Hesperian Health Guides
ការគ្រប់គ្រងសត្វល្អិត និងជំងឺរុក្ខជាតិ
វិគី ព័ត៌មាន សុខភាព > សៀវភៅណែនាំសម្រាប់សហគមន៍ស្តីអំពីសុខភាពបរិស្ថាន > ១៥. កសិកម្មប្រកបដោយចិរភាព > ការគ្រប់គ្រងសត្វល្អិត និងជំងឺរុក្ខជាតិ
ការគ្រប់គ្រងសត្វល្អិតតាមវិធីធម្មជាតិ បង្ការបញ្ហាផ្សេងៗដែលទាក់ទងនឹងសត្វល្អិតចង្រៃនិងជំងឺរុក្ខជាតិ ហើយការពារមិនឲ្យសារធាតុគីមីចូលក្នុងខ្លួនប្រាណយើងនិងបរិស្ថានរបស់យើង។ វាក៏ចៀសវាងបញ្ហានៃការពឹងផ្អែកលើសារធាតុគីមី និងការធន់នឹងថ្នាំសម្លាប់សត្វល្អិតផងដែរ។ (សម្រាប់ព័ត៌មានអំពីមធ្យោបាយបន្ទាន់ក្នុងការដោះស្រាយបញ្ហាសត្វល្អិត សូមមើលការបាញ់ថ្នាំសម្លាប់សត្វល្អិតធម្មជាតិ និងមធ្យោបាយគ្រប់គ្រងសត្វល្អិតតាមបែបធម្មជាតិ។
បើទោះអ្នកមានបំណងប្រើប្រាស់ថ្នាំសម្លាប់សត្វល្អិតក៏ដោយ អ្នកនៅតែចាំបាច់ត្រូវដឹងថា តើសត្វល្អិត កំពុងបំផ្លាញដំណាំឬទេ, តើការបំផ្លាញមានទំហំប៉ុនណា, និងថាតើសត្វនៅក្នុងចម្ការកំពុងគ្រប់គ្រងសត្វល្អិតចង្រៃស្រាប់ឬទេ។ បន្ទាប់មកអ្នកអាចសម្រេចចិត្តថាគួរប្រើសារធាតុគីមីឬមិនគួរ ប្រើនៅពេលណា និងប្រើប្រភេទណា។
វិធីល្អបំផុតក្នុងការគ្រប់គ្រងទាំងសត្វល្អិតចង្រៃនិងជំងឺ គឺត្រូវរក្សារុក្ខជាតិឲ្យមានសុខភាពល្អ។
- ធ្វើឲ្យដីមានសុខភាពល្អ។ ដីសុខភាពល្អ ផ្តល់ជម្រកសម្រាប់សត្វល្អិតមានប្រយោជន៍ និងជួយបង្ការជំងឺរុក្ខជាតិជាច្រើន។
- ដាំរុក្ខជាតិដែលធន់។ សួរកសិករផ្សេងទៀត ឬភ្នាក់ងារវិបុលកម្ម អំពីគ្រាប់ពូជ ដើម្បីប្រាកដថាគ្រាប់ពូជដែលអ្នកជ្រើសរើសអាចធន់នឹងសត្វល្អិតនិងជំងឺដែលមានជាញឹកញាប់។
- កំណត់ចន្លោះរវាងរុក្ខជាតិនីមួយៗយ៉ាងត្រឹមត្រូវ។ ការដាំដំណាំជិតៗគ្នាខ្លាំងពេក ធ្វើឲ្យមានពន្លឺថ្ងៃនិងខ្យល់ប៉ះស្លឹកមិនបានគ្រប់គ្រាន់ និងធ្វើឲ្យជំងឺលូតលាស់។ ប៉ុន្តែការដាំវាជិតៗគ្នាពេក ធ្វើឲ្យមានចន្លោះសម្រាប់រុក្ខជាតិរំខាន ស្ងួតដី និងអាចកាត់បន្ថយទិន្នផល។ គួរធ្វើបទពិសោធន៍ច្រើនដងដើម្បីមើលថាតើចន្លោះប៉ុនណាដែលល្អបំផុតសម្រាប់ដំណាំនីមួយ។
