Hesperian Health Guides
ប្រើប្រាស់ទឹកឲ្យមានប្រយោជន៍បំផុត
វិគី ព័ត៌មាន សុខភាព > សៀវភៅណែនាំសម្រាប់សហគមន៍ស្តីអំពីសុខភាពបរិស្ថាន > ១៥. កសិកម្មប្រកបដោយចិរភាព > ប្រើប្រាស់ទឹកឲ្យមានប្រយោជន៍បំផុត
- ការស្រោចទឹកតក់ៗ ចេញពីទុយោដែលអូសនៅលើឬនៅក្រោមដី ធ្វើឲ្យប្រើប្រាស់ទឹកបន្តិចបន្តួច និងបំផ្លាញដីតិចតួចបំផុត ជាជាងការចាក់ទឹកពីលើ។
- ដាំដើមឈើមានម្លប់ ដើម្បីការពាររុក្ខជាតិនិងដីមិនឲ្យស្ងួតដោយសារកម្តៅថ្ងៃ។ ដើមឈើខ្លះទាញទឹកពីក្នុងដីឡើងមកលើដើម្បីឲ្យរុក្ខជាតិឫសរាក់ៗប្រើប្រាស់។
- ដាំដំណាំជិតៗគ្នានៅក្នុងដីម្លប់ ដើម្បីកុំឲ្យវាស្ងួត។ ខ្យល់រវាងរុក្ខជាតិនីមួយៗដែលនៅជិតគ្នា មានសំណើមបន្តិចបន្តួចដើម្បីកុំឲ្យរុក្ខជាតិស្រពោន។ យើងអាចធ្វើដូចនេះដោយប្រើជីបៃតង ឬដោយការដាំដំណាំចម្រុះរួមគ្នានៅលើដីតែមួយ។
- ដាំដំណាំច្រៀកគ្នា (ការដាំដំណាំខុសៗគ្នាជាមួយគ្នានៅតាមបណ្តោយខ្សែវ័ណ្ឌវង់) ដើម្បីជួយឲ្យដំណាំទាំងនោះចែករំលែកភាពសំណើមជាមួយគ្នា។ យើងដាំដំណាំដែលគ្របដណ្តប់ដីបានច្រើន នៅខាងលើក្នុងខ្សែវ័ណ្ឌវង់ ហើយនៅពីក្រោមវា យើងដាំដំណាំដែលគ្របដណ្តប់ដីបានតែបន្តិចបន្តួច។ ទឹកប្រមូលនៅក្នុងគម្របដី ហើយហូរទៅលើដំណាំខាងក្រោមវា។
- ប្រើប្រាស់ទឹកសំណល់ឡើងវិញ ដើម្បីស្រោចសួនដំណាំនៅក្បែរផ្ទះ។
- ការពារតំបន់ប្រមូលទឹក ដើម្បីផ្តល់ទឹកបន្ថែមសម្រាប់មនុស្សនិងដំណាំ។
ធ្វើរណ្តៅរុក្ខជាតិ
រណ្តៅរុក្ខជាតិប្រមូលទឹកភ្លៀងដើម្បីជួយឲ្យរុក្ខជាតិលូតលាស់សូម្បីតែក្នុងស្ថានភាពស្ងួតខ្លាំងក៏ដោយ។ ការដាំរុក្ខជាតិច្រើននៅក្នុងរណ្តៅតែមួយ គឺប្រើប្រាស់ទឹកមានប្រយោជន៍បំផុត។ ដំណាំដែលត្រូវការទឹកច្រើន លូតលាស់ល្អបំផុតនៅខាងក្រោមបំផុតនៃជម្រាលភ្នំ។ ដំណាំដែលត្រូវការទឹកតិចតួច លូតលាស់ល្អនៅផ្នែកខាងលើនៃជម្រាលភ្នំ។
នៅឆ្នាំទី២ អាចដាំនៅក្នុងរណ្តៅដដែល ឬជីករណ្តៅថ្មីៗនៅចន្លោះរណ្តៅចាស់។ ប្រសិនបើអ្នកជីករណ្តៅថ្មីៗ នោះតំបន់ទាំងមូលនិងមានជីជាតិក្នុងរយៈពេលប៉ុន្មានឆ្នាំ។
ជញ្ជាំងថ្មបង្ការសំណឹកនិងសន្សំសំចៃទឹក
ខ្ពង់រាបប៊ឺគីណាហ្វាសូ(Burkina Faso) មានដីរាបស្មើ និងជម្រាលមិនចោត។ នៅទីនោះតែងតែមានទឹកភ្លៀងតិច ប៉ុន្តែប៉ុន្មានឆ្នាំចុងក្រោយគឺមានកាន់តែតិចទៅទៀត ធ្វើឲ្យដីនិងប្រជាជនកំពុងរងគ្រោះ។ ដើម្បីបម្រុងទឹក និងបង្ការសំណឹក កសិករសាងសង់ជញ្ជាំងថ្មទាបៗកាត់ទទឹងចម្ការ។ ជញ្ជាំងទាំងនោះបន្ថយល្បឿនទឹកហូរ ធ្វើឲ្យវាមានពេលគ្រប់គ្រាន់ដើម្បីជ្រាបចូលដី។ ជញ្ជាំងថ្មក៏ជួយបង្ការការហូរដាច់ដីផងដែរ ហើយវាប្រមូលដីដែលហូរដាច់ពីចំណោតខ្ពស់។
កសិករក៏ជីករណ្តៅធំៗដើម្បីដាំរុក្ខជាតិផងដែរ។ ពួកគេដាក់ជីកំប៉ុសឬជីលាមកសត្វដើម្បីផ្តល់ជីជាតិដល់ដំណាំនិងទប់ទឹក។
នៅកន្លែងដែលមានស្នាមភ្លោះ ប្រជាជនចាក់បំពេញវាដោយដុំថ្ម។ ប្រសិនបើស្នាមភ្លោះមានទំហំធំពេក ពួកគេសង់ជញ្ជាំងថ្មកាត់ទទឹងវា។ ក៏ដូចនៅក្នុងចម្ការដែរ ជញ្ជាំងថ្មក្នុងស្នាមភ្លោះ កាត់បន្ថយល្បឿនទឹកហូរ និងការពារមិនឲ្យវាដាច់កាន់តែខ្លាំង។ ច្រើនឆ្នាំទៅ ដីអាចបំពេញស្នាមភ្លោះវិញ។
តាមរយៈការប្រើប្រាស់មធ្យោបាយទាំងនេះ កសិករនៅខ្ពង់រាបប៊ឺគីណាហា្វសូ អាចធ្វើឲ្យដីកាន់តែមានជីជាតិ និងកែលម្អទិន្នផលដំណាំសូម្បីតែមានទឹកភ្លៀងតិចក៏ដោយ។ ហើយដោយមានអាហារបន្ថែម សុខភាពរបស់ប្រជាជនក៏បានប្រសើរដែរ។