Hesperian Health Guides
បង្ការជំងឺកាមរោគ
ជំងឺកាមរោគ ត្រូវបានចម្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតក្នុងអំឡុងពេលរួមភេទ។ វាកើតឡើងនៅពេលដែលមានការប៉ះពាល់ស្បែកនៃ ឬទឹករំអិលនៃទ្វារមាស លិង្គ រន្ធគូថ ឬមាត់។ មនុស្សគ្រប់គ្នាអាចឆ្លងជំងឺកាមរោគ ប៉ុន្តែជំងឺកាមរោគអាចមិនងាយឆ្លងរាលដាលទេ នៅពេលដែលមនុស្សអនុវត្តការរួមភេទប្រកបដោយសុវត្ថិភាពខ្ពស់, ព្យាបាលជំងឺកាមរោគឲ្យជាសះស្បើយ, និងធ្វើការងារដើម្បីផ្លាស់ប្តូរលក្ខខណ្ឌដែលបានធ្វើឱ្យជំងឺកាមរោគ ក្លាយទៅជាបញ្ហាដ៏ធ្ងន់ធ្ងរនេះ។
- ដៃគូរបស់អ្នក មានរោគសញ្ញានៃជំងឺកាមរោគ។ គាត់អាចចម្លងជំងឺកាមរោគបានយ៉ាងងាយ មកដល់អ្នក, ឬប្រហែលជាបានឆ្លងរួចទៅហើយ, បើទោះជាអ្នកគ្មានរោគសញ្ញាក៏ដោយ។
- អ្នកមានដៃគូរួមភេទច្រើនជាងម្នាក់។
- អ្នកមានដៃគូថ្មីដែលប្រហែលជាបានឆ្លងជំងឺកាមរោគពីដៃគូមុនរបស់គាត់។
- ដៃគូរបស់អ្នក មានដៃគូផ្សេងទៀតដែលប្រហែលជាមានជំងឺកាមរោគ។
- អ្នកនិងដៃគូរបស់អ្នក មិនប្រើស្រោមអនាម័យ។
- អ្នករួមភេទជាមួយនរណាម្នាក់ដែលប្រើម្ជុលចាក់រួមគ្នា, ឬបើអ្នកប្រើម្ជុលចាក់ជាមួយគាត់។
មាតិកា
ស្ត្រីប្រឈមនឹងហានិភ័យច្រើន
ស្ត្រីប្រឈមនឹងឧបសគ្គជាច្រើនក្នុងការការពារខ្លួនពីជំងឺកាមរោគ និងការទទួលបានការព្យាបាលឱ្យបានគ្រប់គ្រាន់ ជាពិសេសនៅក្នុងសហគមន៍ដែល៖
- អាពាហ៍ពិពាហ៍កុមារ គឺជារឿងធម្មតា។
- ស្ត្រីត្រូវបានបដិសេធនូវសេវានិងព័ត៌មានអំពីសុខភាពផ្លូវភេទ។
- បុរសត្រូវបានរំពឹងថាមានដៃគូច្រើន។
- ការអប់រំត្រូវបានបដិសេធចំពោះក្មេងស្រីនិងស្ត្រី។
- គ្មាននរណាម្នាក់និយាយអំពីការរំលោភបំពានផ្លូវភេទ ឬពីវិធីបញ្ឈប់វា។
- ស្ត្រីស្ថិតនៅក្នុងស្ថានភាពដែលពិបាកឬមានគ្រោះថ្នាក់ក្នុងការបដិសេធការរួមភេទ។
- ការរកស៊ីផ្លូវភេទ គឺជាបទឧក្រិដ្ឋ។
- ការរួមភេទ និងចំណង់ផ្លូវភេទ ត្រូវបានចាត់ទុកថាគួរឱ្យអាម៉ាស់ ទោះបីវាជារឿងធម្មតាក៏ដោយ ហើយគ្មាននរណានិយាយដោយបើកចំហអំពីបញ្ហាផ្លូវភេទ។
ការថើបមានសុវត្ថិភាព |
ការស្ទាបអង្អែល មានសុវត្ថិភាព |