- ដាំដំណាំត្រូវពេលវេលា។ សត្វល្អិតចង្រៃនិងជំងឺច្រើនតែមានការទាក់ទងនឹងអាកាសធាតុ ដូចជានៅពេលភ្លៀងដំបូង ឬនៅពេលថ្ងៃក្តៅឧណ្ហៗដំបូង។ ការសង្កេតមើលការលូតលាស់របស់ដំណាំនីមួយៗ និងការពិគ្រោះជាមួយកសិករដទៃទៀតអំពីលំនាំទាំងនេះ អាចជួយឲ្យអ្នកជ្រើសរើសពេលវេលាដ៏ល្អបំផុតសម្រាប់ដាំដំណាំ។ ការឆាប់ដាំដំណាំមុនពេលធម្មតា អាចប្រាកដថាវានឹងលូតលាស់បានធំដើម្បីទប់ទល់នឹងសត្វល្អិតឬជំងឺក្នុងពេលណាមួយ។ ការពន្យារពេលដាំដំណាំអាចធ្វើឲ្យសត្វល្អិតឬជំងឺភាគច្រើន ងាប់ដោយសារខ្វះអាហារ។
- ដាំដំណាំចម្រុះ និងផ្លាស់ប្តូរលំនាំដំណាំ។ ផ្ទៃដីដ៏ធំដែលមានរុក្ខជាតិតែ១ប្រភេទ នឹងទាក់ទាញសត្វល្អិតដែលចូលចិត្តរុក្ខជាតិនេះ។
- ស្រោចទឹកពីខាងក្រោម។ ការស្រោចទឹកពីខាងលើអាចបណ្តាលឲ្យជំងឺដែលរស់នៅក្នុងដី ខ្ទាតទៅលើរុក្ខជាតិ។ ហើយស្លឹកនិងមែកសើម គឺជាកន្លែងដ៏ល្អសម្រាប់ឲ្យជំងឺលូតលាស់។ ការស្រោចទឹកតក់ ឬការស្រោចទឹកបែបជំនន់ អាចរក្សាស្លឹកនិងមែករុក្ខជាតិឲ្យមានសុខភាពល្អជានិច្ច។
មាតិកា
រកមើលសត្វល្អិតចង្រៃ
ពិនិត្យមើលថាតើសត្វល្អិត វាធ្វើអ្វី តើវាកំពុងបំផ្លាញ ឬជួយដំណាំរបស់អ្នក។ |
សត្វល្អិតដែលស៊ីដំណាំ គឺជាផ្នែកធម្មតាមួយនៃការធ្វើកសិកម្ម។ វាបង្កគ្រោះថ្នាក់តិចតួចដល់ដំណាំ ដរាបណាវាមានលំនឹងជាមួយសត្វល្អិតប្រភេទដទៃទៀត ជាពិសេសពពួកដែលស៊ីសត្វល្អិតចង្រៃ។
ពិនិត្យមើលដំណាំរបស់អ្នកជាប្រចាំ។ បែបនេះនឹងជួយអ្នកឲ្យយល់ថាតើពេលណាគួរអនុញ្ញាតឲ្យសត្វល្អិតមានប្រយោជន៍ ធ្វើការងាររបស់វា និងថាតើពេលណាអ្នកអាចត្រូវការបាញ់ថ្នាំសម្លាប់សត្វល្អិតធម្មជាតិ ឬប្រើមធ្យោបាយគ្រប់គ្រងសត្វល្អិតចង្រៃដទៃទៀត។ នៅពេលអ្នករកមើលសត្វល្អិតចង្រៃនិងជំងឺ គួរសួរសំនួរដូចជា ៖
- តើមានបំណែកខ្លះនៃរុក្ខជាតិកំពុងបានសត្វល្អិតស៊ីឬទេ?
