Hesperian Health Guides
កសិកម្មចិរភាពនៅក្នុងទីក្រុង
វិគី ព័ត៌មាន សុខភាព > សៀវភៅណែនាំសម្រាប់សហគមន៍ស្តីអំពីសុខភាពបរិស្ថាន > ១៥. កសិកម្មប្រកបដោយចិរភាព > កសិកម្មចិរភាពនៅក្នុងទីក្រុង
មាតិកា
ការកែសម្រួលមធ្យោបាយកសិកម្មមកទីធ្លាតូចៗ
- ដាំរុក្ខជាតិបញ្ឈរនៅលើបង្គោល ជញ្ជាំង ឬទម្រដទៃទៀត។ ផ្នែកចំហៀងនៃអាគារអាចជាកន្លែងដ៏ល្អសម្រាប់រុក្ខជាតិដែលអាចតោងឡើង។
- ដាំដំណាំអាហារនៅលើដំបូលនិងយ៉ ក្នុងធុង ថង់ កង់ឡាន សម្បកកំប៉ុង និងកញ្ជើចាស់។ អ្នកអាចប្រើប្រាស់ប្រដាប់ដាក់របស់គ្រប់ប្រភេទដែលមានរន្ធបង្ហូរទឹកចេញ។ ដំណាំស្លឹក ដូចជាស្ពៃខ្មៅ និងស្ពៃស, និងបន្លែដូចជាប៉េងប៉ោះ ម្រេច និងត្រប់ លូតលាស់ល្អនៅក្នុងប្រដាប់ដាក់របស់។ ចេក ផ្លែល្វា ដើមដូង ម្នាស់ ក្រូចឆ្មារទាបៗ និងស្វាយទាបៗ ក៏លូតលាស់ល្អក្នុងប្រដាប់ដាក់របស់ដែរ។
- ថ្នាលដំណាំដែលមានជម្រៅរាក់ៗប្រហែល២០ស.ម អាចត្រូវចាក់បំពេញដោយសារធាតុសរីរាង្គ ដូចជាសម្បកពោត សម្បកស្រូវឬកាកាវ ស្លឹកឈើ ឬសូម្បីតែក្រដាសកាសែតដែលហែកតូច។ ដាំកូនឈើដោយប្រើដីតិចតួច នៅក្នុងរណ្តៅសារធាតុសរីរាង្គ ហើយឫសរបស់វានឹងដុះចេញ។ ក្នុងពេលយូរទៅ សារធាតុសរីរាង្គនឹងក្លាយជាដី។
សួនដំណាំលើដំបូលផ្ទះ |
- លើកថ្នាលឲ្យខ្ពស់ដោយការជីក២ស្រទាប់ ឬដោយពូនគំនរដីប្រហែល១ម៉ែត្រនៅលើផ្ទៃស៊ីម៉ង់ត៍ ហើយហ៊ុមព័ទ្ធវាដោយធុងធំ។
- ពង្រាយគ្រាប់ពូជឬកូនឈើឲ្យនៅជិតៗគ្នាខុសធម្មតា។ រុក្ខជាតិដែលដាំដោយរបៀបនេះ ពេលយូរទៅនឹងសម្របតាមកន្លែងដែលចង្អៀត។
- ដាំដំណាំច្រើនមុខជាមួយគ្នានៅក្នុងចន្លោះតូចមួយ។
- ដាំដំណាំថ្មីឡើងវិញភ្លាមៗបន្ទាប់ពីប្រមូលផលដំណាំចាស់រួច។
វិធីជីកថ្នាលដំណាំ២ស្រទាប់
ដើម្បីដាំដំណាំឲ្យបានច្រើននៅក្នុងកន្លែងតូច ឬដើម្បីដាំដំណាំនៅលើដីរឹងឬដីដែលមានសារធាតុសរីរាង្គតិច ការជីក២ដងគឺជាមធ្យោបាយដ៏ល្អ។
- ១. ទទឹងរបស់ថ្នាលដំណាំគួរមានប្រវែងធំទូលាយល្មមដែលអាចឲ្យមនុស្ស២នាក់លុតជង្គង់នៅលើគែមសងខាងនៃថ្នាល ហើយលូកដៃមកប៉ះគ្នានៅត្រង់កណ្តាលថ្នាលបាន។ បណ្តោយនៃថ្នាលដំណាំអាចមានប្រវែងយ៉ាងវែងតាមដែលអ្នកត្រូវការ។
