ះពាល់ ឬថាតើការរួមផ្សំរបស់វាអាចប៉ះពាល់ដល់យើងដូចម្តេចខ្លះ។ ល្បាយសារធាតុគីមីទាំងនេះធ្វើឲ្យមានការលំបាកក្នុងការតាមដានបញ្ហាសុខភាពមនុស្សដែលបានប៉ះពាល់សារធាតុគីមី។ ក្នុងករណីភាគច្រើន ល្បាយនៃសារធាតុគីមីមានគ្រោះថ្នាក់ខ្លាំងជាងសារធាតុគីមីមួយមុខ។
អ្នកវិទ្យាសាស្ត្របានសិក្សាទៅលើសារធាតុគីមីនីមួយៗ ដើម្បីឲ្យដឹងអំពីរបៀបដែលវាអាចបង្កគ្រោះថ្នាក់លើសុខភាពមនុស្ស។ ប៉ុន្តែផលិតផលគីមីជាច្រើន ដូចជាសារធាតុសម្អាត ថ្នាំពណ៌ជ្រលក់ ប្លាស្ទិក ថ្នាំលាប និងកាវ គឺជាល្បាយនៃសារធាតុគីមីជាច្រើន។ ឧទាហរណ៍ ថ្នាំពណ៌មានសារធាតុរំលាយ សារធាតុពណ៌ និងសារធាតុដទៃទៀត។ សារធាតុរំលាយបង្កឲ្យមានបញ្ហាសុខភាពមួយសំណុំ ចំណែកឯសារធាតុពណ៌ក៏បង្កឲ្យមានសុខភាពមួយសំណុំទៀត។ ការលាយចូលគ្នានៃសារធាតុទាំងនេះ អាចបង្កឲ្យមានបញ្ហាសុខភាពសំណុំទី៣ រួមទាំងបញ្ហាសុខភាពដែលសារធាតុគីមីតែមួយមិនបានបង្កឡើងផង។ កាកសំណល់ភាគច្រើននៃឧស្សាហកម្ម ដូចជាផ្សែងដែលចេញពីបំពង់ផ្សែងធំៗ ឬកាកសំណល់គីមីដែលបានចាក់ចូលទៅក្នុងផ្លូវទឹក ក៏ជាល្បាយនៃសារធាតុគីមីជាច្រើនដែរ។
សារធាតុពុលធ្វើចលនាក្នុងបរិស្ថានយ៉ាងដូចម្តេច
មានសារធាតុគីមីពុលជាច្រើនដែលបានធ្វើដំណើរយ៉ាងឆ្ងាយពីប្រភពរបស់វា តាមរយៈខ្យល់ ទឹក និងអាហារ និងក្នុងផលិតផលដែលយើងប្រើប្រាស់រៀងរាល់ថ្ងៃ ដូចជាប្លាស្ទិក ផលិតផលសម្អាត និងថ្នាំសម្លាប់សត្វល្អិត។ សារធាតុទាំងនេះមួយចំនួន ស្ថិតនៅក្នុងបរិស្ថានយ៉ាងយូរ។ មនុស្សគ្រប់គ្នាទាំងអស់នៅលើផែនដី សុទ្ធតែបានផ្ទុកសារធាតុគីមីនៅក្នុងរាងកាយ។
សារធាតុគីមីពុលប្រមូលផ្តុំនៅក្នុងខ្លាញ់របស់មនុស្សនិងសត្វ និងក្នុងរុក្ខជាតិមួយចំនួន។ នៅពេលមនុស្ស ឬសត្វធំៗ (ដូចជា ខ្លាឃ្មុំ ទីទុយ ស្ទាំង ឬត្រីធំ) ស៊ីសត្វតូចៗដូចជាត្រី ឬរុក្ខជាតិ, នោះសារធាតុគីមីពុលដែលមាននៅក្នុងសត្វនោះ ឆ្លងកាត់តាមចង្វាក់អាហារ ឬសំណាញ់អាហារ រួចកកកុញនៅក្នុងខ្លួនមនុស្សឬសត្វដែលបរិភោគឬស៊ីវា។
ទំនាក់ទំនងមរណៈ ៖ សារធាតុគីមីពុលឆ្លងកាត់ពីសត្វទៅមនុស្ស
រយៈពេល ៖ កន្លះម៉ោងទៅ១ម៉ោង
សម្ភារៈ ៖ ខ្សែកធ្វើអំពីគ្រាប់អង្កាំពណ៌ចំនួន២០-៣០ខ្សែ។ ក្នុងនោះប្រហែលពាក់កណ្តាលមានពណ៌តែមួយ ដូចជាពណ៌លឿង, ចំណែកខ្សែកអង្កាំដទៃទៀតមាន២ពណ៌ ដូចជាលឿងនិងក្រហម។