- តើការខូចខាតមានការកើនឡើងឬទេ? តើវានឹងប៉ះពាល់ដល់ទិន្នផលដំណាំឬទេ?
- តើសត្វល្អិតមានប្រយោជន៍កំពុងគ្រប់គ្រងសត្វល្អិតចង្រៃជាប់ឬទេ?
តើវាជាសត្វល្អិតចង្រៃ មានប្រយោជន៍ ឬគ្មានគ្រោះថ្នាក់?
ជួនកាលសត្វល្អិតដែលងាយមើលឃើញបំផុត គឺកំពុងការពារដំណាំរបស់អ្នកដោយវាស៊ីសត្វល្អិតចង្រៃ។ ឬមួយ, រុក្ខជាតិអាចកំពុងស្ថិតក្នុងដំណាក់លូតលាស់មួយ ដែលអាចជំនះនឹងការបំផ្លាញខ្លះៗពីសត្វល្អិតចង្រៃ និងនៅតែមានសុខភាពល្អដដែល។
ដង្កូវមានសារសំខាន់សម្រាប់ដីដែលមានសុខភាព។ ឃ្មុំ ពីងពាង និងសត្វល្អិតភាគច្រើនដែលរស់នៅក្នុងទឹក(ដូចជាស្រែស្រូវ) សុទ្ធតែមានប្រយោជន៍ ហើយជួយគ្រប់គ្រងសត្វល្អិតចង្រៃ។ ម្យ៉ាងទៀត សត្វឪម៉ាល់តូចៗ អាចជាសត្វល្អិតមានប្រយោជន៍។ ល្អបំផុតគឺទុកសត្វមានប្រយោជន៍ ឲ្យនៅក្នុងស្រែចម្ការដើម្បីឲ្យវាជួយដំណាំរបស់អ្នក។
សង្កេតមើលសត្វល្អិតនៅក្នុងស្រែចម្ការរបស់អ្នក ថាតើវាចង្រៃ មានប្រយោជន៍ ឬគ្មានគ្រោះថ្នាក់។ ប្រសិនបើអ្នកមិនច្បាស់ គួរយកវាជាមួយនឹងដំណាំខ្លះ ដាក់ក្នុងប្រអប់មួយ រួចសង្កេតមើលវាពីរបីថ្ងៃ។ ប្រសិនបើអ្នកឃើញមានពងសត្វល្អិត ត្រូវពិនិត្យមើលថាតើវាញាស់ជាអ្វី។ ប្រសិនបើវាញាស់ចេញជាដង្កូវតូចៗ នោះវាអាចជាសត្វល្អិតចង្រៃ។ ប្រសិនបើវាញាស់ជាសត្វហើរ នោះវាច្រើនតែមានប្រយោជន៍។
វិធីចម្បងៗដែលសត្វល្អិតបំផ្លាញដំណាំ គឺតាមរយៈការជញ្ជក់ជាតិទឹកពីដំណាំ និងតាមការស៊ីដំណាំ។
- ពពួកសត្វល្អិតជញ្ជក់រុក្ខរស មានដូចជាសង្កើចឈើ, សត្វល្អិតមានស្រកា និងសត្វល្អិតគ្រើម, កណ្តូប, រុយស, និងកណ្តៀរ។
- ពពួកសត្វល្អិតស៊ីដំណាំ មានដូចជាដង្កូវមេអំបៅ ខ្យង និងពពួកចោះរុក្ខជាតិនិងផ្លែ។
ប្រសិនបើវាជាសត្វល្អិតចង្រៃ តើអ្នកអាចកម្ចាត់វាតាមវិធីណា?