- ២. ជ្រោយស្រទាប់ដីខាងលើ រួចដាក់ជីកំប៉ុសឬជីលាមកសត្វនៅលើដីឲ្យសព្វថ្នាល។
- ៣. ចាប់ផ្តើមពីចុងម្ខាងនៃថ្នាល ជីកស្នាមភ្លោះមួយកាត់ទទឹងថ្នាលដែលមានជម្រៅ៣០ស.មនិងទំហំ(ទទឹង)៣០ស.មដូចគ្នា។
- ៥. យកដែកឆាយឬប៉ែលមកជ្រោយដីនៅបាតស្នាមភ្លោះដែលទើបជីកកាត់ទទឹងថ្នាល រួចចាក់ជីកំប៉ុសឬជីលាមកសត្វខ្លះចូលស្នាមភ្លោះ។
- ៦. ជីកស្នាមភ្លោះទី២កាត់ទទឹងថ្នាល។ យកដីដែលជីកពីស្នាមភ្លោះទី២ មកចាក់បំពេញស្នាមភ្លោះទី។ ជ្រោយដីនៅបាតស្នាមភ្លោះទី២ រួចដាក់ជីកំប៉ុសឬជីលាមកសត្វនៅក្នុងស្នាមភ្លោះទី។
- ៧. បន្តធ្វើដដែលៗរហូតទាល់តែអ្នកបានជីកស្នាមភ្លោះពេញថ្នាលទាំងស្រុង។ ដីរលុងៗនៅលើស្នាមជីកនឹងគរឡើងខ្ពស់ជាងដីនៅជុំវិញវា។ ពង្រាយវាឲ្យម៉ត់ស្មើនឹងគែមថ្នាល ដើម្បីកុំឲ្យទឹកហៀរចេញ។ ដាក់ជីកំប៉ុសដែលរែងរួចនៅលើថ្នាល។ ឥឡូវនេះថ្នាលរួចរាល់សម្រាប់ដាំដំណាំហើយ។ បន្ទាប់ពីរៀបចំថ្នាលរួច អ្នកមិនគួរដើរនៅលើវាទេ ព្រោះវាធ្វើឲ្យដីហាប់ណែន។ ប្រសិនបើអ្នកជីកដី២ស្រទាប់មួយលើក រួចដាក់ជីធម្មជាតិរៀងរាល់រដូវកាលមុននឹងដាំដំណាំម្តងទៀត នោះដីរបស់អ្នកនឹងមានសុខភាពនិងមិនហាប់ជាយូរឆ្នាំ។
ដីដែលបានឆ្លងភាពកខ្វក់
ដីនៅក្នុងទីក្រុងអាចត្រូវបានធ្វើឲ្យកខ្វក់ដោយសារធាតុគីមីពុល ដូចជាសំណពីថ្នាំលាប ប្រេងសាំង និងថ្មពិលចាស់។ របស់ទាំងអស់នេះសុទ្ធតែអាចបណ្តាលឲ្យមានបញ្ហាសុខភាពធ្ងន់ធ្ងរ។ ដើម្បីដឹងថាដីរបស់អ្នកឆ្លងភាពកខ្វក់ឬអត់ ៖
- ស្វែងយល់ថាតើកន្លែងនោះត្រូវបានប្រើប្រាស់យ៉ាងដូចម្តេចកាលពីមុន។ ប្រសិនបើវាធ្លាប់ជាកន្លែងរោងចក្រ ស្ថានីយប្រេង កន្លែងចតយានយន្ត ឬរណ្តៅសំរាម នោះដីអាចឆ្លងភាពកខ្វក់។
- ប្រសិនបើដីមានក្លិនដូចសារធាតុគីមី នោះវាអាចឆ្លងភាពកខ្វក់។
- តំបន់ដែលស្ថិតនៅក្រោមជញ្ជាំងលាបថ្នាំ ទំនងជាឆ្លងភាពកខ្វក់ពីសំណ។
គេអាចធ្វើតេស្ត៍គំរូដីនៅឯសកលវិទ្យាល័យ ភ្នាក់ងារអភិវឌ្ឍ ឬមន្ទីរពិសោធន៍ឯកជន។ ការធ្វើតេស្ត៍រកជាតិសំណ គឺមិនមានតម្លៃថ្លៃទេ ប៉ុន្តែការធ្វើតេស្ត៍សារធាតុដទៃទៀត ច្រើនតែមានការពិបាកនិងមានតម្លៃថ្លៃ។
ការដាំដំណាំលើដីដែលឆ្លងភាពកខ្វក់
