Hesperian Health Guides
ជំងឺរុក្ខជាតិ
វិគី ព័ត៌មាន សុខភាព > សៀវភៅណែនាំសម្រាប់សហគមន៍ស្តីអំពីសុខភាពបរិស្ថាន > ១៥. កសិកម្មប្រកបដោយចិរភាព > ជំងឺរុក្ខជាតិ
យើងអាចសម្គាល់ជំងឺរុក្ខជាតិដោយមើលលើផលប៉ះពាល់របស់វាមកលើរុក្ខជាតិ ដូចជាស្លឹកប្រែពណ៌ ស្លឹកស្លោក ឬធ្វើឲ្យផ្នែកខ្លះនៃរុក្ខជាតិលូតលាស់ខុសធម្មតា។ ជំងឺរុក្ខជាតិអាចបណ្តាលមកពីមេរោគផ្សិត បាក់តេរី ឬវីរុស។ ទាំងអស់នេះអាចគ្រប់គ្រងបានដោយប្រើមធ្យោបាយធម្មជាតិ។
យើងអាចបង្ការជំងឺរុក្ខជាតិបានល្អបំផុតដោយការថែរក្សាសុខភាពរបស់ដី និងធ្វើតាមគោលការណ៍ដទៃទៀតនៃកសិកម្មចិរភាព។ នៅពេលអ្នកប្រាកដថាជំងឺណាមួយកំពុងប៉ះពាល់ដំណាំរបស់អ្នក អ្នកអាចបង្ការជំងឺនេះមិនឲ្យឆ្លងរាលដាលទៅរុក្ខជាតិដទៃទៀត។
- បំផ្លាញរុក្ខជាតិដែលមានជំងឺ។ រុក្ខជាតិដែលមានជំងឺ អាចចម្លងជំងឺឬសត្វល្អិតចង្រៃទៅដំណាំនៅថ្ងៃមុខទៀត។ ចំពោះជំងឺដែលសម្លាប់រុក្ខជាតិដែលអស់ ឬកាត់បន្ថយផលិតផលយ៉ាងធ្ងន់ធ្ងរ នោះគួរតែកាត់វារួចដុតចោលឲ្យអស់នៅពេលមានសញ្ញាដំបូងនៃជំងឺ។ កុំយកវាធ្វើជីកំប៉ុស ព្រោះជំងឺរុក្ខជាតិខ្លះ អាចរស់រាននៅក្នុងកំប៉ុស។
- សម្អាតសម្ភារៈដែលប្រើជាមួយរុក្ខជាតិមានជំងឺ។ ជំងឺរុក្ខជាតិអាចចម្លងនៅពេលរាងកាយយើង សម្ភារៈ និងសម្លៀកបំពាក់ ប៉ះពាល់ជាមួយរុក្ខជាតិដែលមានជំងឺ រួចទៅប៉ះនឹងរុក្ខជាតិដែលមានសុខភាពល្អ។ លាងសម្អាតសម្ភារៈទាំងអស់ដោយទឹកសាប៊ូក្តៅឧណ្ហៗ មុននឹងប៉ះពាល់រុក្ខជាតិមានសុខភាពល្អ។
- បញ្ឈប់សត្វល្អិតជញ្ជក់រុក្ខរស។ ជំងឺរុក្ខជាតិជាច្រើនត្រូវបានចម្លងពីរុក្ខជាតិមួយទៅរុក្ខជាតិមួយទៀតតាមរយៈសត្វល្អិតដែលជញ្ជក់រុក្ខរស។ មើលថ្នាំសម្លាប់សត្វល្អិតធម្មជាតិសម្រាប់សត្វជញ្ជក់រុក្ខរស។
- ទឹកដោះគោ សម្លាប់ជំងឺបង្កឡើងដោយមេរោគផ្សិត ពងដង្កូវ និងកណ្តៀរ។ លាយទឹកដោះគោ១លីត្រជាមួយទឹក១៥លីត្រ រួចបាញ់នៅលើដំណាំរបស់អ្នក។ សម្រាប់ជំងឺបង្កឡើងដោយមេរោគផ្សិត ចូរបាញ់ឡើងវិញក្រោយពេល១០ថ្ងៃ។ សម្រាប់ពងដង្កូវ បាញ់ឡើងវិញក្រោយពេល៣សប្តាហ៍។
- ផេះសម្លាប់ជំងឺបង្កឡើងដោយមេរោគផ្សិត។ ការដាំគ្រាប់ពូជជាមួយផេះ នឹងបង្ការមេរោគផ្សិតមួយចំនួន។ ចំពោះជំងឺ late blight (ជំងឺដែលធ្វើឲ្យរលួយស្លឹកនិងមើម) លើដំណាំប៉េងប៉ោះនិងដំឡូង ចូរបាញ់ល្បាយទឹកផេះដែលច្រោះរួច។