នៅពេលអ្នកដឹងពីរបៀបដែលសត្វល្អិតបំផ្លាញដំណាំ អ្នកអាចប្រើប្រាស់ថ្នាំសម្លាប់សត្វល្អិតធម្មជាតិដែលធ្វើឡើងសម្រាប់សត្វល្អិតប្រភេទនោះ។ នៅពេលអ្នកដឹងពីពេលវេលាដែលសត្វល្អិតបង្ហាញខ្លួន និងដឹងពីរបៀបដែលវាទាក់ទងជាមួយបរិស្ថានជុំវិញវា, អ្នកអាចប្រើប្រាស់មធ្យោបាយគ្រប់គ្រងសត្វល្អិតតាមបែបធម្មជាតិ។ ចម្លើយនៃសំនួរទាំងនេះអាចជួយអ្នកឲ្យដឹងពីវិធីគ្រប់គ្រងសត្វល្អិត ៖ តើវាមកពីទីណា? តើវាបំផ្លាញដំណាំនៅពេលណា? តើវាមានរូបរាងមួយបែប បន្ទាប់មកប្រែរូបរាងជាអ្វីផ្សេង(ឧទាហរណ៍ ដង្កូវដែលប្រែជាខ្មូតនិងមេអំបៅ)ឬទេ? តើវាជាអាហាររបស់សត្វស្លាប សត្វល្អិតដទៃទៀត ឬជាសត្វក្នុងស្រែចម្ការ?
ការបាញ់ថ្នាំសម្លាប់សត្វល្អិតធម្មជាតិ
ថ្នាំសម្លាប់សត្វល្អិតធម្មជាតិបង្ការការបំផ្លាញដំណាំ ដោយបង្កគ្រោះថ្នាក់តិចតួចបំផុតចំពោះប្រជាជននិងបរិស្ថាន ខុសពីថ្នាំគីមី។ យើងអាចផលិតវាបានយ៉ាងងាយ និងចំណាយប្រាក់តិចជាងថ្នាំគីមី។
ប៉ុន្តែទោះបីវាជាថ្នាំសម្លាប់សត្វល្អិតធម្មជាតិក្តី ក៏យើងត្រូវតែប្រុងប្រយ័ត្នដែរ។ មិនត្រូវប្រើលើសពីតម្រូវការឡើយ។ ត្រូវលាងដៃជានិច្ចបន្ទាប់ពីរៀបចំវាហើយ។ ត្រូវលាងសម្អាតអាហារជានិច្ចមុននឹងបរិភោគ ឬលក់វា។ ថ្នាំសម្លាប់សត្វល្អិតធម្មជាតិ អាចមានប្រសិទ្ធភាពក្នុងស្ថានភាពខ្លះ ប៉ុន្តែគ្មានប្រសិទ្ធភាពក្នុងស្ថានភាពដទៃ។ ប្រសិនបើថ្នាំមួយប្រភេទគ្មានប្រសិទ្ធភាព គួរសាកល្បងថ្នាំប្រភេទដទៃៗទៀត។
ថ្នាំសម្លាប់សត្វល្អិតធម្មជាតិ សម្រាប់សត្វល្អិតស៊ីដំណាំ
- ១. យករុក្ខជាតិណាមួយដែលអ្នកចង់ប្រើ ហាលវាឲ្យស្ងួត រួចកិនឲ្យម៉ត់ជាម្សៅ។
- ២. ត្រាំម្សៅក្នុងទឹកមួយយប់(ម្សៅ១ក្តាប់ដៃ ក្នុងទឹក១លីត្រ)។
- ៣. ចាក់ច្រោះទឹកល្បាយនេះលើក្រណាត់ដើម្បីយកកំទេចរឹងចេញ។
- ៤. បន្ថែមសាប៊ូដុំធម្មតាបន្តិចដើម្បីជួយឲ្យវាស្អិតជាប់រុក្ខជាតិ។