អ្នកនៅតែអាចដាំដំណាំយ៉ាងមានសុវត្ថិភាពនៅលើដីដែលឆ្លងភាពកខ្វក់។ វិធីមួយគឺត្រូវក្រាលដណ្តប់ដីដោយស្រទាប់ដីឥដ្ឋដែលបានបង្ហាប់ ឬស៊ីម៉ង់ត៍។ វាបិទមិនឲ្យសារធាតុពុលចេញមកលើ។ ដាំដំណាំនៅលើប្រដាប់ដាក់របស់ ឬលើថ្នាលរាក់។ ការដាំដំណាំផ្លែឈើ(ដូចជាប៉េងប៉ោះ)នៅលើដីដែលឆ្លងភាពកខ្វក់ មានសុវត្ថិភាពជាង ព្រោះវាស្រូបយកសារធាតុពុលតិចជាងដំណាំស្លឹក(ដូចជាស្ពៃខ្មៅ) និងដំណាំមើម(ដូចជាការុត និងដំឡូង)។
ការចម្រើនលូតលាស់នៃកសិកម្មក្នុងទីក្រុង
គុយបាគឺជាប្រទេសកោះមួយដែលធ្លាប់ផលិតស្ករនិងថ្នាំជក់យ៉ាងច្រើនសម្រាប់នាំចេញ។ ប្រទេសនេះមានប្រព័ន្ធឧស្សាហកម្មក្នុងការធ្វើកសិកម្មដោយពឹងផ្អែកលើប្រេងឥន្ធនៈ និងសារធាតុគីមីកសិកម្មដែលពឹងផ្អែកលើប្រេង។ នៅពេលសហភាពសូវៀតដួលរលំទៅ គុយបាបានបាត់បង់ទាំងអ្នកផ្គត់ផ្គង់ប្រេងដ៏ធំបំផុតរបស់ខ្លួន និងទាំងអ្នកទិញស្ករនិងថ្នាំជក់របស់ខ្លួនដ៏ច្រើនបំផុត។ ដោយសារជម្លោះនយោបាយ ប្រទេសភាគច្រើនមិនលក់សារធាតុគីមីឲ្យប្រទេសគុយបា ឬទិញផលិតផលគុយបាឡើយ។ គុយបាត្រូវបានបង្ខំចិត្តស្វែងរកវិធីថ្មីមួយក្នុងការផលិតអាហារ។
គុយបាបានយកកសិកម្មចិរភាពធ្វើជាគោលនយោបាយជាតិថ្មី។ ពួកគេលើកកម្ពស់មធ្យោបាយចិរភាពតាមរយៈការបែងចែកដីធ្លី ការអប់រំ និងការបង្កើតទីផ្សារក្នុងស្រុក។ នៅពេលមធ្យោបាយថ្មីៗត្រូវបានអភិវឌ្ឍនិងផ្សព្វផ្សាយទូលំទូលាយ មនុស្សគ្រប់គ្នាក៏មានអាហារសុខភាពបន្ថែម។
ដូចនៅប្រទេសដទៃដែរ ប្រជាជនគុយបាជាច្រើនផ្លាស់ទីលំនៅពីជនបទមកទីក្រុង។ បច្ចុប្បន្នរដ្ឋាភិបាលកំពុងលើកទឹកចិត្តប្រជាជនឲ្យដាំដំណាំនៅក្នុងទីក្រុងដោយប្រើប្រាស់មធ្យោបាយចិរភាព។ កសិកម្មនៅទីក្រុង លើកកម្ពស់អាហារូបត្ថម្ភល្អ ព្រមទាំងផ្តល់ការងារនិងការអប់រំ។ សព្វថ្ងៃ ផលិតផលថ្មីស្រស់ភាគច្រើន(បន្លែ បសុបក្សី ផ្កា និងរុក្ខជាតិឱសថ) ដែលប្រើប្រាស់នៅក្នុងរាជធានីហាវ៉ាណានៃប្រទេសគុយបា ត្រូវបានដាំនៅក្នុងឬនៅក្បែរទីក្រុង។ រុក្ខជាតិឱសថដែលដាំនៅក្នុងទីក្រុងហាវ៉ាណា ត្រូវបានដាក់លក់ក្នុងតម្លៃទាប នៅក្នុងហាងនានាដែលហៅថា "ឱសថស្ថានបៃតង"។ ទោះបីវាត្រូវបានជ្រើសរើសដោយសារមានវិបត្តិក្តី កសិកម្មចិរភាពបានផ្លាស់ប្តូរជីវភាពរបស់ប្រជាជនគុយបាឲ្យមានភាពល្អប្រសើរទៅវិញទេ។