Hesperian Health Guides

តើខ្ញុំមានជំងឺកាមរោគដែរឬទេ?

ខ្លឹមសារ​ត្រ​ង់ក​នែ្ល​ង​នេះ​គឺ​បាន​ពី ជំពូកជឿនលឿននៃសៀវភៅទីទីណាគ្មានវេជ្បណ្ឌិត

ក្នុង​ជំពូក​នេះ

រោគសញ្ញានៃជំងឺកាមរោគ មានដូចជា ធ្លាក់សឬហូរខ្ទុះ ឈឺចាប់ ដំបៅនៅប្រដាប់ភេទ។ ប៉ុន្តែជំងឺកាមរោគជាច្រើន មិនធ្វើឱ្យមានរោគសញ្ញាអ្វីទេ។ ទោះបីគ្មានរោគសញ្ញាក៏ដោយ ជំងឺកាមរោគអាចឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតក្នុងអំឡុងពេលរួមភេទដែលមិនប្រើស្រោមអនាម័យ។ ការធ្វើតេស្ត៍សំណាកឈាម ទឹកនោម ឬការផ្តិតលើកន្លែងដែលមានរោគសញ្ញា ត្រូវបានគេប្រើដើម្បីសន្និដ្ឋានថាតើជំងឺកាមរោគមួយណាដែលមនុស្សម្នាក់មាន។ ការធ្វើតេស្ត៍ ក៏ជាផ្នែកមួយនៃការថែទាំសុខភាពជាប្រចាំផងដែរ ដើម្បីស្វែងរកនិងព្យាបាលជំងឺកាមរោគដែលមិន មានរោគសញ្ញា។

បុគ្គលិកសុខាភិបាលយកសំណាកឈាម
ការធ្វើតេស្ត៍ឈាម អាចពិនិត្យរកជំងឺកាមរោគមួយចំនួន។

ការធ្វើតេស្ត៍សម្រាប់ជំងឺកាមរោគ

ដើម្បីធ្វើតេស្ត៍ជំងឺកាមរោគ បុគ្គលិកសុខាភិបាលយកសំណាកពីអ្នកជំងឺ ហើយអាចប្រើឧបករណ៍ធ្វើតេស្ត៍ ឬរកមើលមេរោគដោយប្រើមីក្រូទស្សន៍។ ប្រភេទនៃតេស្ត៍ជំងឺកាមរោគ រួមមាន៖

  • ការផ្តិតដោយប្រើដុំសំឡីនៅជុំវិញប្រដាប់ភេទ ផ្តល់នូវសំណាកសម្រាប់ធ្វើតេស្ត៍ជំងឺប្រមេះទឹកថ្លា ជំងឺប្រមេះទឹកបាយ ពងបែកលើប្រដាប់ភេទ ដំបៅប្រដាប់ភេទ ឬ ជំងឺទ្រីកូម៉ូណាស់។ ការផ្តិតនៅខាងក្នុងមាត់ អាចធ្វើតេស្ត៍រកមេរោគអេដស៍។ ការផ្តិតបំពង់ក ឬរន្ធគូថ ជួនកាលជាការចាំបាច់សម្រាប់ធ្វើតេស្ត៍រកជំងឺកាមរោគពីការរួមភេទតាមមាត់ឬរន្ធគូថ។ ការផ្តិតនៅមាត់ស្បួន អាចធ្វើតេស្ត៍រកមេរោគ HPV ។
  • ការធ្វើតេស្ត៍ទឹកនោម អាចរកឃើញជំងឺប្រមេះទឹកថ្លា និងជំងឺប្រមេះទឹកបាយ។
  • ការធ្វើតេស្ត៍ឈាម អាចរកឃើញជំងឺស្វាយ ពងបែកលើប្រដាប់ភេទ ជំងឺរលាកថ្លើម និងមេរោគអេដស៍។