- ៥. បាញ់ទឹកល្បាយនេះទៅលើរុក្ខជាតិ។ សាកល្បងបាញ់លើរុក្ខជាតិ១ឬ២ដើមជាមុន។ ប្រសិនបើរុក្ខជាតិហាក់ដូចជាខូច នោះថ្នាំនេះអាចខ្លាំងពេក។ បន្ថែមទឹក រួចសាកល្បងឡើងវិញរហូតទាល់តែវាបានល្អ។
- ៦. បាញ់ឡើងវិញតាមត្រូវការ និងក្រោយពេលភ្លៀង។
ថ្នាំសម្លាប់សត្វល្អិតធម្មជាតិ សម្រាប់សត្វល្អិតជញ្ជក់រុក្ខរស
យើងអាចសម្លាប់សត្វល្អិតជញ្ជក់រុក្ខរស ដោយបាញ់ទឹកសាប៊ូដុំធម្មតាឬប្រេង ឲ្យទៅខ្ទប់រន្ធដកដង្ហើមរបស់វា។ ការបាញ់ទឹកសាប៊ូដុំធម្មតា ឬទឹកលាយជាមួយប្រេងបន្លែ នឹងសម្លាប់សត្វល្អិតទាំងនេះ។ មិនត្រូវប្រើម្សៅសាប៊ូ ឬដុំសាប៊ូខ្លាំងទេ ព្រោះវាបំផ្លាញរុក្ខជាតិ ប្រេង និងសត្វល្អិតមានប្រយោជន៍។
ថ្នាំសម្លាប់សត្វល្អិតធម្មជាតិដទៃទៀត
ទឹកនោមលាយជាមួយទឹក រួចបាញ់លើរុក្ខជាតិ អាចសម្លាប់សត្វល្អិតចង្រៃ។ លាយទឹកនោម១កែវ ជាមួយទឹក១០កែវ។ គ្របវាឲ្យជិត ទុករយៈពេល១០ថ្ងៃ។ បន្ទាប់ពី១០ថ្ងៃ ចូរបាញ់ល្បាយនេះទៅលើដំណាំរបស់អ្នក។
ថ្នាំជក់សម្លាប់សត្វល្អិតចង្រៃជាច្រើន។ ស្ងោរស្លឹកថ្នាំជក់ឬកន្ទុយបារីមួយកែវក្នុងទឹក៥លីត្រ។ យកស្លឹកថ្នាំជក់ឬកន្ទុយបារីចោល បន្ថែមទឹកសាប៊ូដុំបន្តិច រួចបាញ់វាទៅលើរុក្ខជាតិ។ មិនត្រូវប្រើទឹកថ្នាំជក់បាញ់លើប៉េងប៉ោះ ដំឡូង ម្រេច និងត្រប់ទេ។ វានឹងបំផ្លាញដំណាំទាំងនេះ ហើយនឹងមិនសម្លាប់សត្វល្អិតចង្រៃភាគច្រើនដែលមានលើវាទេ។
មធ្យោបាយគ្រប់គ្រងសត្វល្អិតតាមបែបធម្មជាតិ
សង្កេតមើលសត្វនៅក្នុងស្រែចម្ការរបស់អ្នក ថាតើវាគ្រប់គ្រងសត្វល្អិតចង្រៃឬទេ។ |
មានវិធីច្រើនយ៉ាងដើម្បីគ្រប់គ្រងសត្វល្អិត ឬដើម្បីជំរុញឲ្យមានមំសាសី និងប៉ារាស៊ីត, អាស្រ័យលើទម្លាប់និងវដ្តជីវិតរបស់ពួកវា។ គួរពិគ្រោះជាមួយកសិករដទៃទៀតដើម្បីស្វែងយល់ពីវិធីដែលគេប្រើប្រាស់។
សត្វ និងសត្វល្អិតមានប្រយោជន៍
