Hesperian Health Guides
ជំងឺប្រមេះទឹកបាយ និងជំងឺប្រមេះទឹកថ្លា
វិគី ព័ត៌មាន សុខភាព > ទីណាគ្មានវេជ្ជបណ្ឌិត ថ្មី > ជំងឺកាមរោគ > ជំងឺប្រមេះទឹកបាយ និងជំងឺប្រមេះទឹកថ្លា
ទាំងបុរសនិងស្ត្រីអាចកើតជំងឺប្រមេះទឹកបាយ និងប្រមេះទឹកថ្លា បើទោះជាពួកគេគ្មានរោគសញ្ញាក៏ដោយ។ ប្រសិនបើជំងឺប្រមេះទឹកបាយ ឬប្រមេះទឹកថ្លា មិនត្រូវបានព្យាបាលទេ នោះវាអាចបណ្តាលឲ្យមានជំងឺធ្ងន់ធ្ងរ ឬមានភាពអារលើស្ត្រីនិងបុរស។
គ្រប់ស្ត្រីមានផ្ទៃពោះទាំងអស់ គួរត្រូវបានធ្វើតេស្ត៍រកជំងឺប្រមេះទឹកបាយ និងជំងឺប្រមេះទឹកថ្លា ព្រោះទារករបស់គាត់អាចឆ្លងមេរោគនេះក្នុងអំឡុងពេលកើត។ ប្រសិនបើតេស្ត៍បង្ហាញថាគាត់មានជំងឺប្រមេះទឹកបាយ ឬជំងឺប្រមេះទឹកថ្លា ឬទាំងពីរ នោះទាំងគាត់និងដៃគូរបស់គាត់ គួរទទួលការព្យាបាល។ ប្រសិនបើគាត់ ឬដៃគូរបស់គាត់ មានរោគសញ្ញានៃជំងឺនេះ ប៉ុន្តែមិនអាចរកការធ្វើតេស្ត៍បាន គួរតែព្យាបាលពួកគេដដែល។ ជំងឺប្រមេះទឹកបាយ និងប្រមេះទឹកថ្លា មានរោគសញ្ញាស្រដៀងៗគ្នា។
រោគសញ្ញានៅលើស្ត្រី
- ហូរសារធាតុរាវពណ៌លឿងឬបៃតងពីទ្វារមាស ឬរន្ធគូថ
- ឈឺចាប់នៅក្នុងពោះផ្នែកខាងក្រោម
- គ្រុនក្តៅ
- ឈឺចាប់ក្នុងពេលរួមភេទ
- ឈឺចាប់ឬក្រហាយពេលនោម
ប្រសិនបើស្ត្រីមានជំងឺប្រមេះទឹកបាយ ឬជំងឺប្រមេះទឹកថ្លា ហើយក៏មានគ្រុនក្តៅនិងឈឺចាប់ក្នុងពោះផ្នែកខាងក្រោមដែរ នោះគាត់ប្រហែលជាមាន ជំងឺរលាកអាងត្រគាក។
រោគសញ្ញានៅលើបុរស
- ហូរទឹកឬខ្ទុះពីលិង្គឬរន្ធគូថ
- ឈឺហើមពងស្វាស
- ឈឺចាប់ឬក្រហាយពេលនោម
ចំពោះបុរស រោគសញ្ញាដំបូងៗចាប់ផ្តើមនៅ ២ ទៅ ៥ថ្ងៃ (ឬរហូតដល់ ៣សប្តាហ៍ ឬយូរជាងនេះ) បន្ទាប់ពីរួមភេទជាមួយអ្នកដែលមានជំងឺ។ រីឯស្ត្រីវិញ រោគសញ្ញាអាចមិនបង្ហាញឡើងរហូតច្រើនសប្តាហ៍ឬច្រើនខែ។ ប៉ុន្តែមនុស្សដែលមិនមានរោគសញ្ញាអ្វីទាំងអស់ ក៏នៅតែអាចចម្លងជំងឺទៅអ្នកដទៃទៀតដែរ ដោយចាប់ផ្តើមពីរបីថ្ងៃបន្ទាប់ពីការឆ្លង។
ការព្យាបាល
ការព្យាបាលមានផលល្អបំផុតនៅពេលចាប់ផ្តើមបានឆាប់។ ត្រូវប្រាកដថាអ្នកលេបថ្នាំទាំងអស់ បើទោះជាអ្នកចាប់ផ្តើមមានអារម្មណ៍ធូរស្រាលក៏ដោយ។ ព្យាបាលដៃគូរបស់អ្នកជំងឺ ដោយប្រើថ្នាំដូចគ្នា។
ជាការល្អបំផុតគួរព្យាបាលទាំងជំងឺប្រមេះទឹកបាយ និងជំងឺប្រមេះទឹកថ្លា លុះត្រាតែការធ្វើតេស្ត៍បញ្ជាក់ថាគាត់មានជំងឺតែមួយប៉ុណ្ណោះ។ ការប្រើថ្នាំផ្សំ ២មុខសម្រាប់ជំងឺប្រមេះទឹកបាយ ក៏នឹងព្យាបាលជំងឺប្រមេះទឹកថ្លាផងដែរ។ ប្រសិនបើតេស្ត៍បង្ហាញថាមានជំងឺប្រមេះទឹកថ្លា ប៉ុន្តែគ្មានជំងឺប្រមេះទឹកបាយទេ នោះត្រូវការប្រើថ្នាំតែមួយប៉ុណ្ណោះ។ តារាងនៅ ក្នុងផ្នែក ការរួមផ្សំថ្នាំដើម្បីព្យាបាលជំងឺប្រមេះទឹកបាយ និងជំងឺប្រមេះទឹកថ្លា បង្ហាញការផ្សំនិងការព្យាបាលផ្សេងៗគ្នា អាស្រ័យលើថ្នាំដែលមាន។
ដោយសារជំងឺប្រមេះទឹកបាយ កំពុងតែស៊ាំនឹងថ្នាំអង់ទីប៊ីយោទិកយ៉ាងខ្លាំង ដូច្នេះល្អបំផុតគួរសួរដំបូន្មានពីបុគ្គលិកសុខាភិបាលក្នុងតំបន់ ថាតើថ្នាំណាដែលមានប្រសិទ្ធិភាព, ថ្នាំណាអាចរកបាន និងមានតំលៃសមរម្យនៅក្នុងតំបន់របស់អ្នក។ ប្រសិនបើការហូរទឹកនិងការឈឺចាប់ មិនបាត់ទៅវិញក្នុងរយៈពេល ២ ឬ ៣ថ្ងៃបន្ទាប់ពីចាប់ផ្តើមការព្យាបាលទេ វាអាចមានន័យថាជំងឺប្រមេះទឹកបាយ ស៊ាំនឹងថ្នាំ ហើយត្រូវការប្រើថ្នាំផ្សេងទៀត។