ការធ្វើតេស្ត៍រកជំងឺកាមរោគ គឺជាគំនិតដ៏ល្អសម្រាប់អ្នកដែលសកម្មខាងផ្លូវភេទ។ ធ្វើតេស្ត៍ញឹកញាប់យ៉ាងណា អាស្រ័យលើថាតើអ្នកមានដៃគូថ្មី, មានដៃគូច្រើនជាងម្នាក់, ឬមានមូលហេតុដែលគិតថាប្រហែលជាមានជំងឺកាមរោគ ដែរឬទេ។ ប្រសិនបើអ្នកមានផ្ទៃពោះ វាជារឿងធម្មតាទេដែលគួរធ្វើតេស្ត៍រកជំងឺកាមរោគ ព្រោះវាអាចបង្កគ្រោះថ្នាក់ដល់ទារក ឬគ្រោះថ្នាក់ដល់អ្នក។

ប្រសិនបើអ្នកមានជំងឺកាមរោគមួយ សូមធ្វើតេស្ត៍រកជំងឺកាមរោគញឹកញាប់ផ្សេងទៀតផងដែរ ព្រោះជំងឺ ២ឬច្រើនមុខ អាចឆ្លងក្នុងពេលតែមួយ។



រោគសញ្ញាដែលអាចជាជំងឺកាមរោគ

ឈឺចាប់ ឬធ្លាក់សខុសធម្មតាពីទ្វារមាស
តើមានការឈឺចាប់នៅផ្នែកក្រោមនៃពោះ ឬឈឺចាប់ក្នុងពេលរួមភេទដែរឬទេ?
នេះអាចជា ជំងឺរលាកអាងត្រគាក (PID)
តើមានការឈឺចាប់ឬក្រហាយពេលនោមដែរឬទេ?
នេះអាចជាជំងឺរលាកផ្លូវនោម ហើយមិនមែនជាជំងឺកាមរោគទេ (អានជំពូក ភាពលំបាកក្នុងការនោម, កំពុងសរសេរ)។ ឬមួយវាអាចជា ជំងឺទ្រីកូម៉ូណាស់, ជំងឺប្រមេះទឹកបាយ, ឬ ជំងឺប្រមេះទឹកថ្លា
តើទឹកដែលធ្លាក់មានពណ៌សឬពណ៌ប្រផេះ និងមានក្លិនអាក្រក់ឬក្លិនដូចត្រីដែរឬទេ ជាពិសេសបន្ទាប់ពីរួមភេទ?
នេះអាចជា ជំងឺរលាកទ្វារមាសដោយបាក់តេរី។ ឬម្យ៉ាងទៀតដែលមិនសូវឃើញញឹកញាប់គឺ ជំងឺទ្រីកូម៉ូណាស់
តើទឹកដែលធ្លាក់មានពណ៌លឿងឬបៃតងមែនទេ?
នេះអាចជា ជំងឺប្រមេះទឹកបាយ ឬ ជំងឺប្រមេះទឹកថ្លា។ វាក៏អាចជា ជំងឺទ្រីកូម៉ូណាស់ ផងដែរ។
តើទឹកដែលធ្លាក់មានពណ៌ស, មើលទៅដូចហ្វ្រូម៉ា ឬទឹកដោះគោ, ហើយមានក្លិនដូចមេរោគផ្សិតឬនំប៉័ងដែរឬទេ?
នេះអាចជា ការបង្ករោគដោយមេរោគផ្សិត ដែលមិនមែនជាជំងឺកាមរោគទេ។


ឈឺចាប់ ឬហូរទឹកមិនធម្មតាពីលិង្គបុរស
តើមានឈឺចាប់ឬក្រហាយក្នុងពេលនោមដែរឬទេ?
នេះអាចជា

ជំងឺប្រមេះទឹកបាយ ឬ ជំងឺប្រមេះទឹកថ្លា។ ឬម្យ៉ាងទៀតដែលមិនសូវឃើញញឹកញាប់គឺ ជំងឺទ្រីកូម៉ូណាស់

តើមានឈឺចាប់ឬឈឺហើមនៅក្នុងពងស្វាសដែរឬទេ?
នេះអាចជា ជំងឺប្រមេះទឹកបាយ ឬ ជំងឺប្រមេះទឹកថ្លា។ មូលហេតុផ្សេងៗទៀតក៏ត្រូវការការព្យាបាលដែរ ដូច្នេះត្រូវនិយាយជាមួយបុគ្គលិកសុខាភិបាល។
តើមានហូរទឹកចេញពីលិង្គស្រក់តក់ៗដែរឬទេ?
នេះអាចជា ជំងឺប្រមេះទឹកបាយ