សត្វស្លាប ប្រចៀវ ពស់ និងសត្វល្អិតមានប្រយោជន៍ជាច្រើន ស៊ីសត្វល្អិតចង្រៃ និងរោយលម្អងលើដំណាំរបស់អ្នក។ អ្នកអាចដឹងថាសត្វស្លាបមួយស៊ីអ្វីខ្លះ ដោយមើលលើប្រភេទចំពុះរបស់វា និងសង្កេតមើលសកម្មភាពរបស់វានៅក្នុងស្រែចម្ការរបស់អ្នក។ ដើម្បីដេញសត្វស្លាបដែលស៊ីដំណាំ កសិករខ្លះដាក់វត្ថុភ្លឺៗនៅក្បែរដំណាំ ដូចជាក្រដាសសចាំង ហ្វីលកាសែតចាស់ និងបំណែកលោហៈ។
ប្រចៀវជាច្រើនស៊ីសត្វមូស។ ប៉ុន្តែប្រចៀវខ្លះស៊ីផ្លែឈើ ហើយភាគតិចផ្សេងទៀតស៊ីសត្វដទៃ។ តាមរយៈការសង្កេតមើលការស៊ីរបស់វា ឬពិនិត្យមើលសំណល់អាហាររបស់វានៅក្នុងកន្លែងដែលវាដេកពេលយប់ អ្នកអាចដឹងថាតើវាស៊ីផ្លែឈើពីដើមឈើរបស់អ្នក ឬស៊ីសត្វល្អិតចង្រៃដែលខាំអ្នកឬស៊ីដំណាំអ្នក។
មធ្យោបាយមួយចំនួននៃការគ្រប់គ្រងសត្វល្អិតចង្រៃតាមបែបធម្មជាតិ
ដើម្បីគ្រប់គ្រងសត្វរុយដែលស៊ីផ្លែឈើ ចូរដាក់ផ្លែឈើខ្លះដែលរលួយ នៅក្នុងដបប្លាស្ទិកមួយដែលមានចោះរន្ធប៉ុនទំហំសត្វល្អិតស្លាបទាំងនោះ។ ចងព្យួរវានៅលើដើមឈើហូបផ្លែដែលអ្នកចង់ការពារ ប្រហែល៦សប្តាហ៍មុននឹងផ្លែឈើទុំ(នៅពេលសត្វល្អិតស្លាបចាប់ផ្តើមពងលើផ្លែឈើ)។ សត្វល្អិតស្លាបនឹងហោះចូលតាមរន្ធ ប៉ុន្តែមិនអាចចេញវិញបានទេ។
សត្វឪម៉ាល់តូចៗជាច្រើន ស៊ីលម្អងផ្កា និងវាយប្រហារសត្វល្អិតចង្រៃ។ ការដាំរុក្ខជាតិមានផ្កាដែលផលិតលម្អងយ៉ាងច្រើន នឹងទាក់ទាញសត្វឪម៉ាល់ទាំងនេះ ហើយសត្វឪម៉ាល់នឹងការពារដំណាំរបស់អ្នកពីសត្វល្អិតចង្រៃ។
ដើមឈើខ្ពស់ៗដែលដាំនៅជុំវិញស្រែចម្ការ អាចបញ្ឈប់សត្វកណ្តូប ឬធ្វើឲ្យវាហើរផុតពីស្រែចម្ការរបស់អ្នក។ ដើមឈើក៏ផ្តល់ជាជម្រកដល់សត្វល្អិតមានប្រយោជន៍ផងដែរ។
ស្រមោចគឺជាមំសាសីយ៉ាងខ្លាំងពូកែ។ ប្រសិនបើដំណាំរបស់អ្នកត្រូវបានវាយប្រហារដោយកូនដង្កូវទើបញាស់ ចូរបាញ់ទឹកស្ករនៅលើដំណាំ ឬលើមើមដំណាំដែលប្រមូលផលរួច។ ស្រមោចនឹងមករកទឹកស្ករ ហើយនឹងនៅទីនោះដើម្បីស៊ីកូនដង្កូវទើបញាស់!
