Hesperian Health Guides

ការចិញ្ចឹមសត្វ

នៅក្នុងជំពូកនេ:

Chickens scratch beneath a tree as a woman picks fruit.

ក្រៅពីអាហារដែលវាផលិត សត្វចិញ្ចឹមផ្តល់ផលប្រយោជន៍ជាច្រើនទៀតដល់កសិដ្ឋាន។ ក៏ដូចជារុក្ខជាតិដែរ ភាពចម្រុះនៃសត្វចិញ្ចឹមគឺល្អប្រសើរសម្រាប់កសិដ្ឋាននិងកសិករ។

សត្វឃ្មុំផលិតទឹកឃ្មុំឲ្យមនុស្សបរិភោគ ហើយវាក៏រោយលម្អងឲ្យផ្កាដែរ។

សត្វមាន់ ក្ងាន និងទារ ស៊ីរុក្ខជាតិរំខាន គ្រាប់របស់រុក្ខជាតិរំខាន និងសត្វល្អិតចង្រៃ រួចក៏ផ្តល់ជីឲ្យដី។ ពួកវាក៏ត្រឡប់ដីផងដែរនៅពេលវាកកាយរកអាហារ។ លែងសត្វមាន់ឲ្យរត់នៅលើដីមួយផ្នែក រយៈពេល១ខែ។ បន្ទាប់មកនាំវាទៅដាក់លើដីមួយផ្នែកទៀត។ រាស់ដីនៅក្នុងផ្នែកទី១ រួចដាំរុក្ខជាតិ។ សត្វមាន់នឹងកកាយផ្តាច់រុក្ខជាតិរំខាន ព្រមទាំងត្រឡប់ដីនៅពេលវាដើររកអាហារ។

ជ្រូកត្រឡប់ដីនៅពេលវាឈ្មូសដី ហើយស៊ីឫសជ្រៅៗរបស់រុក្ខជាតិរំខាន។ ធ្វើទ្រុងតូចៗដើម្បីផ្លាស់ទីវាឲ្យសព្វសួនដំណាំរបស់អ្នក គឺធ្វើដូចសត្វមាន់ដែរ។

ពពែសម្អាតដីដោយការស៊ីព្រៃរបោះ។ ដោយសារពពែស៊ីអ្វីគ្រប់យ៉ាង អាចគួរតែចងវានៅក្បែរព្រៃរបោះណាដែលអ្នកចង់ឲ្យវាស៊ី។

ការឲ្យសត្វស៊ីស្មៅ

ការឲ្យសត្វគោ ចៀម និងពពែស៊ីស្មៅ អាចជួយឬបំផ្លាញដី អាស្រ័យលើទំហំនៃការខូចខាតដី។ នៅពេលសត្វទាំងនេះស៊ីស្មៅនៅលើវាលស្មៅដែលដុះស៊ុបទ្រុប វានឹងកាត់បន្ថយរុក្ខជាតិរំខាន និងបន្ថែមជីឲ្យដី។ ប៉ុន្តែបើវាស៊ីស្មៅអស់ទាំងស្រុង ដីនឹងស្ងួតហើយបង្កើតជាដីក្រៀមរឹង។ នៅពេលមានភ្លៀង ទឹកហូរនាំដីក្រៀមនេះ និងយកស្រទាប់ដីជីជាតិទៅជាមួយ។ នៅពេលស្រទាប់ដីបានសឹកដោយសារសត្វស៊ីស្មៅច្រើនពេក នោះរុក្ខជាតិមិនលូតលាស់ទេ។

ដាក់ទ្រុងសត្វនៅក្បែរផ្ទះ ដើម្បីងាយការពារវា និងងាយប្រើប្រាស់លាមក(ជី)ដែលវាផលិត។ ប៉ុន្តែប្រសិនបើទ្រុងរបស់វាតូចពេក វាអាចមានជំងឺយ៉ាងងាយនៅពេលរុយ ប៉ារាស៊ីត និងជំងឺ កើតឡើងពីលាមករបស់វា។ សម្អាតទ្រុងសត្វជាប្រចាំ ជាពិសេសក្នុងរដូវសើម ដើម្បីបង្ការសត្វនិងមនុស្សពីជំងឺឆ្លង។ លាមករបស់វាដាក់ជាកំប៉ុស រួចធ្វើជាជី។

មិនថាសត្វរបស់អ្នកស៊ីស្មៅក្នុងរបងឬគ្មានរបងក៏ដោយ ការសំខាន់គឺកម្រិតចំនួនសត្វឲ្យល្មមតែដី អាចទ្រទ្រង់បានប៉ុណ្ណោះ។

ឃ្វាលសត្វពីវាលស្មៅមួយទៅវាលស្មៅមួយទៀត

Cows near a watering hole diverted from a stream.
ជីករណ្តៅទឹកសម្រាប់ឲ្យសត្វផឹក ជាជាងឲ្យវាទៅផឹកពីទន្លេឬបឹងត្រពាំង។

