Hesperian Health Guides

ពងបែកលើប្រដាប់ភេទ

ខ្លឹមសារ​ត្រ​ង់ក​នែ្ល​ង​នេះ​គឺ​បាន​ពី ជំពូកជឿនលឿននៃសៀវភៅទីទីណាគ្មានវេជ្បណ្ឌិត

ក្នុង​ជំពូក​នេះ

ប្រដាប់ភេទស្ត្រីដែលមានដំបៅ
ពងបែកនៃជំងឺពងបែកលើប្រដាប់ភេទ
ប្រដាប់ភេទបុរសដែលមានដំបៅ

ពងបែកលើប្រដាប់ភេទ គឺជាជំងឺកាមរោគដែលបណ្តាលមកពីមេរោគ។ មិនមានការព្យាបាលឲ្យជាសះស្បើយសម្រាប់ជំងឺពងបែកលើប្រដាប់ភេទនោះទេ ប៉ុន្តែការព្យាបាលអាចធ្វើឲ្យអ្នកមានអារម្មណ៍ធូរស្រាល។

ជំងឺពងបែកលើប្រដាប់ភេទ ធ្វើឲ្យមានពងបែកដ៏ឈឺចាប់នៅលើប្រដាប់ភេទ ឬរន្ធគូថ ដែលវាកើតបាត់ៗរយៈពេលជាច្រើនខែឬច្រើនឆ្នាំ។ ដំបៅអាចរាលដាលទៅដល់មាត់ ក្នុងពេលរួមភេទតាមមាត់។ (ដំបៅមាត់ខ្លះ, ហៅថាដំបៅត្រជាក់, បណ្តាលមកពីប្រភេទផ្សេងៗនៃជំងឺពងបែកលើប្រដាប់ភេទ)។

ជំងឺពងបែកនៅប្រដាប់ភេទ អាចឆ្លងពីម្តាយទៅទារក ប្រសិនបើម្តាយមានដំបៅនៃជំងឺនេះនៅក្នុងទ្វារមាសក្នុងអំឡុងពេលសម្រាលកូន។ ស្ត្រីដែលកំពុងឈឺពោះសម្រាលកូន និងមានដំបៅនៃជំងឺពងបែកនៅប្រដាប់ភេទ គួរតែសម្រាលកូននៅមន្ទីរពេទ្យ ដែលជាទូទៅគឺប្រើមធ្យោបាយសម្រាលកូនដោយវះកាត់។ សូមព្យាបាលម្តាយក្នុងខែចុងក្រោយនៃផ្ទៃពោះ ដើម្បីបង្ការកុំឱ្យដំបៅឆ្លងទៅទារកក្នុងអំឡុងពេលសម្រាល។

ជំងឺផ្សេងៗទៀតអាចឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតបានយ៉ាងងាយ តាមរយៈដំបៅនៃប្រដាប់ភេទ ជាពិសេសជំងឺរលាកថ្លើមប្រភេទបេ មេរោគអេដស៍ និងជំងឺកាមរោគផ្សេងៗទៀត។ ដើម្បីបងា្ករការចម្លងឬឆ្លងជំងឺទាំងនេះ ចូរព្យាបាលវា និងចៀសវាងការរួមភេទរហូតទាល់តែដំបៅជាសះ។

រោគសញ្ញា
  • ឈឺឆៀបៗ រមាស់ ឬមានអារម្មណ៍ឈឺចាប់លើស្បែកនៃប្រដាប់ភេទ ឬករណីកម្រ គឺនៅលើភ្លៅ
  • ពងបែកតូចៗដែលបែកនិងកើតជាដំបៅចំហដ៏ឈឺចាប់នៅលើប្រដាប់ភេទ


លើកដំបូងដែលអ្នកមានដំបៅនៃជំងឺពងបែកនៅប្រដាប់ភេទ វាអាចមានរយៈពេល ៣សប្តាហ៍ ឬយូរជាងនេះ។ អ្នកអាចមានគ្រុនក្ដៅ ឈឺក្បាល ឈឺខ្លួន ញាក់ ឬហើមកូនកណ្តុរនៅក្នុងក្រលៀន។ ការឆ្លងរោគលើកក្រោយ ជាទូទៅមិនអាក្រក់ដូចលើកដំបូងនោះទេ។ នៅពេលដែលមនុស្សម្នាក់មានមេរោគ នោះដំបៅអាចលេចឡើងជាច្រើនដង។ សូមមើលពី របៀបធ្វើឲ្យមានអារម្មណ៍ធូរស្រាល ក្នុងពេលសះពីជំងឺកាមរោគ

ការព្យាបាល

មិនមានការព្យាបាលសះស្បើយសម្រាប់ជំងឺពងបែកនៅប្រដាប់ភេទទេ ប៉ុន្តែថ្នាំ acyclovir ធ្វើឲ្យជំងឺធូរស្រាល និងមិនសូវឈឺចាប់។

ការបង្ការ

កាត់បន្ថយការឆ្លងរាលដាលនៃជំងឺពងបែកនៅប្រដាប់ភេទ តាមរយៈការមិនរួមភេទនៅពេលមានដំបៅ។ ការពាក់ស្រោមអនាម័យដែលគ្របជិតពីលើដំបៅ អាចកាត់បន្ថយការចម្លងជំងឺ។ ស្រោមអនាម័យស្ត្រី អាចមានប្រសិទ្ធភាពកាន់តែល្អ ព្រោះវាគ្របលើប្រដាប់ភេទបានច្រើនជាង។ ត្រូវលាងដៃជាមួយសាប៊ូនិងទឹកជានិច្ច បន្ទាប់ពីបានប៉ះពាល់ដំបៅ ដើម្បីកុំឲ្យម្រាមដៃរបស់អ្នក ចម្លងជំងឺទៅអ្នកដទៃក្នុងគ្រួសារ។


ទំព័រ​នេះ​ត្រូវ​បាន​​ធ្វើ​​បច្ចុប្បន្នភាព៖ ០៨ មិថុនា ២០១៩