ផ្លាស់ប្តូរលំនាំដំណាំ
ដំណាំនៅក្នុងស្រឡាយរុក្ខជាតិតែមួយ អាចមានសត្វល្អិតចង្រៃនិងជំងឺដូចៗគ្នា។ ឧទាហរណ៍ ប្រសិនបើអ្នកដាំតែដំឡូងរាល់ឆ្នាំ នោះសត្វល្អិត(ដូចជាអណ្តើកមាស)ស៊ីដំឡូង អាចមករស់នៅ និងបន្តពូជក្នុងចម្ការរបស់អ្នក។ ប៉ុន្តែប្រសិនបើរៀងរាល់៣ឆ្នាំម្តង អ្នកផ្លាស់ប្តូរដាំដំណាំផ្សេងដែលវាមិនចេះស៊ី នោះសត្វអណ្តើកមាសនឹងចេញពីចម្ការឬងាប់ក្នុងនោះ។ ដំណាំនៅឆ្នាំទី៣នេះនឹងមិនត្រូវស្ថិតក្នុងស្រឡាយជាមួយដំឡូងទេ ដូចជាប៉េងប៉ោះ ឬម្រេច។ វាគួរតែជាអ្វីដែលខុសគ្នាស្រឡះ ដូចជាពោតជាដើម។ នេះហៅថា ដំណាំបង្វិល។ វិធី២យ៉ាងក្នុងការបង្ការជំងឺនិងសត្វល្អិតចង្រៃ គឺការបង្វិលដំណាំ និងការដាំដំណាំចម្រុះជាមួយគ្នា។
ដំណាំបង្វិល
ដំណាំបង្វិល(ផ្លាស់ប្តូរដំណាំនៅក្នុងស្រែចម្ការមួយ) គ្រប់គ្រងជំងឺនិងសត្វល្អិតចង្រៃដោយការបង្អត់អាហារវា។ វាក៏នឹងកែលម្អដីផងដែរ ដោយបន្ថែមសារធាតុចិញ្ចឹមផ្សេងៗគ្នា។ ឧទាហរណ៍ បង្វិលធញ្ញជាតិនៅរដូវមួយ និងសណ្តែកនៅរដូវបន្ទាប់ នឹងធ្វើឲ្យដីកាន់តែមានជីជាតិ។ ធញ្ញជាតិលូតលាស់ខ្ពស់ និងផ្តល់សារធាតុចិញ្ចឹម រីឯឫសសណ្តែកបន្ថែមនីត្រូហ្សែនឲ្យដី។
ដាំដំណាំចម្រុះជាមួយគ្នា
ការដាំដំណាំខុសៗគ្នា ផ្តល់កន្លែងរស់នៅសម្រាប់សត្វល្អិតមានប្រយោជន៍ និងធ្វើឲ្យសត្វល្អិតចង្រៃពិបាកស្វែងរកដំណាំដែលវាចូលចិត្តស៊ី។ ការដាំដំណាំច្រើនប្រភេទ ក៏បង្កើនសន្តិសុខអាហារផងដែរ ព្រោះបើដំណាំមួយខូច អ្នកនឹងនៅសល់ដំណាំដទៃទៀត។ ការដាំដំណាំខុសៗគ្នាហើយជិតគ្នា ការពារពីសត្វល្អិតចង្រៃតាមរបៀបទាំងនេះ ៖
- រុក្ខជាតិឱសថនិងបន្លែដែលមានក្លិនខ្លាំង ការពារមិនឲ្យសត្វល្អិតចង្រៃចូលចិត្ត។
- ផ្កាខ្លះទាក់ទាញមំសាសីដែលស៊ីសត្វល្អិតចង្រៃ។
- រុក្ខជាតិខ្លះ "ដាក់អន្ទាក់" ចំពោះសត្វល្អិតចង្រៃ។ នេះគឺជាគំនិតផ្ទុយគ្នាពីការដេញសត្វល្អិតចង្រៃឲ្យចេញឆ្ងាយ។ ប្រសិនបើអ្នកដាំអ្វីមួយដែលសត្វល្អិតចង្រៃចូលចិត្តជាងដំណាំរបស់អ្នក នោះពួកវានឹងរស់នៅលើ "ដំណាំអន្ទាក់" និងមិនរវល់ជាមួយដំណាំរបស់អ្នក។
កសិករក៏ដាំដើមឈើជាមួយសត្វនិងដំណាំផ្សេងៗ ដើម្បីបង្កើនផលប្រយោជន៍របស់វានីមួយ។ សត្វល្អិតជាច្រើនដែលមានស្លាប ពងនៅលើដំណាំ។