ប្រសិនបើអ្នលែងសត្វឲ្យស៊ីអ្វីតាមចិត្ត វានឹងស៊ីស្មៅអស់ទាំងឫស។ ឆ្នាំក្រោយមកទៀត រុក្ខជាតិទាំងនោះនឹងមិនដុះឡើងវិញល្អទេ។ គួរឃ្វាលពួកវាទៅវាលស្មៅផ្សេងទៀត នៅពេលវាស៊ីរុក្ខជាតិរំខានអស់ស្លឹកប្រហែលពាក់កណ្តាល។

ប្រសិនបើអ្នកអាចធ្វើរបង គួរបែងចែកវាលស្មៅចំណែកតូចៗ អាស្រ័យលើប្រភេទរុក្ខជាតិរំខានដែលដុះនៅទីនោះ។ ឃ្វាលសត្វពីកន្លែងមួយទៅកន្លែងដទៃ។ ប្រសិនបើអ្នកឲ្យគោក្របីស៊ីស្មៅ នោះសូម្បីតែជញ្ជាំងថ្មទាបៗក៏អាចឃាត់វាមិនឲ្យឆ្លងពីកន្លែងមួយទៅកន្លែងមួយទៀតដែរ។ ប្រសិនបើអ្នកកៀងពួកវាចូលហ្វូងតែមួយ នោះអ្នកមិនចាំបាច់ធ្វើរបងទេ។

ត្រូវប្រយ័ត្នកុំឲ្យសត្វទាំងនេះចូលស៊ីស្មៅនៅក្នុងនិងនៅជុំវិញប្រភពទឹកដែលមនុស្សប្រើប្រាស់។ ប្រសិនបើលាមករបស់វាហូរចូលទៅក្នុងទឹកដែលមនុស្សផឹក ងូត ហែល ឬស្ទូចត្រី នោះជំងឺអាចឆ្លងរាលដាល។ គួរជីកប្រឡាយបង្ហូរទឹកចូលរណ្តៅទឹករបស់ពួកវាវិញ។

តើគួរផ្លាស់ទីសត្វទាំងនេះញឹកញាប់ប៉ុនណា

រយៈពេលដែលសត្វស្ថិតនៅក្នុងវាលស្មៅមួយមុននឹងត្រូវបានឃ្វាលចេញ គឺអាស្រ័យលើចំនួនសត្វ និងទំហំនិងគុណភាពរបស់វាលស្មៅ។ រាល់ៗឆ្នាំ ត្រូវទុកដីមួយផ្នែកឲ្យទំនេរចោលទាំងស្រុងដោយគ្មានសត្វស៊ីស្មៅឡើយ។ បែបនេះនឹងបង្ការមិនឲ្យដីហាប់ណែន និងអនុញ្ញាតឲ្យស្មៅដុះឡើងមកវិញ។

ឧទាហរណ៍ ប្រសិនបើអ្នកបែងចែកដីមួយក្បាលជា៣វាលស្មៅឬច្រើនជាងនេះ ត្រូវឃ្វាលសត្វឲ្យស៊ីស្មៅវាលស្មៅ២ចំណែក ដោយទុក១ចំណែកឲ្យទំនេរ។ ឆ្នាំបន្ទាប់ទៀត ទុកឲ្យវាលស្មៅ១ទៀតទំនេរម្តង។ ឬមួយ, បន្ទាប់ពីប្រមូលផលម្តងៗ លែងគោក្របីឲ្យស៊ីដើមដំណាំ រុក្ខជាតិរំខាន និងធញ្ញជាតិដែលធ្លាក់លើដី។ ពួកវានឹងសម្អាតដី ហើយពង្រាយលាមករបស់វា។

Illustration of the below: a pasture divided into thirds.

ការឲ្យគោស៊ីស្មៅតាមវិធីបង្វិល
មិនឲ្យស៊ី១ឆ្នាំ
ឲ្យស៊ីពេញ១ឆ្នាំ
ឲ្យស៊ីបន្ទាប់ពីគ្រាប់ស្មៅទុំ

តើដីរបស់អ្នកអាចទ្រទ្រង់សត្វបានចំនួនប៉ុន្មាន?

សត្វចិញ្ចឹមផ្តល់សន្តិសុខអាហារក្នុងពេលលំបាក ព្រោះមនុស្សអាចលក់ឬបរិភោគវាបាន។ វាក៏ធ្វើឲ្យមនុស្សមានកិត្តិយសផងដែរ។ ប៉ុន្តែនៅពេលមនុស្សព្យាយាមបង្កើនកិត្តិយសនិងសន្តិសុខអាហារដោយការមានសត្វចិញ្ចឹមច្រើនជាងអ្វីដែលដីអាចទ្រទ្រង់បាន នោះទាំងសត្វទាំងដីនឹងគ្មានសុខភាពល្អទេ។ បរិមាណដីដែលចាំបាច់សម្រាប់ទ្រទ្រង់សត្វ អាស្រ័យលើថាតើដីនោះមានភាពបៃតងនិងសើមប៉ុនណា។ ចំពោះដីស្ងួត អ្នកត្រូវការបរិមាណដីច្រើនជាងដីបៃតង សម្រាប់ឲ្យសត្វចិញ្ចឹមស៊ី។