Hesperian Health Guides
មេរោគ Human Papilloma Virus (HPV)
មេរោគ HPV មានច្រើនប្រភេទ។ មេរោគ HPV ប្រភេទខ្លះ បណ្តាលឲ្យមានជំងឺសិរមាន់ ។ មេរោគ HPV ពីរបីប្រភេទទៀត មានគ្រោះថ្នាក់កាន់តែខ្លាំង ហើយអាចបង្កជាជំងឺមហារីកមាត់ស្បូន មហារីកបំពង់ក ឬមហារីកក្នុងរន្ធគូថ។ មនុស្សភាគច្រើនដែលមានមេរោគ HPV មិនមានរោគសញ្ញាដែលអាចមើលឃើញនឹងភ្នែកនោះទេ។
ការធ្វើតេស្ត៍រកមើលតាមធម្មតា អាចបង្ហាញថាតើមានកោសិកាមិនប្រក្រតីនៅលើមាត់ស្បូនដែលបង្កដោយមេរោគ HPV ដែរឬទេ។ ប៉ុន្តែបើទោះបីជាការធ្វើតេស្ត៍ រកឃើញមេរោគ HPV ក៏ដោយ ក៏មិនមែនមានន័យថាមានជំងឺមហារីកនោះដែរ។
ការព្យាបាលដែលគ្មានការឈឺចាប់ និងមានសុវត្ថិភាព ហៅថាការព្យាបាលដោយប្រើភាពត្រជាក់ (cryotherapy) បង្កកនិងសម្លាប់កោសិកាមិនប្រក្រតីនៅលើមាត់ស្បូន ដើម្បីកុំឲ្យវាវិវឌ្ឍន៍ទៅជាមហារីក។ សម្រាប់ព័ត៌មានបន្ថែមអំពីការធ្វើតេស្ត៍ និងការព្យាបាលជំងឺមហារីកកស្បូន សូមមើល ជំពូកស្តីពីជំងឺមហារីក។
វ៉ាក់សាំងអាចការពារពីមេរោគ HPV ប្រភេទដ៏គ្រោះថ្នាក់បំផុត រួមទាំងប្រភេទដែលភាគច្រើនបង្កជំងឺសិរមាន់។ ការផ្តល់វ៉ាក់សាំងជាបន្តបន្ទាប់ ដែលជាទូទៅនៅចន្លោះអាយុ ៩ និង ២៦ឆ្នាំ អាចបង្ការមិនឲ្យឆ្លងឬចម្លងមេរោគ HPV ដែលវាអាចបណ្តាលឲ្យកើតជំងឺមហារីក។ សូមមើលជំពូក វ៉ាក់សាំងអាចបង្ការជំងឺ។