Hesperian Health Guides
ជំងឺស្វាយ និងជំងឺដំបៅប្រដាប់ភេទ
ជំងឺដំបៅប្រដាប់ភេទគឺជាជំងឺកាមរោគដែលបង្កឡើងដោយបាក់តេរី ហើយវាធ្វើឲ្យមានដំបៅដ៏ឈឺចាប់នៅលើប្រដាប់ភេទ និងហើមកូនកណ្តុរ និងឈឺចាប់។ ដូចជំងឺស្វាយដែរ ប្រសិនបើឆាប់ព្យាបាល វាអាចជាសះស្បើយដោយប្រើថ្នាំពេទ្យ។
ប្រសិនបើអ្នកមិនប្រាកដថាគាត់មានជំងឺស្វាយ ឬជំងឺដំបៅប្រដាប់ភេទ ឬទាំងពីរ សូមព្យាបាលសម្រាប់ជំងឺទាំងពីរតែម្តង។ ម្យ៉ាងទៀត ត្រូវព្យាបាលជំងឺទាំងពីរដែរ ប្រសិនបើតេស្ត៍បង្ហាញថាមានជំងឺទាំងពីរ ឬបើជំងឺទាំងពីរឃើញមានកើតឡើងញឹកញាប់នៅក្នុងតំបន់របស់អ្នក។ មើលផ្នែក ការរួមផ្សំថ្នាំសម្រាប់ព្យាបាលទាំងជំងឺស្វាយនិងជំងឺដំបៅប្រដាប់ភេទ។ ព្យាបាលដៃគូរបស់គាត់ដោយប្រើថ្នាំដូចគ្នា។
ជំងឺផ្សេងៗទៀតអាចឆ្លងតាមដំបៅនៅលើប្រដាប់ភេទបានយ៉ាងងាយ ជាពិសេសជំងឺរលាកថ្លើមប្រភេទបេ មេរោគអេដស៍ និងជំងឺកាមរោគដទៃទៀត។ ដើម្បីបង្ការការឆ្លងឬចម្លងជំងឺទាំងនេះ ចូរព្យាបាលវា និងចៀសវាងការរួមភេទរហូតទាល់តែសះដំបៅ។
រក្សាដំបៅឲ្យស្អាត ក្នុងពេលដែលវាកំពុងសះ។ លាងសម្អាតដំបៅរៀងរាល់ថ្ងៃដោយសាប៊ូនិងទឹក ហើយសម្អាតវាដោយប្រុងប្រយ័ត្ន។ មិនត្រូវឲ្យនរណាម្នាក់ប្រើក្រណាត់ដែលអ្នកបានជូតដំបៅឡើយ។
ដំបៅនៃជំងឺស្វាយ ឬជំងឺដំបៅប្រដាប់ភេទ នៅលើលិង្គបុរស | ដំបៅនៃជំងឺស្វាយ ឬជំងឺដំបៅប្រដាប់ភេទ នៅលើប្រដាប់ភេទស្ត្រី |
ទោះបីជាជំងឺស្វាយ និងជំងឺដំបៅប្រដាប់ភេទ សុទ្ធតែចាប់ផ្តើមដោយមានដំបៅក៏ដោយ តែជាទូទៅដំបៅពីជំងឺស្វាយ មិនឈឺចាប់ទេ។ ដំបៅនៃជំងឺដំបៅប្រដាប់ភេទ ជាទូទៅមានភាពឈឺចាប់។ |
មាតិកា
រោគសញ្ញានៃជំងឺស្វាយ
ជាធម្មតា រោគសញ្ញាដំបូងគឺដំបៅតូចមួយដែលមិនឈឺចាប់ ហៅថា ទាមឡា ហើយវាលេចឡើងនៅ ២ ទៅ ៥សប្តាហ៍បន្ទាប់ពីរួមភេទជាមួយអ្នកដែលមានជំងឺស្វាយ។ ទាមឡា ដំបូងៗមើលដូចជាដុំមួយ បន្ទាប់មកវាក៏បែកក្លាយជាដំបៅ។ ជាទូទៅវាលេចឡើងនៅក្នុងតំបន់ប្រដាប់ភេទ ហើយក៏អាចចេញនៅលើមាត់ ឬរន្ធគូថផងដែរ។ ចំពោះស្ត្រីវិញ ដំបៅអាចចេញនៅក្នុងទ្វារមាស ហើយមិនដឹងខ្លួនទេ។
