Hesperian Health Guides
មេរោគផ្សិត (Moniliasis, Candida, Thrush)
មេរោគផ្សិត ប៉ះពាល់ដល់ប្រដាប់ភេទ ហើយធ្វើឲ្យគេគិតថាវាជាជំងឺកាមរោគ ប៉ុន្តែជាធម្មតា មេរោគផ្សិត មិនឆ្លងតាមការរួមភេទនោះទេ។ តាមធម្មតា មេរោគផ្សិតមិនមានគ្រោះថ្នាក់ទេ ប៉ុន្តែអាចពិបាកក្នុងខ្លួនយ៉ាងខ្លាំង។ អ្នកងាយនឹងមានការបង្ករោគដោយមេរោគផ្សិតបំផុតនៅពេលមានផ្ទៃពោះ ពេលប្រើថ្នាំអង់ទីប៊ីយោទិក ឬមានជំងឺផ្សេងទៀតដូចជា ទឹកនោមផ្អែម ឬមេរោគអេដស៍។ មេរោគផ្សិតកើតឡើងញឹកញាប់បំផុតនៅលើស្ត្រី ប៉ុន្តែបុរសក៏អាចមានការបង្ករោគដោយមេរោគផ្សិតផងដែរ។ នៅលើបុរស វាអាចបណ្តាលឲ្យរលាកក្បាលលិង្គ និងរមាស់ពងស្វាស។ ទាំងបុរសនិងស្ត្រី សុទ្ធតែអាចមានមេរោគផ្សិតនៅបំពង់កដូចគ្នា។
មេរោគផ្សិតក៏អាចលេចឡើងនៅលើភ្លៅខាងក្នុង ក្លៀក នៅក្រោមសុដន់ ឬជុំវិញរន្ធគូថ។ មេរោគផ្សិតកើតឡើងញឹកញាប់បំផុតនៅកន្លែងដែលផ្នែកនៃរាងកាយ ប៉ះគ្នា ហើយមានការស្លៀកពាក់ជិត ដែលជាលក្ខខណ្ឌធ្វើឱ្យស្បែកមានសំណើមជានិច្ច។
មាតិកា
រោគសញ្ញានៅលើស្ត្រី
- សារធាតុដុំៗពណ៌ស ហូរចេញពីទ្វារមាស ដូចជាយ៉ាអ៊ួ
- ស្បែកឡើងពណ៌ក្រហមភ្លឺ ខាងក្រៅនិងខាងក្នុងទ្វារមាស ហើយអាចហូរឈាម
- មានអារម្មណ៍រមាស់ខ្លាំងនៅខាងក្នុងឬខាងក្រៅទ្វារមាស
- ក្រហាយនៅពេលនោម
រោគសញ្ញានៅលើបុរស
- សារធាតុខាប់ ពណ៌ស ជាប់នៅនឹងផ្នត់នៃស្បែកលិង្គ និងក្រោមស្បែកដែលគ្របចុងលិង្គ
- ស្នាមកន្ទួលពណ៌ក្រហមនៅលើក្បាលលិង្គ
- រមាស់ ក្រហាយ ឬឡើងក្រហមនៅលើលិង្គ ឬពងស្វាស
ការព្យាបាល
ជួនកាល ការបង្ករោគដោយមេរោគផ្សិត នឹងបាត់ទៅវិញដោយមិនចាំបាច់ប្រើថ្នាំពេទ្យ។ ការព្យាបាលបែបធម្មជាតិ អាចកាត់បន្ថយភាពរមាស់។
ការព្យាបាលបែបធម្មជាតិ៖
ការលាងជម្រះសារធាតុរាវដោយទឹកស្អាត អាចជួយបាន។ ឬមួយលាយយ៉ាអ៊ូសុទ្ធ (មិនមានជាតិស្ករ ឬរសជាតិ) ឬទឹកខ្មេះ ¼ ពែង ក្នុងទឹកស្អាតក្តៅឧណ្ហៗមួយចានដែក ។ អង្គុយត្រាំក្នុងទឹកនេះរយៈពេល ២០ ទៅ ៣០នាទី។ បើវាជួយអ្នកឱ្យមានអារម្មណ៍ធូរស្រាល សូមធ្វើបែបនេះ ២ដងក្នុងមួយថ្ងៃ។
ឬមួយលាយទឹកខ្មេះ ៣ស្លាបព្រាបាយ ជាមួយទឹកឆ្អិនត្រជាក់ ១លីត្រ។ ត្រាំបន្ទះក្រណាត់សំឡីស្អាត ក្នុងទឹកលាយនេះ រួចស៊កចូលក្នុងទ្វារមាសរៀងរាល់យប់ រយៈពេល ៣យប់។ យកក្រណាត់សំឡីចេញនៅពេលព្រឹក។ បុរសអាចធ្វើដូចគ្នានេះដែរ រួចយកក្រណាត់សំឡីគ្របដណ្តប់លិង្គឬពងស្វាស។
ការព្យាបាលដោយថ្នាំពេទ្យ៖
ប្រើថ្នាំណាមួយក្នុងចំណោមនេះ៖
ថ្នាំទឹកពណ៌ស្វាយ Gentian នៅលើទ្វារមាស លិង្គ ឬពងស្វាស រៀងរាល់យប់ រយៈពេល ៧យប់
ឬ
ថ្នាំក្រែម Miconazole, ថ្នាំក្រែម nystatin, ឬថ្នាំក្រែម ឬថ្នាំគ្រាប់ clotrimazole នៅលើឬក្នុងទ្វារមាស ឬលើលិង្គនិងពងស្វាស រៀងរាល់យប់ រយៈពេល ៧យប់។ ថ្នាំទាំងនេះមានសុវត្ថិភាពក្នុងការដាក់ក្នុងទ្វារមាសក្នុងអំឡុងពេលមានផ្ទៃពោះ។
បុរសប្រហែលជាត្រូវការពេលយូរជាងក្នុងការព្យាបាល។
ការបង្ការ
ស្លៀកពាក់ខាងក្រៅនិងខាងក្នុងឲ្យរលុងៗ ដើម្បីឱ្យខ្យល់ចូលដល់ប្រដាប់ភេទ។ បែបនេះជួយបង្ការមេរោគផ្សិត។ បោកគក់ឬប្តូរខោទ្រនាប់ឱ្យបានញឹកញាប់។ មិនត្រូវដាក់សាប៊ូទៅក្នុងទ្វារមាសទេនៅពេលងូតទឹក។ មិនត្រូវបាញ់ទឹកលាងទ្វារមាសទេ។ ប្រសិនបើអ្នកមានជំងឺទឹកនោមផ្អែមឬមេរោគអេដស៍ ការលេបថ្នាំបានត្រឹមត្រូវ និងការថែទាំសុខភាពរបស់អ្នក ជួយបង្ការបញ្ហាមេរោគផ្សិតបាន។