ការរួមភេទតាមមាត់ មិនសូវមានសុវត្ថិភាពទេ ប៉ុន្តែកាន់តែមានសុវត្ថិភាពជាមួយស្រោមអនាម័យ |
ការរួមភេទតាមទ្វារមាស គឺមានគ្រោះថ្នាក់ - ប៉ុន្តែកាន់តែមានសុវត្ថិភាពជាមួយស្រោមអនាម័យ |
ការរួមភេទតាមរន្ធគូថ មានគ្រោះថ្នាក់ជាខ្លាំង - ប៉ុន្តែកាន់តែមានសុវត្ថិភាពជាមួយស្រោមអនាម័យ |
ការរួមភេទប្រកបដោយសុវត្ថិភាពខ្ពស់
អ្វីទៅជាការរួមភេទប្រកបដោយសុវត្ថិភាពខ្ពស់ ហើយតើអ្នកអាចធ្វើឲ្យការរួមភេទរបស់អ្នក កាន់តែមានសុវត្ថិភាព តាមរបៀបណា? វាប្រហែលជាមិនងាយស្រួលទេ ប៉ុន្តែជាញឹកញាប់អ្នកអាចធ្វើអ្វីមួយបាន។ ការអនុវត្តការរួមភេទប្រកបដោយសុវត្ថិភាពខ្ពស់ អាចបង្ការអ្នកពីការឆ្លងឬចម្លងជំងឺកាមរោគ។ នេះគឺជាមធ្យោបាយមួយចំនួនដើម្បីទទួលបានការរួមភេទប្រកបដោយសុវត្ថិភាពខ្ពស់៖
- កុំរួមភេទ។ ឬហៅថា ការជៀសវាង។ ប្រសិនបើអ្នកមិនរួមភេទ អ្នកនឹងមិនមានជំងឺកាមរោគទេ។ មនុស្សគ្រប់គ្នាអាចធ្វើបែបនេះ ក្នុងរយៈពេលខ្លី ប៉ុន្ដែសម្រាប់មនុស្សភាគច្រើន ជម្រើសបែបនេះមិនមែនជាអ្វីដែលពួកគេចង់បានពេញមួយជីវិតនោះទេ។
- រួមភេទជាមួយដៃគូតែម្នាក់។ ត្រូវប្រាកដថា គាត់រួមភេទជាមួយអ្នកតែម្នាក់ប៉ុណ្ណោះ។ ធ្វើតេស្ត៍រួមគ្នាដើម្បីប្រាកដថាអ្នកទាំងពីរមិនមានជំងឺកាមរោគពីមុនមកទេ។ ភាពស្មោះត្រង់ចំពោះគ្នាទៅវិញទៅមក និងការជៀសវាងការឆ្លងជំងឺកាមរោគតាមរបៀបផ្សេងៗទៀត នឹងការពារអ្នកទាំងពីរ។
- កុំរួមភទជាមួយអ្នកដែលមានរោគសញ្ញាជំងឺកាមរោគ។ ជួយគាត់ឱ្យធ្វើតេស្ត៍ និងព្យាបាល មុននឹងអ្នករួមភេទជាមួយគាត់។ ដរាបណាមនុស្សម្នាក់មិនបានធ្វើតេស្ត៍ទេ វាពិបាកណាស់ក្នុងការដឹងថាតើនរណាមានជំងឺកាមរោគ ហើយនរណាមិនមាន។ ជំងឺកាមរោគអាចឆ្លងរាលដាលបាន បើទោះជាអ្នកជំងឺមិនមានរោគសញ្ញាក៏ដោយ។
- រួមភេទដោយមិនស៊កលិង្គចូលក្នុងទ្វារមាសឬរន្ធគូថ។ មានវិធីជាច្រើនក្នុងការផ្តល់និងទទួលភាពសុខស្រួល ដោយមិនចាំបាច់ស៊កលិង្គចូល ដូចជាការថើប, ការច្របាច់ ឬម៉ាស្សាផ្នែកផ្សេងៗនៃរាងកាយ, និងការស្ទាបអង្អែលប្រដាប់ភេទទៅវិញទៅមកដោយប្រើដៃឬមាត់។