- ១. មនុស្សម្នាក់ៗដើរតួជាសត្វមួយប្រភេទ។ យើងប្រើជាស្ទាំង កណ្តុរ និងកន្ទូប ប៉ុន្តែអ្នកអាចរើសយកប្រភេទ សត្វផ្សេងៗទៀតដែលស្គាល់ច្បាស់។ ជ្រើសរើសស្ទាំងចំនួនតិច(១-២) កណ្តុរច្រើន(៤-១០)និងកន្ទូបច្រើន។ ប្រើប្រាស់ស្លាកបិទដៃ សញ្ញា ឬអ្វីផ្សេងទៀតសម្រាប់សម្គាល់ជាសត្វផ្សេង។ អ្នកសម្របសម្រួលដាក់ខ្សែក ពណ៌នៅជុំវិញកន្លែងដែលលេងល្បែង។
- ២. អ្នកសម្របសម្រួលប្រកាសថា ខ្សែកពណ៌គឺជាអាហាររបស់សត្វកណ្តូប។ អ្វីដែលគាត់មិនត្រូវនិយាយ គឺអង្កាំដែលមានពណ៌ក្រហមគឺជាសារធាតុគីមីពុលដែលប្រមូលផ្តុំក្នុងអាហារ។ កណ្តូបបរិភោគអាហាររបស់វាដោយដាក់ខ្សែកជុំវិញក។ កណ្តូបនីមួយៗប្រមូលអាហារបានច្រើនតាមតែអាចធ្វើបាន ដោយត្រូវចងចាំពីចំនួនខ្សែកសរុបដែលកណ្តូបប្រមូលបាន។
- ៣. បន្ទាប់មក ដោះលែងសត្វកណ្តុរឲ្យចូលទៅក្នុងកន្លែងលេងដើម្បីចាប់កណ្តូប។ ពេលណាកណ្តុរចាប់កណ្តូបបាន កណ្តុរត្រូវយកខ្សែកពីសត្វកណ្តូបទាំងអស់មកពាក់ ហើយកណ្តូបចាកចេញពីកន្លែងលេង។ កណ្តុរនីមួយៗគួរមានពេលគ្រប់គ្រាន់ដើម្បីចាប់កណ្តូបឲ្យបានមួយឬច្រើន ហើយពាក់ខ្សែកដែលប្រមូលបាន។
- ៤. ដោះលែងសត្វស្ទាំងចូលទៅក្នុងវង់ល្បែង ដើម្បីចាប់កណ្តុរ ក្នុងខណៈដែលកណ្តុរកំពុងតែចាប់កណ្តូប។ កណ្តុរមួយណាដែលត្រូវបានស្ទាំងចាប់ ត្រូវផ្ទេរខ្សែកទាំងអស់ទៅស្ទាំង រួចត្រឡប់ទៅអង្គុយវិញ។
- ៥. នៅពេលស្ទាំងបានប្រមូលខ្សែកទាំងអស់ហើយ អ្នកលេងទាំងអស់ប្រមូលគ្នាជារង្វង់មួយ។ សួរកណ្តូបនិងកណ្តុរថាតើខ្សែកដែលគេប្រមូលបានមុនពេលដែលគេត្រូវបានសត្វផ្សេងទៀតស៊ី មានចំនួនប៉ុន្មាន ហើយចំនួនខ្សែកដែលមានពណ៌ក្រហមមានប៉ុន្មាន។ បន្ទាប់មកប្រាប់ស្ទាំងឲ្យបង្ហាញខ្សែកដែលគេប្រមូលបាន។
- ៦. ចាប់ផ្តើមពិភាក្សាដោយប្រាប់ទៅក្រុមថា អង្កាំពណ៌ក្រហមគឺជាសារធាតុគីមីពុលនៅក្នុងអាហារ។ ពន្យល់ថាស្ទាំងដែលមានអង្កាំក្រហមច្រើនជាងគេ បានស្លាប់ដោយសារតែសារធាតុពុលច្រើនពេកក្នុងខ្លួន។ ស្ទាំងផ្សេងទៀតអាចនៅរស់ ប៉ុន្តែពងមកមានសំបកស្តើង ឬកូនញាស់មានជំងឺ។ ប្រាប់ឲ្យក្រុមពិភាក្សាគ្នាអំពីរបៀបដែលសារធាតុគីមីចូលទៅក្នុងទឹកឬអាហាររបស់គេ។ តើអាហារអ្វីខ្លះដែលមនុស្សបរិភោគ ដែលមានសារធាតុគីមីពុល? តើយើងអាចធ្វើដូចម្តេចដើម្បីមិនឲ្យសារធាតុគីមីពុលកកកុញក្នុងខ្លួនរបស់យើង? តើយើងអាចធ្វើដូចម្តេចដើម្បីកុំឲ្យសារធាតុគីមីពុលចូលក្នុងបរិស្ថាន?