ដំបៅកើតឡើងរយៈពេលពីរបីថ្ងៃ ទៅពីរបីសប្តាហ៍ បន្ទាប់មកក៏បាត់ទៅវិញដោយគ្មានការព្យាបាល។ ច្រើនសប្តាហ៍ឬច្រើនខែបន្ទាប់មក អាចនឹងមានកន្ទួល (ជាពិសេសនៅបាតដៃ និងបាតជើង) ឈឺក គ្រុនក្តៅស្រាល ឬឈឺមាត់។ រាល់កន្ទួលឬបញ្ហាស្បែកទាងឡាយដែលលេចឡើងច្រើនថ្ងៃឬច្រើនសបា្តហ៍បន្ទាប់ពីមានដំបៅនៅលើប្រដាប់ភេទ គឺវាអាចជាជំងឺស្វាយ។ ចូរធ្វើតេស្ត៍និងព្យាបាលឲ្យបានឆាប់។ បើមិនព្យាបាលទេ ជំងឺស្វាយអាចរាលដាលទៅដល់ផ្នែកដទៃទៀតនៃរាងកាយ ធ្វើឲ្យមានជំងឺបេះដូង ខ្វិន ខ្សោយបញ្ញា និងសូម្បីតែស្លាប់។ ដោយសារតែជំងឺស្វាយមានគ្រោះថ្នាក់ខ្លាំង ប្រទេសជាច្រើនមានកម្មវិធីធ្វើតេស្ត៍ដោយឥតគិតថ្លៃ។
ការព្យាបាលជំងឺស្វាយ
ការព្យាបាលល្អបំផុតគឺថ្នាំ benzathine penicillin ចាក់សាច់ដុំ។ ប្រសិនបើមិនអាចរកបានទេ ឬអ្នកជំងឺមានអាល់ឡែស៊ីនឹងថ្នាំ penicillin ចូរផ្តល់ថ្នាំលេប doxycycline។ អាចប្រើថ្នាំ Erythromycin ផងដែរ ប៉ុន្តែវាមិនមានប្រសិទ្ធភាពដូចគ្នាទេ ហើយដូសថ្នាំអាចធ្វើទុក្ខក្រពះ។ ស្ត្រីដែលមានផ្ទៃពោះ គួរស្វែងរកការព្យាបាលនៅគ្លីនិកឬមន្ទីរពេទ្យ។
រោគសញ្ញានៃជំងឺដំបៅប្រដាប់ភេទ
ដំបៅពីជំងឺស្វាយនិងជំងឺដំបៅប្រដាប់ភេទ អាចមើលទៅដូចគ្នា ប៉ុន្តែប្រសិនបើដំបៅមានភាឈឺចាប់ និងហូរឈាមយ៉ាងងាយ នោះវាអាចជាជំងឺដំបៅប្រដាប់ភេទ។ រោគសញ្ញាដទៃទៀតនៃជំងឺដំបៅប្រដាប់ភេទ គឺការហើមក្រលៀន និងគ្រុនក្តៅស្រាល។
ការព្យាបាលជំងឺដំបៅប្រដាប់ភេទ
ការព្យាបាលល្អបំផុតគឺថ្នាំលេប azithromycin។ ឬមួយប្រើមួយក្នុងចំណោមនេះ ៖ ថ្នាំ ceftriaxone ចាក់សាច់ដុំ , ឬថ្នាំលេប ciprofloxacin ឬ erythromycin។