- ប្រើស្រោមអនាម័យគ្រប់ពេល។ ពាក់ស្រោមអនាម័យ មុនពេលប្រដាប់ភេទរបស់ដៃគូអ្នក ប៉ះនឹងរបស់អ្នក, រៀងរាល់ពេល សូម្បីតែជាមួយដៃគូយូរអង្វែង។ ស្រោមអនាម័យស្ត្រីការពារបានល្អបំផុតពីជំងឺកាមរោគ ព្រោះវាគ្របដណ្តប់បានច្រើនលើតំបន់ប្រដាប់ភេទស្ត្រី។ ប្រសិនបើអ្នកចង់មានផ្ទៃពោះ ត្រូវរួមភេទដោយមិនប្រើស្រោមអនាម័យតែក្នុងពេលអាចបង្កកំណើតប៉ុណ្ណោះ។ ប្រើស្រោមអនាម័យបុរសឬស្ត្រី (ឬបន្ទះស្តើងទ្រាប់ធ្មេញ ឬប្លាស្ទិករុំ) ក្នុងពេលរួមភេទតាមមាត់។ ចំពោះឧបករណ៍រួមភេទដែលប្រើរួមគ្នា ក៏ត្រូវប្រើស្រោមអនាម័យផងដែរ។
និយាយអំពីការរួមភេទជាមួយដៃគូ
មនុស្សភាគច្រើនត្រូវបានបង្រៀនមិនឱ្យនិយាយអំពីបញ្ហាផ្លូវភេទ សូម្បីតែជាមួយមនុស្សដែលពួកគេរួមភេទជាមួយ។ នេះជាការផ្តល់យោបល់មួយចំនួន៖
- ផ្តោតទៅលើសុវត្ថិភាព។ ប្រសិនបើអ្នកចង់រួមភេទដែលមានសុវត្ថិភាព នោះដៃគូរបស់អ្នកប្រហែលជាគិតថាអ្នកមិនទុកចិត្តគាត់។ ប៉ុន្តែចំណុចសំខាន់គឺសុវត្ថិភាព មិនមែនការទុកចិត្តនោះទេ ព្រោះមនុស្សម្នាក់អាចមានជំងឺកាមរោគដោយមិនដឹងខ្លួន។ ការរួមភេទប្រកបដោយសុវត្ថិភាពខ្ពស់ គឺជាគំនិតល្អសម្រាប់ដៃគូទាំងពីរ បើទោះជាអ្នកទាំងពីរមិនមានរួមភេទជាមួយអ្នកដទៃក៏ដោយ។
- ផ្តោតទៅលើការបង្ការកុំឲ្យមានផ្ទៃពោះដែលមិនចង់បាន។ ប្រសិនបើអ្នកមិនចង់បានកូនឥឡូវនេះទេ អ្នកនិងដៃគូរបស់អ្នកអាចនិយាយអំពីរបៀបដែលស្រោមអនាម័យអាចការពារជំងឺកាមរោគ ព្រមទាំងបង្ការកុំឲ្យមានផ្ទៃពោះ។
- អនុវត្តការនិយាយជាមួយមិត្តភក្តិ។ សុំមិត្តម្នាក់ឱ្យសម្តែងជាដៃគូរបស់អ្នក បន្ទាប់មកអនុវត្តនូវអ្វីដែលអ្នកចង់និយាយ។ គិតថាតើដៃគូរបស់អ្នកនឹងឆ្លើយតបរបៀបណា រួចអនុវត្តតាមចម្លើយនីមួយៗដែលអាចនឹងកើតឡើង។ វាទំនងជាអ្នកទាំងពីរនឹងមានអារម្មណ៍ភ័យខ្លាចក្នុងការនិយាយអំពីបញ្ហាផ្លូវភេទ ដូច្នេះចូរគិតពីវិធីដើម្បីធ្វើឱ្យការសន្ទនាកាន់តែងាយស្រួលសម្រាប់អ្នកទាំងពីរ។