ដំបៅ និងសាច់ដុះនៅលើប្រដាប់ភេទ ឬនៅជិតរន្ធគូថ
តើមានដំបៅចំហដែលគ្មានការឈឺចាប់ ព្រមទាំងមានគែមផុសឡើងដែរឬទេ?
នេះអាចជា ជំងឺស្វាយ
តើមានដំបៅឈឺចាប់មួយឬច្រើនដែលហើមនិងអាចហូរឈាមយ៉ាងងាយដែរឬទេ?
នេះអាចជា ជំងឺដំបៅប្រដាប់ភេទ។.
តើមានពងបែកតូចៗដែលបែក ហើយកើតជាដំបៅចំហដែលឈឺចាប់ ដែរឬទេ?
នេះអាចជា ជំងឺពងបែកនៅប្រដាប់ភេទ(herpes)


រោគសញ្ញាផ្សេងទៀតចំពោះបុរសឬស្ត្រីនៅប្រដាប់ភេទឬរន្ធគូថ
ការរមាស់រន្ធគូថ ឬការឈឺចាប់ពេលបន្ទោរបង់លាមក ជួនកាលអាចជាសញ្ញានៃជំងឺកាមរោគ។ ម្យ៉ាងទៀត បើអ្នកសង្កេតឃើញការហូរសារធាតុរាវចេញពីរន្ធគូថ ឬវារអិលៗនៅពេលដែលអ្នកជូតគូថ នេះវាអាចជាសញ្ញានៃ ជំងឺប្រមេះទឹកបាយ ឬ ជំងឺប្រមេះទឹកថ្លា
ចូររកជំនួយពីគ្រូពេទ្យចំពោះរោគសញ្ញានៃជំងឺធ្ងន់ធ្ងរ ដែលរួមមានការហូរសារធាតុរាវពីទ្វារមាស លិង្គ ឬរន្ធគូថ ដែលវាមានឈាម ឬពណ៌ត្នោត។


ការរមាស់ប្រដាប់ភេទ

ការរមាស់នៅជុំវិញរន្ធបើកនៃទ្វារមាស, នៅលើភ្លៅ ឬនៅកន្លែងដែលទឹកនោមចេញ អាចជា ការបង្ករោគដោយមេរោគផ្សិត ឬចំពោះស្ត្រីវិញ ជាសញ្ញានៃ ជំងឺទ្រីកូម៉ូណាស់

ប្រដាប់ភេទរមាស់ ក៏អាចជាចៃឬកមរមាស់នៅលើថ្ងាសនៃប្រដាប់ភេទផងដែរ ដែលជាសត្វតូចល្អិតជាខ្លាំងរស់នៅលើស្បែក។ វាត្រូវបានព្យាបាលដោយការលាបថ្នាំនៅលើស្បែក ដូចជាថ្នាំដែលមានជាតិ permethrin (មើលជំពូក បញ្ហាស្បែក, កំពុងសរសេរ) ។ បញ្ហាកមរមាស់អាចឆ្លងយ៉ាងងាយទៅសមាជិកគ្រួសារ។ វាកើតឡើងញឹកញាប់លើកុមារ ហើយប៉ះពាល់ដល់ផ្នែកជាច្រើននៃរាងកាយ។

បញ្ហារមាស់ក៏អាចបណ្តាលមកពីសាប៊ូ ទឹកអប់ ឬសារធាតុគីមីដែលលាបលើឬក្នុងប្រដាប់ភេទផងដែរ។ ចូរលាងសម្អាតផ្នែកខាងក្រៅនៃប្រដាប់ភេទដោយទឹកធម្មតា ដើម្បីមើលថាតើបញ្ហារមាស់ បាត់ទៅវិញដែរឬទេ។


ទំព័រ​នេះ​ត្រូវ​បាន​​ធ្វើ​​បច្ចុប្បន្នភាព៖ ១២ មិថុនា ២០១៩