Hesperian Health Guides
វិធីធ្វើឲ្យមានអារម្មណ៍ធូរស្រាល នៅពេលកំពុងសះស្បើយពីជំងឺកាមរោគ
វិគី ព័ត៌មាន សុខភាព > ទីណាគ្មានវេជ្ជបណ្ឌិត ថ្មី > ជំងឺកាមរោគ > វិធីធ្វើឲ្យមានអារម្មណ៍ធូរស្រាល នៅពេលកំពុងសះស្បើយពីជំងឺកាមរោគ
កាលណាអ្នកកាន់តែឆាប់ចាប់ផ្តើមការព្យាបាលជំងឺកាមរោគ អ្នកកាន់តែឆាប់មានអារម្មណ៍ធូរស្រាល។ លេបថ្នាំទាំងអស់ដែលអ្នកទទួលបាន បើទោះជាអ្នកចាប់ផ្តើមមានអារម្មណ៍ធូរស្រាលនៅមុនពេលអស់ថ្នាំក៏ដោយ។ ដើម្បីទទួលបានភាពធូរស្រាលក្នុងខ្លួនពីជំងឺកាមរោគ មុនពេលដែលជាសះស្បើយ៖
ប្រសិនបើអ្នកមានដំបៅឬរមាស់លើប្រដាប់ភេទ ចូរអង្គុយក្នុងចានដែកដែលមានទឹកស្អាតក្តៅឧណ្ហៗ រយៈពេល ១៥នាទី ចំនួន ២ឬច្រើនដងក្នុងមួយថ្ងៃ។ ប្រសិនបើអ្នកមានការបង្ករោគដោយមេរោគផ្សិត អ្នកអាចបន្ថែមទឹកក្រូចឆ្មារបន្តិច ទឹកខ្មេះ យ៉ាអ៊ូ(ដែលគ្មានជាតិផ្អែម) ឬទឹកដោះគោជូរ ទៅក្នុងទឹកក្តៅឧណ្ហៗ។
ប្រសិនបើអ្នកមានពងបែកឈឺចាប់នៅប្រដាប់ភេទ ឬដំបៅលើប្រដាប់ភេទ ចូរសាកល្បងការព្យាបាលទាំងនេះណាមួយ៖
- រុំដុំទឹកកកនៅក្នុងក្រណាត់ស្អាត។ ដាក់វាពីលើដំបៅរយៈពេល ២០នាទី ភ្លាមៗនៅពេលអ្នកមានអារម្មណ៍ថាដំបៅកំពុងកើតឡើង។
- ធ្វើស្បៃដោយត្រាំក្រណាត់នៅក្នុងតែខ្មៅត្រជាក់ រួចដាក់វាពីលើដំបៅ។ ស្បៃដែលធ្វើពីសូលុយស្យុង aluminum acetate ក៏អាចបន្ថយភាពឈឺចាប់ផងដែរ។
- អង្គុយនៅក្នុងចានដែកដែលមានទឹកស្អាតត្រជាក់។
- លាយទឹកជាមួយម្សៅសូដា ឬម្សៅពោត ឲ្យទៅជាម្សៅស្អិត រួចលាបពីលើដំបៅ។
ប្រសិនបើអ្នកមានដំបៅប្រដាប់ភេទ ហើយឈឺចាប់នៅពេលនោម ចូរចាក់ទឹកស្អាតនៅលើប្រដាប់ភេទរបស់អ្នក ក្នុងពេលកំពុងនោម។ ឬអង្គុយក្នុងចានទឹកត្រជាក់ ក្នុងពេលដែលអ្នកនោម។
ប្រសិនបើអ្នកឈឺចាប់ សូមប្រើថ្នាំបំបាត់ការឈឺចាប់ ដូចជាថ្នាំ aspirin, ibuprofen ឬ paracetamol (acetaminophen) ។
ស្លៀកពាក់ខោអាវក្នុង ឬខោទ្រនាប់ រលុងៗ។ វាអាចឱ្យខ្យល់ចូលជុំវិញប្រដាប់ភេទ ដែលជួយអ្នកក្នុងការសះស្បើយ។
បោកគក់ខោអាវក្នុងរៀងរាល់ថ្ងៃ រួចហាលថ្ងៃឲ្យស្ងួត។ បែបនេះនឹងសម្លាប់មេរោគដែលអាចបង្កជំងឺ។
មិនត្រូវរួមភេទទេ រហូតទាល់តែអ្នកមានអារម្មណ៍ធូរស្រាល។ ប្រសិនបើអ្នកត្រូវតែរួមភេទ ចូរប្រើស្រោមអនាម័យជាមួយនឹងទឹករំអិល។