- កុំរង់ចាំរហូតដល់អ្នករៀបនឹងរួមភេទ ទើបនិយាយពីរឿងនេះ! ជ្រើសរើសពេលវេលានៅពេលដែលអ្នកទាំងពីរ កំពុងសម្រាក និងមានអារម្មណ៍ល្អចំពោះគ្នា។ ប្រសិនបើអ្នកបានឈប់រួមភេទដោយសារតែអ្នកមានកូនថ្មី ឬកំពុងព្យាបាលដោយជំងឺកាមរោគ ចូរព្យាយាមនិយាយមុនពេលអ្នករួមភេទឡើងវិញ។ ប្រសិនបើអ្នកនិងដៃគូរបស់អ្នករស់នៅឆ្ងាយពីគ្នា ឬត្រូវធ្វើដំណើរឆ្ងាយជាញឹកញាប់ ចូរនិយាយអំពីវិធីការពារសុខភាពផ្លូវភេទ មុនពេលអ្នកជួបគ្នាវិញ។
- ស្វែងយល់បន្ថែមអំពីហានិភ័យ និងពីរបៀបរួមភេទដែលមានសុវត្ថិភាពខ្ពស់។ អ្នកដែលមិនសូវយល់ដឹងអំពីជំងឺកាមរោគ, របៀបដែលមេរោគឆ្លង, និងផលប៉ះពាល់សុខភាពយូរអង្វែងរបស់វា, មិនអាចយល់ពីគ្រោះថ្នាក់ដែលពាក់ព័ន្ធនឹងការរួមភេទដែលគ្មានសុវត្ថិភាពនោះទេ។ ព័ត៌មានសុខភាព អាចជួយអ្នកក្នុងការបញ្ចុះបញ្ចូលពួកគេអំពីភាពចាំបាច់ក្នុងការអនុវត្តការរួមភេទប្រកបដោយសុវត្ថិភាពខ្ពស់។
ការព្យាបាលជាបែបបង្ការ
ជំងឺកាមរោគភាគច្រើនអាចនឹងជាសះស្បើយដោយការព្យាបាល ជាពិសេសនៅពេលចាប់ផ្តើមការព្យាបាលបានឆាប់បំផុត។ ការមានជំងឺកាមរោគមួយ ធ្វើឱ្យមានឱកាសកាន់តែខ្ពស់ក្នុងការឆ្លងមេរោគអេដស៍ឬជំងឺកាមរោគផ្សេងៗទៀត ប៉ុន្តែជាទូទៅបន្ទាប់ពីការព្យាបាល ពួកគេមិនចម្លងជំងឺកាមរោគទៅអ្នកដទៃទេ។
ព្យាបាលភ្លាមៗ។ បុគ្គលិកសុខាភិបាលស្គាល់ពីសហគមន៍របស់ពួកគាត់ និងថាតើអ្នកដែលមកទទួលជំនួយលើជំងឺកាមរោគ ទំនងជានឹងត្រលប់មកវិញដើម្បីទទួលបានការថែទាំបន្ថែមទៀតដែរឬទេ។ បែបនេះនឹងជួយពួកគាត់ក្នុងការសម្រេចថាតើគួរចាប់ផ្តើមដោយការព្យាបាលណាមួយ។
ព្យាបាលទាំងដៃគូផងដែរ។ នៅពេលដែលមនុស្សម្នាក់ដឹងថាគាត់មានជំងឺកាមរោគ នោះអ្នកដទៃទៀតដែលគាត់ធ្លាប់រួមភេទជាមួយ ត្រូវតែធ្វើតេស្ត៍និងព្យាបាលផងដែរ។ ប្រសិនបើពិបាកក្នុងការនិយាយជាមួយអតីតដៃគូរបស់អ្នក បុគ្គលិកសុខាភិបាលនិងកម្មវិធីព្យាបាលជំងឺកាមរោគ អាចជួយទាក់ទងទៅគាត់ដើម្បីឲ្យបានធ្វើតេស្ត៍។ ប្រសិនបើអ្នកអាចនិយាយជាមួយអតីតដៃគូដោយសុវត្ថិភាព សូមទទូចឱ្យពួកគេជៀសវាងការរួមភេទទាំងអស់ រហូតបានធ្វើតេស្ត៍ ព្យាបាល និងជាសះស្បើយពីជំងឺ។
ការព្យាបាលស្ត្រីមានផ្ទៃពោះយ៉ាងឆាប់រហ័ស ជួយបង្ការការចម្លងមេរោគនិងបញ្ហានានាទៅទារក។
ថ្នាំបង្ការសម្រាប់ជំងឺកាមរោគមួយចំនួន
ការបង្ការជំងឺក្រោយពេលប្រឈម (Post Exposure Prophylaxis - PEP) គឺជាវិធីមួយក្នុងការប្រើប្រាស់ថ្នាំដែលគេប្រើសម្រាប់ព្យាបាលមេរោគអេដស៍ (ហៅថាការព្យាបាលប្រឆាំងនឹងមេរោគអេដស៍) យកទៅបង្ការមនុស្សម្នាក់មិនឲ្យឆ្លងមេរោគអេដស៍។ នៅពេលដែលមនុស្សម្នាក់ប្រឈមនឹងមេរោគអេដស៍ (ឧទាហរណ៍ដោយសារការរំលោភ ឬដោយការរួមភេទមិនប្រើស្រោមអនាម័យ) ការប្រើថ្នាំព្យាបាលមេរោគអេដស៍ឱ្យបានឆាប់ក្នុងអំឡុង ៣ថ្ងៃ អាចបង្ការមិនឲ្យមានមេរោគអេដស៍។ នៅពេលដែលមនុស្សម្នាក់គ្មានផ្ទុកមេរោគអេដស៍ លេបថ្នាំព្យាបាលមេរោគអេដស៍ រៀងរាល់ថ្ងៃដើម្បីបង្ការមេរោគអេដស៍ នេះត្រូវគេហៅថាការបង្ការជំងឺមុនពេលប្រឈម (Pre-Exposure Prophylaxis - PrEP)។ សម្រាប់ព័ត៌មានបន្ថែម សូមមើលជំពូក មេរោគអេដស៍និងជំងឺអេដស៍ (កំពុងសរសេរ) ។
វ៉ាក់សាំងជំងឺរលាកថ្លើមប្រភេទ B និង Hepatitis B immune globulin (HBIG) យ៉ាងពេញលេញ និងចាប់ផ្តើមបានឆាប់បំផុតបន្ទាប់ពីការប្រឈម អាចបង្ការការឆ្លងមេរោគរលាកថ្លើមប្រភេទ B ។
ការពិនិត្យរកជំងឺកាមរោគ ការធ្វើតេស្ត៍ និងកម្មវិធីព្យាបាលជំងឺ គឺសម្រាប់ផ្តល់ជូននៅគ្រប់ទីកន្លែង
នៅពេលដែលមណ្ឌលសុខភាពផ្តល់នូវការធ្វើតេស្ត៍និងការព្យាបាលជំងឺកាមរោគ ជាផ្នែកមួយនៃសេវាផែនការគ្រួសារ ការពិនិត្យផ្ទៃពោះ និងសេវាសុខភាពផ្សេងៗទៀត នោះការធ្វើតេស្ត៍និងការព្យាបាល កាន់តែមានភាពទូលំទូលាយសម្រាប់មនុស្សគ្រប់គ្នា។ មនុស្សគ្រប់គ្នា ជាពិសេសមនុស្សវ័យក្មេង ត្រូវការសេវាសុខភាពដែលអាចទៅរកបាន តំលៃសមរម្យ និងមានការគោរព។ គ្លីនិកប្រចាំសាលារៀន ឬព្រឹត្តិការណ៍ពិសេសៗដើម្បីផ្តល់ការធ្វើតេស្ត៍និងប្រឹក្សាយោបល់នៅតាមកម្មវិធីពិព័រណ៍សុខភាព រង្គសាល កន្លែងរាំច្រៀង ឬទីណាដែលមនុស្សមិនសូវទទួលសេវាថែទាំសុខភាពទៀងទាត់។ ទីណាក៏ដោយដែលមនុស្សបានទៅដល់រួចហើយ គឺជាកន្លែងដ៏ល្អដើម្បីផ្តល់ព័ត៌មាននិងសេវាពាក់ព័ន្ធនឹងជំងឺកាមរោគ។
ពិភាក្សាអំពី៖
វិធី ៥យ៉ាងដែលអ្នកអាចធ្វើឱ្យមនុស្សមានអារម្មណ៍ថាត្រូវបានស្វាគមន៍
វិធី ៥យ៉ាងដែលអ្នកអាចនិយាយបានដោយគ្មានការរិះគន់បុគ្គលនោះ
បញ្ចប់ភាពអាម៉ាស់ និងការមាក់ងាយអំពីជំងឺកាមរោគ
ចែករំលែកព័ត៌មានអំពីស្រោមអនាម័យ និងរបៀបប្រើវា។ រដ្ឋាភិបាលឬអង្គការមិនមែនរដ្ឋាភិបាលមួយចំនួន ផ្តល់ស្រោមអនាម័យដោយឥតគិតថ្លៃដល់អ្នកដែលត្រូវការវា។ សូមមើលជំពូក ផែនការគ្រួសារ សម្រាប់ព័ត៌មានបន្ថែមអំពីរបៀបប្រើប្រាស់ស្រោមអនាម័យបុរសនិងស្ត្រី។
ធ្វើការជាមួយសហគមន៍របស់អ្នក។ និយាយនិងបង្រៀនអំពីសុខភាពផ្លូវភេទ ។ មនុស្សកាន់តែទប់ស្កាត់ជំងឺកាមរោគនៅពេលដែលពួកគេអាចនិយាយអំពីបញ្ហាផ្លូវភេទដោយបើកចំហ និងអាចទទួលបានព័ត៌មាន សេវាសុខភាព និងស្រោមអនាម័យ ក៏ដូចជាការធ្វើតេស្តនិងការព្យាបាលជំងឺកាមរោគផងដែរ។ សៀវភៅ សកម្មភាពដើម្បីសុខភាពស្ត្រី របស់អង្គការ Hesperian មានផ្តល់ជូននូវសកម្មភាពនិងគំនិតជាច្រើនដើម្បីចាប់ផ្តើមការសន្ទនា និងដោះស្រាយបញ្ហានានទាក់ទងនឹងសុខភាពផ្លូវភេទ។
នៅកន្លែងដែលមនុស្សត្រូវបានបង្រៀនថា ការរួមភេទគួរឱ្យអាម៉ាស់ នោះវាកាន់តែពិបាកក្នុងការស្វែងរកជំនួយអំពីជំងឺកាមរោគ។ ប្រសិនបើមនុស្សដែលស្រឡាញ់ភេទដូចគ្នា ត្រូវបានគេរើសអើង ឬលាក់ពួនពីគេ នោះពួកគាត់នឹងកាន់តែពិបាកក្នុងការនិយាយជាមួយដៃគូអំពីការរួមភេទប្រកបដោយសុវត្ថិភាពខ្ពស់ ការធ្វើតេស្ត ឬការជួបបុគ្គលិកសុខាភិបាល។
ការមាក់ងាយ ឬការរើសអើងទៅលើអ្នករកស៊ីផ្លូវភេទ ឬអ្នកដែលមានវណ្ណៈសង្គមទាប ធ្វើឲ្យកាន់តែពិបាកដល់សហគមន៍ក្នុងការបង្ការជំងឺកាមរោគ។
មណ្ឌលសុខភាពអាចជួយកាត់បន្ថយភាពមាក់ងាយលើការមានជំងឺកាមរោគ តាមរយៈការផ្តល់ការធ្វើតេស្តនិងការព្យាបាល ជាផ្នែកមួយនៃការថែទាំសុខភាពទូទៅ សម្រាប់មនុស្សពេញវ័យនិងមនុស្សវ័យក្មេងទាំងអស់។ ដើម្បីឲ្យមនុស្សមានភាពងាយស្រួលក្នុងការធ្វើតេស្ត៍ជំងឺកាមរោគ ពួកគេត្រូវការដឹងថា ពួកគេនឹងមិនត្រូវបានផ្តល់ការគោរព និងភាពឯកជន។ ក្នុងពេលយូរអង្វែងមួយ ជំងឺកាមរោគអាចត្រូវបានបង្ការបានល្អបំផុតតាមរយៈការតស៊ូដើម្បីឱ្យមានភាពស្មើភាពគ្នាលើស្ថានភាពសង្គមនិងសេដ្ឋកិច្ចរបស់មនុស្ស។ នៅពេលដែលមនុស្សវ័យក្មេងមានលទ្ធភាពទទួលបានការអប់រំ និងពីអនាគតរបស់ពួកគេ នោះករណីនៃជំងឺកាមរោគនឹងមានកាន់តែតិច។